ភ្នំពេញៈ អស់​រយៈ​ពេល​ប្រមាណ​ ១​ ទសវត្សរ៍​ សិប្ប​កម្ម​ លឹម វណ្ណី (Lim Vanny Plastic Recycle Company) ដែល​បាន​កែ​ច្នៃ​សំរាម​រាប់​តោន​ទៅ​ជា​របស់​ប្រើប្រាស់​ឡើង​វិញ​គ្រោង​នឹង​ពង្រីក​អាជីវកម្ម​ទៅ​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ​ដើម្បី​ផ្ដល់​ជីវិត​ថ្មី​ដល់​សំណល់​ប្លាស្ទិក​ ស្នោ សម្បក​បាវ​ចាស់ និង​កំប៉ុង​​អាលុយ​មីញ៉ូម ​រួម​ចំណែក​សម្រាល​បន្ទុក​សំរាម​លើ​ផែន​ដី និង​លើក​ស្ទួយ​បរិស្ថាន​នៅ​កម្ពុជា​។


លោក ​ពេជ្រ សុថា ប្រធាន​គ្រប់គ្រង​ទូទៅ​នៃសិប្ប​កម្ម លឹម វណ្ណី​ ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ​ ៥ ​ហិកតា នៅ​​សង្កាត់​ព្រែក​កំពឹស ​ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ​ បាន​ឱ្យដឹង​ថា ម៉ាស៊ីន​កែច្នៃ​សំរាម​ ត្រូវ​បាន​ដំឡើង​នៅ​ខេត្ត​កំពង់​ស្ពឺ​ កណ្ដាល និង​កំពង់​ចាម ​រួច​រាល់​ហើយ។


លោក ​សុថា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា៖ «បច្ចុប្បន្ន​យើង​បាន​ទៅ​ដំឡើង​ឱ្យ​គេនៅ​កំពង់​ស្ពឺ ហើយ​នៅ​ខេត្ត​កណ្ដាល​យើងបឹង​តា​មោក។​​មួយ​ទៀត​នៅ​ខេត្ត​កំពង់​ចាម​យើង​ក៏​ដំឡើង​ម៉ាស៊ីន​ដែរ»។


ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃសិប្ប​កម្ម​កែច្នៃ​សំរាម​រូបនេះបាន​​បញ្ជាក់​ថា៖ «ផែន​ការ​របស់ខ្ញុំ​គឺ​ពង្រីក​ទូទាំងរាជ​ធានី-​ខេត្ត​ហ្នឹងគឺ​ពង្រីក​ឱ្យសឹង​តែ​គ្រប់​ទាំង​អស់»។


សិប្បកម្ម​ លឹម វណ្ណី ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០១៤ ក្រោយពី​ម្ចាស់​សិប្ប​កម្ម​ទទួល​គំនិត​រៀន​សូត្រ​ពី​បរ​ទេស។​


ស្ថាប​និក​សិប្ប​កម្ម​បាន​ចាប់​ផ្ដើម​ដំបូង​ជាមួយ​កិច្ចការ​ស្ល​អាលុយ​មីញ៉ូម​ ដូចជា​ កំប៉ុង​ស្រាបៀរ និង​អំបែង​ឆ្នាំង។ ការ​កែច្នៃ​កំប៉ុង​អាលុយ​មីញ៉ូម​នេះ ​អាច​ឱ្យ​លោក​​ចាក់ស្ល​ជានង្គ័ល ​ឆ្នាំង​ដាំ​បាយ និង​ខ្ទះ​ត្នោត ជា​ដើម​។

លទ្ធផល​សម្រេច​បាន​នៃ​ការ​កែ​ច្នៃ​កំប៉ុង​អាលុយ​មីញ៉ូម​បាន​ជំរុញ​ឱ្យ​រូប​លោក​ចាប់​ផ្ដើម​ពង្រីក​ការ​កែច្នៃ​ប្រភេទ​សំរា​ម​ស្នោ ស្បោង​ប្លាស្ទិក​ និង​សម្បក​បាវ ទៅ​ជា​វត្ថុធាតុ​ដើម​ពាក់​កណ្ដាល​សម្រេច ដើម្បី​យក​ទៅ​ផលិត​សម្ភារ​ប្រើ​ប្រាស់​ឡើង​វិញ​។

ក្រោយ​ជម្នះ​ឧបសគ្គ​​ក្នុងការ​កសាង​សិប្បកម្ម​​កែច្នៃ​សំរាម​រយៈពេល​ប្រមាណ ​៣ ​ខែ​ដំបូងនៃ​ការ​ចាប់​ផ្ដើម​ លោកអាច​លក់​ចេញ​ផលិត​ផល​កែ​ច្នៃ​នៅ​ក្នុង​ស្រុក និង​នាំ​ចេញ​​ទៅ​បណ្ដា​ប្រទេស​ជិត​ខាង​ផង​ដែរ។

ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃសិប្បកម្ម លឹម វណ្ណី លោក សុថា បាន​ឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃការ​ច្នៃ​ស្ល​អាលុយ​មីញ៉ូម​ត្រូវ​បាន​ធ្វើឡើង​នៅ​សង្កាត់​បឹង​ទំពុន ហើយ​​ការ​កែ​ច្នៃប្លា​ស្ទិកស្នោ ​សម្បក​បាវ​ចាស់ និង​ថង់​ប្លាស្ទិក ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សង្កាត់​ព្រែក​កំពឹស​។

ដោយ​មិន​រាប់​ការកែច្នៃ​កំប៉ុង​ លោក​ សុថា បាន​ឱ្យដឹង​ថា៖ «ផលិត​ផល​សម្រេច​ចេញ​មក​បាន​ ៦​ មុខ។ វត្ថុ​ធាតុ​ដើមតែ​៣​ប្រភេទ​ទេ តែ​កែ​ច្នៃ​​បាន​ ៦ ​មុខ។ ដូចថា ​ស្នោ​មាន​លេខ ១ លេខ ២ គឺ​ ២ មុខ។ សម្បក​បាវ​មាន​ ២ ប្រភេទ គឺ​ប្រភេទ​ពណ៌​ស និង​ពណ៌​ខៀវ។ ​ថង់​ប្លាស្ទិក​​មាន ២ ប្រភេទ គឺ​ប្រភេទ​ថង់​ ស និង​ថង់​ខ្មៅ​ចម្រុះ​ពណ៌»។

ដើម្បី​ផ្គត់​ផ្គង់​​ដំណើរ​ការ​កែច្នៃ​ផលិត​ផល​សម្រេចនិង​ពាក់​កណ្ដាល​សម្រេច​នេះ​សំរាមត្រូវ​​បាន​ទិញ​​ពី​ទីផ្សារ ​រោង​ចក្រ​ និង​អ្នក​រើស​អេត​ចាយ​។

សំរាម​ចម្រុះ​ប្លាស្ទិក​ ស្នោ សម្បក​បាវ​ចាស់ ត្រូវបាន​ប្រមូលផ្ដុំ​គរ​​ដូច​ភ្នំ​​នៅ​ទីតាំង​​សិប្ប​កម្ម ដោយ​ត្រូវ​ស្ដុក​រក្សា​ទុក​ពី ១​ សប្ដាហ៍ ទៅ​ជាង ១​ ខែ ដើម្បី​បន្សាប​​ចំហាយ​ក្លិន​ស្អុយ​​សំរាម។

លោក សុថា លើក​ឡើង​ថា៖ «​វា​ត្រូវ​កម្ដៅ​ធាតុ​អាកាស​ ត្រូវ​ទឹក ត្រូវ​ភ្លៀង​ ត្រូវ​ខ្យល់​ទៅ ចំហាយ​ស្អុយ​ហ្នឹង​វា​ចេញ។ វា​មិន​ចេញ​អស់​ ១០០​ ភាគ​រយ​ទេ តែ​វា​ចេញ​ខ្ទង់​ប្រហែល ៥០ ទៅ ​៦០ ​ភាគ​រយ​ដែរ»។

ជា​ធម្មតា សំរាម​ដែល​យក​មក​ស្ដុក​ទុក​ពុំទាន់​ត្រូវបាន​ញែក​អ្វី​ទាំង​អស់។ កម្មករ​ប្រមាណ​ជាង ៤០​ នាក់​ នៅ​សិប្ប​កម្ម​​ជា​អ្នក​បែង​ចែក​ប្រភេទ​ថង់ និង​ពណ៌​របស់វា​។សម្រាប់​ការ​ធ្វើចង់​​ប្លាស្ទិក​ពណ៌​ស កម្មករ​ត្រូវការ​ញែក​ស្កុត​និងក្រដាស​ដែ​ល​ជាប់​នឹងថង់​ ដោយ​យក​តែ​ថង់​ស្អាត​ ដើម្បី​ផលិត​ជា​ថង់​ប្លាស្ទិក​ពណ៌​ស​ឡើង​វិញ។

លោក​និយាយ​ថា៖ «បុគ្គលិក​ពួកខ្ញុំ​គាត់​ញែក​សំរាម​ដាច់ៗ​ពីគ្នា។ពណ៌​ស PE (Polyethylene) សយើង​រើស​ឱ្យស្អាត​ យក​ទៅផ្លុំ​គ្រាប់ ផលិត​ធ្វើ​គ្រាប់ ដើម្បី​ឱ្យ​អតិថិ​ជន​យក​ទៅ​ប្រើប្រាស់​វា​អត់​ខូច»។

លោក​ថា៖ «ពណ៌​ស​ប្រភេទ​ស្រួយ ប្រភេទ HD [High Density Poly Ethylene] ប្រភេទ ABS [Acrylonitrile butadiene styrene] អី​ចូល​គ្នា»។

ចំពោះ​ប្រភេទ​​ថង់ខ្មៅ និង​ថង់​ចម្រុះ​ពណ៌​ សិប្បកម្ម​កែ​ច្នៃ​ដោយ​ប្រើ​ថង់​ខៀវ ពណ៌​ក្រហម​ ខ្មៅ លឿង​ ដាក់​បញ្ចូល​គ្នា។ ប៉ុន្តែ​​កម្មករ​នៅ​តែ​ត្រូវ​​វែក​ញែក​ប្រភេទ​ប្លា​ស្ទិក​រឹង និង​ស្រួយ។

លោក សុថា រៀប​រាប់​ថា៖«មាន​ន័យ​ថា​អាថង់​ខ្មៅ និង​អា​ថង់​ចម្រុះ​វាអាច​លាយ​ពណ៌។ ពណ៌​លឿង​ក៏អាច​ចូល​ខ្មៅ​ក្រហម​ ឬ​ខៀវ​អី​ក៏​ទៅ​ចូល​ខ្មៅ»។

ស្នោ​ ត្រូវ​បាន​កែ​ច្នៃ​ចេញ​ជា​​វត្ថុធាតុ​ដើម​ពាក់​កណ្ដាល​សម្រេចគឺ​គ្រាប់ស្នោ ដែល​គេ​អាច​យក​ទៅ​ផលិត​ជា​ផលិត​ផល​សម្រេច​ផ្សេងៗ​។

ប្រធាន​គ្រប់​គ្រង​ទូទៅនៃ​សិប្បកម្ម​រូបនេះ​រៀបរាប់​ថា៖ «​របស់​ស្នោដែល​គេ​ប្រើហើ​យ​បោះ​ចោល​ យើង​​យក​​វា​ផលិត​ជា​គ្រាប់ ហើយវា​អាច​ធ្វើ​ទៅជា​ប្រអប់​បាយ​យើង​ញ៉ាំ»។

ចំពោះ​​សម្បក​បាវចម្រុះ​​ ក៏​ទាម​ទារ​ឱ្យ​មានការ​ញែក​ទៅ​តាម​ពណ៌ ​ខៀវ និង​​ស មុននឹ​ង​ដាក់ចូល​ក្នុង​ម៉ាស៊ីន​ចិញ្ច្រាំ​ជា​បំណែក​តូច​ល្អិត រួច​បញ្ជូន​ចូល​អាង​។

លោក សុថា ពន្យល់ថា៖ «យើង​​មាន​អាង​យើង​លក្ខណៈ​វិល​ដូច​កង់​រទេះ​អ៊ីចឹង។វិល​ផ្កាប់​វា​ចុះ​ឡើងៗ មាន​ន័យ​ថា ​ដូច​លាង​​វា​ឱ្យ​ជ្រះ​ហើយ។យើង​ដាក់​វា​ចូល​ម៉ាស៊ីន​ផ្លុំ​ហើយ​យើង​នឹង​ញ៉ុក​ចូល​ក្នុងឡ​ផលិត​របស់​យើង​​ដើម្បី​ចេញ​ជា​គ្រាប់​ជ័រ»​។

នៅ​ក្នុង​ចង្វាក់​កែ​ច្នៃ​សំរាម​នេះ លោកថា ​សិប្បកម្ម​ លឹម វណ្ណី ​ទទួល​បុគ្គលិក​បម្រើ​ការ​ជា​លក្ខណៈ​ប្ដី​ប្រពន្ធ និង​ជា​គ្រួសារ ហើយ​​បុគ្គលិក​មួយ​ចំនួន​ស្ថិត​ក្នុង​វ័យ​ ៥០ ទៅ​ ៧០ ​ឆ្នាំ​ វ័យ​ថម​ថយ​ពល​កម្ម​ ខ្វះ​ចំណូល និង​ពិបាក​រក​ការ​ងារ​ធ្វើ។

លោក​បាន​ឱ្យដឹ​ង​ថា៖ «នៅ​ទី​នេះ ចាស់ៗ​ពួកខ្ញុំ​ជួយ​បានច្រើន​ ចាប់ពី​អាយុ​ ៥០​ ជាង​ច្រើន​នាក់​ដែរ ជាង ដប់​ម្ភៃ​នាក់​ដែរ ចាប់ពី​អាយុ ៦០ និង​ ៧០​ ឆ្នាំ​អី​ក៏មាន​ដែរ គឺ​បាន​ចូល​មក​បម្រើ​ការ​នៅ​នេះ»។

ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃសិប្បកម្ម​កែច្នៃ​សំរាម​រូបនេះក៏​បាន​លើក​ឡើង​ថាបុគ្គលិក​បម្រើ​ការ​មិន​ទទួល​ផល​ប៉ះពាល់​អ្វីទេ។

លោក សុថា អះអាង​ថា៖ «​ស្ថាន​ភាព​ដែល​ខ្ញុំ​មើលទៅ ​ចាស់ៗ​គាត់​អាយុ​ ៥០ ជាង ​ទៅ​ ៧០ ឆ្នាំ គាត់​ធ្វើការ​​នៅ​នេះ​គឺអត់​មាន​ឈឺ​ថ្កាត់​អីធ្ងន់​ធ្ងរ​ទេ។ ធម្មតា គាត់​មាន​ផ្ដាសាយ​អីតិច​តួច ជា​បញ្ហា​ធម្មជាតិ។ បើ​បញ្ហា​ឈឺ​បណ្ដាល​មក​ពីហិត​ក្លិន​ប្លា​ស្ទិក ចំហាយ​ពី​បរិយា​កាស ​ចំហាយ​ពី​សំរាម​ហ្នឹង គឺ​អត់​មាន​ទេ»។

សិប្បកម្ម​ លឹម វណ្ណី ក៏​ស្ថិត​​ក្នុង​ចំណោម​រូបវន្ត​បុគ្គល និង​នីតិ​បុគ្គល​ចំនួន ១២ ដែល​ទទួល​បាន​បណ្ណ​សរ​សើរ​លើក​ទឹក​ចិត្ត​ចំពោះ​ប្រតិបត្តិមេត្រី​ភាព​បរិស្ថាន​បានល្អ​ពី​ក្រសួង​បរិ​ស្ថាន​កាល​ពី​ឆ្នាំ ២០១៩​។

យ៉ាង​ណា​មិញ លោក សុថា ស្នើ​សុំ​ឱ្យ​ប្រជា​ពលរដ្ឋ​​ជួយ​បែង​ចែក​សំរាម​ ដើម្បី​សម្រួល​ដល់​អ្នក​ប្រមូល​សំរាម អ្នក​រើស​អេត​ចាយមានភាព​ងាយ​ស្រួល​ទុក​ដាក់ និង​ការ​លក់​បន្ត​នៅ​កន្លែង​កែច្នៃ​។​

សិប្បកម្ម​របស់លោ​ក​ណែនាំ​ឱ្យ​​ប្រជាជន​ដាក់​សំរាម​​រឹងនិង​​រាវ​​ឬ​សើម​ផ្សេង​គ្នាដើម្បីកុំ​ឱ្យ​អ្នក​រើស​អេត​ចាយ​​ហែក​កកាយ។ ការ​បែង​ចែក​សំរាម​សរីរាង្គ​ កំប៉ុង ក្រដាស និង​ប្រភេទ​កែវ​អំបែង​ត្រឹម​ត្រូវ​ ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​បុគ្គ​លិក​ក្រុមហ៊ុន​​ប្រមូល​សំរាម​រក្សា​សណ្ដាប់​ធ្នាប់​អនា​ម័យ​ និង​បរិស្ថាន​ជុំវិញ​ផ្ទះ។

ដើម្បី​ជំរុញ​ប្រតិ​បត្តិ​ការ​កែច្នៃ​សំរាម​ឱ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព លោក​ សុថា ស្នើ​ថា៖ «បើប្រជា​ពលរដ្ឋ​យើង​ទាំង​អស់​គាត់​យល់​ដឹង​ច្រើនពី​ការ​ញែក​សំរាម​គឺ​យើង​អ្នក​លក់​អេត​ចាយ​យក​សំរាម​មក​ឱ្យយើង​​គឺ​ជា​រឿង​ល្អ ដែល​គេ​បែង​ចែង​ពីនោះ​ហើយ​ស្រាប់»​។

យោង​តាម​របាយ​ការណ៍​​ក្រសួង​បរិស្ថាន​ក្នុង​​ ១​ ឆ្នាំ ប្រទេស​កម្ពុជា​​ បង្កើត​សំរាម​ជាង ៤ ​លាន​តោន។ នៅ​ក្នុង ​១ ​ថ្ងៃ​ជាង​ ១ ម៉ឺន​តោន​ ក្នុង​នោះនៅរាជ​ធានី​ភ្នំពេញ​មាន​សំរាម​ចន្លោះពី​ ២ ៧០០ ទៅ​ ៣ ០០០​​ តោន ក្នុង​ ១ ​​ថ្ងៃ។

លោក នេត្រ ភក្ត្រា រដ្ឋ​លេខាធិ​ការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ឱ្យដឹង​ថា ក្នុង​ចំណោម​សំរាម​សរុប ១០០ ​ភាគរយ​ ​សំណល់ស​រីរាង្គ​មាន​ចន្លោះពី ​៦០ ទៅ​ ៦៥ ​ភាគរ​យ ដែល​​អាច​កែ​ច្នៃ​​ទៅ​ធ្វើជា​ជី​កំប៉ុស ឬ​ធ្វើអី​ផ្សេងៗ​ទៀត។សំណល់​ប្លាស្ទិក​មាន​​ប្រមាណ​ជា​ ២០ ​ភាគរយ​ និង​បំណែក​នៅ​សល់​ជា​​សំណល់​រឹង។

ជា​មួយគ្នា​នេះ​​នៅក្នុង​ការ​គ្រប់​គ្រង​សំណល់​រឹង សំរាម ​រាជរដ្ឋា​ភិបាល​បាន​ដាក់​ចេញនូវ​គោល​នយោ​បាយ​គ្រប់​គ្រង​សំណល់​រឹង សំរាម​ នៅតាម​ទីប្រ​ជុំជន​ ហើយ​ក៏​តម្រូវ​ឱ្យ​មានការ​ញែក​សំរាម​ទៅ​តាម​​ប្រភេទ​របស់វា​ជា​សំណល់​សរី​រាង្គ​ សំណល់​ប្លាស្ទិក និង​សំណល់​រឹង។

ក្នុង​ការ​គ្រប់​គ្រង និង​ទប់ស្កាត់​កា​រប្រើប្រា​ស់ប្លា​ស្ទិក​ រាជរដ្ឋាភិ​បាល​កម្ពុជា​ក៏​បាន​ដាក់​ចុះនូវ​អនុ​ក្រឹត្យ និង​លិខិត​បទដ្ឋាន​មួយ​ចំនួន​។ ទី១​ គឺ​ការ​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូលនូវ​ថង់ប្លា​ស្ទិក​​មាន​កម្រាស់លើ​ពី ០,០៣​ មិល្លី​ម៉ែត្រ។ ទី​២​ គឺ​ការ​ដាក់​អាករ​បន្ថែម។ ទី​៣​ គឺ​ការ​គិត​ប្រាក់​បន្ថែម​ជា​តម្លៃ​ពិសេស​ទៅ​លើ​ការប្រើ​ប្រាស់​ប្លាស្ទិក​នៅ​តាម​ផ្សារ​ទំនើប។ ទី៤ ​ការ​ជំរុញ​ឱ្យ​មាន​ការ​វិនិ​យោគ​ផលិត​នូវ​របស់របរ​ប្រើ​ប្រាស់​ដែល​ធ្វើពី​សារ​ធាតុ​​ជីវ​ប្លាស្ទិក​ពីមូល​ដ្ឋានធ​ម្មជាតិ​ដើម្បី​កុំឱ្យ​ប៉ះពាល់​បរិស្ថាន និងទី​៥​ គឺ​ការ​អប់រំ​ប្រជា​ពលរដ្ឋ​ឱ្យ​ផ្លាស់​ប្ដូរ​ឥរិយា​បថ​។

លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា៖ «យើ​ងស្នើ​សុំ​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ផ្លាស់​ប្ដូរ​ឥរិយា​បថ​ កាត់​បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ ហើយ​ប្រសិន​បើ​មិន​អាច​កាត់​បន្ថយ​បាន​ទេ សូម​ប្រើប្រាស់​​ជម្រើស​ផលិត​ផល​ដែល​មាន​កែវ ចាន ស្លាបព្រា ឬ​បំព​ង់បឺត ដែល​ធ្វើពី​សារ​ធាតុ​ធម្មជាតិ ដែ​លងាយ​នឹង​រលាយ»។

ការ​ប្រើប្រាស់​​ប្លាស្ទិក​ដែល​ប្រើប្រា​ស់តែ​ម្ដង​បោះ​ចោល​ដូចជា​ ​បំពង់​បឺត ក៏​ត្រូវបាន​កាត់​បន្ថយ​​នៅ​តាម​ភោជ​នីយ​ដ្ឋាន នៅ​តាម​សណ្ឋាគា​រ​ផ្សេងៗ ជំនួស​ដោយ​បំព​ង់បឺត​​ធ្វើ​ពីក្រដា​ស ពីឫស្សី ពី​ដែក ពី​ដើម​ស្លឹក​គ្រៃ ឬ​ដើម​ថ្នក់​ទឹក​ធម្មជាតិ​ផ្សេងៗ​ទៀត​ដែល​ជា​ការ​ជំនួស​។

លោក​​សង្កេត​​ឃើញ​ថា​ បច្ចុប្បន្ន​នេះ ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ទៅ​លើ​ការ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​​ប្លាស្ទិក ​ដោយ​បាន​ប្ដូរ​នូវ​ឥរិយា​បថ តាមរ​យៈ​ការ​ដាក់​ច្រក​ថង់​រួម​ ​ងាក​ទៅប្រើ​ប្រាស់​កន្ត្រក​បរិស្ថាន ឬ​ដប​ដែល​អាច​ប្រើ​ប្រាស់​បាន​ឡើង​វិញ​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា៖ «នៅ​តាម​ភោជនីយ​ដ្ឋាន​មួយ​ចំនួន​គឺបាន​អនុវត្ត​នូវគោល​ការណ៍​ Zero ប្លាស្ទិក​គឺ​មិន​មាន​ប្លាស្ទិក​នៅហ្នឹ​ងទេ។​សាលា​រៀន​មួយ​ចំនួន​ក៏បាន​ចាប់​ផ្ដើម​អនុវត្ត។នេះ​គឺ​ជា​ចំណុច​បោះ​ជំហាន​ទៅ​មុខ​មួយ​​ដោយ​វិជ្ជ​មាន​ទៅ​លើ​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​នៅ​កម្ពុជា»។

នៅ​ក្នុង​នោះ​ក្រសួង​បរិស្ថាន​ក៏​បាន​និង​កំពុង​​អនុវត្ត​គោល​ការណ៍​ ៤R គឺ​៖ ការប្រើ​ប្រាស់​ឡើ​ងវិញ ការ​កាត់​បន្ថយ​ការ​កែ​ច្នៃ​ និង​ការ​បដិ​សេធ។​

លោក​សុថា​ បាន​ឱ្យដឹង​ថា សិប្បកម្ម លឹម វណ្ណី ទទួល​បាន​សំរាម​មក​ពីបណ្ដា​ខេត្ត​ទូទាំង​​ប្រទេស​កម្ពុជា​។

លោក​និយាយ​ថា៖ «រាល់​ថ្ងៃ ខ្ញុំ​គឺ​ខំបំផុស​បំផុល​គ្រប់​ខេត្ត​ក្រុង​ឱ្យ​មក​ធ្វើ​ការ​កែ​ច្នៃ​ហ្នឹង ព្រោះ​ឥឡូវ​សំរាម​វា​ច្រើន​មែន​ទែន សឹង​តែ​គ្រប់​ខេត្ត​ក្រុង​គាត់​ដឹក​មក​ឱ្យ​ពួក​ខ្ញុំ មាន​តាំង​ពីប៉ោយ​ប៉ែត ស្វាយ​រៀង សៀមរាប កំពង់​សោម​ គាត់​ដឹក​ឱ្យ​ខ្ញុំ​ច្រើនៗ សុទ្ធ​តែឡាន​ធំ​មក​ដឹក​ហ្មង»​។

ជា​មួយ​ការ​បង្ហាញ​រូបភាព​សកម្ម​ភាព​ដឹក​សំរាម​មក​កាន់​ទីតាំង​សិប្បកម្ម​ លោក​ សុថា លើក​ឡើង​ថា៖ «មក​ម្ដងៗ ​​ចូល​ប្រ​ហែល​ជា ២៥​ តោន ទៅ​ ៤០​ តោន»។​

បើតាម​ប្រធាន​គ្រប់​គ្រង​ទូទៅនៃ​សិប្បកម្ម​ ក្នុង ​១ ​ថ្ងៃ​ មានការ​បើក​ឱ្យ​សំរាម​ចូល​ក្នុង​បរិមាណ ​៥០ ទៅ​ ១០០​ តោន ហើយ​ផលិត​ផល​កែ​ច្នៃ​បាន​វិញ មាន​ពី​ ១៥ ទៅ ២០ ​តោន​ ក្នុង​ ១ ​ថ្ងៃ។

ដើម្បី​ពង្រីក​ប្រតិ​បត្តិការ​កែច្នៃ​សំរាម លោក​ សុថា ដើរតួ​ជា​បណ្ដាញ​និង​ចង​ក្រង​ជា​​សហ​គមន៍ ដោយ​ចែក​ចាយ​ដាក់​​ម៉ាស៊ីន​តាម​ខេត្ត និង​តំបន់​ដែល​មាន​សំរាម​ច្រើន​។

លោក សុថា បញ្ជាក់​ថា៖ «យើង​ប្រមូល​សំរាម​ដាក់​តាម​គោល​ដៅ​នីមួយៗ​ដែល​យើង​បានត្រៀម​ទុក។ អ៊ីចឹង​ផែន​ការ​របស់ខ្ញុំ គឺ​ក្នុង​ ១ ​ខែ​ ខ្ញុំ​ទិញ​សំរាម​បាន​ ១ ពាន់​តោន ខ្ញុំ​នឹង​ផលិត​បាន​ ៥០០ ​តោន ​ក្នុង ១ ​ខែ»​៕