សៀមរាបៈ​ ជា​អ្នក​ស្រឡាញ់​សូកូឡា​ម្នាក់​ អ្នកស្រី Chaterine Yap ដែល​បាន​មក​កម្សាន្ដ​នៅ​កម្ពុជា​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​ កាលពី​ខែ​កក្កដា​ បាន​រីករាយ​ជាមួយ​រសជាតិ​សូកូឡា​នៅ​ហាង​កាហ្វេ ​Wat Temple Cocoa of Cambodia និង​រោងចក្រ​ជា​ទី​ដែល​ធ្វើការ​ផលិត​តាំងពី​គ្រាប់​កាកាវ​ រហូតដល់​ធ្វើ​សូកូឡា​លក់។


Chaterine បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖«​ម្ចាស់​ហាង​ជនជាតិ​បារាំង​បាន​ផលិត​សូកូឡា​ជាច្រើន​ប្រភេទ​ដោយ​ប្រើ​គ្រាប់​កាកាវ​ពី​ខេត្ដ​មណ្ឌល​គិរី​។ ខ្ញុំ​ចូលចិត្ដ​ទៅ​មើល​ការ​ផលិត​សូកូឡា​នៅ​រោងចក្រ​ក្នុង​ខេត្ដ​សៀមរាប​។ ចំណូលចិត្ដ​របស់​ខ្ញុំ​គឺ​ម្សៅ​សូកូឡា​ប្រោន​នី​ ដែល​រលាយ​ភ្លាមៗ​ពេល​ដាក់​ចូល​ក្នុង​មាត់​»។


Wat Chocolate Phnom Penh [ទំព័រ​ហ្វេសប៊ុក​] ឬ​ហាង​ Wat Temple Cocoa of Cambodia (ប្រាសាទ​នៃ​កាកាវ​ប្រទេស​កម្ពុជា)លក់​ផលិតផល​ពី​សូកូឡា​ច្រើន​ប្រភេទ​ដែល​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ ១។ លោក​ ហ្គេតង់ ប្រូស្សូ ស្ថាបនិក​ហាង​កាហ្វេ និង​រោងចក្រ​សូកូឡា​ប្រាសាទ​នៃ​កាកាវ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​៖ «​យើង​ព្យាយាម​នាំ​ចេញ​ផលិតផល​សូកូឡា​ ហើយ​ពេល​នេះ ​យើង​កំពុង​តែ​បំពេញ​បែបបទ​នាំ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី ថៃ និង​ប្រទេស​នៅ​អាស៊ី​ហើយ​យើង​មាន​បំណង​នាំ​ចេញ​ទៅ​អឺរ៉ុប​ថែម​ទៀត​»។


មាន​តុ​តូចៗ​រៀបចំ​នៅ​ខាង​មុខ​ហាង​ ជ្រក​ក្រោម​ម្លប់​ដើមឈើ និង​ឆត្រ​ធំៗ​ ខណៈ​ផ្នែក​ខាង​ក្នុង​ហាង​ជា​ទី​ដែល​សាឡុង​វែង​រៀប​តុ​នៅ​ខាង​ឆ្វេង​ដៃ​ និង​ទូ​តាំង​ផលិតផល​សូកូឡា​ក្នុង​កញ្ចប់​នៅ​ផ្នែក​ខាង​ស្ដាំ​ក៏​ដូចជា​ តុ​មូល​មួយ​ដែល​តាំង​ប្រអប់​សូកូឡា​គ្រប់​កម្រិត​រសជាតិ និង​ភាគរយ​នៃ​សូកូឡា​។


នៅ​ផ្នែក​ខាង​ក្រោយ​ទូ​តាំង​សូកូឡា ​មាន​រំលេច​នូវ​ឡូហ្គោ (WAT) ធំៗ និង​អក្សរ​អង់គ្លេស​ Temple Cocoa of Cambodia ភ្ជាប់​ដោយ​ទូ​ប្រអប់​តាំង​បង្ហាញ​ផលិតផល​សូកូឡា​កញ្ចប់​។


ប្ដីប្រពន្ធ​ជនជាតិ​បារាំង​ ១ ​គូ លោក​ប្រូស្សូ និង​ភរិយា បាន​មក​កម្សាន្ដ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨​ ។ លោក​ប្រូស្សូ​ បាន​ដឹង​ថា ​នៅ​កម្ពុជា​មិនមាន​រោងចក្រ​សូកូឡា​ ទោះ​លោក​បាន​មើល​ឃើញ​ចម្ការ​កាកាវ​តែ​ ១ ​នៅ​មណ្ឌលគិរី​។

ជា​អ្នក​ផលិត​សូកូឡា​ ដែល​បាន​សិក្សា​ជំនាញ​នេះ​ពី​ប្រទេស​ឥណ្ឌា និង​មាន​បទពិសោធ​ចំនួន​ ៥ ​ឆ្នាំ​ លោក​ចាប់​ផ្ដើម​ធ្វើអ្វី​ម្យ៉ាង​ជាមួយ​ផលិតផល​កាកាវ​មណ្ឌលគិរី​ ដែល​លោក​អះអាង​ថា វា​ជា​ផលិតផល​ដ៏​ល្អ​បំផុត​។ លោក​ ប្រូស្សូ ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ថា​៖ «​កាកាវ​ត្រូវ​បាន​ដាំ​ដោយ​ប្រជា​កសិករ​កម្ពុជា​ក្នុង​ខេត្ដ​មណ្ឌលគិរី​ ហើយ​បច្ចុប្បន្ន​នេះ​វា​បាន​កើន​ឡើង​ជាង ១០០ ​ចម្ការ​»។

នេះ​គឺជា​កសិកម្ម​ប្រភេទ​ថ្មី​ដែល​ចាប់ផ្ដើម​រីក​ធំ​ឡើងៗ​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ប្រជាកសិករ​បង្កើត​ជា​សហករណ៍​ ដែល​ពួកគេ​អាច​ធ្វើ​ការ​ផ្អាប់ និង​សម្ងួត​កាកាវ​។

ក្រៅពី​ការ​ចែក​ទិញ​ក្នុង​បរិមាណ​តិចតួច​ដែល​ពាណិជ្ជករ​បារាំង​រូប​នេះ​អាច​ធ្វើ​បាន ​ផលិតផល​កាកាវ​ភាគច្រើន​ទៀត​ ត្រូវបាន​នាំ​ចេញ​ទៅ​កាន់​ជប៉ុន និង​ម៉ាឡេស៊ី ជាដើម​។

នៅ​ពេល​ដែល​រោងចក្រ​លោក​ប្រូស្សូ ​ចាប់ផ្ដើម​ដំណើរការ​ក្នុង​ឆ្នាំ​ ២០១៩​ ផលិតផល​សូកូឡា ​ត្រូវបាន​ផលិត​ឡើង​ដោយ​បន្ថែម​ស្ករ​ទៅ​តាម​កម្រិត​ខុស​គ្នា​ចន្លោះ​ពី​ ៥ ​ភាគរយ​ ដើម្បី​បង្កើត​រសជាតិ​ប្លែកៗ​។

លោក​បាន​និយាយ​បង្ហាញ​អំពី​​ផលិតផល​ប្រអប់​សូកូឡា​ថា​៖«​ប្រអប់​នេះ​មាន​កម្រិត​សូកូឡា ៩៥ ភាគរយ ដែល​មាន​ន័យ​ថា​ខ្ញុំ​បាន​បន្ថែម​ស្ករ​ត្រឹម​ ៥ ​ភាគរយ​ ហើយ​យើង​ក៏​មាន​សូកូឡា​សុទ្ធ​ ១០០ ​ភាគរយ សម្រាប់​អ្នក​ត្រូវការ​រសជាតិ​ល្វីង​ខ្លាំង​»។

បច្ចុប្បន្ន​នេះ ​សូកូឡា​របស់​លោក​ ប្រូស្សូ មាន​ ២១ ​ប្រភេទ​ដែល​ត្រូវបាន​ផលិត​តាំងពី​ឆ្នាំ​ ២០១៩ ​។លោក​ច្នៃ​បង្កើត​រសជាតិ​ប្លែកៗ​ទៅ​តាម​កម្រិត​ភាគរយ​នៃ​ស្ក​រ។ លោក​ក៏​បាន​បន្ថែម​រសជាតិ​មួយ​ចំនួន​ទៀត​ ដូច​ជា ម្ទេស ​ម្រេច​ កាហ្វេ ស៊ីណាម៉ុន ​ខ្ញី និង​ខ្ជាយ​ជាដើម​។ វត្ថុធាតុ​ដើម​ទាំង​អស់​សុទ្ធ​តែ​ជា​ផលិតផល​ក្នុង​ស្រុក​។

ស្ក​រត្នោត​មក​ពី​រតនគិរី​ កាហ្វេ​មក​ពី​មណ្ឌលគិរី ម្ទេស ​ម្រេច​ ស៊ីណាម៉ុន ខ្ញី​ និង​ខ្ជាយ​មកពី​កំពត គ្រាប់​ស្វាយ​ចន្ទី​មក​ពី​ព្រះវិហារ​ និង​សណ្ដែក​ដី​មកពី​កំពង់ចាម។

លោក​ ប្រូស្សូ​ បាន​បន្ដ​ថា​៖ «​គ្រាប់​កាកាវ​ផ្ទុក​នូវ​សារធាតុ​ខ្លាញ់​ ៥០ ​ភាគរយ ហៅថា​ប៊ឺ​កាកាវ​ ៥​ ភាគរយ​ជា​ទឹក ៧ ​ភាគរយ​ជា​ម្សៅ ៤ ​ភាគរយ ជា​សាច់ ២​ ភាគរយ ជា​ឌីអូប្រូមីន​ ២០ ​ភាគរយ​ ជា​ប្រូតេអ៊ីន​ផ្សេងៗ និង ៦ ​ភាគរយ​ជា​រ៉ែ​»។

ចាប់​ពី​ការ​ដាំ​ ដែល​ប្រើ​រយៈពេល ៥ ​ឆ្នាំ ការ​ប្រមូល​ផល​ ការ​អប់​សម្ងួត និង​ដឹកជញ្ជូន​រហូតដល់​ការ​ញែក​គ្រាប់​ វិធី​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រជាកសិករ​។ បន្ទាប់មក រោងចក្រ​មាន​ភារកិច្ច​លីង បំបែក​ រែង កិន បន្ថែម​ស្ករ​ចាក់​ពុម្ព និង​វេច​ខ្ចប់​។

លោក​បាន​និយាយ​ថា​៖ «​រៀងរាល់​ ៣ ​ថ្ងៃ យើង​អាច​ផលិត​សូកូឡា​ប្រមាណ​ ១០០ ​គីឡូក្រាម​។ ពេល​យើង​ផលិត​រួច​រាល់​ហើយ​ យើង​ចាក់​ពុម្ព និង​វេច​ខ្ចប់​ជា​ផលិតផល​សម្រេច​»។

រោងចក្រ​នៅ​សៀមរាប​ផលិត​សូកូឡា​ប្រមាណ​ ២៥០ ​គីឡូក្រាម​ក្នុង​ ១ ​ខែ ទៅ​តាម​កម្រិត​នៃ​តម្រូវការ​​ដែល​បរិមាណ​នោះ ​មាន​លាយ​សម្បក​រហូតដល់​ ២០ ភាគរយ​។

អំឡុង​ពេល​កូវីដ ១៩ ប៉ុន្មាន​ឆ្នាំ​នេះ បុរស​ជនជាតិ​បារាំង​បាន​អភិវឌ្ឍ​ផលិតផល​របស់​ខ្លួន​ជា​ច្រើន​ប្រភេទ​ ដែល​លោក​​បាន​អរគុណ​ដល់​ការបិទខ្ទប់ អនុញ្ញាត​ឱ្យ​លោក​មាន​ពេលវេលា​ច្រើន​ស្រាវជ្រាវ​។

លោក​បាន​និយាយ​ថា​៖«ដូច្នេះ កូវីដបាន​ផ្ដល់​ពេល​ឱ្យ​អភិវឌ្ឍ​បាន​ច្រើន​។ វា​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវការ​នោះទេ​។ ​ប៉ុន្ដែ​ពេល​នេះ​ មុខ​ជំនួញ​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​សន្សឹមៗ​ តែ​យើង​បាន​អភិវឌ្ឍ​ផលិតផល​ច្រើន​»។

លោក​បាន​និយាយ​ទាំង​សុទិដ្ឋិនិយម​ថា អាជីវកម្ម​ត្រឡប់​មក​វិញ រោងចក្រ​របស់​លោក​ចាប់ផ្ដើម​ធ្វើការ​ជា​មួយ​សណ្ឋាគារ​មួយ​ចំនួន ដូចជា ​Sofitel, Rosewood, Baitong និង​ Parkhyad Siem Reap។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​បទពិសោធ​ការងារ​ជា​ចុងភៅ​ ហើយ​សូកូឡា​ជា​ការងារ​ទី​១ ​សម្រាប់​ខ្ញុំ​ ពីព្រោះ​វាជា​អ្វី​ដែល​ថ្មី​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​។ ខ្ញុំ​ធ្វើការ​នៅ​រោងចក្រ​សូកូឡា​នេះ​បាន​ ១ ​ឆ្នាំ​ហើយ​។ ពេល​ខ្ញុំ​បាន​ធ្វើការ​នៅ​រោងចក្រ​សូកូឡា​នេះ​ខ្ញុំ​បាន​រៀន​ និង​យល់​ដឹង​ច្រើន​អំពី​សូកូឡា​ ហើយ​ដឹង​អំពី​របៀប​ធ្វើ​ និង​វេចខ្ចប់​សូកូឡា​»។

កញ្ញា ខាន្នី ​ថា បាន​ធ្វើ​បទបង្ហាញ​ពី​វិធី​នៃ​ការ​ផលិត​សូកូឡា​ដោយ​ចាប់ផ្ដើម​ណែនាំ​ពី​ដំណាំ​កាកាវ​ ដែល​ប្រមូល​ផល​មកពី​ខេត្ដ​មណ្ឌលគិរី​ រហូតដល់​ការ​លាយ​ស្ករ ចាក់​ពុម្ព​ វេច​ខ្ចប់ ក៏​ដូចជា​ ការ​បន្ថែម​រសជាតិ​ប្លែកៗ​ចំនួន ២១ ​ប្រភេទ​។

លោក ​ប្រូស្សូ ​បាន​ឱ្យ​ដឹង​ថា អាជីវកម្ម​របស់​លោក​មាន​បុគ្គលិក​​ខ្មែរ​ទាំង​អស់​ចំនួន​ ៧ ​នាក់ ដែល ៥ ​នាក់ ​នៅ​រោងចក្រ​ផលិតផល​សូកូឡា​ និង​ ២ នាក់​ជា​បុគ្គលិក​បម្រើការ​នៅ​ហាង​កាហ្វេ​រាជធានី​ភ្នំពេញ​។

ហាង​កាហ្វេ​ Wat Temple Cocoa of Cambodia ស្ថិត​នៅ​ផ្ទះ​លេខ ២៣ ផ្លូវ ៣៦០ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ Wat Chocolate Phnom Penh និង​វេបសាយ​ www.watchocolate.com៕