ភ្នំពេញៈ ​ពលករ​ខ្មែរ​ ៧ ​នាក់​ ទាំង​អ្នក​ធ្លាប់​ធ្វើការ និង​អ្នក​កំពុង​បម្រើការ​នៅ​កូរ៉េ​ខាងត្បូង​ចាប់​ដៃ​គ្នា​បង្កើត​ក្រុមហ៊ុន​វេហាស៍ជូស៍​កែច្នៃ​ផលានុផល​ខ្មែរ​ជា​តំណាប់​ផ្លែឈើ និង​គ្រឿង​កំប៉ុង​​ក្នុង​បំណង​លើកស្ទួយ​កសិករ​ខ្មែរ​ ​និង​នាំយក​ផលិតផល​ក្នុងស្រុក​​ស្ដង់ដា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។


លោក ​កែវ កុសល ជា​សហស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​វេហាស៍ជូស៍ បាន​បញ្ចប់​ភារកិច្ច​ការងារ​នៅ​កូរ៉េខាងត្បូង​ និង​ត្រឡប់មក​មាតុភូមិ​វិញ​ក្នុង​ឆ្នាំ​ ២០២០ អំឡុង​ជំងឺ​កូវីដ​ ១៩ ​រីករាលដាល​ខ្លាំង​។


សហស្ថាបនិក​វ័យ​ ៣០ ​ឆ្នាំ​រូប​​នេះ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​សហស្ថាបនិក​នៅទីនេះ​មាន ៧ ​នាក់​។ ​ពួកខ្ញុំ​ធ្លាប់​ទៅ​ធ្វើការ​នៅ​​កូរ៉េ​ស្គាល់គ្នា អ៊ីចឹងទៅ​ក៏​ចាប់ដៃ​​គ្នា​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​»​។


លោក​ថា​៖ «​បច្ចុប្បន្ន​អ្នក​ដែល​រ៉ាប់រង​នៅ​ខ្មែរ​ហ្នឹង​មានតែ​ ២​ នាក់​ទេ​។ ​ក្រៅពី​ហ្នឹង​ទៀត​គាត់​សុទ្ធតែ​នៅ​បំពេញ​ភារកិច្ច​នៅ​ប្រទេស​កូរ៉េ​នៅឡើយ​»​។


ដំបូងក្រុម​របស់​លោក​មាន​បំណង​បង្កើត​ក្រុមហ៊ុន​នាំចូល​​រថយន្ត​មួយ​ទឹក​មក​កាន់​កម្ពុជា​។ ប៉ុន្តែ​ដោយសារ​អាជីវកម្ម​នេះ​ទាមទារ​ការទទួល​ខុសត្រូវ​ធំ​ពេក​ទើបបាន​បង្វែរ​គោលដៅ​បង្កើតជា​ក្រុមហ៊ុន​ផលិត​ទឹក​ផ្លែឈើ​វិញ​​ដោយ​មើលឃើញ​ថា ដំណាំ​កសិកម្ម​ខ្លះ​មាន​ការរាំងស្ទះ ជាពិសេស​តាង៉ែន​ ឬ​មៀន​ប៉ៃលិន​។


លោក កុសល បាន​បន្តថា​៖ «​យើង​មើលឃើញ​ថា ដំណាំ​កសិកម្ម​វា​ជា​ដំណាំ​មួយ​ដែលមាន​ក្នុង​ប្រទេស​ស្រាប់ ហើយ​ចំពេល​ប្រទេស​យើង​ចង់​លើកស្ទួយ​ផលិតផល​ជាតិ​។ ដល់​អ៊ីចឹងទៅ​ពួកខ្ញុំ​ក៏​សម្រេចចិត្ត​បើក​ជា​ក្រុមហ៊ុន​វេហាស៍ជូស៍​កែច្នៃ​បន្លែ​​ផ្លែឈើ​វិញ​ ដើម្បី​ជួយ​កសិករ​»​។

វេហាស៍ជូស៍ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៩ ​ដោយ​ទទួល​​បានការ​អនុញ្ញាត​ឱ្យ​កែច្នៃ​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ​។

ក្រុម​នេះ​ចាប់ផ្ដើម​រំលេច​ផលិតផល​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ ​ដោយ​ផលិតផល​ដំបូង​បំផុត​ជា​ប្រភេទ​មៀន​ប៉ៃលិន​សម្ងួត និង​តំណាប់​មៀន​ប៉ៃលិន​។ បន្ទាប់មក ម្នាស់ ស្រកានាគ និង​ស្វាយ ត្រូវ​បាន​ផលិត​ចេញ​ជា​តំណាប់​នៅ​ចុងឆ្នាំ​ ២០២០ និង​ ២០២១​។

នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២២ ​ផលិតផល​ថ្មី​ចុងក្រោយ​គឺ​មៀន​ប៉ៃលិន​កំប៉ុង​ដែល​ត្រូវបាន​អភិវឌ្ឍការ​វេចខ្ចប់​ពី​មៀន​ស្រស់ទឹក​ស៊ីរ៉ូ​ក្នុង​ក្រឡ​កែវ​។ ចង្វាក់​ផលិតកម្ម​វេហាស៍ជូស៍​មាន​បុគ្គលិក​ប្រមាណ​ ២០​ នាក់ ដែល​ធ្វើការ​ផលិត​បណ្ដាក់​គ្នា​ពី​ផលិតផល​ ១​ មុខ​ទៅ​ ១ ​មុខ​ទៀត​។

លោក​ថា​៖ «​ឧទាហរណ៍​យើង​ផលិត​ស្រកានាគ​ចប់ អ៊ីចឹង​យើង​​ដូរ​ទៅ​ផលិត​ស្វាយ ផលិត​ស្វាយ​​ចប់ អ៊ីចឹង​យើង​ទៅ​ផលិត​មៀន​។

ផលិត​បណ្ដាក់​គ្នា​រហូត​មានន័យ​ថា គាត់​មាន​ការងារ​ធ្វើ​រហូត​ហ្នឹង​»​។

រោងចក្រ​នៅ​ភូមិ​និម្មិត​ ១ ក្រុង​ប៉ោយប៉ែត​ត្រូវបាន​មើល​ការខុសត្រូវ​ដោយ​សហស្ថាបនិក ​១ ​រូប​ទៀត​ឈ្មោះ​ ស៊ុំ សាវង្ស ខណៈ​សហស្ថាបនិក​ ៥​ នាក់​ទៀត​​កំពុង​បម្រើការ​នៅ​កូរ៉េ​ខាងត្បូង​។

លោក ​កុសល លើកឡើង​ថា​៖ «​ក្រុមហ៊ុន​យើង​លក្ខណៈ​ថា ថ្មោងថ្មី​។ ​ដល់​អ៊ីចឹង បើ​យើង​ឱ្យ​​គាត់​ចុះមក​ខ្មែរ​ផ្ទាល់​តែម្ដង ក៏​វា​អត់​បាន​ ១០០​ ភាគរយ​ដែរ ព្រោះ​វា​អត់​ទាន់​មាន​ចំណូល​អី​ដុំកំភួន​»​។

សព្វថ្ងៃ​វេហាស៍ជូស៍ ទទួល​បាន​ចំណូល​ត្រឹម​អាច​លៃលក​ថ្លៃឈ្នួល​បុគ្គលិក និង​ការ​ចំណាយ​ផ្សេងៗ​ក្នុង​រោងចក្រ​។

ក្រុមហ៊ុន​កំពុង​ព្យាយាម​ពង្រីក​សក្ដានុពល​ទីផ្សារ ដើម្បី​រក​ផលចំណេញ និង​បង្កើន​ការប្រមូល​ទិញ​ពី​កសិករ​កាន់តែ​ច្រើន​។

អតីត​អ្នក​ធ្វើការ​នៅ​កូរ៉េ​រូបនេះ​បន្ត​ថា​៖ «​ដោយសារ​ទីផ្សារ​ធំៗ​​យើង​អត់​ទាន់​ជ្រាប​ចូល​បាន​។

ពួកយើង​កំពុង​ព្យាយាម​ស្វែងរក​​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​ក្រៅ​ស្រុក​​ផង​។ ​ប្រសិនបើ​ទីផ្សារ​ទូលំទូលាយ​ពួកខ្ញុំ​ជួយ​រឹតតែ​បាន​ច្រើន​»​។

សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ផលិតផល​តំណាប់ និង​គ្រឿង​កំប៉ុង​របស់​លោក​មាន​លក់​នៅ​តាម​បណ្ដា​ម៉ាត ជាពិសេស​ម៉ាត​តេលា និង​កន្លែង​លក់រាយ​មួយចំនួន​។

លោក កុសល ថា​៖ «​តាម​ផ្សារ​​ទំនើប​ធំៗ​ក្នុង​ស្រុក​មួយចំនួន អត់​ទាន់​ទទួល​បាន​ការអនុញ្ញាត​ឱ្យចូល​។ ប្រសិន​បើ​មាន​ទីផ្សារ​ធំ​សម្រាប់​ពួកខ្ញុំ ពួកខ្ញុំ​ផលិត​ប៉ុន្មាន​ក៏បាន​ដែរ​»​។

សព្វថ្ងៃ​ការផលិត​របស់​វេហាស៍ជូស៍​ត្រូវ​បានធ្វើ​ឡើង​តាម​រដូវកាល​ និង​មាន​ទំហំ​ពុំ​ទៀងទាត់​ទៅតាម​ការកុម្ម៉ង់​ពី​អតិថិជន​។

ទោះជា​យ៉ាងណា ផលិតផល ដូចជា តំណាប់​តាង៉ែន និង​​មៀន​ច្រក​កែវ​រាប់​តោន​ដែល​ត្រូវ​បាន​ផលិត​កាលពី​ដើមរដូវ​ត្រូវបាន​លក់ដាច់​អស់​។

ការប្រកាន់​នូវ​ការផលិត​ឆ្លើយតប​នឹង​តម្រូវការ​កុម្ម៉ង់​ត្រូវបាន​លោក កុសល បាន​លើក​ហេតុផល​ថា​៖ «​ដោយសារ​ពួកខ្ញុំ​ព្យាយាម​ប្រើ​បែប​ធម្មជាតិ​សុទ្ធ យើង​អត់​ប្រើ​ថ្នាំ​ឱ្យ​ទុក​រយៈពេល​បានយូរ​។ ដល់ពេល​អ៊ីចឹង ពួក​ខ្ញុំ​អត់​ចង់​ផលិត​ទុកចោល​ទេ​។ អ៊ីចឹង​យើង​ផលិត​តាម​ការកុម្ម៉ង់​របស់​អតិថិជន កុម្ម៉ង់​មុន ២-៣ ​ថ្ងៃ​ទៅ​ពួកខ្ញុំ​ធ្វើបាន​ហើយ​យើង​អាច​ធ្វើបាន​ភ្លាមៗ​ថ្មីៗ​ស្រស់​ដែរ​»​។

ខុសពី​ផលិតផល​កំប៉ុង​ដទៃទៀត លោក​បាន​អះអាង​ថា វេហាស៍ជូស៍ បាន​ផលិត​ដោយ​បន្ថយ​សារធាតុ​ផ្អែម​ក្រោម​ហេតុផល​គិតគូរ​ដល់​សុខភាព និង​កុំឱ្យ​ទទួលទាន​ឆាប់​រងាន់​។

តំណាប់​ផ្លែឈើ ដើមឡើយ​ត្រូវ​បាន​លក់រាយ​ក្នុងតម្លៃ ៦ ​ពាន់​រៀល តែ​ក្រោយមក​ការវេចខ្ចប់​ទម្ងន់ ៥៥ ​ក្រាម​ត្រូវបាន​លក់រាយ​ក្នុង​តម្លៃ​ត្រឹមតែ ៣ ៥០០ ​រៀល ដើម្បី​សម្រួល​លទ្ធភាព​ប្រើប្រាស់​ដល់​អតិថិជន​។

តំណាប់​ផ្លែឈើ​​ និង​គ្រឿង​កំប៉ុង ដែលផលិតបាន។ រូបថត សហការី

ផលិតផល​ប្រភេទ​ច្រក​កំប៉ុង ដូចជា មៀន​ស្រស់ ទឹកសេរ៉ូ មានតម្លៃ​ពី​ ៤ ​ពាន់​ទៅ​ ៤ ៥០០ ​រៀល​​ទេ អាស្រ័យ​តាម​ទីតាំង​លក់​។

លោក​ កុសល លើកឡើង​ថា​៖ «​ផលិតផល​របស់​ពួកខ្ញុំ​មិន​ថ្លៃ​ទេ លក់​ប្រហាក់​ប្រហែល​គេ តែ​យើង​លក់​ក្នុង​តម្លៃ​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន​»​។

ដំណើរការ ២-៣ ​ឆ្នាំនេះ វេហាស៍ជូស៍ ប្រឈម​ការលំបាក​ និង​ការប្រកួតប្រជែង​ពី​ផលិតផល​នាំចូល និង​ផលិតផល​ក្នុង​ស្រុក​ដូចគ្នា​។ ​ផលវិបាក​មួយទៀត គឺ​ការពង្រីក​ទីផ្សារ ដោយសារ​តែ​តំណាប់​ និង​ផ្លែឈើ​កំប៉ុង មិនមែន​ផលិតផល​ចាំបាច់ ឬ​អាហារ​បរិភោគ​ទៀងទាត់​រាល់ថ្ងៃ​។ វា​ទាមទារ​ការផ្សព្វផ្សាយ​ឱ្យ​អ្នក​ប្រើប្រាស់​គាត់​បានឃើញ​ញឹកញាប់​ ដើម្បី​បង្កើន​ការគាំទ្រ​។

លោក​ កុសល លើកឡើង​ថា​៖ «​ផលិតផល​ខ្លះ​ជា​របស់គេ​ប្រើប្រាស់​ចាំបាច់​។ ​គេ​ផ្សព្វផ្សាយ​តែ​ល្មមៗ​ក៏មាន​គេ​ទិញ​ដែរ​។ តែ​ដូច​ប្រភេទ​ផលិតផល​តំណាប់​នេះ បើ​យើង​ផ្ដោតលើ​ក្នុង​ស្រុក​សុទ្ធ​តែម្ដង ប្រហែល​វា​លំបាក ដោយសារ​មាន​ផលិតផល​នាំចូល​ផង និង​ផលិតផល​ក្នុង​ស្រុក​ប្រកួតប្រជែង​ផង​»​។

សហស្ថាបនិក​រូបនេះ​ក៏​ទទួលស្គាល់​ថា ការផលិត​នៅ​មិនទាន់​​មាន​ស្ដង់ដា​ទំនើប​ ១០០ ​ភាគរយ​​ដោយ​ក្រុមហ៊ុន​លោក​កំពុង​ស្វះស្វែងរក​ជំនួយ​គាំទ្រ​តាមរយៈ​ការដាក់​សំណើ​ទៅ​អង្គការ​នានា​ ​ដើម្បី​អភិវឌ្ឍ​ទៅ​ការប្រើ​ម៉ាស៊ីន​បក និង​ការសម្ងួត​ក្នុង​សូឡា​។

ដោយ​ពុំទាន់​មាន​លទ្ធភាព​ទិញ​ម៉ាស៊ីន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ លោក កុសល ថា​៖ «​គ្រាន់តែ​​ការផលិត​ត្រូវការ​កម្លាំង​ពលកម្ម​យក​មក​ធ្វើ​សុទ្ធ​គឺ​ពួកខ្ញុំ​បកដៃ​ទេ អត់​ទាន់​មាន​ម៉ាស៊ីន​បក​ទេ​»​។

សព្វថ្ងៃ លោក​ប្រើឡ​កម្ដៅ​ជា​ម៉ាស៊ីន​សម្ងួត ហើយ​ចំណាយ​ច្រើន​ជាង​ការប្រើ​សូឡា​ដែល​ទាមទារ​ថាមពល​អគ្គិសនី​តិច​។

លោក​ថា​៖ «​បើ​យើង​សម្ងួត​​ជាមួយ​សូឡា យើង​បាន​ទីតាំង​ធំ ហើយ​ការចំណាយ​លើ​អគ្គិសនី​តិចជាង ហើយ​សាច់​ដែល​ចេញមក​ក៏​វា​ល្អ​ជាង​យើង សម្ងួត​ក្នុង​ឡ​ដែរ​»​។

ទន្ទឹម​នឹងនោះ វេហាស៍ជូស៍ ក៏​គ្រោង​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការផលិត​ដាច់ៗ​តាម​រដូវ​មក​ផលិត​រួម​វិញ ដោយ​ផ្ដល់​នូវ​ផលិតផល​ចម្រុះ​ក្នុង​កញ្ចប់​ធំ​តែមួយ​។

លោក ​កុសល បាន​ប្រាប់ថា​៖ «​ប្រសិនបើ​ផ្លែឈើ​ណា អាច​កែច្នៃ​បាន​ដាក់​ចូលគ្នា ដូចជា​ប្រភេទ​​តំណាប់​អ៊ីចឹង ពួកខ្ញុំ​សម្រុក​ទៅលើ​ផ្លែឈើ​ជា​ចម្បង​សិន​»​។

ក្រោម​ជំនួយ​ទទួល​ពី​ USAID ​វេហាស៍ជូស៍ ត្រូវបាន​នាំយក​ទៅ​បង្ហាញ​នៅ ​១០ ​ប្រទេស​ក្នុង​នោះ​មាន ម៉ុងហ្គោលី ចិន និង​កូរ៉េ​ខាងត្បូង​ជាដើម​។

លោក​ កុសល បានឱ្យ​ដឹង​ទៀតថា​៖ «​យើង​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែរ ក្នុង​​ការផ្គត់ផ្គង់​ជា​គីឡូ​ទៅ​ចិន​។ ​គេ​​អត់​យក​ជា​ប្រភេទ​កញ្ចប់​ទេ​។ ​គេ​យក​រាប់រយ​តោន ប្រភេទ​មៀន តាង៉ែន យក​ទៅ​ច្រក​នៅឯ​នោះ​»​។

ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​នៅ​បរទេស លោក​រំពឹងថា ពេល​ដែល​ចុះ​កុងត្រា​រួចរាល់ ក្រុមហ៊ុន​នឹង​អាច​បង្កើន​លទ្ធភាព​​ទិញ​កសិផល​ក្នុង​ស្រុក​បាន​បរិមាណ​​កាន់តែ​ច្រើន​។ ​បច្ចុប្បន្ន​ការលក់​ក្នុង​ស្រុក​ត្រូវបាន​បែង​ចែកជា​តំបន់​នីមួយៗ​ដែលមាន​ ៥ ​ខេត្ត​។

កញ្ញា សំ ឆៃវ៉ុង អាយុ​ ២៥ ​ឆ្នាំ ជា​តំណាង​ចែកចាយ​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន​វេហាស៍ជូស៍​នៅ​តំបន់​សៀមរាប​បានឱ្យ​ដឹងថា ផលិតផល​មៀន​កំប៉ុង​ស្រស់​លក់ដាច់​ជាង​តំណាប់ ដោយសារ​វា​ផលិតឡើង​ពី​ស្ករ​សុខភាព ហើយ​​មិនមែនជា​ប្រភេទ​មេ​ស្ករ​។

កញ្ញា​បញ្ជាក់​ថា​៖ «​របស់​យើង​នេះ​វា​អត់​ផ្អែម​ខ្លាំង​ទេ យើង​ប្រើ​ស្ករ​ម៉ាល្មម​យើង​ប្រើ​ស្ករ​សុខភាព ក្នុង​កម្រិត​ទាប​បំផុត​»​។

ការបង្ហាញ​ពី​ផលិតផល​ធ្វើ​ពី​ផ្លែឈើ​នៅ​កម្ពុជា​ថ្មីៗ​នេះ​។ រូបថត សហការី

តំណាង​ចែកចាយ​ផលិតផល​វេហាស៍ជូស៍​រូបនេះ​បានឱ្យ​ដឹងថា ក្នុងអំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ មៀន​កំប៉ុង​ស្រស់ ត្រូវ​បាន​អតិថិជន​ជាវ​រៀប​ជា​កាដូ​ផ្ញើ​ចាស់ៗ​ពេល​ពួកគាត់​ទៅលេង​ស្រុក​។

កញ្ញា​និយាយ​ថា​៖ «​មៀន​កំប៉ុង​​ហ្នឹង​យើង​ដាក់​ក្លាស្សេ​ក្នុង​ទូទឹកកក ញ៉ាំ​ត្រជាក់ៗ​វា​ឆ្ងាញ់ ហើយ​ចាស់ៗ​ចូលចិត្ត​ផ្អែមៗ​តិចៗ​»​។

កញ្ញា ឆៃវ៉ុង ក៏​សម្គាល់​ឃើញ​ពី​សម្ទុះ​ការប្រើប្រាស់​របស់​ក្នុង​ស្រុក​ក្រោម​ការគាំទ្រ​ដោយ​អង្គការ និង​ក្រសួង​ពាក់ព័ន្ធ ដែល​រួមចំណែក​ផ្សព្វផ្សាយ​ផលិតផល និង​រៀបចំ​ការតាំង​ពិព័រណ៍​។

បន្ទាប់ពី​ការតាំង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​ទីក្រុង​កោះពេជ្រ​កាលពី​ដើម​ខែកញ្ញា ឆ្នាំនេះ កញ្ញា​បាន​ឱ្យ​ដឹងថា វេហាស៍ជូស៍ ផលិត​ជា​ស្ដង់ដា​ដាក់​កំប៉ុង​ជាមួយ​រូបរាង​ការ​វេចខ្ចប់​ត្រូវ​ស្ដង់ដា និង​ជម្រើស​ ២ ​រសជាតិ ដើម្បី​ធ្វើការ​ស្ទាបស្ទង់​មតិ​អតិថិជន​។

កញ្ញា ឆៃវ៉ុង លើកឡើង​ថា​៖ «​ថា​តើ​ ២ ​រសជាតិ​ហ្នឹង គាត់​ចូលចិត្ត​រសជាតិ​មួយណា ដោយសារ​យើង​ផ្ដោត​យកតែ​ ១ ​រសជាតិ​ទេ ជ្រើសរើស​ការផលិត​មួយ​យក​ជា​គោល​តែម្ដង​»​។

ក្រៅពី​កែច្នៃ​មៀន​ប៉ៃលិន ស្រកានាគ ម្នាស់ និង​ស្វាយ លោក កែវ កុសល បានឱ្យ​ដឹងថា លោក​​គ្រោង​បន្ថែម​ប្រភេទ​ផ្លែឈើ​បន្លែ​ជាច្រើន​មុខ​ទៀត​នៅ​ថ្ងៃ​អនាគត​។

សហស្ថាបនិក​វេហាស៍ជូស៍​បាន​​លើកឡើង​ថា​៖ «​ពួកខ្ញុំ​ទទួល​បាន​សិទ្ធិ​កែច្នៃ​បន្លែ​ផ្លែឈើ​។ អាច​និយាយ​បាន​ថា ទាក់ទង​នឹង​បន្លែ​ផ្លែឈើ​ពួកខ្ញុំ​អាច​ថែម​បាន​ទាំងអស់​។ ​ដូចថា ត្រូវការ​ថែម​គូលែន ឬ​សាវម៉ាវ គ្រាន់តែ​ធ្វើ​លិខិត​សុំច្បាប់​ថ្មី​មួយ​ទៅ​យើង​ថែម​ផលិតផល​ថ្មី​មួយទៀត​បាន​»៕