​ភ្នំពេញៈ​ ​សៀវភៅ​ «​យុទ្ធសាស្ត្រ​បង្រៀន​»​ ជា​កម្រង​ឯកសារ​អប់រំ​ពាក់​ព័ន្ធ​ទៅនឹង​ការ​បង្រៀន​ និង​ការរៀន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដែល​រៀប​រៀង និង​ប្រែ​សម្រួល​ដោយ​លោក ឃិន វណ្ឌី គ្រូឧទ្ទេស​ឧ​ត្ត​មសិ​ក្សា​នៃ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ហើយ​សៀវភៅ​នេះ​ជា​ជំនួយ​ស្មារតី​ក្នុងការ​បំពេញ​បន្ថែម​លើ​របៀប​បង្រៀន​ និង​រៀន​ដែល​លោកគ្រូ អ្នកគ្រូ​ បាន​សិក្សា​កន្លង​មក ដើម្បីឱ្យ​ការ​បង្រៀន​ និង​ការរៀន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​


​លោកគ្រូ ឃិន វណ្ឌី​ បាន​ប្រាប់​ឱ្យដឹង​ថា ក្នុង​សៀវភៅ​យុទ្ធ​សាស្ត្រ​បង្រៀននេះ​ចែកជា​៦​ជំពូក ហើយ​បំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ពី​លទ្ធផល​នៃ​ការស្រាវ​ជ្រាវ​បច្ចុប្បន្ន​។ លោក​បាន​ប្រើពេល​វេលា​ពេញ​១ឆ្នាំ​ដើម្បី​រៀបចំ​ចងក្រង​សៀវភៅ​នេះ​ឡើង​និង​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ក្នុងការ​បោះពុម្ព​ឱ្យ​សៀវ​ភៅ​នេះ​លេច​ចេញ​ជា​រូប​រាង​។


​លោក ឃិន វណ្ឌី មាន​ប្រសាសន៍​ថា ៖ «​គោល​បំណង​ដែល​ខ្ញុំ​ធ្វើការ​រៀបចំ​ចង​ក្រង​សៀវភៅ​នេះ​ឡើង ដោយ​សារ​ឯកសារ​អប់រំ​នៅ​ស្រុក​យើង​មិន​សូវ​សម្បូរ ​ភាគ​ច្រើនតែ​សៀវភៅ​ជោគ​ជ័យ​…​អាច​មាន​ខ្លះ​ដែរ ​ប៉ុន្តែ​អ្នក​អប់រំ​ខ្លះ​លាក់​មិន​ព្រម​ផ្សាយ​ជា​សា​ធារណៈ​»​។​


​លោក​បាន​បន្ថែម​ថា ៖ «​វា​ជាការ​បំពេញ​បន្ថែម​លើ​អ្វីដែល​លោក​គ្រូ​អ្នកគ្រូ​ធ្លាប់​បានទទួល​ការបណ្តុះ​បណ្តាល​កន្លង​មក ដើម្បីឱ្យ​គ្រូ​មាន​យុទ្ធសាស្ត្រ​ច្រើន​ក្នុង​ការ​បង្រៀន​របស់​ខ្លួន​ឆ្ពោះទៅរក​ប្រសិទ្ធ​ភាព​នៃ​ការ​បង្រៀន ​និង​រៀន​។ថ្នាក់​រៀន​១ប្រសិន​បើ​គ្រូ​ប្រើតែ​យុទ្ធ​សាស្ត្រ​ដដែលៗ ឬ​ចេះ​តែ១ នោះ​គឺ​ពិបាក​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុងការ​បង្រៀន​ និង​រៀន​ណាស់ ពីព្រោះ​សិស្ស​នៅក្នុង​ថ្នាក់​មាន​របៀប​រៀន​សូត្រ​ខុសៗ​គ្នា អ៊ីចឹង​ហើយ​មិន​អាច​ប្រើ​តែ​យុទ្ធ​សាស្ត្រ​តែ១​សម្រាប់​សិស្ស​ទាំង​អស់​នោះ​ទេ​»​។


​លោក ឃិន វណ្ឌី បាន​ឱ្យ​ដឹង​ទៀត​ថា ធ្លាប់​បាន​ដឹងហើយថា​ សិស្ស​ដដែល ប៉ុន្តែ​ពួកគេ​អាច​រៀន​យល់ ឬ​ចូល​ចិត្ត​រៀន​ជាមួយ​គ្រូ​នេះ ប៉ុន្តែ​មិន​ពេញ​ចិត្ត​នឹង​រៀន​ជាមួយ​គ្រូ​នោះ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា រៀន​ជាមួយ​គ្រូ​នេះ​មាន​ជំនាញ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ប៉ុន្តែ​រៀន​ជា​មួយ​គ្រូ​នោះ​បែរ​ជា​មិន​មាន​ប្រសិទ្ធ​ភាព​ទៅវិញ​។


​លោក​ថា ៖ «​សួរថា ហេតុអ្វី​? គ្រូ​ត្រូវ​បង្កប់​គំនិត​ល្អ​ដោយ​មើលទៅ​សិស្ស​ថា​ជា​ភាវៈ​ដែល​មិនទាន់​ពេញ​លក្ខណៈ ​ហេតុដូច្នេះ​គ្រូ​ត្រូវ​មើល​ក្នុង​ន័យ​គួរឱ្យ​អាណិត​ពួក​គេ​(​សិស្ស​)​។ នៅពេល​ថ្នាក់រៀន​វិជ្ជមាន សិស្ស​សប្បាយ​ចិត្ត​ក្នុងការ​រៀន​សូត្រ នៅពេល​នោះ​ដំណើរ​ការ​បង្រៀន​និង​រៀន​នឹង​ទៅដោយ​រលូន ​ហើយ​ការអប់រំ​ក៏​រីកចម្រើន​ទៅ​តាម​ហ្នឹង​ដែរ​។ ប៉ុន្តែ បើ​គ្រូបង្រៀន​ងាក​បន្ទោស ​ងាក​អន់ចិត្ត ​ងាក​ខឹង​នឹង​សិស្ស មើល​សិស្ស​ដូច​ជា​សត្រូវ​ស៊ីសាច់​ហុត​ឈាម នោះ​ការ​អប់រំ​នឹង​ធ្លាក់​ដុន​ដាប​ជាក់​ជា​មិន​ខាន​ឡើយ​»​។​

​បើតាម​ការលើក​ឡើងរ​បស់​អ្នក​រៀប​រៀង​រូបនេះ បាន​ឱ្យដឹង​ថា សៀវភៅ «​យុទ្ធសាស្ត្រ​បង្រៀន​» មាន​ចំនួន​ ៦ជំពូក ដែល​ក្នុង​ជំពូក​នីមួយៗ​និយាយ​ពី​ចំណុច​ផ្សេងៗ​គ្នា​និង​មាន​ខ្លឹម​សារ និង​អត្ថ​ន័យ​ល្អៗ​ប្លែក​គ្នា​។​

​ក្នុង​ជំពូក​ទី​១ និយាយ​ពី​ឈ្វេង​យល់​ពី​ការបង្រៀន​ និង​រៀន ដែល​គ្រូ​ត្រូវផ្តោត​ការ​យល់​ដឹង​ពី​របៀប​រៀន​របស់​សិស្ស​ក្នុង​ការ​ជួយ​ពួកគេ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​សិក្សា​ខ្ពស់​ និង​សិស្ស​ក្នុង​ថ្នាក់​រៀន​មាន​របៀប​រៀន​ខុសៗ​គ្នា​។

​នៅ​គ្រាមួយ​នោះ​ក្នុង​ថ្នាក់​រៀន​មាន​សិស្ស​ខ្លះ​បែរមុខ​អើត​ចេញ​តាម​បង្អួច ដោយ​មិន​រវីរវល់​មើល​មុខ​គ្រូ​ដែល​កំពុង​ប្រឹង​ពន្យល់​។ គ្រូ​ឃើញ​ក៏​កើត​អារម្មណ៍​ខឹង​អត់​ទ្រាំ​មិនបាន​ក៏​យក​ប្រដាប់​លុប​ក្តារខៀន​គប់​តម្រង់​ទៅ​សិស្ស​ហុយ​សំពោង ​និង​ស្តីឱ្យ​សិស្ស​។ តាម​ពិតទៅ​សិស្ស​នោះ​គឺ​កំពុង​ស្តាប់​គ្រូ​ពន្យល់​យ៉ាង​យក​ចិត្តទុ​កដាក់​។ សិស្ស​នោះ​គឺជា​ប្រភេទ​អ្នក​សិក្សា​តាមរយៈ​ការ​ស្តាប់(​សោត​វិញ្ញាណ​)​។ នេះ​ជា​ចំណុច​ខ្លះ​ក្នុង​ជំពូក​ទី​១​។​

​ជំពូក​ដដែល​នៃ​សៀវភៅ​នេះ បាន​បន្ថែម​ថា ពួកគេ​មិនត្រូវ​ការ​មើល​មុខ​គ្រូ​ឱ្យចំ​នោះទេ ប៉ុន្តែ​ពួកគេ​ចូល​ចិត្ត​ស្តាប់​។ ពួកគេ​ទទួល​បាន​ព័ត៌មាន​បានល្អ​ដោយ​ការ​ស្តាប់​។ ក្នុង​ជំពូក​ទី​១​នេះ នឹង​ជួយ​គ្រូ​ឱ្យ​យល់ដឹង​អំពី​ប្រភេទ​អ្នក​សិក្សា​នីមួយៗ​បាន​ស៊ីជម្រៅ​ និង​ជួយ​គ្រូ​ឱ្យ​អាច​កំណត់​អត្ត​សញ្ញាណ​នៃ​អ្នក​សិក្សា​ទាំង​នោះ​ផង​ដែរ​ ហើយ​ជា​ពិសេស​បង្ហាញ​ពី​វិធី​សាស្ត្រ​ក្នុង​ការ​ជួយ​អ្នក​សិក្សា​តាម​ប្រភេទ​នីមួយៗ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​

​ចំណែក ជំពូក​ទី​២ បាន​ពន្យល់​ពី​ការ​អនុវត្ត​ថ្នាក់រៀន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដែល​ពណ៌​នាពី​អន្តរ​កម្ម​រវាង​គ្រូ​-​សិស្ស និង​សិស្ស​-​សិស្ស​។ ការ​អនុវត្ត​ថ្នាក់រៀន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​គឺ​ពេល​សិស្ស​មាន​អារម្មណ៍​ថា​មាន​តម្លៃ និង​គាំទ្រ​ក្នុង​ដំណើរ​ការសិក្សា​។ គ្រូ​បង្រៀន​ត្រូវបំពេញ​តម្រូវ​ការ​រប​ស់​អ្នក​សិក្សា​។​

«​គ្រូ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​គឺ​ត្រូវ​ចេះ​គ្រប់​គ្រង​មេរៀន​ឱ្យបាន​ល្អ​។ គ្រូ​ត្រូវ​យល់​ដឹង​អំពី​របៀប​បញ្ជូន​ខ្លឹម​សារ​មេរៀន និង​ការប​ញ្ចប់​មេរៀន​។​ក្នុងការ​គ្រប់​គ្រង​មេរៀន​គឺ​តែង​តែ​កើតមាន​បញ្ហា​ផ្សេងៗ ហើយ​គ្រូ​មួយ​ចំនួន​មិន​បាន​ខិតខំ​ឈ្វេង​យល់​ពី​មូល​ហេតុ​ទេ ប៉ុន្តែ​គិតតែ​ស្តី​បន្ទោស​សិស្ស​។​នៅ​ចុង​បញ្ចប់​នៃ​ជំពូក​នេះ​បាន​បង្ហាញ​ពី​មូល​ហេតុ​នៃ​អាកប្ប​កិរិយា​ខុស​ឆ្គង​របស់​សិស្ស និង​ការដោះ​ស្រាយ​អាកប្ប​កិរិយា​មិន​សមរម្យ​របស់​សិស្ស​»​។ តាម​ការ​លើក​ឡើង​រប​ស់​ជំពូក​ទី​២​នៃ​សៀវ​ភៅ​នេះ​។​

​រីឯ ជំពូក​ទី​៣ ការ​ធ្វើផែន​ការ និង​ការរៀប​ចំ​ការ​បង្រៀន ដែល​សិក្សា​ពី​វដ្ត​នៃ​ការបង្រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដូច​ជា​៖ ការជ្រើសរើស​កម្មវិធី​សិក្សា​, ការកំណត់​អត្ត​សញ្ញាណ​ពី​ស្ថាន​ភាព​នៃ​ការរៀន​, ការ​រៀបចំ​ផែនការ​បង្រៀន​, ការ​បង្រៀន​មេរៀន​, ការវាយ​តម្លៃ​លើ​ការរៀន​, វិភាគ​លទ្ធ​ផល​សិក្សា និង​ការ​ត្រួត​ពិនិត្យ​តាម​ដាន​។

​ក្នុង​ជំពូក​នេះ​សង្កត់​ធ្ងន់​លើ​ការរៀ​បចំ​ផែនការ​មេរៀន​ដោយ​ផ្តោតលើ​ការសរ​សេរ​វត្ថុ​បំណង​មេរៀន​ផ្អែកលើ​កម្រិត​របស់​ប្ល៊ូ​ម​តាក់​សូ​ណូ​មី​។ នៅ​ពេល​អ្នក​រៀបចំ​ផែ​នការ​សរសេរ​វត្ថុ​បំណង​នៃ​ការ​បង្រៀន អ្នក​ត្រូវ​ពិចារ​ណា​លើ​ផ្នែក​ទាំង​៣នៃ​​ការចាត់​ថ្នាក់​៖ ផ្នែក​ពុទ្ធិ (Cognitive domain), ផ្នែក​ស​ញ្ចេ​ត​នា (Affective domain) និង​ផ្នែក​ចិត្ត​ចលនា ​(Psychomotor domain)​។ កុំ​សរសេរ​វត្ថុ​បំណង​នៅ​កម្រិត​នៃ​ការ​ចាត់​ថ្នាក់​ដាច់​ដោយ​ឡែក​ពីគ្នា ដើម្បី​គ្រាន់​តែមាន​វត្ថុ​បំណង​នៅ​គ្រប់​កម្រិត​។

​បន្ទាប់ពី​ធ្វើ​ផែន​ការ​បង្រៀន​និង​ការរៀប​ចំ​ថ្នាក់​រៀន​ហើយ គ្រូ​ចាប់​ផ្ដើម​អនុវត្ត​ការ​បង្រៀន ដែល​ការ​អនុវត្ត​ការ​បង្រៀន​នេះ​មាន​ចែង​នៅក្នុង​ជំពូក​ទី​៤​។ ការអនុវត្ត​ការបង្រៀន​ដ៏​ល្អ​គឺ​គ្រូ​ត្រូវ​ផ្អែកលើ​ខ្លឹមសារ​,​សិស្ស​,​ពេល​វេលា និង​ធន​ធាន​។​ជំពូក​នេះ​ផ្តោត​សំខាន់​លើ​ការ​សួរ​សំណួរ​។

​ជំពូក​នេះ​បាន​លើក​ឡើង​ថា គ្រូ​ត្រូវ​យល់​ដឹង​ពី​គោល​បំណង​នៃ​ការ​សួរ​សំណួរ​។ តើ​ហេតុអ្វី​បាន​ជា​សួរ​សំណួរ​? តើ​សំណួរ​កម្រិត​ណា​ដែល​ត្រូវ​ប្រើប្រាស់​?តើ​អ្វីខ្លះ​ជា​បញ្ហា​ទូទៅ​ក្នុងការ​ប្រើប្រាស់​សំណួរ​?ដូចជា ​សំណួរ​គ្រូ​មាន​លក្ខណៈ​មិន​ច្បាស់ ​ឬ​សំណួរ​គ្រូ​ស្មុគ​ស្មាញ​ពេក​។ តើ​គ្រូ​ទទួល​យកតែ​ចម្លើយ​ដែល​គ្រូ​រំពឹង​ទុក​មែន​ទេ​? នៅពេល​សួរ​សិស្ស តើ​គ្រូ​ធ្លាប់​ឆ្លើយ​សំណួរ​ខ្លួន​ឯង​ទេ​? តើ​គ្រូ​ដឹង​ថា​សំណួរ​ប្រភេទ​ណា​ដែល​គេ​ចាត់​ទុក​ថា​ជាការ​សួរ​ដើម្បី​ដាក់​ទណ្ឌ​កម្ម​សិស្ស​?​នៅ​ចុង​ជំពូក​នេះ​នឹង​ប្រាប់​ពី​ការអនុវត្ត​ការ​សួរ​សំណួរ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​?

​ក្នុង​ជំពូក​ជិត​ចុង​បញ្ចប់ គឺ​ជំពូក​ទី​៥​នៃ​សៀវភៅ​នេះ​បាន​ពន្យល់​លម្អិត​អំពី​តេស្ត​វាយ​តម្លៃ ក្នុង​ថ្នាក់រៀន​។ ការធ្វើ​តេស្ត​វាយ​តម្លៃ​គឺអាច​ដឹង​ពី​ការរីក​ចម្រើន​របស់​សិ​ស្ស និង​ដឹង​អំពី​ស្ថាន​ភាព ឬ​លក្ខខណ្ឌ​នៃ​ការ​សិក្សា​របស់​សិស្ស​។ ជា​ដំបូង​យើង​ត្រូវ​យល់ថា​តើ​អ្វី​ជា​តេស្ត​វាយតម្លៃ​ជាមុន​សិន​។

​បន្ទាប់​មក តើ​អ្វី​ជា​គោល​បំណង​នៃ​តេស្ត​វាយ​តម្លៃ​? មានការ​ជជែក​ផងដែរ​អំពី​តេស្ត​វាយ​តម្លៃ​ចំនួន​៤​គឺ បុ​រេ​តេស្ត​វាយតម្លៃ​, តេស្ត​វាយ​តម្លៃ​តាម​ដំណាក់​កាល​, តេស្ត​វាយ​តម្លៃ​ខ្លួនឯង និង​តេស្ត​វាយ​តម្លៃ​សរុប​។ ក្នុង​តេស្ត​វាយ​តម្លៃ​នីមួយៗ​បាន​ស្រាយ​បញ្ជាក់​ពី​ដំណើរការ​តេស្ត គំរូ​តេស្ត​ឬ​ប្រភេទ​តេស្ត​។

​ឧទាហរណ៍​ថា ប្រភេទ​តេស្ត​នៃ​ទម្រង់​ពហុ​ជ្រើស​រើស គេ​ប្រើ​វា​ក្នុង​តេស្ត​វាយ​តម្លៃ​សរុប​។ ក្នុង​ទម្រង់​ពហុ​ជ្រើសរើស​នោះ​ក៏​រៀបរាប់​ពី​គោលការណ៍​ណែនាំ​សម្រាប់​ការ​ប្រើ​ប្រាស់​វា​ដែរ​។ គ្រូ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​គឺ​ត្រូវ​ស្គាល់ ​និង​ចេះ​ប្រើប្រាស់​តេស្ត​វាយ​តម្លៃ​ឱ្យបាន​ត្រឹមត្រូវ​។

​សម្រាប់​ជំពូក​ទី​៦​ដែលជា​ជំពូក​ចុង​ក្រោយ​នៃ​សៀវភៅ​នេះ​គឺ​ការ​លើក​យក​វិធី​សាស្ត្រ និង​គំរូ​នៃ​បង្រៀន​មួយ​ចំនួន​ដូចជា វិធីសាស្ត្រ​បង្រៀន​តាម​បែប​ពិភាក្សា និង​វិធី​សាស្ត្រ​បង្រៀន​តាម​បែប​សហ​ការ​ជាដើម​។

​លោក ឃិន វណ្ឌី បាន​លើក​ឡើ​ងថា ក្នុងនោះ​លោក​បាន​លើក​យក​វិធី​សូ​ក្រា​ត​មក​សិក្សា​សម្រាប់​ការអនុវត្ត​នៅ​ថ្នាក់​រៀន​។ ធ្លាប់តែ​ឮ​វិធី​សូ​ក្រា​ត​ក្នុង​ពិភព​ទស្សនវិជ្ជា ហើយ​និស្សិត​ទស្សនវិជ្ជា​ក៏​តែង​ធ្លាប់​ឮ​ដែរ ហើយ​ត្រឹម​ដឹងថា​ជាការ​សន្ទនា​។ តើ​ការ​សន្ទនា​នោះ សន្ទនា​ដូចម្តេច​? តើ​វិធី​សូ​ក្រា​ត​មាន​ជំហាន​ដែរ​ឬទេ​​? ហើយ​បើ​គេ​អនុវត្ត​វិធី​នេះ​ក្នុង​ថ្នាក់ តើ​អនុវត្ត​យ៉ាង​ដូច​ម្តេច​?

​លោក​ថា ចម្លើយ​យ៉ាង​ក្បោះ​ក្បាយ​មាន​ក្នុង​សៀវភៅ​នេះ​។ យ៉ាង​ណាមិ​ញ ការ​ពិភាក្សា​ក្នុង​ថ្នាក់រៀន​គឺជា​វិធីសាស្ត្រ​បង្រៀន​ដ៏​សំខាន់ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹក​ញាប់​ទេ​។

​លោក​ឃិន វណ្ឌី បាន​បន្ថែមថា ៖ «​ក្នុង​វិធី​សាស្ត្រ​នេះ​ក៏បាន​លើក​យក​បច្ចេក​ទេស​ខ្លះមក​អនុវត្ត​ដូចជា ជួរ​ពិគ្រោះ​យោ​បល់​, ជ្រុង​ទាំង​៤, គំនូ​រវិចិត្រ​សាល​, រង្វង់​ខាង​ក្នុង​ខាងក្រៅ​រង្វង់​, គិត ដៃគូ ​ចែក​រំលែក​, បញ្ចូល​គ្នា បង្កក ​ដៃគូ​…​។​ល​។ យើង​ធ្លាប់​ដឹង​ហើយ​ថា ក្នុង​គោល​វិធីសាស្ត្រ​មាន​វិធី​សាស្ត្រ​បង្រៀន​ជាច្រើន ហើយ​ក្នុង​វិធី​សាស្ត្រ​បង្រៀន​ក៏មាន​បច្ចេក​ទេស ឬ​យុទ្ធ​សាស្ត្រ​បង្រៀន​ជា​ច្រើន​ទៀត​»​។

​ដូច្នេះ គ្រូ​មិន​ត្រឹមតែ​ចេះ​ពី​វិធីសាស្ត្រ​បង្រៀន​ទេ ប៉ុន្តែ​ត្រូវ​ឈ្វេង​យល់​ពី​បច្ចេក​ទេស ឬ​តិច​និក ឬ​យុទ្ធ​សាស្ត្រ​បង្រៀន​ឱ្យបាន​ច្រើន​ដើម្បី​ឱ្យ​ដំណើរ​ការ​បង្រៀន​និង​រៀន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ​ឃិន វណ្ឌី​។​

​សូម​បញ្ជាក់​ថា សៀវភៅ​យុទ្ធ​សាស្ត្រ​បង្រៀន​បោះ​ពុម្ព​គ្រា​ទី​១ ថ្ងៃទី​២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២២ នៅ​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន ​១ ០០០​ច្បាប់ កម្រាស់​៤០៦​ទំព័រ ដែល​មាន​តម្លៃ ៤៤ ០០០៛​។ ប្រសិន​បើ​មិត្ត​អ្នកអាន​ចាប់​អារម្មណ៍​ចង់​ជាវ​សៀវភៅ​នេះ សូម​ទាក់​ទង​តាមរយៈ 089 856 ​764/​ 092 ​888 ​512៕