កំពត: នៅ​ឆ្នាំ​ ២០១៥ នៅពេល​អង្គការ​ដែល​​ធ្លាប់​ជ្រោក​កោន​ និង​ក្រេប​ចំណេះវិជ្ជា​ត្រូវបាន​បិទទ្វារយុវជន​ អៀម រ័ត្ន​ថៃ បាន​ផ្លាស់​មក​បន្ដ​ការ​សិក្សា​ផ្នែក​តន្ដ្រី​បុរាណ និង​សិក្សា​អក្សរ​ស្ទាប​ក្រោម​ដំបូល​អង្គការវិទ្យា​ស្ថាន​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ (KCDI) ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រង្វល់​មូល​ផ្លែ​ទុរេន​ ក្នុង​ទីរួម​ខេត្តកំពត។​ ដោយសារតែ​មាន​បញ្ហា​ពិបាក​ធ្វើ​ដំណើរ​ រ័ត្នថៃ ដែល​ពិការ​ភ្នែក​តាំងពី​ដំណើតបាន​សម្រេច​ចិត្ដ​បោះ​បង់​ការ​សិក្សា​​អក្សរ​ស្ទាប​ត្រឹម​ថ្នាក់​ទី៩ដោយ​បន្ដ​រៀន​តែ​ឧបករណ៍​ភ្លេង​បុរាណ​ចាប់​ពី​ស្គរខ្លុយនិង​ស្រឡៃប៉ុណ្ណោះ។


យុវជន រ័​ត្នថៃ​ ដែលមាន​ទីកំណើត​នៅ​ស្រុក​ឈូក​ ខេត្ដ​កំពតបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ចាប់​ផ្ដើម​រៀន​ស្គ​រ​តាំងពី​មុន​ឆ្នាំ​ ២០១៥​ ម្ល៉េះ តែ​ដោយសារ​ខ្ញុំ​ស្រឡាញ់​ឧបករណ៍​ខ្លុយ​ ទើប​ខ្ញុំ​ប្ដូរ​មក​រៀន​ខ្លុយ​វិញ​ក្នុង​ឆ្នាំ ​២០១៥​ ហើយខ្ញុំ​បានបន្ដ​រៀន​ឧបករ​ណ៍​ស្រឡៃ​មួយ​ទៀត​នៅ​​ឆ្នាំ​ ២០២២ ​នេះ​»។


រហូត​ដល់​សព្វ​ថ្ងៃនេះ​យុវជនរ័ត្ន​ថៃមាន​អាយុ​ ២៥ ​ឆ្នាំ​ តែ​អង្គការ​ផ្ដោតលើ​ការ​បង្រៀន​សិល្បៈ​ប្រពៃណី​ខ្មែរ​ដល់​ក្មេង​កំព្រានិង​កុមារ​មាន​ពិការភាព​ (KCDI) បានចាប់​កំណើត​តាំងពី​ឆ្នាំ​ ១៩៩៣ មក​ម្ល៉េះ។


អង្គការ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ (KCDI) ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៣ ជា​អង្គការក្រៅរដ្ឋាភិបាល​ និង​​ផ្តល់​សច្ចាប័ន​ដោយ SNC (​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ​) ដើម្បី​​គាស់​កកាយ​​ និង​ថែរក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ​ឡើង​វិញ​​។​


អ្នក​នាង កាធើរីន​ ល្វីសហ្គេច​​ ស្ថាបនិក​អង្គការនិង​​សាលា​តន្ត្រី​ប្រពៃណី​​សម្រាប់​កុមារកំព្រានិង​ពិការ​ខេត្ដ​កំពត​ បាន​និយាយថា​៖ «​ខ្ញុំ​បង្កើត​អង្គការ​នេះ​ឡើង ​ជាមួយ​បទពិសោធន៍​​​បង្រៀន​វី​យូ​ឡុង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈកាល​ខ្ញុំ​នៅ​វ័យ​ជំទង់ដោយបាន​ទៅ​ប្រគុំ​តន្ត្រី​នៅ​ទីនោះ​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩០ ខណៈ​នៅ​កម្ពុជា​កំពុង​ចងក្រង​ឯកសារ​ស្រាវជ្រាវ​ស្តីពី​ការរំលោភ​សិទ្ធិមនុស្សរ​បស់​ខ្មែរក្រហម​ និង​ឥទ្ធិពល​នៃ​សង្គ្រាម​លើ​ប្រជាជន​ស៊ីវិល​»​។​


អ្នក​នាង​ កាធើរីន បានទទួល​ការបណ្តុះបណ្តាល​ផ្នែក​តន្ដ្រី​​តាំងពី​អាយុ ៤ ឆ្នាំ ហើយ​បាន​ចូលរៀននិង​បញ្ចប់​ការសិក្សា​ពី Royal Academy of Music នៅ​ទីក្រុង​ឡុង​ដ៍បាន​បង្រៀន​វី​យូ​ឡុង​នៅ​សាកល​វិទ្យាល័យ​ចាប់ពី​ឆ្នាំ១៩៩១ រហូតមកហើយអ្នក​នាង​ក៏បាន​រៀន​ឧបករណ៍​ទ្រសោ​ និង​តន្ដ្រី​មហោរី​​ផងដែរ​។​

​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ អ្នកនាង​បាន​និយាយថា អ្នក​នាង​បានឃើញ​ផ្ទាល់ខ្លួន​ហើយថា ​វា​លំបាក​យ៉ាង​ណា​សម្រាប់​​តន្ដ្រីករ​រួម​អាជីព​ និង​សិល្បករ​ខ្មែរ​ដទៃទៀត​។សិល្បករ​ខ្មែរ​ប្រមាណ ៩០ ភាគរយ​ បាន​ស្លាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​​ខ្មែរក្រហម​ប៉ុលពត​។​

​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ កម្ពុជា​នៅ​បន្ដ​​សង្គ្រាមស៊ីវិល​ ដែល​ខ្មែរក្រហម​ត្រូវបាន​គាំទ្រ​នៅ​​អង្គការសហ​ប្រជាជាតិ​ហើយ​ស្រមោល​នៃ​អំពើ​ប្រល័យ​ពូជសា​សន៍​នៅក្នុងកម្ពុ​ជា និង​​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​ដែល​បាន​កើត​ឡើង​លើ​សិល្បករ​ខ្មែរ និង​វប្បធម៌​ប្រពៃណី​នៅតែ​បន្ដ​កើត​មាន​​​។​

​អ្នក​នាងកា​ធើរីនបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ពេលអ្នក​នៅ​សេស​សល់​ចាប់ផ្ដើម​ឡើង​វិញ​ កម្ពុជា​ត្រូវបាន​បំផ្លាញ​ស្ទើរ​តែ​គ្មាន​សល់​អ្វី។យើង​បាន​ជំពាក់​គុណ​បំណាច់​យ៉ាងច្រើន​​ចំពោះ​វីរសិល្បករ​-សិល្បការិនី​ ដែល​ខិតខំ​ប្រឹង​ប្រែង​មិន​ខ្លាច​នឿយ​ហត់​ក្នុង​ស្ថានភាព​ដ៏​លំបាក​​បំផុត​ដើម្បី​គាស់​កកាយ​កេរដំណែល​វប្បធម៌​ឱ្យ​រស់​ឡើង​វិញ​»។

អង្គការ KCDI ​ត្រូវបាន​បង្កើត​ឡើង​បំផុសគំនិត​ដោយ​សិល្បករ​ទាំងនេះជាមួយ​​ក្តី​ស្រឡាញ់ និង​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទម្រង់​សិល្បៈ​ប្រពៃណី​របស់​កម្ពុជា​។​

​លោក រស់​ សំអឿន អាយុ ​៧៦ ​ឆ្នាំ បាន​ចូលរួម​គម្រោង KCDI ជា​គ្រូបង្រៀន​តន្ត្រីមហោរី​​ក្នុង​ឆ្នាំ ១៩៩៧​។ អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្នុង​ទីក្រុង​ភ្នំពេញ​រូបនេះ ​បាន​​ឱ្យដឹង​ថា​​ពិតជា​រីករាយ​ណាស់​ដែល​លោក​​បាន​ផ្ទេរ​ចំណេះដឹង​​ទៅឱ្យ​ក្មេងៗ​ជំនាន់​ក្រោយហើយ​ពួកគេ​នឹង​បន្ត​អភិរក្ស​​សិល្បៈ​ប្រពៃណី​។​

អ្នក​នាង កាធើរីន​ បាន​ឱ្យ​ដឹង​ថា​៖ «​នៅ​ឆ្នាំ ១៩៩៤ ខ្ញុំ​បាន​សាង​សង់សាលា​តន្ត្រី​ប្រពៃណី​​សម្រាប់​កុមារ​កំព្រា និង​ពិការនៅ​ក្រុង​កំពត​។​ កាល​នោះ​ពិត​​ជាមាន​បញ្ហា​ប្រឈម​ដែរពីព្រោះ​មាន​សង្គ្រាមស៊ីវិលនិង​វិបត្តិ​ចំណាប់​ខ្មាំងហើយ​នៅ​មានការ​បាញ់​ផ្លោង​រវាង​កងកម្លាំង​រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្មែរ​ក្រហមដែលមាន​មូលដ្ឋាន​រឹងមាំ​នៅ​ភ្នំ​វល្លិ៍​ដោយ​មាន​​​បម្រាម​គោចរ​ម៉ោង ៣ រសៀល​នៅលើ​ផ្លូវធំ​ពី​ភ្នំពេញ​ទៅ​កំពត​»​។​

​សព្វថ្ងៃ​នេះ​សាលាបង្រៀន​តន្ត្រី​បុរាណ​ខ្មែរ និង​សិល្បៈ​សម្តែង​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​។ កុមារ​ខ្លះ​ស្នាក់នៅ​ក្នុង​សាលាហើយ​ពួកគេ​ត្រូវបាន​មើលថែ​ពេញ​ម៉ោង ខណៈដែល​អង្គការ​កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ដៃគូ​សុវត្ថិភាព​កុមារ​អន្តរ​ជាតិ​។​

តាំងពី​ដំណើរការ​មក​ក្នុង​ឆ្នាំ​ ១៩៩៤ ដែល​បានឆ្លង​កាត់​​ជំនាន់​ជា​ច្រើន​កន្លងមក​នេះសិស្ស​បាន​សិក្សា​នៅ​ក្នុង​អង្គការ​មាន​ចំនួន​ប្រហែល​ ៨០​ នាក់​ ដោយ​សិស្ស​មួយ​ចំនួន​ចូលរៀនក្នុង​អង្គការ​​តាំងពី​ពួកគាត់​នៅ​ថ្នាក់​ទី ២-៣ ​រហូត​ដល់​ចប់​វិទ្យា​ល័យ​។ ​

​​បើសិនជា​​ពួកគេ​មាន​បញ្ហា​លំបាក​ទីទាល់​ក្រឬ​មាន​ពិការភាព ​អង្គការបាន​ផ្ដល់​ទីកន្លែង​​ស្នាក់​នៅ និង​អាហារ​​។ នៅពេល​រៀន​ចប់​វិទ្យាល័យឬ​សាកលវិទ្យាល័យ ​ពួកគេ​​ចេញ​ទៅ​នៅ​ជាមួយ​សហគមន៍សាច់​សាលោហិត ឬ​រៀបចំ​ជាក្រុម​​​ដើម្បី​បង្កើត​ជា​អាជីព​បន្ដ​។ នេះ​បើ​យោង​តាម​លោក ងួន សុធី អាយុ ៥៩ ​ឆ្នាំជា​ប្រធាន​អង្គការ​ KCDI។

លោកបាន​និយាយថា​៖ «​ការ​សិក្សា​និង​ស្នាក់​នៅ​ក្នុង​អង្គការ​នេះមិន​ទៀង​ទាត់​ទេដោយ​សិស្ស​ខ្លះ​ស្នាក់​នៅ​រយៈ​ពេល​យូរ​អង្វែងហើយ​សិស្ស​ខ្លះ​ទៀត​ស្នាក់​នៅ​រយៈ​ពេល​ខ្លី​ចាប់​ពី ២-៣ ​ខែឬ​ ៥-៦​ ឆ្នាំ​ ឬ​រហូត​ដល់​រៀនចប់​ តែមិន​តិច​ជាង ៨០​ នាក់​ទេ​​ សម្រាប់​អ្នក​រៀន​រយៈពេល​យូរ​។ ​យើង​មាន​វគ្គ​បណ្ដុះ​បណ្ដាល​សម្រាប់​កុមារ​ក្នុង​សហគមន៍​ ដែល​មក​ហ្វឹក​ហាត់​រួច​ត្រឡប់​ទៅ​ផ្ទះ​គេវិញ»​។

​ប្រធាន​អង្គការ​រូប​នេះបាន​ឱ្យ​ដឹង​ថា ​សិស្ស​​ខ្លះ​ក៏​បង្កើត​ជា​អាជីព​ខ្លួន​ឯង​ ដូចជាក្រុម​របាំ​មហោរីក្រុមរាំរបាំ​ជូន​ពរក្រុម​ភ្លេង​ការ​​ និង​ក្រុម​របាំ​ត្រុដិ​ ជា​របរ​ចិញ្ចឹម​ជីវិត​របស់​ពួកគេ​​ និងជា​គ្រូ​បង្រៀន​នៅ​អង្គការ​​ទៀត​ផង​។

​បច្ចុប្បន្ន​នេះអង្គការ​​ប្រមូល​កុមារ​ក្នុង​សហគមន៍ដែល​ស្រឡាញ់​វិស័យ​សិល្បៈ​បុរាណ​មក​ហ្វឹកហាត់​របាំ​បុរាណ និង​ភ្លេង​ពិណពាទ្យ​ ដោយ​ខាង​អង្គការ​​​មាន​មធ្យោបាយ​ដឹក​ជញ្ជូនទាំង​ទៅ​ និង​មក​ឥត​គិតថ្លៃ។

លោក​ សុធី​ បាន​អះអាង​ថា កុមារ​សហគមន៍​បាន​ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​នេះមាន​ចំនួន ១៤​ នាក់​ ដោយសារ​ចាប់​អារម្មណ៍​វិស័យ​សិល្បៈ​បុរាណ​ដែល​ទើប​ចាប់​ផ្ដើម​ដំណើរ​ការ​​ជាង​ ២​​ ខែ​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ ទៀត​ថា​៖ «​ការ​ចូលរួម​របស់​កុមារ​ក្នុង​វិស័យ​សិល្បៈ​បុរាណ​នេះ​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ​ទេ។ ក្នុង​ពេល​ក្រុម​អង្គការ​យើង​ចុះ​ជួប​នាយក​សាលានិង​ឪពុកម្ដាយ​សិស្សទាំងអស់​ គឺមានតែ​អ្នក​ស្រឡាញ់​ចូលចិត្ដ​ប៉ុណ្ណោះ​ដែល​មក​ចុះ​ឈ្មោះ​ចូល​រៀន​​»។

បច្ចុប្បន្ន​ មាន​ក្មេង​ស្នាក់​នៅ​ក្នុង​អង្គការ​ចំនួន ១៦​ នាក់ ហើយ​បុគ្គលិក​សរុប​ ១០​ នាក់​។ មាន​សំណួរសួរ​ថាតើ​ក្មេង​តែ ១៦ ​នាក់ ហេតុអ្វី​មាន​បុគ្គលិក​រហូត​ដល់ ១០ ​នាក់​? លោក ​សុធី បាន​ពន្យល់​ថា វា​ដោយសារ​តែ​គ្រូ​បង្ហាត់​​ជំនាញ​ផ្សេងៗដូចជាភ្លេង​ពិណពាទ្យ​ ភ្លេង​មហោរីរបាំ​ប្រជា​ប្រិយរបាំ​បុរាណ​យីកេល្ខោន​ស្បែក​តូចចាប៉ីដង​វែង​ជាដើមនោះ ​មាន​ដល់ ៥ ​នាក់​ទៅហើយ​។ ​​បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យមាន​ ៣នាក់មេដោះ​ ១ នាក់ និង​ចុង​ភៅ​ ១ នាក់​។

ក្នុង​ចំណោម​សិស្ស​ស្នាក់​នៅ​ទាំង ១៦​ នាក់ ​​​សិស្ស​ពិការមាន​​ចំនួន ៤​ នាក់ ហើយ​សល់​ប៉ុន្មាន​ជា​កុមារ​ដែល​ឪពុក​ម្ដាយ​មិន​អាច​មើល​ថែបាន​ និង​កុមារ​ខ្លះ​កំព្រា​ឪពុកអ្នក​ខ្លះ​កំព្រា​ម្ដាយហើយ​អ្នក​ខ្លះ​​ទៀត​កំព្រា​ទាំង​ឪពុក​ និង​ម្ដាយ​។

លោក​បាន​បន្ថែម​ថា៖ «តាម​អង្គការ​អាច​ទទួល​ក្មេង​បានរហូត​ដល់​ជាង ៣០​ នាក់ ពីព្រោះ​យើង​មាន​ ៤​ បន្ទប់​ធំៗដែល​ ក្នុង​ ១ ​បន្ទប់​ អាច​ដាក់​សិស្ស​បាន​ ៨​ នាក់​។កន្លង​មកយើង​មាន​កុមារ​ស្នាក់​នៅ​ ៣២ ​នាក់ តែ​បច្ចុប្បន្ន​នេះយើង​មាន​គម្រោង​ធ្វើ​សមាហរណកម្ម​ពួកគេដោយ​ទទួល​តែ​កុមារ​ទីទាល់​ក្រ​ខ្លាំង​ និងគ្មាន​អ្នក​ចិញ្ចឹមតែប៉ុណ្ណោះ​»។

យុវជន រ័ត្នថៃ អាច​ផ្លុំ​ខ្លុយ​បាន​យ៉ាង​ល្អជា​មួយក្រុម​របស់ខ្លួន​ ប៉ុន្តែ​វង់ភ្លេង​​កម្រ​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្តែង​ក្នុង​ពិធី​ណាស់​។​

លោក​បាន​និយាយ​ថា​៖​ «​ខ្ញុំ​មិន​ខ្វល់​ខ្លាំងពេក​អំពី​ជោគវាសនា​អាជីព​នេះ​​ទេ​។ ខ្ញុំ​រៀន​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ចេញពី​ចិត្ត​។ ខ្ញុំ​មិន​គិតថា​ ខ្ញុំ​គួរ​ប្រញាប់​ទៅ​ទំនើប​ទេ​»​។​

​ក្នុង​រយៈ​ពេល​ជិត​ ៣០​ ឆ្នាំកន្លងមក បញ្ហា​ប្រឈម​បំផុត​ដែល KCDI កំពុង​តស៊ូ​ខ្លាំង​ គឺ​បច្ចេកវិទ្យា​សម័យ​ទំនើប​​។​

​នៅពេល​ដែលអ្នក​នាង​ កាធើរីន​ បានចាប់ផ្តើម​សាលាដំបូង​នៅ​ឆ្នាំ ១៩៩៤​ មិនមាន​ស្មា​ត​ហ្វូ​ន និង​គ្មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ មានឥទ្ធិពល​ខាងក្រៅ​តិចតួច​ណាស់​ពី​វប្បធម៌​លោក​ខាងលិច​។ នេះ​មាន​ន័យថា​តន្ត្រី និង​សិល្បៈ​ប្រពៃណី​ខ្មែរ​បាន​ក្លាយជា​ចំណុច​ស្នូល​​ក្នុង​សង្គម​កម្ពុជា​។​

​​​សម្ពាធ ​និង​ឥទ្ធិពល​ពី​ខាងក្រៅ​ចាប់ផ្ដើម​កើន​កាន់តែ​ច្រើនឡើង​ ដូច្នេះហើយទោះបីជា​តន្ត្រីនិង​សិល្បៈ​បុរាណ​ខ្មែរ​ត្រូវបាន​គាំទ្រ​យ៉ាងខ្លាំង​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ដោយ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​មហោស្រព​ជាតិ និង​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ក៏ដោយក៏​នៅតែមាន​យុវជន​ជាច្រើន​ពិតជា​មិនដឹង​អំពី​បេតិកភណ្ឌ​វប្បធម៌​របស់​ពួកគេហើយ​ជារឿយៗ​មិន​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ឪពុកម្តាយ​របស់​ពួកគេ​ឱ្យ​បន្ត​អាជីព​នៅក្នុង​តន្ត្រីនិង​សិល្បៈ​ប្រពៃណី​ខ្មែរ​ឡើយ​។​

​អ្នកនាង​បន្តថា ប្រជាជន​ត្រូវតែ​អភិរក្ស​​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​។​ តន្ត្រីនិង​សិល្បៈ​បុរាណ​ស្ថិត​នៅក្នុង​ភាព​ស្រស់​ស្អាត​ដែល​មនុស្ស​គ្រប់គ្នា​ស្វែងរក​ភាព​ស្ងប់​សុខ​និង​សន្តិភាព​ដ៏​អស្ចារ្យ​។ តន្ត្រីបុរាណ​ខ្មែរគឺជា​អំណោយ​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា​។ មនុស្ស​ជាច្រើន​មិនបាន​ដឹងថា ​ភ្លេង​ខ្មែរ​ត្រូវបាន​​ប្រើ​សម្រាប់​ទិដ្ឋភាព​ច្រើនយ៉ាង​ក្នុង​ជីវិត​តាំងពី​កើត​រហូតដល់​ស្លាប់​។​

អ្នក​នាង កាធើរីន​ បាន​​អំពាវនាវ​​ថា​៖ «​សូម​ឱ្យ​​យើងទាំងអស់គ្នា​ខិតខំ​គោរពនិង​ស្រឡាញ់​តន្ត្រី​ប្រពៃណី​ខ្មែរ និង​សិល្បករ​ខ្មែរ​ទាំងនោះ ដែល​បាន​បាត់បង់​ជីវិត​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយសារ​ពួកគេ​ជាវីរ​​សិល្បករ​​​ក៏ដូចជា​​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត និង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ស្តារឡើងវិញ​នូវ​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​របស់​កម្ពុជា​ក្រោយ​ឆ្នាំ ១៩៧៩​។​

​លោក ​សុធូ បាន​ឱ្យ​ដឹងថា ក្នុង​នាម​ជា​ស្ថាបនិក​នៃ​អង្គការ ​១ ​អស់​រយៈពេល​ជាង​ ២០​ ឆ្នាំ​មកហើយនោះ អ្នកនាង​កាធើរីន​បាន​លះបង់​ខ្លាំង​ និងច្រើន​ណាស់​សម្រាប់​​កុមារ​កម្ពុជា​ក្នុង​ការជួយ​ពួកគេ​ឱ្យទទួល​បាន​មរតក​សិល្បៈ​ប្រពៃណី​និង​ស្វែង​រក​មូលនិធិ​សម្រាប់​ទ្រទ្រង់​សាលា​រៀន ​និង​ជីវភាព​រស់​នៅ​​៕