ភ្នំពេញៈ សមា​គម​ហ្វារ​ពន្លឺ​សិល្បៈ​សហ​ការ​ជាមួយ Pi Pet Pi Gallery282 កំពុង​តាំង​ពិ​ព័រណ៍​ថ្មី​មួយ​ស្ដី​អំពី«​ការឆ្លុះបញ្ចាំង​៖សៀក​ជា​ទម្រង់​សិល្បៈ​» ដែល​បង្ហាញ​រូបថត​ដោយ​លោក ​កាក់ ​សុខ​ភិរម្យ ​​នៅ​វិចិត្រ​សាល ​Pi​ Pet​ Pi ​Gallery​282 ក្នុងរា​ជធានី​ភ្នំពេញ ​ចាប់​ពីថ្ងៃ​ ១២​ ខែសីហា​ ដល់​ថ្ងៃទី​ ២១ ខែ​កញ្ញា ។


រូបថត​ទាំង ​៣៣​ បាន​ផ្ដោត​ទៅ​លើ​រូបភាព​លេង​សៀក​បែប​ពណ៌​ប្រដេញ​របស់​សិល្បករ​ និង​រូបថត​ដែល​ប្រ​មាញ់​បាន​ក្នុង​ព្រឹត្តិ​ការណ៍​មហោ​ស្រព​សៀក​អន្តរ​ជាតិ ទីនេះ ទីនោះ ដែល​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​តូតាល់​អេ​នើ​ជី ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្ត​បាត់​ដំបង​​ កាលពី​ខែ​មិថុនា​ឆ្នាំ​នេះ​។


​ថ្លែងពី​ជីវ​ប្រវត្តិ​ត្រួសៗ​ លោក កាក់ សុខ​ភិរម្យ​ បាន​ប្រាប់​ថា លោក​បាន​ចាប់​ផ្ដើម​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ថតរូប​នៅ​ក្នុង​ឆ្នាំ ២០១៤ ជា​ពេល​ដែល​លោក​បាន​ប៉ះ​កា​មេរ៉ាលើក​ដំបូង​។ ​លោក​ថា ​ពេល​ដែល​មើល​ទៅ​តាម​កញ្ចក់​កាមេរ៉ា​លោក​ឃើញ​ថា ​ធម្មជាតិ​ជុំវិញ​ពិតជា​ស្រស់​បំព្រង​ហើយលោក​ចង់​ផ្ដិត​វា​បង្ហាញ​ទៅ​កាន់​ពិភព​លោក​។


​អ្នក​ថត​រូបមក​ពី​ខេត្ត​សៀម​រាប​រូបនេះ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​រាល់​រូបថត​ដែល​ខ្ញុំ​ថត​បង្ហាញ​ពីបទ​ពិសោធ​អារម្មណ៍​នៃ​ជីវិត​។ ជីវិត​ គឺជា​ដំណើរ​ដែល​ពេល​វេលា​រំកិល​ទៅមុខ​។ អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​បង្ហាញ​ពីពេល​វេលា​ណា​មួយ​ដែល​មាន​អត្ថ​ន័យ​។ រូប​ថត​របស់​ខ្ញុំ​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​ឃើញ​ក្នុង​ស្រុក​ដែល​ខ្ញុំ​ហៅថា ​ផ្តិត​រូបភាព​នៅ​កម្ពុជា​តាម​រយៈ​កែវភ្នែក​ក្នុង​ស្រុក​»​។​


លោក​បាន​ឱ្យដឹង​ថា​ ការងារ​របស់​លោក​បាន​ចាប់​ផ្តើម​ដោយ​ថតរូប​ពាណិជ្ជ​កម្មហើយ​ប្តូរ​ទៅជា​ជាង​ថត​រូប​ក្នុង​រយៈ​ពេល​ ៣​ ទៅ​ ៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក​ជឿថា ​ការងារ​ទាំង​អស់​របស់​លោក​ គឺជា​ផ្នែក​មួយ​នៃ​សិល្បៈ​ទាំង​អាពាហ៍​ពិពាហ៍​ពិធី​ភ្ជាប់​ពាក្យ គ្រួសារ សកម្ម​ភាព ព្រឹត្តិ​ការណ៍ និង​ការ​សម្តែង​ជា​ដើម​។


បច្ចុប្បន្ន​លោក​មាន​រៀបចំ​ថ្នាក់​រៀន​ថត​រូប​សម្រាប់​ភ្ញៀវ​ទេស​ចរ​បែប​វប្បធម៌​ និង​ប្រវត្តិ​សាស្រ្តហើយ​ក្រៅ​ពីនេះ ​លោក​ចូល​ចិត្ត​ផ្តោត​លើ​ការ​ចង​ក្រង​និង​រៀបចំ​ការងារ​​របស់​លោក​ផ្ទាល់ ​ដែល​ជា​របៀប​រូបថត​ឯកសារ​ជា​សាច់​រឿង​បែប​សិល្បៈ​ទៅ​នឹង​មនុស្ស​ដែល​លោក​បាន​ជួប​ប្រទះ​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​ជុំវិញ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។

​លោក​ អូស្មាន់ ​ខា​វ៉ា​ចា​ នាយក​ប្រតិ​បត្តិ​នៃ​សមា​គម​ហ្វារ​ពន្លឺ​សិល្បៈ​បាន​ថ្លែង​ថា ​សុខ​ភិរម្យ ​បាន​ចូល​រួមជា​មួយ​កម្ម​វិធី​ផ្សេងៗ​ដែល​រៀបចំ​ដោយ​ហ្វារ​ច្រើន​មក​ហើយ ហើយ​ក៏​មាន​ចំណូល​ចិត្ត​ទៅ​លើ​សៀក​ដែរ​។

​លោក ខា​វ៉ា​ចា បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​ពេល​ព្រឹត្តិ​ការណ៍​មហោ​ស្រព​សៀក​អន្តរ​ជាតិ ​ទីនេះ ទីនោះ​បាន​បើក ​សុខ​ភិរម្យ​បាន​ចង់​ចូល​រួម​ជា​ផ្នែក​មួយ​»។​

​គោល​បំណង​នៃ​ការ​តាំង​ពិព័រណ៍​នេះ ​គឺ​ដើម្បី​បង្ហាញ​ការ​សម្ដែង​សៀក​ដែល​មាន​តម្លៃ​លើស​ពី​ការ​ទស្ស​នា​កម្សាន្ត​ធម្មតា​ដែល​អនុញ្ញាត​ឱ្យ​សិល្ប​ករ​បង្ហាញ​នូវ​អារ​ម្មណ៍ ​និង​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​នៃ​សិល្បៈ​និង​មាន​ទំនាក់​ទំនង ​និង​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​អញ្ជើញ​អ្នក​ទស្សនា​ឱ្យ​រៀប​រាប់​ពី​អារម្មណ៍​និង​រឿងរ៉ាវ​របស់​ពួក​គេ​តាម​រយៈ រូប​ភាព​សៀក​ដ៏​មាន​ឥទ្ធិ​ពល​ទាំង​អស់​នោះ​របស់​លោក ​សុខ​ភិរម្យ​។

​អ្នក​ថតរូប​វ័យ​ ៣២ ​ឆ្នាំ​រូបនេះ បាន​ឱ្យដឹង​ថា ​រូបថត​ត្រូវ​បាន​ចែក​ជា​ ៥ ​ក្រុមជាមួយ​នឹង​អត្ថន័យ​ខ្លីៗ​ដែល​ណែនាំ​អំពី​សកម្ម​ភាព​តាំង​ពិព័រណ៍​ដោយ​ក្រុម​រូបថត​នីមួយៗ​ដោយ​មា​នរឿង​ផ្សេងៗ​ពីគ្នា​ស្ដី​អំពី​ជីវិត​។

​លោក​បាន​បន្តថា​៖ «​ទស្សនិក​ជន​អាច​នឹង​យល់​ខុស​ថា​ ប្រធាន​បទ​នៃ​ការ​តាំង​ពិព័រណ៍ ​គឺ​ការបាក់​ទឹក​ចិត្ត​។ តាមរយៈ​ការ​សម្ដែង ព្រឹត្តិ​ការណ៍​មហោ​ស្រព​សៀក​អន្តរ​ជាតិ ទីនេះ ទីនោះ​ ខ្ញុំ​បាន​រកឃើញ​ភាព​ស្រស់​ស្អាត​នៅ​ក្នុង​ការ​បាក់​ទឹក​ចិត្ត​។ ការបាក់​ទឹក​ចិត្ត​មិនចាំ​បាច់​ត្រូវតែ ​ងងឹត ឬ​លាក់​កំបាំង​ទេ តែ​វា​ក៏​អាច​ស្រស់​ស្អាត​ ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​ព្យា​យាម​ផ្ដិត​យក​»​។

គោល​គំនិត​ចម្បង​នៃ​ការ​តាំង​ពិព័រណ៍​នេះ ​គឺ​ដើម្បី​ចាប់​យក​សៀក​ជា​ទម្រង់​សិល្បៈ​ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​របស់​យើង​ និង​នាំឱ្យ​សាធា​រណ​ជន​បែរ​ទៅរក​ការ​សន្ទនា​ប្រកប​ដោយ​ការគិត​ពិចារណា​ដែល​ជួយ​ព្យា​បាល ​និង​កសាង​សហ​គមន៍​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។

ហ្វារ​ពន្លឺ​សិល្បៈ​ កំពុង​ធ្វើការ​យ៉ាង​សកម្ម​ក្នុងការ​លើក​កម្ពស់​ការ​យល់​ដឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជុំវិញ​ពិភពលោក​អំពី​ឥទ្ធិ​ពល​សិល្បៈ​សៀក​ដែល​ជា​ឧបករ​ណ៍​មួយ​ ដើម្បី​លើក​ស្ទួយ​ស្ថាន​ភាព​សហ​គមន៍​ទាំង​មូល​។

​លោក ​ខា​វ៉ា​ចា បាន​ថ្លែង​ថា​៖ «​ភិរម្យ មាន​វិធី​ពិសេស​ក្នុង​ការ​ទាក់​ទង​និង​ចាប់​យក​ប្រធាន​បទ​របស់​គាត់​។ ក្រឡក​មើល​រូបថត​របស់​គាត់​នៅ​ក្នុង​ព្រឹត្តិកា​រណ៍​មហោ​ស្រព​សៀក​អន្តរ​ជាតិ ​ទីនេះ ទីនោះ ​នាពេល​ថ្មីៗ​នេះ​វា​បាន​បង្ហាញ​ពី​ផ្នែក​កម្សាន្ត​របស់​សៀក​»។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​រូប​ថត​របស់​ភិរម្យបា​ន​បង្ហាញ​ថា ​សៀក​ជា​ទម្រង់​សិល្បៈ​ដែលមាន​ភាព​ប្លែក​និង​មានតែ ​១ គត់​ដែល​ណែនាំ​ឱ្យ​យើង​ឆ្លុះបញ្ចាំង ​ស្វែងរ​ក​អត្ថ​ន័យ​ បង្កើត​ទំនាក់​ទំនង ​និង​ប្រាប់​អំពី​រឿង​ផ្ទាល់​ខ្លួន​។ អ្វីដែល​ខ្ញុំ​ចូល​ចិត្ត​គឺ​គាត់​មកជា​អ្នក​ទស្ស​នា​ដូច​ភ្ញៀវ​​ធម្មតា ដោយមា​ន​ម៉ាស៊ីន​ថត​ពាក់​ជាប់​នឹង​ក​គាត់​ ដោយ​គ្មាន​ចេតនា​និយាយ​ពី​ការ​តាំង​ពិព័រណ៍​ឡើយ​។ បន្ទាប់​ពី​គាត់​បង្ហាញ​រូបថត​របស់​គាត់​មក​ខ្ញុំ ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​នេះ​ជា​រឿង​ដែល​ត្រូវ​ចែក​រំលែក ក្នុងការ​លើក​ស្ទួយ​សៀក​ជា​ទម្រង់​សិល្បៈ​មួយ​ដែល​វា​គួរតែ​ត្រូវ​បាន​ទទួល​ស្គាល់​»​។​

​លោក ខា​វ៉ា​ចា​ បាន​បញ្ជាក់​ថា ​លោក​ចង់​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ឧបត្ថម្ភ​ពី​តូ​តា​ល់​អេ​នើ​ជី ដែល​បាន​ផ្ដល់​ជូន​ដល់​ព្រឹត្តិ​ការណ៍​មហោ​ស្រព​សៀក​អន្តរ​ជាតិ ទីនេះ ​ទីនោះ​។ មហោ​ស្រព​ទូទាំង​ទីក្រុង​បែប​នេះ​មាន​ការ​ចូលរួម​ពី​សិល្បករ​ខ្មែរ​និង​អន្តរ​ជាតិ​ហើយ​ដាក់ទី​ក្រុង​បាត់​ដំបង​របស់​ប្រទេស​កម្ពុជា​លើ​ផែនទី​សិល្បៈ​គឺអាច​ធ្វើទៅ​បាន​ដោយ​មាន​ការគាំ​ទ្រ​ពី​ផ្នែក​សាជីវ​កម្ម​។​

​លោក​សង្ឃឹម​ថា ​សាជីវ​កម្ម​កាន់តែ​ច្រើន​នឹង​ពេញ​ចិត្ត​ចំពោះ​សៀក​សម្រាប់​ទម្រង់​សិល្បៈ​ដ៏​មាន​អានុ​ភាពនិ​ង​បោះ​ជំហាន​ទៅមុខ ​ដើម្បី​គាំទ្រ​ដល់​ព្រឹត្តិ​ការណ៍​នានា​នៅ​ពេល​អនា​គត​។​

​សុខភិរម្យ ​អ្នក​ថតរូប​ដែល​រៀន​ដោយ​ខ្លួន​ឯង​រូបនេះ​ថា​៖ «​នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​សៀក ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ឯកោ​ទេ​។សៀក​ផ្ដល់នូវ​អា​រម្មណ៍ ប្រវត្តិ​សាស្ត្រ ការ​ព្យាករ និង​ការ​ស្ញប់​ស្ញែង​។សាច់​រឿង​របស់​ពួកគេ​ប៉ះ​ពាល់​ចិត្ត​ខ្ញុំនិង​ទទួល​បាន​ការ​បំផុស​គំនិត​ទាំង​ពណ៌​សម្លៀក​បំពាក់​ចលនា​តន្ត្រី​និង​សមត្ថ​ភាព​អ្នក​សម្ដែង​»​។

​កញ្ញា ​ដាយ​ណាស កូ​ម៉ា នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុនតូ​តា​ល់​អេ​នេ​ជី​ បាន​ថ្លែង​សុន្ទរក​ថា​ក្នុង​ពេល​បើក​ ការ​តាំង​ពិព័រណ៍​នេះ​ថា៖ «​យើង​រីករាយ​ដែល​បាន​មក​នៅទីនេះ​ពីព្រោះ​យើង​ប្ដេជ្ញា​ចិត្ត​ក្នុងការ​ផ្សព្វ​ផ្សាយ​មរតក​ និង​សិល្បៈ​។នៅ​ពេល​ខ្ញុំទស្សនា​ព្រឹត្តិ​ការណ៍​មហោ​ស្រព​សៀក​អន្ត​រជាតិ ទីនេះ ទីនោះ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​រំពឹង​អ្វី​ទេ ប៉ុន្តែ​វា​បាន​ផ្ដល់​ការ​ចាប់​អារម្មណ៍​ដល់​ខ្ញុំ​យ៉ាង​ខ្លាំង​។ ខ្ញុំ​ជឿថា ​សិល្បៈ​ គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ ខ្ញុំ​សង្ឃឹមថា​ ជាមួយ​នឹង​ការ​រួម​ចំណែក​នេះ យើង​នឹង​អាច​មើល​ឃើញ​ពី​របៀប​ដែល​យើង​អាច​បន្ត​លើក​កម្ពស់​សិល្បៈ​ទៅ​ថ្ងៃ​អនា​គត​»​។​

​លោក ខា​វ៉ា​ចា បន្ថែម​ដែរ​ថា រូប​ថត​អាច​នាំ​មនុស្ស​ទៅ​កម្សាន្ត​ស្វែង​យល់​ពីបទ​ពិសោធ​ម្ដង​ទៀត និង​មើល​ឃើញ​អ្វី​អាច​នឹង​ខក​ខាន​កាលពី​លើក​ដំបូង​។ វា​បាន​ជួយ​ឱ្យ​មនុស្ស​បង្អង់ ​ឆ្លុះ​បញ្ចាំង និ​ង​ទំនាក់​ទំនង​ស៊ី​ជម្រៅ​។ នេះ​ជា​ភាព​ពិសេស​របស់​រូបថត ​សុខ​ភិរម្យ​។

​​លោក​ សុខ​ភិរម្យ បាន​ថ្លែង​ដែរ​ថា​៖ «​នៅ​ពេល​សម្លឹង​មើលទៅ​សិល្បៈ ខ្ញុំ​សង្ឃឹម​ថា ​អ្នក​នឹង​អាច​រកឃើញ​ការគាំទ្រ​ដែល​អ្នក​ត្រូវ​ការនៅ​ពេ​លដែល​អ្នក​នៅ​ទី​ងងឹត ​ពិបាក​ចិត្ត ឬ​ធ្លា​ក់ទឹកចិ​ត្ត​។ វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​ ប៉ុន្តែវា​មិន​មែន​បែប​នោះ​រហូត​ទេ​។ សូម​ចូល​មក​ទស្សនា​វិចិ​ត្រសាល ​Pi Pet Pi Gallery282»​ ៕