ល្ខោនខោល​របស់​ខ្មែរ បើ​គិត​មកដល់ពេលនេះ​គឺ​ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អស់​រយៈពេល​ ៤ ​ឆ្នាំ​ហើយ ក៏​ជា​រយៈ​ពេលដែល​ការ​ចម្រូងចម្រាស​រវាង​ប្រជាជន​ខ្មែរ និង​ថៃ​បាន​ស្ងប់ស្ងាត់​ទៅវិញ​ដែរ​។


​ដោយឡែក ឆ្នាំនេះ​ក៏​ជា​ពេលវេលា​ដែល​មានការ​ប្រារព្ធ​ការសម្ដែង​ផ្សេងៗ ក្នុងឱកាស​គម្រប់​ខួប​ ៤ ​​ឆ្នាំ​ នៃ​ការចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​ល្ខោនខោល​។ ល្ងាច​ថ្ងៃទី ​២៥ ​នេះ ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី ដឹកនាំ​ដោយ​លោកគ្រូ ហង់ ភូមិ​រ៉ា ហៅ យាយ​កន្តែរ៉ែ នឹង​សម្ដែង​ល្ខោនខោល ដោយមាន​ការបើក​ឱ្យចូល​ទស្សនា​ដោយ​មិន​គិត​ប្រាក់​ឡើយ​។


​មិន​ត្រឹមតែ​មានការ​សម្ដែង​ប៉ុណ្ណោះ​ទេ មហាជន​ដែល​ចូលរួម​នឹងមាន​ឱកាស​ស្គាល់​កាន់តែច្បាស់​សមិទ្ធផល​សិល្បៈ របស់​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី​ដូចជា សម្លៀកបំពាក់ ខ្មុក និង​ឧបករណ៍​ភ្លេង​នានា តាមរយៈ​ការតាំងពិព័រណ៍​នៅក្នុង​បរិវេណ​កម្មវិធី​ទាំងមូល ដែល​កម្មវិធី​នឹងធ្វើ​ឡើង​នៅ​អគារ​ខេមរា​នី ទីស្នាក់ការ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​


​យ៉ាងណាមិញ យុវជន​ពីររូប​ដែល​បាន​ចូលរួម​ទស្សនាការ​សម​ឆាក​ កាលពី​ល្ងាច​ថ្ងៃទី ២៤​ ​វិច្ឆិកា​កន្លងទៅ និង​ដែលមាន​វត្តមាន​នៅក្នុង​ការសម្ដែង​ជា​ផ្លូវការ​ដែរនោះ បានបង្ហាញ​អារម្មណ៍​រំភើប និង​ប្លែក​ជាខ្លាំង​ទៅលើ​ទស្សនីយភាព​ថ្មីៗ ដែល​ពួកគេ​មិនដែល​មាន​ទស្សនា​ពីមុនមក​សោះ​។


​កញ្ញា ម៉ាន់ ហ៊ុយ​លាង បាន​រៀបរាប់ថា​៖ «​សម​ឆាក​ល្ងាច​មិញ​គឺ​មែនទែន​! ប្លែក​ពី​ល្ខោន​ទូទៅ រាល់ដង​ធ្លាប់​មើល​តែ​ល្ខោនបាសាក់ ល្ខោន​តាម​វត្ត តែ​ដោយឡែក​ល្ខោន​នេះ​គេ​ដកស្រង់​ចេញពី​រឿង​រៀមកេរ្តិ៍ ដែល​ចេញពី​អក្សរសិល្ប៍​មួយ ទើប​ធ្វើឱ្យ​វា​កាន់តែ​ប្លែក​ភ្នែក​»​។​


​កញ្ញា​ក៏បាន​បញ្ជាក់​ផងដែរ​ជុំវិញ​ការចូលរួម​របស់​មហា​ជន​ក្នុង​ការគាំទ្រ​ព្រឹត្តិការណ៍​មួយ​នេះ ដោយ​ថា​៖ «​ការ​រកាំរកូស​កន្លង​ទៅ គឺ​មកពី​ការមិន​ស្គាល់​របស់​ខ្លួនឯង​ច្បាស់ តែ​បន្ទាប់ពី​ដាក់ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​រួចហើយ យើង​គួរតែ​មក​គាំទ្រ​ទាំងអស់គ្នា​...​ថ្នាក់​ក្រសួង​គេ​បាន​បំពេញភារកិច្ច​ការពារ​សម្បត្តិ​ខ្មែរ​យើង​រួចហើយ អ្វីដែល​នៅសល់​គឺជា​ការចូលរួម​យល់ដឹង​ទាំងអស់គ្នា​»​។​

​លោក នឿន សុធា ឯណោះ​វិញ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ដោយ​លោក​រៀបរាប់ថា​៖ «​ខ្ញុំ​ធ្លាប់តែ​មើល​ការប្រគំ​តន្ត្រី តែ​ល្ងាច​មិញ​នេះ​ខ្ញុំ​បានឃើញ​ការ​សម​ឆាក​ល្អ​មែនទែន​! ខ្ញុំ​និង​មិត្តភក្ដិ​ផ្សេងទៀត​មាន​អារម្មណ៍​ព្រឺ​សម្បុរ​ខ្ញាកៗ​តែម្ដង​»​។​

​លោក​បញ្ជាក់ថា អ្វីដែល​លោក​បានឃើញ​ កាលពី​ថ្ងៃទី​ ២៤ ម្សិលមិញ​នេះ ​គ្រាន់តែ​ជាការ​សម​ឆាក​ប៉ុណ្ណោះ ប៉ុន្តែ​ទិដ្ឋភាព​ទាំងមូល​ពិតជា​រលូន និង​ល្អ​បាត់ទៅហើយ ទម្រាំ​តែ​ថ្ងៃនេះ​ដែលជា​ថ្ងៃ​សម្ដែង​ផ្លូវការ លោក​រំពឹង​ខ្ពស់​ថា​នឹង​កាន់តែ​ល្អ​ថែមទៀត​។​

​ដូច្នេះហើយ លោក​យក​ឱកាស​នេះ​អំពាវនាវ​ដល់​មហាជន​ឱ្យចូល​រួម​ដោយ​កុះករ ខណៈដែល​កម្មវិធី​នេះ​មិនមាន​គិត​ប្រាក់​ទេ ម្យ៉ាងទៀត​ជាការ​បង្ហាញ​ការគាំទ្រ​ក្នុងនាម​យើង​ជា​ម្ចាស់​សម្បត្តិ​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​នេះ​។

​យ៉ាងណាមិញ ការសម្ដែង​ល្ខោនខោល​ដែល​នឹង​ប្រារព្ធ​ឡើង​នៅវេលា​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃនេះ នឹងមាន​ការដកស្រង់​ត្រង់​ឈុត ត្រី​មេឃ​ក្នុង​រឿង​រាមកេរ្តិ៍ អម​ជាមួយ​ការសម្ដែង​របាំ​ក្បាច់បុរាណ ជា​ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​ធំ​បំផុត​មួយ​។

​គួររំឭកថា កាលពី​ឆ្នាំ ​២០១៦ កន្លងទៅ មានការ​បង្ហោះ​ឌឺដង​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រជាជន​កម្ពុជា​មួយចំនួន និង​បន្ទាប​តម្លៃ​ល្ខោន ខូ​ន (Khon) របស់​ប្រទេស​ថៃ បន្ទាប់ពី​ក្រសួង​វប្បធម៌​នៃ​ប្រទេស​ថៃ​គ្រោង​ដាក់​ល្ខោន​ខូ​ន ដែលមាន​ទម្រង់​ស្រដៀង​ទៅនឹង​ល្ខោនខោល ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​។ ប៉ុន្តែ​យ៉ាងណា ល្ខោនខោល​ខ្មែរ​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​២​ឆ្នាំ​បន្ទាប់​។

​គួរឱ្យ​ដឹងថា សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួមមាន​៖

​ផ្នែក​រូបិយ​មានដូចជា​៖ ប្រាសាទ​នៅ​តំបន់​អង្គរ ត្រូវបាន​ដាក់បញ្ចូល​ កាលពី​ថ្ងៃទី​​ ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារ ត្រួវបាន​ដាក់បញ្ចូល​ កាលពី​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨​។ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ត្រូវបាន​ដាក់បញ្ចូល​ កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ ២០០៩​។ ប្រាសាទសម្បូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​ កាលពី​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ ២០១៧​។

​ផ្នែក​អ​រូបិយ​មានដូចជា​៖ របាំ​ព្រះរាជ​ទ្រព្យ ត្រូវបាន​ដាក់បញ្ចូល​ កាលពី​ថ្ងៃទី ​៧ ខែវិច្ឆិកា ឆ្នាំ ២០០៣​។ ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវបាន​ដាក់បញ្ចូល​កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥​។ រឿង​រាមកេរ្តិ៍​តា​គ្រុឌ ត្រូវបាន​ដាក់បញ្ចូល​ កាលពី​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៤​។ ល្បែង​ទាញព្រ័ត្រ ត្រូវបាន​ដាក់បញ្ចូល​កាលពី ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ ។ ចាប៉ីដងវែង ត្រូវបាន​ដាក់បញ្ចូល​ កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦​។ ល្ខោនខោល ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នា​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស​៕