ទឹកអប់​បង្កើត​ដោយ​សិល្បករ​ខ្មែរ និង​អ្នកជំនាញ​បារាំង អបអរ​ខួប​ ៣០ ឆ្នាំ​វិទ្យាស្ថាន​បារាំង ក្នុង​ពិព័រណ៍ «ម៉ូដ និងទឹកអប់»

Content image - Phnom Penh Post
​​ទឹក​​​​អប់​​​​​​​ ២៤ ក្លិន​ផ្សេងៗគ្នា ដែល​បាន​ពី​​ម៉ាក​​ទឹក​​អប់​​ល្បីៗ​​​ចំនួន​ ៨ ក្រុម​ហ៊ុន​​​​ធំ​ ក្នុងពិព័រណ៍ទឹកអប់ និងម៉ូដ នៅវិទ្យាស្ថានបារាំង។ ហេង ជីវ័ន

ភ្នំពេញ៖ ជាផ្នែក​មួយ​នៃ​រដូវកាល​វប្បធម៌​លើក​ទី ៣ «ជំនោរ​អាស៊ី» និងដើម្បីអបអរសាទរខួប ៣០ ឆ្នាំ របស់​ខ្លួន វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា កំពុង​សហការ​ជាមួយ Nez ដែល​ជា​ចលនា​វប្បធម៌​ឃាន វិញ្ញាណ ដើម្បី​បង្ហាញ​ទឹកអប់ «ក្នុងសួនរុក្ខសាស្ត្រ» (In the arboretum) កើត​ចេញ​ពី​កិច្ច​សហការ​រវាងសិល្បករ​ខ្មែរ​ ពេជ្រ សុភាព និង​អ្នក​ជំនាញ​ទឹកអប់ វីយ៉ូឡែន កូឡា។

អ្នក​សិល្បៈ​សហសម័យ​ដែល​ល្បី​ប្រើប្រាស់​សម្ភារៈ​ប្រពៃណី​ក្នុងការ​ផលិត​ចម្លាក់​ធំៗ​រូបនេះ គឺជា​សិល្បករ​​ដំបូង​បង្អស់​ពី​អាស៊ីអាគ្នេយ៍​ដែល​ត្រូវ​បានអញ្ជើញ​ ទៅ​ធ្វើ​សម្នាក់​សិល្បៈកាន់​មជ្ឈមណ្ឌល​អន្តរជាតិ​នៃ សិល្បៈ​កែវ និង​ប្លាស្ទិក Cirva នៅ​ក្រុង​​ម៉ារសី។

ធ្លាប់​ជា​អ្នក​មិនដែល​ប្រើ​ទឹកអប់​ទាល់តែសោះ ហើយ​សឹងតែ​រក​នឹក​អ្វី​មិនឃើញ​ពេលលោក​ចង់​និយាយ​​​​អំពី​​ក្លិនក្រអូប សិល្បករ​ ពេជ្រ សុភាព បែរ​ជា​សម្បូរ​​ពាក្យពេចន៍​គាត់​ហូរ​ដូច​ទឹក​នៅពេល​បរិយាយ​​ពី​ក្លិន​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​លោក​​បំផុតគគឺ​ ក្លិន​គ្រឿងទេស រុក្ខជាតិ និង​ស្រែ​នៅ​ជុំវិញ​ស្ទូ​ឌី​យោ​​របស់លោក​ដែល​ស្ថិតនៅ​កណ្ដាល​ធម្មជាតិ​។ ក្លិន​របស់​ក្រមួន​ដែល​គាត់​ប្រើ​សូន​ជា​រូបចម្លាក់​មួយ​ចំនួន គឺមាន​ក្លិន​ច្បាស់​លាស់​៖ ក្លិន​ដូច​ទឹកឃ្មុំ ស្រាល និង​ក្លិន​សត្វ​។​

Content image - Phnom Penh Post
ពិព័រណ៍ទឹកអប់ និងម៉ូដ នៅវិទ្យាស្ថានបារាំង។ ហេង ជីវ័ន

ពីអ្នក​មិនប្រើទឹកអប់​រហូត​ក្លាយជា​អ្នក​ចូលរួម​បង្កើត​ក្លិន​មួយដបនេះ លោក​បាន​និយាយ​ថា៖ «រហូត ដល់ ​ពេលនេះ ខ្ញុំ​មិនដែល​ធ្លាប់​គិត​សោះ​ពី​ក្លិន​ឫស្សី​។ បើ​ឱ្យ​ខ្ញុំ​និយាយ​ពី​វា ខ្ញុំ​សូម​និយាយថា​ក្លិន​​វា ទាំង​ស្រទន់ ទាំង​ប្រហើរ ទាំង​ធ្ងន់ ដូចជា​ក្លិន​ចេញពី​ផ្កា គឺ​សឹងតែ​មិនដឹង​បើ​យើង​មិនបាន​យក​ចិត្តទុកដាក់​ទេនោះ​»​។

​ជាមួយ​វី​យ៉ូ​ឡែ​ន កូ​ឡា អ្នក​ទាំងពីរ​បាន​ដាស់​អនុស្សាវរីយ៍​ពី​អាស៊ី ហើយ​ធ្វើឱ្យ​វារ​លាយ​ជាមួយ​គ្រឿង​ទេស​រួមមាន​ ក្រវ៉ា​ញ រុក្ខជាតិ​រំឭក​ដល់​ជួរភ្នំ​ភាគនិរតី​កម្ពុជា​) និង​ម្រេច​ស៊ីឈ័ន​ ជាគ្រឿង​ទេស​ដ៏ហឹរ​​ឆួល ធ្វើឱ្យ​នឹក​ដល់​ក្លិន​ស្លឹក​ខ្នុរ​ក្នុង​សួនច្បារ​​របស់​សិល្បករ​​។ ក្លិន​ដី​សើម​ និង​ក្លិន​ផ្កា ciste និង​ផ្កា vanille ត្រូវបាន​ដាក់បញ្ចូល​ប​ន្ថែ​ម​ លាយឡំ​នឹង​​ក្លិនប្រហើរ​របស់​ឫស្សីកាប់ថ្មីៗ​ ជា​រុក្ខជាតិ​ដែល​សុភាព​ប្រើ​ជាប្រចាំក្នុងការ​បង្កើត​ស្នាដៃ​សិល្បៈ​។​

ទឹកអប់​ក្នុងសួនរុក្ខសាស្ត្រ ​ចំណុះ​ ១៥​ មិល្លីលីត្រ​ ក្នុងដប​រាងស៊ីឡាំង​តូច បាន​សម្ពោធ​ដាក់​លក់​ក្នុង​តម្លៃ​២៥​ដុល្លារ នា​ឱកាស​ស​ម្ពោ​ធក្នុង​​រដូវ​កាលវប្បធម៌​​ ជំនោរ​អាស៊ី នៅ​ថ្ងៃទី​ ២ មិថុនា ឆ្នាំ ​២០២២ នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ និងអាច​ស្វែង​រក​ជាវ​បាន ​នៅ​កន្លែង​ផ្តល់ព័ត៌មាន​របស់​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ។​

Content image - Phnom Penh Post
ពិព័រណ៍ទឹកអប់ និងម៉ូដ នៅវិទ្យាស្ថានបារាំង។ ហេង ជីវ័ន

អ្នកគាំទ្រធំ​​ទឹកអប់​ ​ក្នុងសួនរុក្ខសាស្ត្រ​ នៅថ្ងៃសម្ពោធ​ត្រូវបាន​ទំព័រហ្វេសប៊ុកវិទ្យាស្ថាន​បារាំង​ឱ្យដឹង​ថា​៖ « ​​លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញវត្តមាន​ម្សិលមិញ នៅថ្ងៃសម្ពោធ​​រដូវកាល​វប្បធម៌​លើក​ទី ៣ «ជំនោរ​អាស៊ី»។ លោក​បាន​បញ្ជា​ទិញ​ ៣០០​ ដប​ដំបូង​នៃ​ទឹកអប់​ ក្នុងសួនរុក្ខសាស្ត្រ ជា​ក្លិន​សហការ​ដោយ​សិល្បករ​ ពេជ្រ សុភា និង​ វីយ៉ូឡែន កូឡា ក្នុង​ឱកាស​អបអរ​ខួប​ ៣០​ ឆ្នាំ​របស់យើង»។

ក្រៅពីក្លិន​​សហការ​រវាងវិចិត្រករខ្មែរ​ និង​អ្នក​ជំនាញ​ទឹកអប់បារាំង​ នៅ​មាន​​ទឹក​​​​អប់​​​​​​​ ២៤ ក្លិន​ផ្សេងៗគ្នា ដែល​បាន​ពី​​ម៉ាក​​ទឹក​​អប់​​ល្បីៗ​​​ចំនួន​ ៨ ក្រុម​ហ៊ុន​​​​ធំ​រួម​មាន​​ម៉ាក Chanel ម៉ាក Rochas ម៉ាក Christian Dior ម៉ាក ​Givenchy ម៉ាក Yves Saint Laurent ម៉ាក​ Thierry Mugler ម៉ាក Kenzo ម៉ាក Jean-Paul Gaultier នឹងត្រូវតាំងបង្ហាញ​ក្នុង​សាលពិព័រណ៍។​​

Content image - Phnom Penh Post
ពិព័រណ៍ទឹកអប់ និងម៉ូដ នៅវិទ្យាស្ថានបារាំង។ ហេង ជីវ័ន

លោក ឆន ប៊ុនឈឿន បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​វិទ្យាសា្ថន​បារាំង បាន​ឱ្យ​​ដឹង​បន្ថែមអំ​ពី​កា​រ​​រៀបចំ​ពិព័រណ៍​នេះ​​ថា៖ «​មូល​​ហេតុ ​ដែលយើង​ជ្រើស​យក​ពិព័រណ៍​ទឹក​អប់​មកបង្ហាញដោយសារ​ វា​​ជា​​​​ផ្នែក​មួ​យ​​នៃ​​រដូវ​កាល​វប្ប​​​​​ធម៌​ទី ៣ អំពីម៉ូដ និងទឹកអប់ ព្រមទាំងផ្នែក​​ម្ហូប​​​អារហារ និង​ការ​ឌី​ហ្សាញ​។ នៅក្នុងរដូវកលវប្ពទី ៣ ធាតុ​សំខាន់ៗ ដែលទាក់ទងនឹងការរស់នៅ ឱ្យ​មាន​ភាព​ស៊ី​វិល័យ ទាន់​សម័យ នឹង​ត្រូវ​គេ​យក​មក​បង្ហាញ​តាម​​រយៈ​ពិព័រណ៍នេះ​»។​

អស់រយៈកាល​ជាច្រើនទសវត្សរ៍​មកហើយ ទឹកអប់​ត្រូវបានចាត់ទុកជាគ្រឿង​តាក់តែង​កាយ​មួយ​ដ៏សំខាន់​ក្នុង​វិស័យ​ម៉ូដ ដោយ​មានលោក Paul Poiret ជា​ស្ថាបនិក​បដិវត្ត​ទឹកអប់​នៅ​ដើមសតវត្សរ៍ទី ២០ តាមរយៈ​ការ​សំយោគ និងស្រាវជ្រាវមូលេគុល​ក្លិន​នៅ​មន្ទីរពិសោធន៍។

លោក​ត្រូវបានដកស្រង់សម្ដី​ក្នុង​សេចក្ដីប្រកាស​ពីវិទ្យាស្ថានបារាំង​ថា៖ «រ៉ូបនេះ​សម​នឹង​អ្នកណាស់ ប៉ុន្តែ​បើ​បន្ថែម​ទឹកអប់ខ្ញុំ​មួយតំណក់ទៀត​លើជាយ​រ៉ូប វា​រឹត​តែ​សម​នឹង​រូបអ្នក​ដល់​ចុងជើង​»។

Content image - Phnom Penh Post
ពិព័រណ៍ទឹកអប់ និងម៉ូដ នៅវិទ្យាស្ថានបារាំង។ ហេង ជីវ័ន

ប្រវត្តិសាស្ត្រ​នេះ​បាន​បង្កើត​នូវវ​ប្បធម៌ដល់​យីហោ​ម៉ូដ​ធំៗ ក្នុងការ​បង្កើត​ទឹកអប់ប្រចាំ​ម៉ាក​របស់ខ្លួន តរហូត​មក​ មិនថា​ជា​យីហោ​ម៉ូដសម្លៀកបំពាក់់នារី បុរស ពហុភេទ ម៉ូដ​ប្រណីត​លំដាប់ខ្ពស់ ឬ​ម៉ូដ​សម្លៀក​បំពាក់ទូទៅ​តម្លៃសមរម្យនោះទេ។

ពិព័រណ៍​​​​ «ម៉ូដ និង​ទឹក​​​អប់» នេះដាក់​តាំង​បង្ហាញ​​ នៅវិទ្យាស្ថានបារាំង​ចាប់​ពី​ថ្ងៃ​ទី​ ២ ខែ​មិថុនា ឆ្នាំ​ ២០២២ រហូត​ដល់​ថ្ងៃ​ទី​ ២២ ខែ​តុលា ឆ្នាំ ​២០២២ ចូល​ទស្សនាដោយសេរី (១៥ នាក់​យ៉ាង​ច្រើន) ​ក្នុង​វិចិត្រ​​​សាល ឬ​ទស្សនាអមដោយ អ្នកសម្របសម្រួលណាត់ទុកជាមុន។​​

​​​វិទ្យា​ស្ថានបារាំងនៅកម្ពុជា បាន​ដើរតួនាទី​សំខាន់​ក្នុង​ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស បារាំង​ និង​កម្ពុជា ក្នុង​វិស័យ​វប្បធម៌ ​សិល្បៈ ការអប់រំ និងបណ្តុះបណ្តាល។​ តាម​រយៈ​វិទ្យា​ស្ថាន​បារាំង​នៅកម្ពុជា​ បាន​ផ្តល់​ជូននូវកម្មវិធីផ្សេងៗគ្នា​ពេញមួយឆ្នាំ ​(ការតាំង​ពិព័រណ៍ ​ការបញ្ចាំង​ភាពយន្ត ​ការប្រគំ​តន្ត្រី ​សន្និ​សីទ)​ ជា​មួយ​នឹង​បេសក​កម្ម​ផ្សព្វផ្សាយ​វប្បធម៌បារាំង ក្នុង​ន័យ ទូលំ ទូលាយ (សិល្បៈ​ ទស្សនីយ​ភាព ​ភាព​​យន្ត តន្ត្រី អក្សរសិល្ប៍ ភាសា​បារាំង ​ការចម្អិនអាហារ និង សិល្បៈ​នៃការរស់នៅ៕​

វិទ្យា​​ស្ថាន​បារាំងនៅកម្ពុជា ស្ថិត​នៅអគារ​លេខ ២១៨ វិថី​កែវជា (១៨៤) សង្កាត់បឹងរាំង ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ៕

Content image - Phnom Penh Post
ពិព័រណ៍ទឹកអប់ និងម៉ូដ នៅវិទ្យាស្ថានបារាំង។ ហេង ជីវ័ន

ព័ត៌មានថ្មីៗ