កំពង់ធំៈ ប៊ូហ្វេ​ទុរេន​ ​លើក​ទី​១​ នៅ​កម្ពុជា ឈ្មោះ​ថា «ចម្ការ​ព្រៃឡង់​» ដែល​ស្ថិត​ក្នុង ភូមិ ៩៩ ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ ដែលបាន​​បើក​​រយៈ​ពេល ​៣ ថ្ងៃ​​ ចាប់​ពី​ថ្ងៃ​ទី​ ១៧-១៩ ខែ​ មិថុនា ឆ្នាំ​ ២០២២ ដោយ​អតិថិជន​អាចទៅ​ហូប​ទុរេន​ផ្ទាល់​ និង​ដើរកម្សាន្ត​នៅក្នុង​ចម្ការ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មរណ៍​យ៉ាង​ខ្លាំង​ ដោយ​មាន​អតិថិជន​ទៅ​ចូល​រួម​រហូត​ដល់​ជាង​ ៥០០​នាក់។​​ នេះ​បើ​តាម​​លោក រស់ សុផល ជា​ម្ចាស់ ចម្ការ​ ដែល​បើក​ប៊ូហ្វេទុរេន។


ភ្ញៀវ​ម្នាក់​ចំនាយ​ត្រឹម ៣​ ម៉ឺន​រៀល គឺ​ពួកគាត់​អាច​ហូប​​ទុរេន​មួយ​ចម្អែត​។ ក្រៅ​ពី​នេះ នៅ​មាន​ថែម​ជា​ភេសជ្ជៈ​រួម​មាន កូកា ស្ទីង និង​ទឹក​សុទ្ធ​ជា​ដើម​។ អ្វី​ដែល​កាន់តែ​ពិសេស​ជាមួយ​រសជាតិ​ទុរេន​ធម្មជាតិ​ពិតៗ គឺ​មាន​​បរិយាកាស​ស្រស់ស្រាយ​បរិសុទ្ធ ក្នុងផ្ទៃដី ៦ ​ហិកតា ដែល​ម្ចាស់​ចម្ការ​បាន​បើក​ឱ្យ​ភ្ញៀវ​ចូល​កម្សាន្ត​។


លោក រស់ សុផល បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​តាម​ទូរស័ព្ទ​អំពី​គោលដៅ​ ដែល​លោកបាន​បើក​ប៊ូហ្វេ​ទុរេន​នៅ​ចម្ការ​របស់​​លោក​ថា​៖ «បើ​គិត​ជា​តម្លៃ​លក់ ខ្ញុំ​មិន​គិត​ថា​ ចំណេញ​អី​ទេ តែ​ចង់​ឱ្យ​គេ​ស្គាល់​ថា​ ទោះ​យើង​ដាំ​ទុរេន​ ក្នុង​ស្រុក តែ​យើង​ដាំ​ទុរេន​ ដែល​មាន​គុណភាព។ ម្យ៉ាង​ឱ្យ​គេ​បាន​ស្គាល់​ពី​ចម្ការ​ ពី​មុន​យើង​ធ្លាប់​តែ​ល្បី​ពី​ទុរេន​កំពត តែ​ឥឡូវ​យើង​មាន​ទុរេន​នៅ​កំពង់ធំ ឱ្យ​អតិថិជន​បាន​ភ្លក់​ថា​ វា​យ៉ាងណា​ដែរ​? មួយ​ទៀត​នោះ ​យើង​ចង់​ឱ្យ​គេ​ដឹង​ថា យើង​ជា​អ្នក​ចម្ការ​មិនមែន​ចេះ​តែ​ដាំ​ទេ តែ​ក៏​ត្រូវ​ចេះ​យុទ្ធសាស្រ្ត​នៃ​ការលក់​ដែរ​»។


ម្ចាស់​ចម្ការ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​ឱ្យ​អង្គការ​បរទេស​មួយ​ ទាក់ទង​នឹង​ការអភិរក្ស​ធនធាន​ធម្មជាតិបាន​លើក​ឡើង​ទៀត​ថា គំនិត​នៃ​ការបើក​ជា​ប៊ូហ្វេ​ទុរេន គឺជា​គំនិត​លោក​ផ្ទាល់ ដែល​ទទួល​បាន​ការបំផុស​គំនិត​ ពី​ប៊ូហ្វេ​គ្រឿង​សមុទ្រ​ និង​ប៊ូហ្វេ​អាហារ​ចម្រុះ​ទូទៅ​ ផ្សេង​ទៀត​នៅភ្នំពេញ​។ មួយ​ទៀត​នោះ គឺ​ពេល​លោក​ឃើញ​ភាព​លំបាក ដែល​កសិករ​តែង​ជួប​ប្រទះ​ព្រោះ​លក់​​​ទុរេន​​មិន​សូវ​បាន​ថ្លៃ​ បើ​ប្រៀបធៀប​ទៅ​នឹង​ទុរេន​ដែល​នាំ​ចូល​ពី​បរទេស​។


លោកថា ជា​រឿយៗ​កសិករត្អូញ​ថា លក់​មិន​ឈ្នះ​ទុរេន​ដែល​គេយក​មក​​ពី​ស្រុក​ក្រៅ ព្រោះ​វា​មាន​តម្លៃ​ថោក​ជាង ដោយសារ​ជាក់​ស្ដែង ទុរេន​ក្នុង​ស្រុក​ពួកគាត់​ ចំណាយ​ថ្លៃ​ដើម​ខ្ពស់ ទោះបី​គុណភាព​ល្អ​នៅតែ​ពិបាក​លក់ ព្រោះ​គេ​នៅ​មិន​ជឿជាក់​លើ​គុណ​ភាព​។


ពី​គំនិត​ជំរុញ​នេះ លោក​គិត​ថា បើ​ធ្វើ​ប៊ូហ្វេ​នៅ​ទីផ្សារ​ក៏​ពិបាក​លក់​ដែរ ការ​មិន​ទុក​ចិត្ត​នេះ​នឹង​ជា​បញ្ហា ដូច្នេះទើប​លោក​នឹក​ឃើញ​ឱ្យ​គេ​មក​ឃើញ​ចម្ការ​​ទុរេន​ពិតៗ​។

លោក សុផល ​ថា​៖ «បើ​យើង​ធ្វើ​ប៊ូហ្វេរ​នៅ​ចម្ការ គេ​នឹងឃើញ​ទុរេន​ពិតៗ បរិយាកាស​ពិតៗ​។ ខ្ញុំ​គិត​ថា គួរ​សាក​មើល​សិន​។ សំខាន់​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ចាប់​អារម្មណ៍​ថា ទុរេន​របស់​យើង​ក៏​មាន​គុណភាព​ល្អ​ដូច​គេ​ដែរ​។ ម្យ៉ាង ជា​ការពញាក់​រំលឹក​ឱ្យ​កសិករ​ព្យាយាម​រក​វិធី​ថ្មីៗ​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចាប់​អារម្មណ៍​»។

លោកបាន​រៀបរាប់​ពី​​ទិដ្ឋភាព​នៅពេល​ដែល​ភ្ញៀវ​ទៅ​ហូប​ទុរេន​​នៅ​ចម្ការ​នេះ​ដែរ​ថា​ ទុរេន​គឺ​លោក​បេះ​ត្រៀម​ទុក​ស្រាប់​ ដោយ​មាន​កំណត់​ទីតាំង​ហូប​ច្បាស់​លាស់​។ ទុរេន​ ​គឺ​នៅ​ទាំង​មូល បើ​អតិថិជន​គាត់​ចេះ​ពុះ ចង់​ពុះ​ខ្លួនឯង​ក៏​បាន​ តែ​ខាង​លោក​ មាន​បុគ្គលិក​ចាំ​ជួយ​ពុះ​ស្រាប់។

លោក​បាន​បញ្ជាក់​ថា ដោយសារ​កន្លែង​អង្គុយ​ទទួលទាន​មាន​កំណត់ លោក​បាន​កំណត់​រយៈពេល​ ៤០ ​នាទី ហើយ​អតិថិជន​មាន​ជម្រើស​នៅក្នុង​ការដើរ​មើល​ចម្ការ​សិន ចាំ​ចូល​ហូប ឬ​ហូប​ហើយ​ចាំ​ដើរលេង​ក្នុង​ចម្ការ​ក៏​បាន​។

តម្លៃ ៣ ​ម៉ឺន​រៀល​ ក្នុង​ការហូប​​ទុរេន​មួយ​ឆ្អែត​នេះ​ដែរ លោក​បាន​បញ្ជាក់​ថា​ ជា​តម្លៃ​សម្រាប់​មនុស្ស​ទូទៅ តែ​សម្រាប់​ក្មេង​គិត​ទៅ​តាម​កម្ពស់​។ ក្មេង​ដែល​មាន​កម្ពស់​ចាប់ពី ១ ​ម៉ែត ៣​ តឹក ដល់ ១​ ម៉ែត ៦​ តឹក គឺ​តម្លៃ​ផ្សេង ឯ​ក្មេង​ដែល​ក្រោម ៦​ តឹក​ គឺ​មិន​គិត​លុយ​ទេ​។

លោកបញ្ជាក់​បន្ថែម​ថា​៖ «បច្ចុប្បន្ន ចម្ការ​យើង​មាន​ពូជទុរេន​ម៉ាន់ថង សូនី និង​ឪខាក់ សម្រាប់​ទទួល​ភ្ញៀវ​ ដែល​យើង​បាន​ដាំ​តាំង​ពី​ឆ្នាំ​ ២០១១ តែ​ទើប​ទទួល​បាន​ផល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​។ រីឯ​ម៉ូសាងឃីង មិនទាន់​ផ្លែ​ទេ អាច ១-២ ​ឆ្នាំ​ទៀត​។ នៅលើ​ផ្ទៃ​ដី​ចម្ការ ៦ ​ហិកតា​នេះ​ដែរ យើងមាន​ដំណាំ​ចម្រុះមាន​សាវម៉ាវ ប៊័រ មង្ឃុត ក្រូចឆ្មារ ជាដើម តែ​ទុរេនមាន ៣០០​ ដើម​ច្រើន​ជាង​គេ ប៉ុន្តែក៏​មិនមែន​ធំ​ទាំងអស់​ទេ»។

អ្នកនាង កុល ពិសី នៅ​ខេត្ត​កំពង់ធំ ដែល​ជា​អ្នក​ចូលចិត្ត​ហូប​​ទុរេន​បំផុត បាន​ទៅ​លេង​ចម្ការ លោក សុផល និង​ភរិយា គៀវ សុកញ្ញា​ ផ្ទាល់​ ហើយបានប្រាប់ពី​ចំណាប់​អារម្មណ៍​របស់​អ្នកនាង​មក​កាន់ ​ភ្នំពេញ ប៉ុស្តិ៍ថា ពិតជា​កោត​សរសើរ​ដល់​លោក សុផល​ ដែល​ចេះ​នឹក​ឃើញ​វិធីសាស្រ្ត​បែប​នេះ ព្រោះ​បាន​ឱ្យ​អតិថិជន ​បាន​ចុះ​ទៅ​ដល់​ដើម​ដល់​ចម្ការ ព្រម​ទាំង​ភ្លក្ស​សជាតិ​ទុរេន​ពី​ចម្ការ​ពិតៗ​។

អ្នកនាង​បន្ថែម​ថា ធ្លាប់​ទៅ​កន្លែង​គេ​ដែរ តែ​វា​ហាក់​ឱ្យ​អារម្មណ៍​ខុស​គ្នា​ឆ្ងាយ​។ ចម្ការ​របស់ លោក រស់ សុផល អ្នកនាង​មាន​អារម្មណ៍​ថា ប្លែកភ្នែក និង​ស្រស់ស្រាយ ព្រោះ​ជុំ​វិញ​មាន​សុទ្ធ​តែ​ធម្មជាតិ សម្បូរ​ទៅ​ដោយ​រុក្ខជាតិ​បៃតង និង​ដំណាំ​ច្រើន​មុខ​។

អ្នកនាង​បន្ថែមទៀត​ថា​៖ «រសជាតិ​ទុរេន​ទៀត​សោត​ គឺ​ឆ្ងាញ់​តែ​ម្ដង​។ វា​អត់​សូវ​មាន​សរសៃ​ច្រើន សាច់​ម៉ដ្ឋ ខ្ទិះ ផ្អែម​ឆ្ងាញ់ ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត។ កាល​ពី​មុន​​ខ្ញុំ​អត់​ទាន់​ស្គាល់​ចម្ការ​គាត់​ទេ ព្រោះ​គាត់​ទើប​ទទួល​បាន​ផល​ ៣-៤​ ឆ្នាំ ហ្នឹង​ដែរ​ ខ្ញុំ​ទិញ​ទុរេន​គេ​នៅ​ផ្សារ​គឺ​រសជាតិ​ធម្មតា​។ តែ​បន្ទាប់ពី​បាន​ហូប​ទុរេន​គាត់ ខ្ញុំ​លែង​ចង់​ទិញ​ទុរេន​នៅ​ខាង​ក្រៅ​ខ្លាច​អត់​ដូច​ចិត្ត​»។

អ្នកនាង​លើកឡើង​ពី​​តម្លៃ​ដែល​លោក សុផល ​យក​នោះ​​ថា​៖ «តម្លៃ ៣​ ម៉ឺន ហើយ​សម្រាប់​ការហូប​ទុរេន​មួយ​ឆ្អែត​ក្នុង​ចម្ការ​គាត់ គឺ​សមរម្យ​ខ្លាំង​ណាស់​។ បើ​គិត​រឿង​ចំណេញ ខ្ញុំ​មិន​គិត​ថា ​ចំណេញ​ទេ​។ ខ្ញុំ​គិត​ថា គាត់​គ្រាន់តែ​ចង់​បើក​ឱកាស​ឱ្យ​អតិថិជន​ស្គាល់​ចម្ការ​គាត់ បាន​ភ្លក់​ទុរេន ដែល​គាត់​ដាំ​ពី​ធម្មជាតិ និង​ប្រើ​ជី​ធម្មជាតិ​ទាំងអស់​»។

ថ្ងៃ​ចាប់ផ្ដើម​បើក​ប៊ូហ្វេ​ទុរេន​លើក​ទី​១ ​រយៈ​ពេល​ ៣​ ថ្ងៃ​ គឺ​​ចាប់​​ពី​ថ្ងៃ​ទី​ ១៧ ខែ ​មិថុនា ឆ្នាំ ២០២២ ហើយ​ក៏​បាន​ផ្អាក​​ទៅ​វិញ​​ ដោយសារ​ទុរេន​មាន​ចំនួនកំណត់​ ហើយ​បើ​ពេលណា​មាន​ទុរេន​ទុំ​​ថ្មី លោក​នឹង​ជូន​ដំណឹងបើក​​ម្ដង​ទៀត​។

លោក រស់ សុផល​ ឱ្យ​ដឹង​ថា​ ៣ ​ថ្ងៃកន្លង​មក​ ភ្ញៀវ​សម្រុក​ចូល​ច្រើន​ខ្លាំង​ អ្នក​ខ្លះ​ទៅ​ទាំង​ហូប​ទាំង​ទិញ​ត្រលប់​មក​ផ្ទះ អ្នក​ខ្លះ​បាន​ទៅ​ តែ​មិន​បាន​ហូប តែ​ទិញ​មក​វិញ អ្នក​ខ្លះ​ទៀត​ទាំង​មិន​បាន​ហូប​មិន​បាន​ទិញ តែ​ចង់​មក​លេង ដែល​បើ​គិត​ភ្ញៀវ​សរុប លោក​ថា អាច​ដល់ ៥០០​ នាក់​ជាង​។

លោកឱ្យ​ដឹង​ដែរ​ថា​៖ «យើង​មាន​ភ្ញៀវ​មក​ពី​សៀមរាប ភ្នំពេញ និង​កំពង់ធំ​ច្រើន​ជាង​គេ​ព្រោះ​នៅ​ជិត​។ អ្នក​ខេត្ត​ឆ្ងាយៗ​ភាគ​ច្រើន​ គាត់​តេ​មក​មុន​ព្រោះ​ខ្លាច​ខក​ជើង ដោយ​យើង​ក៏​ប្រាប់​គាត់​តាម​ហ្នឹង​ដែរ​។​ ប៉ុន្តែពេល​គាត់​មក​អត់​បាន​ហូប យើង​ខក​ចិត្ត​ខ្លួនឯង​ដែរ​»។

ក្រៅពីអ្នកនាង កុល ពិសី​ លោក​ក៏​ទទួល​បាន​ការកោត​សរសើរ និង​មតិ​យោបល់​ជាច្រើន​ពី​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទៅ​ហូប​ទុរេន​របស់​លោក​។ ​លោក​ក៏​រីករាយ​ពេល​ឃើញ​អតិថិជន​មកដោយ​​រីករាយ​ជាមួយ​បរិយាកាស​ប្លែក​ថ្មី ហើយ​លោក​ក៏​មាន​គំនិត​ថ្មី​ក្នុង​ការអភិវឌ្ឍ​បន្ថែម​ទៀត​។

លោករំឭក​ឱ្យ​ដឹង​ដែរ​ថា មាន​ភ្ញៀវ​ថៃ ១ ​ក្រុម​នោះ ​បាន​សរសើរ​លោក​ថា​ លោក​ធ្វើ​បាន​ល្អ​ជាង​ថៃ​ទៅ​​ទៀត​​។

កាលពី​លើក​មុន «ចម្ការព្រៃឡង់» របស់​លោក សុផល បើក​ពី​ម៉ោង ៩ ​ព្រឹក​ដល់ ៤​ ល្ងាច ហើយ ៣ ​ថ្ងៃ​នៃ​ការ​បើកលក់​ប៊ូហ្វេទុរេន​ ​លោក​បាន​ត្រៀម​ទុរេន ៣០០-៤០០ ​គីឡួក្រាម​។

លោកបាន​ផ្ដាំផ្ញើ​ទៅកាន់​អ្នក​អាន និង​កសិករ​ថា៖​ «យើង​ផ្ដោត​ទៅលើ​ការដាំដុះ វា​ជា​រឿង​សំខាន់​ហើយ តែ​បើ​យើង​ដាំ​បាន​យើង​ផ្អែក​ទៅ​លើ​ឈ្មួញ​កណ្ដាល​ច្រើន​ពេក ធ្វើឱ្យ​ផលិតផល​យើង​ធ្លាក់​តម្លៃ​ដែរ​។ យើង​ចង់​ឱ្យ​គាត់​រៀន​ធ្វើ​ទី​ផ្សារ និង​រៀន​លក់​ផង​ គឺធ្វើ​បែបណា​ឱ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​លើ​យើង​។ ខ្ញុំ​យល់​ថា​ ទោះ​កសិករ​គាត់​ដាំ​អី​ក៏​ដោយ គាត់​គួរ​តែ​មាន​គំនិត ក្នុង​ការអង្គុយ​គិត​ពី​អ្វី​ដែល​ថ្មី ដែល​អាច​លក់​ទៅ​ដល់​អតិថិជន​ផ្ទាល់​»។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​តាមដាន​ទំព័រ​ហ្វេសប៊ុក @preylangfarm និង​ទំនាក់ទំនងទៅ​​កាន់​ទូរស័ព្ទ​លេខ ០៨៨ ៦៦៩ ៦០៩៣៕