ភ្នំពេញៈ សណ្ឋាន​​គំនូរ​​សហ​​សម័យ​ របស់​វិចិត្រករ​ដុង​​ពី​កំណើត​លោក ទាង បូ​រិ​ន ​​ដែល​នៅ​តែ​រក្សា​ការ​​​​​​ផ្តោត​​សំខាន់​ទៅ​លើ​កាយ​វិការដៃ និង​ជើង​​នៃ​តួអង្គ​​នាដកា​​ខ្មែរ​​ បង្ហាញ​ពី​​ក្បាច់​រេរាំ​ជា​ច្រើន​​​ទម្រង់​ប្លែកៗ​​​គឺ​​ទេព​​​​​អប្សរា និងតួ​​​របាំ​ព្រះរាជ​ទ្រព្យ​​​ សរុប ​១៩ ផ្ទាំង ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​​នៅ​​​​វិចិត្រ​​​សាល​​នៃ​​​​សណ្ឋា​គារ​​សូហ្វីតែល ភ្នំពេញ​​ ភោគីត្រា​ រយៈពល ​៣​ ខែ​​។


បណ្តុំ​ស្នាដៃ​គំនូរ​​សហសម័យ​ ជា​ទម្រង់​ក្បាច់​រាំ​​​​អប្សរា និង​​​របាំ​ព្រះរាជទ្រព្យ​​​ ទាំងអស់​នេះ ត្រូវ​បាន​វិចិត្រ​​​ករ​មាន​វ័យ ៤០​ ឆ្នាំ លោក ទាង បូ​រិ​ន ហៅ​ Din ​​(Teang Borin known as ​ Din ​​) បានគូរ​​​ និង​សន្សំ​​ទុក​​​នាអំឡុងពេល ដែល​​​​​​ការ​តាំង​​ពិព័រណ៍​​ស្នាដៃ​​​សិល្បៈ​គំនូរនានា មិន​អាច​​​​រៀបចំ​​ ដោយ​សេរី​​បាន ព្រោះ​​​តែ​ស្ថិត​​នៅ​ក្នុងគ្រា​មាន​​​​​​វិបត្តិ​កូវីដ ​១៩ ជាង​ ២ ឆ្នាំ​​ ចុង​​​ក្រោយ​នេះ។​


លោក ទាង បូរិន ជា​វិចិត្រករ​ខ្មែរ​មួយ​រូប ​​បច្ចុប្បន្ន​​បាន​យក​ពេលវេលា​​ខ្លួន​ ស្ទើរ​ទាំង​ស្រុង​មក​​​កាន់​​ជក់​​គំនូរ​ ដើម្បី​គូរ​ផ្ទាំង​គំនូរ​នៅ​លើ​ផ្ទាំង​ក្រណាត់​ សម្រាប់​ដាក់​តាំង​លក់ជំនួស​ជំនាញ ​ដែលបាន​​រៀន​នៅ​​សា​​លា​​​ផ្នែក​ស្ថាបត្យកម្ម ឬ​ផ្នែក​ជំនាញ​គូរ​ប្លង់​អគារ ឬ​ផ្ទះ​ ​ ព្រម​ទាំង​កំពុង​តែ​បង្កើត​ស្នា​ដៃ​​​គំនូរ​ ប្រកប​​ដោយ​​​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​​​រស់រវើក​ ដែល​ភាគ​ច្រើន​គេស្គាល់​​លោក​ថា ជាវិចិត្រករ «គំនូរ​​របាំ​​អប្សរា​រាំ» ហើយ​​ស្នាដៃ​របស់​លោក​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ភ្ញៀវជាតិជាង​ភ្ញៀវ​អន្តរជាតិ​​​​​។


​លោក ទាង បូ​រិ​ន ក៏​បាន​​​បញ្ជាក់ឱ្យ​ដឹង​​ពីការ​សន្សំស្នាដៃ​ទុក​ សម្រាប់​​តាំង​ពិព័រណ៍​រយៈ​ពេល ​៣ ខែ ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​ ១៥ ខែ​ឧសភា ​និង​បន្ត​រហូដល់​​ចុង​​ខែ​កក្កដា ឆ្នាំ ​២០២២ ​នៅ​​​វិចិត្រ​​​​​​សាល​​​នៃ​​​សណ្ឋា​​​គារ​​សូហ្វីតែលភ្នំពេញ​​ភោគីត្រា​ ​ដូច្នេះ​ថា៖ «ពិព័រណ៍​នេះ ខ្ញុំ​មាន​​​គំនូរ​សុរប​ចំនួន​ ១៩ ផ្ទាំង ដែល​​​មាន​ ២ ប្រភេទ​​គឺ​ប្រភេទ​គំនូរ​សហសម័យ​នៃ​របាំ​អប្សរា និង​របាំ​ព្រះ​រាជ​ទ្រព្យ​ ទាំង​ខ្នាត​​តូច​ និង​ធំ​​មាន​​​​ចំនួន ១២ ផ្ទាំង និង​​ប្រភេទ​គំនូរអរូបី (Abstract paintings) ​​មាន​ចំនួ​ន​​ ៧​ ផ្ទាំង​។ ស្នាដៃ​ទាំង​អស់​​នេះ ខ្ញុំបាន​បង្កើត​ឡើង និងបាន​សន្សំ​​​ទុក​​ នាអឡុងពេល​ មាន​វិបត្តិ​កូវីដ​១៩ ប្រមាណ​​ជាង ២ ឆ្នាំ នេះ​​ឯង គឺចាប់​តាំង​ពី​​ចុង​ឆ្នាំ​ ២០១៩ មក បើ​ទោះបីជា​ ​ខ្ញុំ​អាច​មាន​ឱកាស​​យក​ទៅ​​​​​តាំង​​​​ក្នុង​​វិចិត្រ​សាល​​​នៃ​សណ្ឋាគារ Rosewood កាល​ពី​ឆ្នាំ​២០២០ យ៉ាងណា​ក្តី​»។


បណ្តុំ​ស្នាដៃ​គំនូរ​​សហសម័យ។ហេង ជីវ័ន


នារយៈ​ពេល ​២-៣​ ឆ្នាំ ចុង​ក្រោយនៃគ្រា​មាន​​វិបត្តិ​កូវីដ​ ១៩​ នេះ ស្នាដៃ​គំនូរ​សហសម័យ ប្រភេទ​​ជា​ទម្រង់​​ក្បាច់​​រាំ​​​អប្សារា របស់​លោក ទាង បូរិន ហាក់​មាន​ភាព​ខុសប្លែក​គ្នា​ស្រឡះ​តែ​ម្តង បើ​ប្រៀប​​​នឹង​សំទុះ​​គាំ​ទ្រ​​កាល​​​ពី​មុន​​​មាន​វិបិត្ត​កូវីដ ១៩។ បច្ចុប្បន្ន​ សំទុះ​នៃ​ការជាវ​គំនូរ​លោក​​​ទទួលបាន​ការ​ពេញ​និយម​​​​ជាវ​​​ពី​សំណាក់​ភ្ញៀវ​ជាតិ​ខ្មែរច្រើន​​​ជាង​បរទេសទៅវិញ ​ខណៈ​កាល​ពី​មុន​នោះ ការជាវ​គំនូរ​ពី​ភ្ញៀវ​បរទេស​មាន​ចំនួន​​ប្រមាណ​ជា ៧០ ភាគរយ​ឯណោះ តែ​ការជាវ​គំនូរ​ពី​ភ្ញៀវ​ខ្មែរ​​​ជាវ​វិញ​ មាន​​ប្រមាណ ៣០ ភាគរយតែ​​ប៉ុណ្ណោះ។

លោក ទាង បូ​រិ​ន បាន​លើក​ឡើង​ថា៖ «ចំពោះ​ការ​គាំទ្រ​ស្នាដៃ​គំនូរ​ខ្ញុំ នា​គ្រា​មាន​វិបិត្តកូវីដ ១៩​​ ឃើញ​ថា ការ​​គាំទ្រ​ ឬ​ការ​ទិញ​គំនូរ​របស់​ខ្ញុំ ភាគ​ច្រើនជា​ជន​ជាតិ​ខ្មែរ​យើង ដែលមានជីវ​ភាព​ធូរ​ធា​ ច្រើន​ជាង​​បរ​ទេស​ ព្រោះថា​នៅ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បង​ប្អូន​ខ្មែរ​យើង​ហាក់​មាន​ការ​ស្វែង​យល់​លើ​ច្រើន​ទៅ​លើ​វិស័យ​វិចិត្រ​កម្ម​ និង​មាន​ទឹក​ចិត្តគាំទ្រ​ស្នាដៃ​របស់​វិចិត្រ​ករ​ក្នុង​ស្រុក​ខ្លួន​ខ្លាំង​។​ ហើយ​កាលៈ​ទេសៈ​​នេះ ភ្ញៀវ​បរទេស​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ប្រភេទ​ស្នាដៃ​គំនូរ​មាន​បង្កប់​លក្ខណៈ​​​ជាតិ​​ខ្មែរ​នោះ​ឡើយ ហើយ​ម្យ៉ាង​ទៀត​ ពួកគេ​ក៏​មាន​ការ​លំបាក​ ក្នុង​ការ​នាំ​យក​ផ្ទាំង​គំនូរ​ធំៗ យក​ទៅ​ដាក់​តាំង​​នៅក្នុង​​ផ្ទះ​នៃ​ប្រទេស​កំណើតរបស់​​​ពួកគេ​ផង​ដែរ ស្រប​ពេលវេលា​សម័យ​កាល​កូវីដ​ ១៩ នេះ​ក៏​មិន​សូវ​មាន​អំណោយផល​ល្អ​​ឡើយ សម្រាប់​​មធ្យោ​បាយ​​ដឹក​ជញ្ជូន​តាមយន្តហោះ​​»។​​ស្នាដៃគំនូរ​​របាំ​អប្សារ និង​របាំ​ព្រះ​រាជទ្រព្យ​ របស់វិចិត្រ​ករ មាន​​ដុងសិល្បៈ​គំនូរ​​តាំង​ពី​កំណើត​​​​​គ្មាន​សាលា​ ដែល​ជា​ដើម​ទុន​តាំង​ពី​វ័យ ៥ ឆ្នាំ លោក ទាង បូរិន មាន​តម្លៃ​ទាប​បំផុត ១ ផ្ទាំង ៧៥ ដុល្លារ រហូត​ដល់​ ១ ផ្ទាំង តម្លៃ ៥០០០ ដុល្លារ​។

បណ្តុំ​ស្នាដៃ​គំនូរ​​សហសម័យ។ហេង ជីវ័ន

លោក ទាង បូ​រិ​ន បង្ហើប​ប្រាប់​បន្ថែមថា៖ «សព្វថ្ងៃ​​គំនូរ​សហសម័យខ្ញុំ ទទួលបាន​ការ​ពេញ​និយម​ជាវ​ពី​សំណាក់​ភ្ញៀវ​ខ្មែរ​យើង ដែល​មានជីវ​ភាព​ធូរធា​ជាងភ្ញៀវ​​បរទេស​។ គំនូរ​តូច​បំផុត​ទំហំ ៣០ x ៣០ សង់ទីម៉ែត្រ ១ ផ្ទាំង ៧៥ ដុល្លារ ខណៈ​គំនូរ​​ធំ​បំផុតទំហំ​ ១,៦ x ២,៥ ម៉ែត្រ​ ​១ ផ្ទាំង ៥០០០ ដុល្លារ។

លោក ទាង បូរិន មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត ក្នុង​គ្រួសារ​ដែល​មាន​កូន​ប្រុស ១ ​រូប ​គឺជា​​រូប​លោក និងមាន​​ប្អូនស្រី​ចំនួន​ ៣ ​នាក់។ ​​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យា​ល័យ​ក្នុង​ខេត្ត​កំពត​ មក​លោក​ក៏​​បន្ត​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម ​នៅ​សាកល​វិទ្យាល័យ​ន័រតុន ក្នុង​ឆ្នាំ​ ២០០១ និង​​​បាន​​បញ្ចប់​​​ក្នុង​ឆ្នាំ​ ២០០៥ ហើយ​​លោក​ចាប់ផ្តើម​ធ្វើការ​ដំបូង ​នៅ​ក្រុមហ៊ុន Yianko​Associates ចាប់​ពី​​ឆ្នាំ​ ២០០៨ រហូត​ដល់​ឆ្នាំ​ ២០១៤ ក្នុង​នាម​ជា​ស្ថាបត្យករ​​។ ការងារ​ស្ថាបត្យករ​អាច​និយាយ​ថា មាន​​ភាព​ងាយស្រួល​ផង និង​លំបាក​ផង ​ដោយ​លំបាក​នៅ​ត្រង់​ថា ត្រូវ​ធ្វើ​​ការងារ​ជា​ក្រុម និង​ប្រើ​ពេល​វេលា​យូរ​​អាច​ដល់​រាប់​ខែ ឬ​ឆ្នាំ​ទើប​សម្រេច​គម្រោង​មួយ​ បាន​ខុស​ពី​ការ​ងារ​របស់​លោក​សព្វ​ថ្ងៃ​ ដែល​​ធ្វើការ​ម្នាក់ឯង និង​មាន​រយៈ​ខ្លី​គឺ​ជា​វិចិត្រករ​។​ លោក​បាន​សម្រេច​ចិត្ត​មក​បើក​ក្រុមហ៊ុន​ ដោយ​ខ្លួន​ឯង​​ក្នុង​ឆ្នាំ​ ២០១៥ ដោយ​បា​ន​ដាក់​ឈ្មោះ​ថា «DinArt Gallery»។​

គួរ​រំឮក​ដែរ​ថា ស្នាដៃ​គំនូរអប្សរា​រេរាំ របស់លោក ​ទាង បូរិន ក៏​ត្រូវ​បាន​លោក សាស្រ្តាចារ្យ​ Roux Francois Xavier បានជាវ​ ដើម្បី​ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ ​នរោត្តម សីហមុនី ផង​ដែរ​កាល​ពី​ឆ្នាំ​​ ២០២០​។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​ថ្លែង​អំណរគុណ​របស់​លោកតាម​ហ្វេសប៊ុក នៅ​ខែ​កក្កដា ឆ្នាំ​​​ ២០២០​ ​ថា៖ «​DinArt ​ពិតជាមានកិត្តិយស​ធំធេង ហើយនិ​ងសូម​អរគុណ យ៉ាង​ជ្រាល​ជ្រៅចំពោះ ​Professor​ Roux Francois Xavier ដែល​បាន​ជាវ​គំនូរ​របស់​ DinArt ដើម្បីថ្វា​យដល់​ព្រះកុណា​ជា​អង្គ​ម្ចាស់​​​​ជីវិតលើត្បូង ​ព្រះបាទសម្តេចព្រះ​បរមនាថ ​នរោត្តម សីហមុនី»៕​

សាស្ត្រាចារ្យ Roux Francois Xavier បានជាវ ដើម្បីថ្វាយព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី​​ កាលពីឆ្នាំ ២០២០។ សហការី​