ភ្នំពេញៈ ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​វប្បធម៌ខ្នាតធំ​​​ដ៏​អស្ចារ្យ​​មួយ ​មាន​ឈ្មោះថា​ «​កម្ម​វិធីខ្មុកខោល​» ដែល​​​​មាន​​​ក្រុម​​​​​យុវជន​ស្ម័គ្រចិត្តចូលរួម​សម្តែង​មួយ​ថ្ងៃពេញតែ​ម្តង ​គឺ​​​នៅ​ថ្ងៃ​​ ទី​១៩ ខែ​មិថុនា​ ឆ្នាំ ២០២២ នៅ​ក្នុង​បរិ​វេណ​​​សាល ​ Phnom Penh Factory​​ និង​ Urban Village Phnom Penh មាន​​​ទី​តាំង​​នៅសង្កាត់​ចាក់អង្រែ​លើ​ ​​ខណ្ឌ​មានជ័យ​ រាជ​ធានី​​ភ្នំពេញ​។



សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​ដ៏ពិសេស ​ខ្មុកខោល​នេះ គឺ​​កម្ម​​វិធី​សិល្បៈ​បុរាណ​មួយ ​ក្នុង​ចំណោម​កម្ម​វីធី​​​ជាច្រើន ដែល​សាលា​សិល្បៈ​ហ៊្វូណន​តែងតែ​រៀបចំ ដោយ​គ្រាន់តែ​​លើក​យក​ប្រធាន​បទ​ខុសៗ​គ្នា​ប៉ុណ្ណោះ ហើយ​ក៏​​មាន​​ការ​បង្ហាញ​​ខ្មុកល្ខោនខោល​ចំនួន ១១១ និង​សម្ភារសិល្បៈ​នានា​។ ​


បើ​​​តាម​លោក ស៊ុប ស័ក្ខរា (Sup Sakara) ជា​ប្រធានក្រុម​ការ​ងារ​រៀបចំ​ព្រឹត្តិការណ៍​​សម្តែង​សិល្បៈ​ខ្មុក​ខោល​នេះ​ ឱ្យ​ដឹង​ពី​គោល​បំណង​នៃ​កម្ម​វិធី​ថា៖ «​ជារៀងរាល់​ឆ្នាំ សាលាសិល្បៈ​ហ៊្វូណន​ តែង​តែ​រៀប​ចំ​ព្រឹត្តិការណ៍​សិល្បៈបុរាណ ដែលមាន​ឈ្មោះ​ថា «ទិវាបេតិកភណ្ឌ» ក្រោម​ប្រធាន​បទ​ផ្សេងៗ​គ្នា​​​ក្នុងគោលបំណង​អបអរសាទរ​ខួប​នៃការ​ដាក់​បញ្ចូល​សម្បតិ្តបេតិកភណ្ឌខ្មែរ​ ដូចជា ​ល្ខោនខោល ​ល្ខោន​​ស្បែកធំ​ របាំក្បាច់​បុរាណ ​ចាប៉ីដងវែង ជាដើម ​ជាសម្បតិ្ត​បេតិកភណ្ឌអរូបី​នៃមនុស្សជាតិ ​ដោយ​​អង្គការ UNESCO។ កម្មវិធី​នេះ ​រៀបចំ​ឡើង​ក្នុងគោលបំណង​ ដើម្បីបង្ហាញ​ឱ្យ​យុវជន​ និង​មហា​​​គ្រួសារខ្មែរ​ ស្វែង​យល់​កាន់តែ​ច្បាស់​អំពីទម្រង់សិល្បៈបុរាណ​និមួយៗ ​​បំផុស​បង្កើត​ចិត្ត​ស្រឡាញ់សម្បត្តិ​វប្បធម៌​ ​អរិយធម៌​ដ៏​មាន​តម្លៃ​របស់ជាតិខ្មែរ​ ​អភិ​​វឌ្ឍន៍​ឱ្យ​ស្ថិតស្ថេរ គង់​វង្ស និង​ចូល​រួម​អភិរក្ស​ ថែ​រក្សា​ការ​ពារ​ទាំងអស់គ្នា។ យើង​ក៏​មាន​​ការ​តាំងបង្ហាញ​នូវ​ ខ្មុកល្ខោនខោល​ ចំនួន ១១១ ខ្មុក និង​សម្ភារសិល្បៈ​ផ្សេងៗ​ ទៀត​ ដើម្បី​ស្វែង​រក​​មូល​​​​និធិគាំ​ទ្រ ​ក្នុង​រៀបចំកម្មវិធី​ព្រឹត្តិការណ៍​សម្តែង​​​ល្ខោនខោល ដ៏អស្ចារ្យ​​នៅ​ចុង​​ឆ្នាំ ២០២២ នេះ​។


កម្ម​វិធី​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ២០២២​។ រូប​ថត សហការី​


លោកបញ្ជាក់​ថា៖ «កម្មវិធី​ខ្មុកខោលនេះ ​គឺត្រូវ​បានបែក​ចែក​ជាពីរ​ពេល​​គឺ​​​​ពេល​ព្រឹក​ចាប់​ពីម៉ោង ៨ ព្រឹក​ ដល់ម៉ោង​ ១២​ ថ្ងៃត្រង់ ជា​កម្ម​វិធី​សិក្ខា​សាលា​អំពី​ទម្រង់​ល្ខោន​ខោល ​និង​របាំ​បុរាណ ​ដែល​មាន​​ការអញ្ជើញ​បង្ហាញ​ដោយ ឯក​ឧត្តម​ព្រឹទ្ធាចារ្យ ព្រឿង ​ឈាង រួម​ទាំង​ការហា​ត់រៀន និង​​គ្រង​​ឈុត​​ល្ខោនខោល​ របាំបុរាណ ពី​សំណាក់​តារាកិត្តិយសផ្សេងៗ។​ ចំណែក​ពេល​រសៀល ចាប់​ពី​ម៉ោង ២ រសៀល​ ដល់ម៉ោង ៧ យប់​ មាន​ការ​ប្រគំតន្រ្តី​​ទសវត្សរ៍​​ទី ៦០ ​ដោយ​សាលា​​សិល្បៈ​តន្ត្រី ​ការ​​តាំងពិព័រណ​​បង្ហាញមុខ​ខ្មុកល្ខោនខោល​ចំនួន ១១១ ខ្មុក ​និងសម្ភារ​ផ្សេងៗ​ ការ​បង្ហាញ​ក្បាច់​គុន​ល្បុក្ក​​តោ ដោយ​សាលាគុនជ័យតេជៈ របស់​កញ្ញា អ៊ិត កន្និកា ហៅ​កញ្ញា ពេជ្រ ចរណៃ​ ការ​សម្តែង​​ចាប៉ី​​ដងវែង​ និង​ល្ខោនខោល ឈុត​ក្រុងរាពណ៍ជប់​ពល។​ ឯ​វត្តមាន​នៃ​ក្រុម​សិល្បករ-សិល្ប​ការិនី​ ទាំង​​បុរាណ និងសម័យ​ ចូល​រូម​នោះ​មាន​ចំនួន​ប្រមាណ ​១០០​​ នាក់ ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ»។​

គួរ​រំឮក​ដែរ​ថា ប្រសិន​បើ​មិន​មាន​ការ​ផ្ទុះ​ឡើង​វិញនូវ​​ជំងឺ​ឆ្លង​កូវីដ ១៩ នា​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លង​មក​នោះ​ នឹង​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​ សម្តែង​​​​សិល្បៈ​ល្ខោនខោល​ខ្នាត​ធំ​ដ៏​អស្ចារ្យ​ជា​​​លើក​ដំបូង​​ ក្នុង​ប្រវត្តិ​សាស្ត្រ​​​ ដែល​មាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត ចូលរួម​សម្តែង​ប្រមាណ ២០០ នាក់ ក្រោម​​ពាក្យ​ស្លោក​ «មូលនិធិ ១០០០ រៀល ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​សម្តែង​ល្ខោន​ខោល​ដ៏​អស្ចារ្យ​ឆ្នាំ​ ២០២០» ​ដោយកម្ម​វិធី​​​គ្រោង​​ប្រារព្ធ​ធ្វើ​នៅ​ចុង​ខែ​មីនា ឆ្នាំ ២០២១​ កន្លង​មក​។ ប៉ុន្តែ​ព្រឹត្តិការណ៍​នោះ​ត្រូវ​​បាន​ពន្យារ​ពេល​​អស់ ១ ឆ្នាំ ដោយ​​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ចុង​ឆ្នាំ ២០២១ វិញ និង​បាន​លើក​​ពន្យារពេល​បន្ត​មក​ទៀត​។

កម្ម​វិធី​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ២០២២​។ រូប​ថត សហការី

នេះ​បើ​តាម​ការ​អះអាង​បញ្ជាក់​ពី​សំណាក់ លោក ស៊ុប ស័ក្ខរា ដែល​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិ​ការណ៍​​សម្តែងសិល្បៈ​ល្ខោន​ខោល​ខ្នាត​ធំ មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ។ លោក ស៊ុប ស័ក្ខរា ធ្លាប់​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​របស់​យើង​ត្រូវ​រៀបចំ​នៅ​ចុង​ខែ​មិនា ឆ្នាំ ២០២១។ តែ​ដោយសារ​មាន​​ព្រឹត្តិការណ៍​ផ្ទុះ​ជំងឺ​កូវីដ ១៩ នា​ថ្ងៃទី ២០ កុម្ភៈ ​​នោះ ទើប​ក្រុម​ការ​ងារ​​យើង​​បាន​ពិភាក្សា​គ្នា ហើយ​​លើក​ថ្ងៃ​ទៅ​ធ្វើ​នៅ​ចុង​ឆ្នាំ ២០២១ វិញ តែ​យើង​ក៏​ នៅ​មិន​ទាន់​បាន​​កំណត់​​ថ្ងៃ​ជាក់លាក់​នោះ​ដែរ​​គឺ​​អាច​បន្ត​លើក​ពេល​។

ក្រោម​​ស្មារតី​ស្រឡាញ់​​​សិល្បៈ​វប្បធម៌​ជាតិ និង​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​នោះ ឃើញ​មាន​ក្រុម​យុវជន និង​​សិល្បករ ដែលមាន​​ជា​តារា​ចម្រៀង និង​តារា​សម្តែង​ប្រុសៗ បាន​ស្ម័គ្រចិត្ត​ទៅ​ហ្វឹកហាត់​ទម្រង់​សិល្បៈ​​បុរាណ​ល្ខោនខោល ដើម្បី​ត្រៀម​ចូលរួម​ការសម្តែង​ ក្នុង​ព្រឹត្តិការណ៍​សម្តែង​ខ្នាត​ធំ​យ៉ាង​​ស​ស្រោក​សស្រាំ​ផង​ដែរ កាល​ពី​ចុង​ឆ្នាំ ២០២០ កន្លងមក​ ហើយ​ពួក​គេ​ក៏​នៅ​តែ​បន្ត​ឆន្ទៈ​ឥត​ប្រែ​ប្រួល​ដដែល បើទោះបី​ជា​ត្រូវ​ពន្យារពេល​យ៉ាង​ណាក្តី។

កម្ម​វិធី​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ២០២២​។ រូប​ថត សហការី​

គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​ថា កាល​ពី​ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២០ កន្លង​មក​នោះ គេ​ឃើញ​មាន​ក្រុម​សិល្បករ​ ជា​តារា​ចម្រៀង និង​តារា​សម្តែង រួមមាន លោក ឌី វ៉ាន់ដា លោក ចន ស័ក្ត លោក ហៃ ប៉ោ​ហុង លោក នូ ឧសភា លោក រស់ រាជ្ជសាល លោក ចន្ថា ដារ៉ា លោក អ៊ុន សុទ្ធា លោក ធៀន​ លោក សន ពិសិដ្ឋ លោក នេន ទុំ លោក ដារ៉ាត់ លោក សិរី វង្ស លោក រាជ្យ​បុត្រ នាគ​មាស លោក ពឹង ពុទ្ធិស័ក្ក លោក យុទ្ធ និស្ស័យ លោក កូដូម៉ូ លោក សយ រតនៈ លោក ពង្ស ពុទ្ធិស័ក និង​លោក ថៃ សាន បាន​ចូលរួម​ហាត់​សម​ល្ខោនខោល ជាមួយ​នឹង​លោកគ្រូ អ្នកគ្រូ​ និង​លោកគ្រូ​បច្ចេកទេស គឺ​​​​មាន​​ព្រឹទ្ធាចារ្យ ព្រឿង ឈៀង នៅ​​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៃ​កងយោធពលខេមរភូមិន្ទ (ស្តាត​ចាស់) ដើម្បី​ថត​ស្ប៉ត​ផ្សាយ​ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ឡើង។​

ខ្មុកខោល ដែល​ជា​កម្ម​វិធី​យ៉ាង​ពិសេស​ ​បានរៀបចំ​ឡើង​ ក្នុង​គោលបំណង​ ដើម្បី​លើក​ស្ទួយ​វប្បធម៌​ដ៏​​ត្រចះត្រចង់​របស់ខ្មែរ ព្រមទាំង​ការ​បង្ហាញ​អំពីទម្រង់​ល្ខោនខោល​នានា រៀបចំ​ដោយ​សាលា​​សិល្បៈ​​​ហ៊្វូណន (Funan Art School)​ សហការរៀបចំ ដោយ​ក្រៀលកម្ពុជា (Creal Cambodia) សាលា​​សិល្បៈតន្រ្តី (Music Arts School)​​ និងសាលាគុនល្បុក្កតោជ័យតេជៈ ហើយ​សហ​ការ និង​ផ្តល់​ទី​តាំង​ដោយ​ Factory Phnom Penh និង Urban Village Phnom Penh៕​

ក្រុមសាលា​ក្បាច់គុនល្បុក្កតោ ដោយសាលាគុនជ័យតេជៈ។ រូបថត សហការី​