ភ្នំពេញៈ ដៃម្ខាងកាន់​ចង្អេរ​​ ដៃ​ម្ខាង​បេះ​ផ្កា​​​ពណ៌​ខៀវ​ស្រស់ពី​​ដើម​​វល្លិបៃតង​​ទម្លាក់ខ្លួន​​លើ​របង​ឫស្សី​ អ្នកស្រី យ៉ាន់ ចាត (Yann Chat) កំពុង​​ប្រមូល​ផល​ផ្កា​​អញ្ជ័ន​ស្រស់​ៗ​យក​ទៅ​ហាល​ថ្ងៃ​ធ្វើ​តែ​មេអំបៅ​​ ជា​ភេសជ្ជៈ​កំពុង​​ពេញនិយម​​តាមបណ្ដា​ហាង​ និង​តូប​កាហ្វេ​​នានា​នៅ​ប្រទេស​កម្ពុជា​។


អ្នក​ស្រី​ស្ថិត​ក្នុង​ចំណោម​អាជីវករ​លក់​ភេសជ្ជៈ​ជា​ច្រើន​ទៀត​ដែល​ជ្រើសរើស​ការ​ដាំ​ផ្កា​អញ្ជ័ន ឬ​ផ្កា​អមតៈ ដោយ​ខ្លួន​ឯង ដើម្បី​លម្អ​ទីតាំង​លក់​ផង និង​ធ្វើជា​វត្ថុធាតុ​ដើម​​សម្រាប់​តែ​មេអំបៅ​​នេះ​ផង។


ម្ចាស់​ហាង​កាហ្វេ​​សម្រស់​ស្អាងភ្នំ (SomrosS''ang Phnom Coffee) នៅ​ទឹកដី​ខេត្ត​កណ្ដាល​រូប​នេះ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំជ្រើស​រើស​ដាំ​អាហ្នឹង​ទី​១ ផ្កា​មេអំបៅហ្នឹង វា​អាច​យក​​មក​ធ្វើភេសជ្ជៈ​ផង​ ១ ទៀត​យើង​​ដាំ​ជុំវិញ​ហាង វា​អាច​លម្អ​​ឱ្យ​​​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​គាត់​អញ្ជើញ​មក គាត់​ឃើញ​មាន​ភាព​ស្រស់​ស្អាត​អ៊ីចឹង»។


ដោយ​មាន​បង​ប្អូនជា​អ្នក​លក់រុក្ខជាតិ​ស្រាប់ អ្នក​ស្រី ចាត បាន​ចាប់​ផ្ដើម​ដាំ​ដើម​ផ្កា​អញ្ជ័ន​តាំងពី​ ១​ គុម្ព រហូត​បណ្ដុះ​​ពូជ​ដាំ​បាន​​ប្រហែល​ជា ២០ គុម្ព កំពុង​លូត​លាស់​លម្អ​ជុំវិញ​ហាងកាហ្វេ​។


ជាជាង​​ការ​ទិញ​ផ្កាអញ្ជ័ន​ក្រៀម​មក​ធ្វើ​តែ​មេអំបៅ អ្នកស្រី​និយាយ​ថា រុក្ខជាតិ​នេះ​ងាយ​ស្រួល​ក្នុងការ​ដាំ មិន​ពិបាក​ថែទាំ ហើយ​ហុច​ផល​ជាហូរ​ហែ។


អ្នកស្រី​បញ្ជាក់​ថា៖ «រយៈ​ពេល​ដែល​យើង​ដាំចាប់ពី​កូន ​​១ ចំអាម​ឡើង​វល្លិ​ត្រឹម​ ១ ម៉ែត្រ​​ចាប់​ផ្ដើម​ចេញផ្កា បែក​មែក ចេញ​ផ្កាបន្ត​បន្ទាប់​​​រហូត។ ​​បើរដូវ​កាលនេះ​វាភ្លៀង អ៊ីចឹង​​ផ្កា​ចេះ​តែចេញ​រហូត ខ្ញុំបេះ​រហូត​​ហូរហែ​រាល់​តែ​ថ្ងៃ។ ផ្កា​វា​កាន់តែ​បេះកាន់តែ​ចេញ។ ដល់​យើង​បាន​ច្រើន​គុម្ព​ យើង​បេះ​ទៅ​ វាចេះ​តែផ្កា​​បន្ត​បន្ទាប់​គ្នា»។

នៅហាង​កាហ្វេ​​សម្រស់​ស្អាងភ្នំ អ្នក​ស្រី ​ចាត យក​ផ្កា​អញ្ជ័ន​ច្នៃ​ធ្វើ​ជា​​តែ​មេអំបៅ​ទឹកឃ្មុំ តែ​មេអំបៅ​ទឹក​ដោះ​គោ តែ​មេអំបៅ​ក្រឡុក និង​តែ​មេអំបៅ​ក្រូច​ឆ្មារ។

អ្នក​ស្រី​បន្តថា៖ «គេ​យក​ទៅ​ធ្វើភេសជ្ជៈ​ផ្សេងៗ​បាន​ដូចជា ៥-៦​ មុខ​ដែរ ហើយ​ភាគ​ច្រើន​វាពេញ​និយម​សម្រាប់​ក្មេងៗ»។

លើស​ពី​ផ្គត់ផ្គង់​​ហាង​កាហ្វេ​ ផ្កាអញ្ជ័ន​ដែលអ្នក​ស្រី​បេះ​ និងហាល​ធ្វើតែ ក៏​ត្រូវបាន​លក់​ចែក​ឱ្យ​​​​អ្នកជិត​ខាង​ជា​អ្នក​លក់​គ្រឿង​ភេសជ្ជៈ​ខ្លះៗ​ដែរ។

អ្នក​ស្រី​បន្ថែម​ថា៖ «មានអ្នក​ខ្លះ​គាត់​សុំគ្រាប់ សុំពូជ ខ្ញុំ​បណ្ដុះ​ហើយ​ចែក​ដល់​គាត់»។

ដោយ​ផ្ដល់ទំនុកចិត្ត​លើ​​ដំណាំ​ធម្មជាតិ​​ដាំ​ផ្ទាល់​ដៃ ម្ចាស់ហាង​កាហ្វេ​រូបនេះ​លើកឡើង​ថា ផ្កា​តែ​មេអំបៅ​​ដាំ​លើ​​របង​មាន​ក្លិន​ឈ្ងុយ គួបផ្សំ​នឹង​​​​ការ​ហាលផ្ចិតផ្ចង់ និង​កា​រយក​ទៅ​ឆុង​ជា​ភេសជ្ជៈ​ប្រកប​ដោយ​អនា​ម័យ​ផង​។

ម្ចាស់​ហាង​កាហ្វេ​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ និងការ​ដាំដុះ​​រូបនេះ បាន​និយាយ​ថា៖ «នៅកន្លែង​ខ្ញុំ ខ្ញុំក៏​ដាំស្លឹក​តយ ផ្កា​ម្លិះ ខ្ញុំចេះ​តែព្យាយាម​ដាំ​ឱ្យ​បាន​ច្រើន ព្រោះប្រភេទ​អស់ហ្នឹង​​​យើង​ដាំទៅ​វា​ធម្មជាតិ ហើយ​យើង​អាច​យក​មក​ធ្វើអី្វ​ដោយ​ខ្លួន​ឯង ហើយ​​យើង​មិន​បាច់​ទិញគេ​ ខ្លាច​គេ​រក្សា​ដោយ​ប្រើថ្នាំ​គីមី»។

ប្រជាប្រិយ​ភាព​នៃ​តែមេ​អំបៅ បាន​ធ្វើ​ឱ្យ​អ្នក​ប្រកបមុខ​របរ​លក់កា​ហ្វេជា​ច្រើននាំគ្នា​ដាំ​រុក្ខជាតិ​នេះដោយ​ខ្លួន​​​ឯង​​​ ហើយ​​​អ្នក​ធ្លាប់​ប្រកប​របរ​ដាំ​ផ្កា​អញ្ជ័ន​ទ្រង់​ទ្រាយ​ធំ បាន​ប្រែ​ក្លាយដី​ចម្ការ​របស់ខ្លួន​​​ទៅ​ដាំ​ដំណាំ​ផ្សេង​ទៀត។

លោកមេ​មចាន់​សីដែលជា​ម្ចាស់​​ហាង​នី​កា​កាហ្វេ​និង​តែ​មេអំបៅបាន​​បោះបង់​កសិដ្ឋាន​ដាំ​​​​ផ្កា​អញ្ជ័ន ដោយ​​​រក្សាទុក​​ដើម​ផ្កា​នេះ​តែ​ចំនួន​ ២​ ដើម​ សម្រាប់​​ផ្គត់ផ្គង់​អាជីវកម្ម​លក់​ភេសជ្ជៈ​របស់​លោក​ប៉ុណ្ណោះ។

លោក​ប្រាប់ ភ្នំ​ពេញ ប៉ុស្ដិ៍ ថា៖ «ខ្មែរ​យើង​គេ​ហៅផ្កា​អញ្ជ័ន ភាសា​អង់គ្លេ​ស Butterfly pea flower។ ខ្ញុំធ្លាប់ដាំ​នៅផ្ទះ​ដី​ប្រហែល​កន្លះ​ហិកតា​ដែរ តែ​ឥឡូវ​​ឈប់ដាំ ដោយ​សារ​វា​ពិបាក​ប្រមូល​ផល។ ១ ថ្ងៃ​ បាន ​១ គីឡូអ៊ី​ចឹង លក់ទៅ​បាន​តែ ៤ ​ម៉ឺនរៀល​ ហើយ​ត្រូវ​បេះ ២-៣ ​នាក់​។ វា​ពិបាក​»។

កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដោយ​មើល​ឃើញ​តម្រូវការ​តែមេអំបៅ និង​ការ​នាំចូល​ផលិតផល​នេះច្រើន​​ពីប្រទេស​ជិត​ខាង ​លោក ចាន់សី បាន​ប្រើប្រាស់​ដី​កន្លះ​ហិកតា​ នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល​ ធ្វើ​ជា​ចម្ការ​ផ្កា​អញ្ជ័ន​​ ដើម្បី​រួមចំណែក​លើក​តម្កើង​ផលិត​ផល​ក្នុង​ស្រុក។

ទោះជា​រុក្ខជាតិ​នេះ​ងាយ​ស្រួល​ដាំ មិន​ពិបាក​ថែទាំ ធន់​នឹង​ប្រភេទ​ដីអាកាស​ធាតុ និង​ឆាប់​ទទួល​បាន​ផល​ក្នុង​អំឡុង ៣ ទៅ ៤ ​ខែ ប៉ុន្តែ​​បញ្ហា​កម្លាំង​​ពលកម្ម​សម្រាប់​ការប្រមូល​ផល​ និង​កត្តា​ទីផ្សារថ្លៃ​​លក់​​ធ្លាក់ចុះ បាន​ធ្វើ​ឱ្យ​លោក​ប្រែ​ក្លាយ​សួន​ផ្កា​​អញ្ជ័ន​ទៅ​​ជា​​ចម្ការ​ននោង​វិញ។

លោក ចាន់​សី និយាយ​ថា៖ «មុន​ដំបូង​ ១ គីឡូ យើង​បោះដុំ​បាន​ ៦ ម៉ឺន​​រៀល​ ដល់​យូរ​ទៅ​គេដាំ​ច្រើន​ ហើយ​​ខាង​​ថៃ​ទម្លាក់​តម្លៃ​ទៀត​មក​ គេ​លែង​យករបស់​​យើង។ នៅ​សល់​​ច្រើនៗ​ទម្រាំ​តែ​លក់​ចេញ​អស់​វា​យូរ​ដែរ​»។

លោក​​បាន​បន្ត​ថា៖ «ដាំច្រើន​កម្លាំង​ពលកម្ម​ច្រើន ហើយ​ណា​មួយ​មាន​គេនាំចូល​ពីថៃ​តម្លៃថោក​ជាង។ ភាគ​​ច្រើន​ខ្មែរ​យើង​ពី​មុន​​ប្រើ​របស់​នាំ​ចូល​ពីថៃ​មក ១ គីឡូ​តែ​​ ៤ ម៉ឺនអី។ យើងតម្លៃ​ថ្លៃ​ជាង ហើយ​វា​ពិបាក​ពលកម្ម​ត្រូវ​បេះ​ថ្ងៃ​ក្ដៅ​។ លោក​ពុក​ក៏​គាត់​សម្រេច​​ចិត្ត​កាប់​ចោល​ទៅ វា​អត់​ចំណេញ​ច្រើន»។

យ៉ាង​ណា​មិញ ​ម្ចាស់​​ហាង​រូបនេះនៅមាន​ដើម​ផ្កា​អញ្ជ័ន​ខ្លះ​ទុក​​ផ្គត់ផ្គង់​ហាង​​កាហ្វេ​របស់ខ្លួន ដោយ​ច្នៃ​ជា​ តែ​មេអំ​បៅ​​ទឹក​ដោះ​​​គោតែ​មេអំបៅ​ដូងក្រអូបតែ​មេអំបៅ​ដំឡូង​ស្វាយតែ​មេ​អំបៅ​ឡា​តេ និង​ធ្វើ​ជា​បង្អែម​ចាហួយ​​។​

លោក​និយាយ​ថា៖ «ផ្កាហ្នឹ​ង​វាទូ​លំ​ទូលាយ​ហើយ នរណា​ក៏គេដាំ​ដែរ។ ឥឡូវ​​នៅ​ហាង​​កាហ្វេ​ គេ​ដាំ​តែ ​២ ​ដើម​​អីហ្នឹង​ គេ​បេះ​ព្រឹក​ល្ងាចៗ វា​ស្រួល​ដាំ»។

​ផ្កាអញ្ជ័ន​​​ដែល​​សម្បូរសារធាតុ​​ប្រឆាំង​អុកស៊ីត​កម្មត្រូវ​បាន​លោក ចាន់​ស៊ី លើក​ពី​​​គុណ​ប្រយោជន៍​សម្រាប់​​សុខភាព​ និង​សម្រស់ ដូច​ជា​កាត់​បន្ថយ​ភាព​ចាស់​ប្រឆាំងនឹង​ការ​រលាក​រក្សា​តុល្យភាព​សីតុណ្ហ​ភាព​រាង​កាយ និង​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​ជួយ​ប្រឆាំង​​ពពួក​បាក់​តេរី។

ការ​ស្រាវជ្រាវ​ចុះផ្សាយ​ដោយ healthline.com ក៏​បាន​លើក​ឡើង​ថា សារធាតុ​ដក​ចេញ​ពី​ផ្កា​អញ្ជ័ន​ត្រូវ​បាន​រកឃើញ​ថា ជួ​យ​ដល់​សុខភាព​ស្បែក និង​សក់ រក្សា​ទម្ងន់ ​និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ផង​ដែរ។

ម្ចាស់​ហាង​កា​ហ្វេ និង​អ្នក​ធ្លាប់​ដាំ​ផ្កា​អញ្ជ័ន​លក់រូប​នេះបាន​លើកឡើង​ថា៖ «បើយើង​ដាំ​ហើយ យើង​កែ​ច្នៃ​ខ្លួន​​ឯង​ប្រហែល​ជា​ល្អ ដូច​ជា​កែច្នៃ​ជាម្សៅ ជាសាប៊ូ សាប៊ូកក់​សក់​អី»។

ក្រៅពី​ទំនោរ​ដាំ​រុក្ខជាតិ​តែមេ​អំបៅ​​នៅ​តាម​ហាង​កាហ្វេ ផ្កាអញ្ជ័ន​ក៏​នៅ​តែ​ត្រូវបា​ន​គេ​និយម​ដាំ​តាមផ្ទះ​ ដើម្បី​​ធ្វើជា​ភេសជ្ជៈ និង​បង្អែម ឬ​លក់​រាយ​តិចតួច​​ទៅ​ឱ្យអ្នក​មាន​តម្រូវ​ការ​តាម​គ្រួ​សារ ក្រោយពី​តម្រូវ​ការ​ផ្គត់​ផ្គង់​ទីផ្សារ​ធ្លាក់​ចុះ។

អ្នក​ស្រី ហេង ចាន់ នៅ​ទីរួម​ខេត្ត​កំពង់​ចាម ធ្លាប់​គិត​ថា ប្រសិន​បើ​តែមេ​អំបៅ​លក់​បាន​ថ្លៃ អ្នកស្រី​នឹង​បង្កើន​ការ​ដាំ​រុក្ខជាតិ​នេះ​​ឱ្យ​បាន​ច្រើន​ដើម្បី​ហាល​លក់។

ស្ត្រី​អាយុ ​៦៥​ ឆ្នាំរូប​នេះ​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «មុនដំបូង​ខ្ញុំគិត​ថា ប្រសិន​បើ​លក់បាន​ថ្លៃ នឹក​ឃើញ​ថា​ចេះ​តែធ្វើ​ពលក​ម្ម​ជុំវិញ​ផ្ទះទៅ។ ពីមុន​គិត​ថា ៥០ គុម្ព​អ៊ីចឹង​ដែរ ធ្វើ​ទ្រើង​ដូច​បន្លែ ធ្វើ​ជន្លង់​ដូច​សណ្ដែកកួរ វា​ស្រួល​បេះ​ជាង។ យើង​អាច​ឈរ​ដាក់​ជណ្ដើរ​បេះ​បាន»។

អ្នក​ស្រី​ថា៖ «​​ប្រមាណ​ជា ​៥​ ឆ្នាំ​មុន ១ គីឡូ ៣០ ​ដុល្លារ​ឯណោះ តែ​តាំង​ពីកូវីដ​មក​ មាន​លក់​អីដាច់។វាចុះថោក​។ កាល​ដាំ​ដំបូង ឮ​ថា​ ១ ខាំ ១ ម៉ឺន ទៅ ១២ ០០០ រៀល​អី ចេះ​តែដាំ​ទៅ»។

អ្នក​ខេត្ត​កំពង់ចាម​រូបនេះ បាន​លើក​ឡើង​ថា ផ្កា​អញ្ជ័ន​មាន​តម្លៃ​ទាប ដោយ​សារមនុស្ស​ជា​ច្រើន​អាច​ដាំ​រុក្ខជាតិ​នេះ​បាន ហើយ​ចម្ការផ្កា​​ខ្នាត​ធំ​ប្រឈម​នឹង​​ការ​ពិបាក​ប្រមូល​ផល។

អ្នក​ស្រី ចាន់ លើក​ឡើង​ថា៖ «វាថោក ដល់​គេ​ដាំបាន​គ្រប់​គ្នា​​ច្រើន​ទៅ។ ដើម​វា​ស្រួល​ដាំ​ទេ តែវា​ពិបាក​នឹង​​បេះទៅ​វិញ។ បើផ្កា​វា​មួយៗ ត្រូវ​ឈរ​បេះ។ កាល​ដាំ​អត់​ពិបាក ពិបាក​តែ​នឹង​បេះ ចំណាយ​ពេល​ច្រើន»។

សព្វ​ថ្ងៃ អ្នកស្រី​ដាំដើម​ផ្កាអ​ញ្ជ័ន​ប្រមាណ ១០ គុម្ព​ជុំវិញ​ផ្ទះ។ ដើម្បី​ធ្វើតែ​ក្រៀម ១ គីឡូ​ក្រាម ដែល​លក់​បាន​​ក្នុង​តម្លៃ ៦ ​ម៉ឺនរៀល អ្នកស្រី​ត្រូវ​ចំណាយ​ពេល​បេះ​សន្សំ​ផ្កា​ឱ្យ​បាន​២​កញ្ច្រែង ដោយត្រូវ​ចំណាយ​ពេល​​ស្ទើរ​តែ ១ ​ខែ។ នៅ​ពេល​បាន​ផល​ហើយ តែ​​មេអំបៅ​ក៏​ពុំ​សូវ​មាន​គេ​​ចាប់​អារម្ម​ណ៍​ទិញ​ដែរ។

អ្នក​ស្រី​​ថា៖ «ដាំទ្រង់​ទ្រាយ​តូច​ប៉ុនហ្នឹង​លក់មិន​ដាច់ផ​ង។​នៅ​កំពង់​ចាម​ហ្នឹង ខ្ញុំសួរ​គេឡើង​គ្រប់​កន្លែង។ មកពី​គេ​ប្រើ​តិចៗ​ហ្នឹ​ង​វា​ចេញ​ពណ៌​ហើយ ដាក់​ម៉ាចឹប​ៗ»​។

ទោះជា​​​ការ​ដាំ​ផ្កា​អញ្ជ័ន​ពុំអាច​ចាត់ទុក​ជា​មុខរបរ​ផ្ដល់​ចំណូល​ដល់​​អ្នកស្រី ចាន់ ក៏ពិត មែន តែ​អ្នក​ស្រី នៅ​តែ​​រក្សា​វា​ទុក​ជា​រុក្ខជាតិ​លម្អផ្ទះ ជា​គ្រឿង​ផ្សំភេ​សជ្ជៈ និង​នំ​បង្អែម​ទទួល​ទាន​ក្នុង​គ្រួសារ​។

អ្នកស្រី​ ចាន់ និយាយ​ថា៖ «ខ្ញុំ​ទុកវា ខ្ញុំ​ចេះតែ​បេះ​វាលេង​ទៅ​។ ខ្ញុំ​រក​ដក​បោះចោ​លតើ តែ​ប្ដី​ខ្ញុំ​ថា​ទៅ​ដក​ធ្វើ​អី។ គាត់ថា​ពណ៌​ស្អាត។ យើង​មិន​បាច់​បេះ​ក៏បាន​ដែរ គ្រាន់លម្អ​មុខ​ផ្ទះ»។

​​អ្នកស្រី​​នៅតែពេញ​ចិត្តនឹង​​ពណ៌​ធម្មជាតិ​ខៀវ​ដិត​របស់​ផ្កា​អញ្ជ័ន រួមទាំង​​ក្លិន​ដ៏ប្រហើរ​របស់វា​ពេល​ឆុង​ទឹក​ទទួល​ទាន។

អ្នកស្រី​ថា៖ «តែ​យើង​ធ្វើ​ខ្លួន​ឯង​វា​ល្អ អាគេលក់​​ របស់នាំ​ចូលអី គេអាច​ប្រើថ្នាំ។ ចៅខ្ញុំថា​ដាំ​ធ្វើតែ​ខ្លួន​ឯង​វា​ឈ្ងុយជា​ង​ទិញ​គេ​ស្រាប់។ របស់​យើង​ថ្មី យើង​អត់មាន​ប្រើ​ឡសម្ងួត​​យើង​ហាល​តែ​ថ្ងៃ»។

អ្នក​ប្រកប​មុខ​របរ​ដាំ​ផ្កា​អញ្ជ័នពី​​ខេត្ត​បាត់ដំបង​​អ្នកស្រី ដេត ស៊ីណាត​បាន​បោះបង់​ចោល​ដំណាំ​តែ​មេអំ​បៅ​នេះ មក​ដាំ​ផ្កា ​១​ ប្រភេទ​ទៀត​សម្រាប់​ធ្វើ​ភេសជ្ជៈ​ពណ៌​ក្រហម​ក្រមៅ។

អាជីវករ​រូបនេះ​បា​នប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «មួយ​រយៈ​នេះខ្ញុំឈប់​ដាំ​ផ្កា​មេអំបៅ​ហើយ​ខ្ញុំ​នៅ​មាន​ដាំ​តែ​ផ្កាម្ជូរ​ព្រឹកដែល​ខែ ១១ ឬ​ ១២ ​អី​​មាន​ផ្កានៅ​ចម្ការ​ហើយ»៕