មណ្ឌលគិរីៈ ក្នុង​នាម​ជា​និស្សិត​ផ្នែក​កសិកម្ម​ ដែល​បាន​សិក្សា​ច្បាស់​អំពី​ដំណាំ​សក្ដានុពល​នៅតាម​ខេត្ដ​នីមួយៗ​ លោក​ ប៊ូ សុភក្ដិ ​ចាត់ទុក​ ផ្លែ​ក្រូច​វល្លិ៍ ​ឬ​ផ្លែផាសិន​នៅខេត្ដ​មណ្ឌលគិរី ​ជាផ្លែឈើ​មាន​ភាព​វិសេស​ខុស​ប្លែក​ពី​ក្រូច​វល្លិ៍​មក​ពី​ប្រភព​ណាៗ​ទាំង​អស់​។


លោក​បាន​និយាយថា ​ដំណាំ​ផាសិន​ មាន​ស្ទើរតែគ្រប់​ខេត្ដ​ ហើយ​សូម្បីតែ​ផ្លែ​ផាសិន ​មក​ពី​ខេត្តកំពត​ដែល​ល្បី​ខាង​ដី​មាន​ជីវជាតិ​ល្អ​ ក៏​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ផាសិន​នៅ​មណ្ឌលគិរី​ដែរ ​ដោយ​វាមាន​រសជាតិ​ផ្អែម​សាប ខណៈ​ផាសិន​នៅ​មណ្ឌលគិរី​មាន​រសជាតិ​ផ្អែម​មុត។ នេះជា​មូលហេតុ​ដែល​យុវជន​មក​ពី​ខេត្ដ​កំពង់​ឆ្នាំង​រូប​នេះ​ជ្រើស​រើស​ផ្លែ​ក្រូច​វល្លិ៍​ ជា​ប្រភព​កែច្នៃ​ចម្បង​សម្រាប់​ផលិត​ជា​ស្រា​អត្ដសញ្ញាណ​ដ៏​ពិសេស​របស់​មណ្ឌលគិរី​។


លោក ​សុភក្ដិ ​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «គោល​បំណង​របស់​ខ្ញុំ​ ការបង្កើត​សហគ្រាស​ស្រាផាសិន​នេះ​ឡើង​ គឺ​ដោះស្រាយ​បញ្ហា​ស្ទះ​​ទិន្នផល​ផ្លែ​ផាសិន​របស់​កសិករ​ ក្រោយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ ជាជាង​ការ​នាំ​ចូល​ពី​បរទេស​ ដោយ​មិន​ទាន់​ផ្ដោត​លើ​គោល​ដៅ​រក​ប្រាក់​ចំណេញ ​ដូចជារោងចក្រ​នៅ​ឡើយ»។


លោក ​ប៊ូ សុភក្តិ ជា​អតីត​និស្សិត​ផ្នែក​កសិកម្ម និង​បាន​ធ្វើដំណើរ​ទៅ​ដល់​ខេត្ដ​មណ្ឌល​គិរី​ ក្នុង​ឆ្នាំ ២០១២ តាម​រយៈ​ការបំពេញ​ការងារ​ឱ្យ​គម្រោង​របស់​ក្រុមហ៊ុន​មួយនៅ​ខេត្ដ​ភាគ​ឦសាននេះ។ ដោយ​ជាប់​ចិត្ដ​ជាមួយ​ខេត្ដ​តំណាង​សត្វ​គោព្រៃ​នេះ​ លោក​អះអាង​ថា ​តាម​ពិត បើ​គ្មាន​គម្រោង​ការងារ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នោះ ក៏​លោក​ព្យាយាម​ស្វែងរក​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​ជួយ​ឱ្យ​លោក​អាច​មាន​លទ្ធភាព​មក​បម្រើការ​នៅ​មណ្ឌលគិរី​ ដើម្បី​ស្វែង​រក​សក្ដានុពល​ពីតំបន់​នេះ​។


ដោយ​មើល​ឃើញ​ភូមិសាស្ដ្រ​ និង​អាកាសធាតុ​ អំណោយផល ​យុវជន​វ័យ ៣៥ ​ឆ្នាំ​រូប​នេះ ​មាន​គំនិត​ចង់​ធ្វើ​អ្វី​មួយ​ជា​របស់​ខ្លួន​ឯង​ ដើម្បី​លើក​មុខ​លើក​មាត់​ខេត្ដ​ តាមរយៈ​វិស័យ​កសិទេសចរណ៍​។ លោក​ពិនិត្យ​មើល​គ្រប់​ប្រភេទ​ដំណាំ​ ក៏​ចាប់​អារម្មណ៍​ទៅ​លើ​ផ្លែ​ផាសិន​ ដែល​ដុះ​លូតលាស់​ល្អ​ខ្លាំង ​និង​មាន​រសជាតិ​ឆ្ងាញ់​ខុស​ពី​ខេត្ដ​ផ្សេងៗ​។


លោក​និយាយថា​៖ «ខ្ញុំ​សិក្សា​មើល​ឃើញ​ថា ​សក្តានុពល​មាន និង​មាន​តម្រូវការ​ទៀត​ តែ​ផលិតផល​នេះ​បែរជា​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ ជាពិសេស​វៀតណាម។ បើសិន​យើង​បំផុស​ឱ្យ​កសិករ​ដាំ​ អ៊ីចឹង​យើង​អាច​បង្កើត​ប្រាក់​ចំណូល​ដល់​កសិករ​ ដោយសារ​យើង​ដឹងថា​ ភូមិសាស្ដ្រ​មណ្ឌលគិរី​ អំណោយ​ផល​ដល់​ដំណាំ​ ដោយ​មិន​ចាំ​បាច់​នាំចូល​ពី​បរទេស»។

នៅ​ឆ្នាំ​ ២០១៣ ​លោក​ សុភក្ដិ ​បាន​ជួល​ដី ​១​ កន្លែង​ ទំហំ​ ៤ ពាន់​ម៉ែត្រការ៉េ​ ដើម្បី​ដាំ​ដំណាំ​ក្រូច​វល្លិ៍​ ជា​គំរូ​ សម្រាប់​កសិករ​ដទៃ​ទៀត​។ លោក​បាន​ដំឡើង​ប្រព័ន្ធ​ទ្រើង​ និង​បាន​អញ្ជើញ​ក្រុម​កសិករ​មក​មើល​ថា​ តើ​មាន​នរណា​ចាប់​អារម្មណ៍​។ មួយ​រយៈ​ក្រោយ​មក ​ប្រហែល​កន្លះ​ឆ្នាំ ​ប្រជាពលរដ្ឋ​មណ្ឌលគិរី​ចាប់​ផ្ដើម​ធ្វើ​ជា​ចម្ការ​រីក​ព្រោង​ព្រាត។

ដល់​ពេល​ឃើញ​សកម្មភាព​រីក​ដុះដាល​ច្រើន​បែប​នេះ លោក ​ប៊ូ សុភក្ដិ ​ចាប់​ផ្ដើម​គិត​ ១ ​ជំហាន​ទៀតថា ​បើសិន​ជា​ពួកគាត់​ដាំ​ច្រើន ​ថ្ងៃ​ក្រោយ​គួរ​ត្រូវ​កែច្នៃ​ទៅ​ជា​អ្វីវិញ​ ក្នុង​ករណី​ជន់ផ្លែ​នៅលើ​ទីផ្សារ​។

លោក​រំឭកថា​៖ «ខ្ញុំ​ចាប់​អារម្មណ៍​លើ​ការផលិត​ជា​ភេសជ្ជៈ​ទេ ​តែ​ដោយសារ​វា​មាន​ថ្លៃ​ដើម​ខ្ពស់​ជាមួយ​ការប្រើ​ប្រាស់​បច្ចេក​វិទ្យា និង​ប្រព័ន្ធ​អនាម័យ​។ ការ​ផលិត​បែប​សិប្បកម្ម​តូចៗ ​យើង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​ ដែល​មាន​តម្លៃ​ថោក​នោះ​បាន​ទេ»។

លោក​ក៏​បានបង្វែរ​លើ​ការផលិត​ស្រា​ ដោយសារ​ស្រា​អាច​ស្ដុកទុក​បាន​យូរ ​ខណៈ​ការអប់ទុក​កាន់តែ​យូរ វា​កាន់តែ​មាន​រស​ជាតិ​ឆ្ងាញ់​។ ដូច្នេះ ​ស្រា​ផាសិន​មណ្ឌលគិរី​ ចាប់​ផ្ដើម​ចេញ​ជា​រូបរាង​សាក​ល្បង ​ក្នុង​ឆ្នាំ​២០១៤ ​តែម្ដង។

ក្នុ​ង​ឆ្នាំ ​២០១៤ ​លោក​ផលិត​ជាស្រា​ផាសិន ​(ក្រូច​វល្លិ៍) ​ជា​លក្ខណៈ​តេស្ដ​សាកល្បង​ ដោយ​ចែក​ចាយ​ដល់​មិត្ដភក្ដិ​ ដើម្បី​ស្វែង​រក​រសជាតិ​មួយ​ដែល​អាច​ទទួល​យក​បាន​ ហើយ​ក្រោយមក ​ក៏បាន​ចុះ​បញ្ជី​ នៅ​ខែតុលា ​ឆ្នាំ​ ២០១៦ ​និងបាន​បង្កើត​សហ​គ្រាស​ផលិត​ស្រា​ផាសិន​ មណ្ឌលគិរី។

បើ​តាម​លោក ​សុភក្ដិ ​មិន​មាន​អ្វី​ជា​ការលំបាក​ចំពោះ​ការ​ផលិត​ស្រា​ផាសិន​នេះ​ទេ​ ដោយសារ​លោក​ជា​អតីត​និស្សិត​សិក្សា​លើ​វិស័យ​កសិកម្ម​នេះ​ស្រាប់​។ ទោះយ៉ាង​ណា​ អ្វីដែល​ជា​បញ្ហា​ចោទ​នោះ គឺ​ដើម​ទុន​ ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​ថ្មី​មាន​ដំណើរ​ការ​រលូន​ល្អ​។ ជា​ចម្បង ​សិប្បករ​ត្រូវ​គិត​ទៅលើ​ទីផ្សារ។ បច្ចុប្បន្ន ​លោក​មាន​ទីផ្សារ​សមុទ្រខៀវ ​ដែល​មិន​មាន​ដៃគូ​ប្រជែង​ទេ​ ថ្វីដ្បិតតែ​លោក​បាន​ឃើញ​ពី​សហគ្រាស ​និង​សិប្បកម្ម​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​ការ​ផលិត​ស្រា​ផាសិន​ដូច​គ្នា​ក៏ដោយ​។

ដោយ​ស្រា​ផាសិន​មណ្ឌលគិរី ​សហគ្រាស​របស់​លោក​សុភក្ដិ បាន​ដើរ​មុនគេ ​និង​ចុះ​បញ្ជី​មុន​គេ​ លោក​និយាយថា​៖ «ខ្ញុំ​មិន​មាន​អំនួត​អ្វី​ទេ​ រហូត​មកដល់​ពេលនេះ ​ទាំង​រសជាតិ​ និង​ការផលិត​ យើង​មាន​ភាព​វិសេស​។ ប៉ុន្ដែ​យើង​មិន​ដឹង​ថា​ ថ្ងៃ​ក្រោយ​ មាន​អ្វី​ផលិត​ច្រើន​ទៀត ​យើង​អត់​ដឹង​ទេ។ យើង​មើល​ឃើញ​ស្រា​ផាសិន​មក​ពី​ប្រភព​ផ្សេងៗ​ តែ​មួយ​រយៈ​ក្រោយ​ ក៏​បាត់​ទៅ​វិញ ​រួម​ទាំង​កំពត ​និង​បាត់ដំបង»។

ជា​អ្នក​បាន​ទទួល​ទាន​ស្រា​ផាសិន​មណ្ឌលគិរី ​អ្នកស្រី ​ជា ​លីណា​ ម្ចាស់​ហាង​ស្រា​នៅ​មណ្ឌលគិរី ​​ឱ្យ​ដឹង​ថា​ ជា​ទូទៅ​ អ្នក​ស្រី​តែងតែ​កុម្ម៉ង់​ស្រា​ផាសិន​ពី​ចន្លោះ​ ១០០​ ទៅ ២០០ ​ដប​ ដោយ​មាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​ក្នុង​ស្រុក​ភាគ​ច្រើន​លើស​លប់​។

ម្ចាស់​ហាង​ដែល​មាន​ទីតាំង​នៅ​រង្វង់​មូល​គោ​ព្រៃ​រូបនេះ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «វាមាន​រសជាតិ​ជូរអែមដែល​មាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវ​ខ្មែរ​ ខណៈ​ភ្ញៀវ​បរទេស​ កាល​មុន​កូវីដ ​មាន​តែប្រមាណ ​១ ទៅ​ ២ ភាគ​រយប៉ុណ្ណោះ​។ ប៉ុន្ដែ​ឥឡូវ​ ដោយសារ​ប្រជាជន​ជួប​ការលំបាក​ចំពោះ​សេដ្ឋកិច្ច​ ការលក់​ដូរ​ទាំង​អស់​មិន​សូវ​អំណោយ​ផល​ឡើយ»។

ចំពោះ​ការផលិត​ស្រា​ផាសិន​នេះ​ លោក​ សុភក្ដិ ​ប្រើ​ប្រាស់​ម៉ាស៊ីន​គាប​ផ្លែ​ផាសិន​ខ្នាត​តូច​ ជាមួយ​ជំនួយ​ពី​បុគ្គលិក ​៥ ​នាក់​ អំឡុង​ពេល​ប្រមូល​ផល និង​ផលិត​ស្រា ​១ ​រដូវៗ​។ បន្ទាប់មក​ ពួកគេ​ទៅ​បំពេញ​កិច្ចការ​នៅ​ចម្ការ​ផាសិន​។

ពីដើម​ឡើយ ​លោក​ដាំ​ផាសិន​នៅ​ចម្ការ​ខ្លួន​ឯង ​ហើយ​ក្រោយ​មក ​មិត្ដភក្ដិ​របស់​លោក​មាន​ចម្ការ​ផាសិន​ធំ​នៅ​មណ្ឌលគិរី ​ក៏​ចុះ​កុងត្រា​ក្នុង​ការផ្គត់ផ្គង់​ ហើយ​ក្រោយ​មក ​ក៏​បែកសាយ​ចូល​ដល់​សហគមន៍​ ដោយ​លោក​ធ្វើ​ការ​ជាមួយ​សហគមន៍​ដាក់ដាំ និង​ប៊ូស្រា​។ ដូច្នេះ ​រាល់​ថ្ងៃ​នេះ លោក​បាន​កាត់​បន្ថយ​ការដាំ​ខ្លួនឯង​ ហើយ​ដើរ​ប្រមូល​ទិញពី​សហគមន៍​វិញ​។

ជាមធ្យម ​លោក​បាន​លើក​ឡើង​ថា​ ផ្លែ​ក្រូច​វល្លិ៍ ៤ ​គីឡូក្រាម ​ផលិត​បាន​ស្រា​ផាសិន ​១ ដប ​ដោយ​វា​អាស្រ័យ​លើ​ប្រភេទ​ក្រូច​វល្លិ៍ ដែល​ខ្លះ​មាន​សម្បក​ក្រាស់​ និង​ខ្លះ​មាន​សម្បក​ស្ដើង​ជាដើម។ សហគ្រាស​ផាសិន​មណ្ឌលគិរី ​ផលិត​ស្រា​ផាសិន​ចំនួន ២ ​ប្រភេទ ​ដោយ​ ១ ប្រភេទ​ស្រា​ផាសិន​មណ្ឌលគិរី ​ដែល​មាន​ពណ៌​ធម្មជាតិ​លឿង ​ហើយ​ ១ ប្រភេទ​ទៀត ពណ៌​ក្រហម។ លោក​ប្រើ​ប្រាស់​ប្រភេទ​ពូជ​ផាសិន​តៃវ៉ាន់ ​ដែល​កិន​គាប​ទាំង​សម្បក​តែម្ដង​។

លោក​សុភក្តិ​អះអាងថា​៖ «ដោយ​យើង​សិក្សា​មើល​ទៅ ​ឃើញ​ថា ​សម្បក​ផាសិន​តៃវ៉ាន់​មាន​សារធាតុ​អុកស៊ីតកម្ម​ ដែល​ជួយ​ប្រយោជន៍​ដល់​សុខភាព​។ ប៉ុន្ដែ​មិន​មាន​ស្ថាប័ន​វិទ្យាសាស្ដ្រ​បញ្ជាក់​នោះទេ ​វា​គ្រាន់​តែជា​ការ​គិត​របស់​ខ្ញុំ​ប៉ុណ្ណោះ​។

លោក​ប្រាប់ថា​៖ «យើង​បន្ទុំ​ រយៈ​ពេល ៦ ​ខែ យើង​អាច​ច្រក​ដប​បាន ហើយ​បើ​បាន​លើស​នេះ ក៏​កាន់​តែ​ល្អ​។ ស្រា​ផាសិន​មណ្ឌល​គិរី ពណ៌​លឿង ​មាន​កម្រិត​អាល់កុល ១០,៥ ដឺក្រេ ​ខណៈ​ស្រា​ផាសិន​តៃវ៉ាន់​ពណ៌​ក្រហម មាន​កម្រិត​អាល់កុល​ ១៣,៥​ ដឺក្រេ ដែល​លក់​ក្នុង​តម្លៃ ៦​ ម៉ឺន​រៀល​ដូច​គ្នា»។

ស្រា​ផាសិន​មណ្ឌលគិរី​ពណ៌លឿង ​មាន​រសជាតិ​ជូរផ្អែម​ ដែល​ត្រូវបាន​ដាក់​រហស្សនាម​ថា​ «ស្នេហ៍​គ្រា​ដំបូង» ​ខណៈ​ស្រា​ផាសិន​តៃវ៉ាន់ ​មាន​រសជាតិ​ ៤ មុខ ​គឺ​ផ្អែម​ ល្វីង ​ជូរ ​និង​ចត់​ ដែល​ត្រូវបាន​ហៅថា​ «រសជាតិ​ជីវិត»។

អ្នកស្រី​ កុំ សុធារី ​ជា​ម្ចាស់ផ្សារ​កសិផល​មណ្ឌលគិរី​អនឡាញ ​នៅ​ម្ដុំ​ជ្រោយ​ចង្វារ ​ឱ្យ​ដឹង​ថា អ្នកស្រី​ គឺជា​ដេប៉ូ​ស្រា​ផាសិន​ធំ​ផ្ដាច់​មុខ​នៅ​ភ្នំពេញ ដោយ​ការ​កុម្ម៉ង់​របស់​អ្នកស្រី​ម្ដងៗ​ក្នុង​ចន្លោះ​ពី ៧០ ទៅ ៨០ ​កេស​ (១ កេស ១២ ​ដប)។

ផ្សារ​កសិផល​មណ្ឌលគិរី​អនឡាញ​ផ្ដោត​លើ​ទិន្នផល​ដំណាំ​មក​ពី​ខេត្ដ​មណ្ឌលគិរី ដែល​អ្នកស្រី​អះអាង​ថា​ វា​មាន​លក្ខណៈ​ពិសេស​ជាង​បណ្ដា​ខេត្ដ​ដទៃ ​ខណៈ​ត្រី​សាច់​ផ្សេងៗ អ្នកស្រី នាំ​ចូល​ពី​ខេត្ដ​កំពង់ឆ្នាំង​។

អ្នកស្រី​និយាយថា​៖ «មាន​ការកុម្ម៉ង់​ច្រើន​គួរ​សមក្នុង​ចំណោម​ផលិតផល​ មក​ពី​មណ្ឌលគិរី​ផ្សេងៗ​ទៀត​របស់​ផ្សារ​យើង​។ ប៉ុន្ដែ​សហគ្រាស​ របស់​លោក​សុភក្ដិ​ មិន​ទាន់​អាច​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​នៃការ​កុម្ម៉ង់​របស់​យើង​នៅ​ឡើយ​ទេ»។

ក្នុង ​១ រដូវ ​សហគ្រាស​របស់​លោក ​ប៊ូ សុភក្ដិ ​មាន​សមត្ថភាព​បញ្ចេញ​ស្រា​ផាសិន​ចន្លោះ​ប្រមាណ ​ពី ៥ ០០០ ទៅ ៨ ០០០ ​ដប​ ដែល​ចំនួន​នេះ ​លោក​បាន​អះអាង​ថា ​វា​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅតាម​តម្រូវការ​ទីផ្សារ​នៅ​ឡើយ​ទេ។

លោក​ សុភក្ដិ ​បញ្ជាក់​ថា​៖ «ខ្ញុំ​មើល​ឃើញថា ​ដោយ​ការផលិត​ចេញ​ជា​រៀងរាល់​ឆ្នាំ​នូវ​ប្រមាណ​យ៉ាង​តិច ៥ ០០០ ​ដប ដែល​មិន​ជោរជន់​លើ​ទីផ្សារ ​អតិថិជន​ក្នុង​ស្រុក​យើងមាន​ការ​គាំទ្រ​ ដែល​ជាកម្លាំង​ចិត្ដ​ជំរុញ​ឱ្យ​ពួក​យើង​បន្ដ​ផលិត​នូវ​ផលិតផល​ក្នុង​ស្រុក​បន្ថែម​ទៀត»។

ចំពោះ​ចក្ខុវិស័យ​កសិទេសចរណ៍ ​លោក ​សុភក្ដិ មាន​ផែនការ​បង្កើត​តំបន់​កម្សាន្ដ​។ ប៉ុន្ដែ​ដោយសារ​ទីតាំង​ចម្ការ​ផាសិន​មាន​ចម្ងាយ​ឆ្ងាយ ​និង​ស្ថានភាព​ផ្លូវ​លំបាក​ ដែល​វា​ស្ថិត​នៅ​តំបន់​ទឹក​ធ្លាក់​ប៊ូស្រា​ ខណៈ​សហគ្រាស​ផលិត​ស្រា​នៅ​ទីក្រុង​សែន​មនោរម្យ​ ការបង្កើត​កសិទេសចរណ៍​នា​ពេល​នេះ មិន​ទាន់​អាច​ទៅ​រួច​។

លោក​ឱ្យដឹង​ថា​៖ «ប៉ុន្ដែ​ផែនការ​នេះ​នឹង​នៅតែ​អាច​ចេញ​ជា​រូបរាង​ នៅពេល​ខ្ញុំ​បង្កើត​ចម្ការ​ថ្មី​ ១ ​ទៀត ​ដែល​នៅ​ជិត និង​ងាយ​ធ្វើ​ដំណើរ​ទៅ​ដល់​។ ​ពេល​នោះ ភ្ញៀវ​ទេសចរ​អាច​ទាំង​ទស្សនា​ចម្ការ​ផាសិន​ផង ​និងអាច​ភ្លក្ស​ស្រា​ផាសិន​របស់​អ្នក​មណ្ឌលគិរី​ផង​ដែរ»៕