ការប្រកួតប្រជែង​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​សៀវភៅ​​ និង​ការអាន​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានរៀបចំ​ប្រកាស និង​ប្រគល់​ពានរង្វាន់​ល្ងាច​ថ្ងៃទី​ ២៥ ខែវិច្ឆិកា នេះ​។ ម្ចាស់​ជយលាភី​ឆ្នាំនេះ​បាន​ទៅលើ​អ្នក​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា​។ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​បែង​ចែកជា​២​ផ្នែក មួយផ្នែក​កំណាព្យ និង​មួយផ្នែក​ទៀត​រឿង​ខ្លី​។


​ជយលាភី​ផ្នែក​កំណាព្យ​លេខ​១​បាន​ទៅ លោក ភិរម្យ ដា​រ៉ា មកពី​ខេត្តស្ទឹងត្រែង លោក​និពន្ធ “​រឿង​គុណ​ការងារ​”​។ ជយលាភី​លេខ​២ ផ្នែ​កំណាព្យ​ដដែល​បាន​ទៅ​កវីនិពន្ធ មឿ​ន សំណាង មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក​និពន្ធ “​រឿង​អ្នកគ្រូ​ជាយដែន​” លេខ​៣ បាន​ទៅលើ​លោក ជួន ខ្មៅ មកពី​ខេត្ត​ព្រះសីហនុ លោក​និពន្ធ “​រឿង​មេស្រុក​”​។ លេខ​៤ បាន​ទៅលើ លោក ចំរើន សុ​ភ័​ក្រ មកពី​ខេត្តកំពត ដែល​លោក​និពន្ធ “​រឿង​ព្យុះ​ជីវិត​នាង​រស្មី​”​។ ហើយ​ជយលាភី​លេខ​៥ បាន​ទៅលើ​លោក សាម សុ​និ​ត ខេត្តកំពង់ចាម លោក​និពន្ធ “​រឿង​សន្សើម​សន្តិភាព​”​។ សូមបញ្ជាក់​បន្តិច​ថា​លោក សាម សុ​និ​ត បានទទួល​មរណភាព​កាលពី​ខែតុលា​កន្លង​ទៅដោយ​ជំងឺ​គាំងបេះដូង​។

​ចំណែក​ជយលាភី​សម្រាប់​ប្រលោមលោក​ខ្នាត​ខ្លី​វិញ​លេខ​១​បាន​ទៅលើ​លោក ហ៊ុយ សារ៉ាត់ មកពី​ខេត្តពោធិ៍សាត់ ដែល​លោក​និពន្ធ​រឿង “​បណ្តឹង​សហគមន៍​”​។ លេខ​២ បាន​ទៅ​លោក សុវណ្ណ សិរីវុឌ្ឍ មកពី​រាជធានី​ភ្នំពេញ លោក​និពន្ធ​រឿង “​សំនៀង​ប៊ិ​ឡា​នី​”​។ និង​លេខ​៣​បាន​ទៅ​លោក ពៅ មករា មកពី​រាជធានី​ភ្នំពេញ គឺ​រឿង “​ថ្ងៃ​រះ​ហើយ​ពុក​”​។ ឯ​ពានរង្វាន់​លួង​ចិត្ត លេខ​៤ បាន​ទៅ​លោក តុ​ន ច័ន្ទ​រិ​ទ្ធ មកពី​ខេត្តបាត់ដំបង លោក​និពន្ធ​រឿង “​បាសាក់​”​។ លេខ​៥ បាន​ទៅ​លោក សៀង ឈុនលី មកពី​ខេត្តកំពង់ស្ពឺ លោក​និពន្ធ​រឿង “​ក្រាំង​តា​ត្រាវ​”​។​


​ពានរង្វាន់​ដែល​ប្រគល់ជូន​បេក្ខជន​ទាំង​២​ផ្នែក​មាន​៖ លេខ​១ ពានមាស​១ ប្រកាសនីយបត្រ​១ និង​ថវិកា​។ លេខ​២ ពានប្រាក់​១ ប្រកាសនីយបត្រ​១ និង​ថវិកា​។ លេខ​៣ ពានសំរិទ្ធ​១ ប្រកាសនីយបត្រ​១ និង​ថវិកា​។ រីឯ​ពានរង្វាន់​លួង​ចិត្ត​ទទួលបាន ប្រកាសនីយបត្រ​១ និង​ថវិកា​។​


​លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ​និង​ការអាន​បាន​ប្រាប់​ឱ្យដឹងថា​ស្នាដៃ​ដែល​បេក្ខជន​បានដាក់​ប្រឡង​ឆ្នាំនេះ​ទាំង​ប្រលោមលោក​ខ្នាត​ខ្លី និង​កំណាព្យ​មាន​វិសេសភាព​ផ្សេងៗ​គ្នា និង​មានតម្លៃ​អប់រំ​បង្ហាញ​ពី​តថភាព​នៃ​សង្គម​របស់​អ្នកនិពន្ធ​។ លោក​បញ្ជាក់ថា​៖ «​កម្រិត​ស្នាដៃ​មិនជា​ខុសគ្នា​ប៉ុន្មាន​ទេពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ គ្រាន់​តែមាន​វិសេសភាព​ប្លែក​គ្នា ជួន​អ្នកនិពន្ធ​យក​ផ្នែក​នេះ​មក​លាតត្រដាង ជួន​យក​ផ្នែក​នោះមក​លាតត្រដាង បើ​ថាឱ្យ​លេចធ្លោ​ដាច់​គេ​នោះ យើង​មិនទាន់​សង្កេតឃើញ​ទេ​។ ចំពោះ​កំណាព្យ​វិញ គណៈកម្មការ​វាយតម្លៃ​កោតសរសើរ​ថា​សរសេរ​បានល្អ​ទៅលើ​ក្បួន​កាព្យ ចំណាប់ចុងចួន និង​អក្ខរាវិរុទ្ធ​។ ប៉ុន្តែ​បើ​គិត​ជារួម​អ្នកសរសេរ​កំណាព្យ​ឆ្នាំនេះ​គឺ​បានល្អ​ប្រសើរ​តែ​លើ​ផ្នែក​ក្បួន​កាព្យ ប៉ុន្តែ​បើ​គិត​ជា​ប្រភេទ​រឿង​បែប​កំណាព្យ គឺ​អ្នកនិពន្ធ​មិនទាន់​អាច​ចាប់ ចង ចោទ និង​ស្រាយ​រឿង​បានល្អ​ប្រសើរ​ទេ​»​។


​ក្នុងនាម​គណៈកម្មការ​រៀបចំ​ការប្រឡង​ជ្រើសរើស​ម្ចាស់​ពានរង្វាន់​ឥន្ទ្រ​ទេវី និង​ក្នុងនាម​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ លោក កុក រស់ បាន​ប្រាប់​ពី​ទស្សនវិស័យ​សំខាន់ៗ ៨​ចំណុច​ដើម្បី​ជំរុញ លើកទឹកចិត្ត​វិស័យ​តែង​និពន្ធ​៖ ១-​បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​អ្នក​ដែលមាន​គោលបំណង​ចង់​បង្កើត​ស្នាដៃ​និពន្ធ​។ ២-​ក្រសួង​ស្ថាប័ន អង្គការ សមាគម សង្គម​ស៊ីវិល វិស័យ​ឯកជន គួរ​ចូលរួម សហការ​រៀបចំ​ការប្រឡង​ស្នាដៃ​តែង​និពន្ធ​កំណាព្យ​ខ្មែរ​ឱ្យបាន​ញឹកញាប់​។ ៣- ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​រូបភាព​មាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ពិសេស​គឺ​ប្រព័ន្ធ​បណ្តាញ​សង្គម​(Facebook) ជួយ​បញ្ជូន​សារ​ឱ្យបាន​យ៉ាង​ឆាប់រហ័ស​ជំរុញ​ដល់​អ្នកនិពន្ធ​ឱ្យមាន​សុទិដ្ឋិនិយម​ក្នុងការ​បង្កើត​ស្នាដៃ​ថ្មីៗ និង​ដុសខាត់ សមត្ថភាព​អភិវឌ្ឍ​ស្នាដៃ​របស់ខ្លួន​តាមរយៈ​ការចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​និង​ការសិក្សា​ស្រាវជ្រាវ​។ ៤-​ការរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​នៃ​ការប្រឡង​ស្នាដៃ​តែង​និពន្ធ​ឱ្យបាន​គគ្រឹកគគ្រេង​ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​កវីនិពន្ធ​ដែល​ចង់​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត​។ ៥-​ការបង្កើត​ព្រឹត្តិការណ៍​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​ជា​រៀងរាល់ឆ្នាំ​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​យុវជន​យើង​ចូលចិត្ត​អាន​សៀវភៅ និង​បង្កើត​ស្នាដៃ​តាមរយៈ​ការ​តែង​និពន្ធ​។ ៦-​ក្រសួង​ស្ថាប័ន​ផ្ដល់ឱកាស​ជូន​ដល់​កវីនិពន្ធ​ឆ្នើម​ដែលមាន​ស្នាដៃ​ល្អៗ បាន​ចូលរួម​ក្នុង​កម្មវិធី​ធំៗ​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ស្ថាប័ន​(​ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​កវីនិពន្ធ​)​។ ៧-​បង្កលក្ខណៈ​ងាយស្រួល​ដល់​កវីនិពន្ធ​ក្នុងការ​បោះពុម្ព ឬ ចេញផ្សាយ​ស្នាដៃ​និពន្ធ​របស់ខ្លួន​គ្រប់​រូបភាព​(​ទាំង​កវីនិពន្ធ​ចាស់ និង កវីនិពន្ធ​ថ្មី​)​។ ៨-​ពង្រឹង​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា និង​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់​បន្ថែមថា គណៈកម្មការ​រៀបចំ​ប្រឡង​ជ្រើសរើស​ម្ចាស់​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ​២០២៣ នឹង​ចាប់​ទទួល​ស្នាដៃ​ចូលរួម​ប្រកួតប្រជែង​ពី​ពេលនេះ​តទៅ រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៣​។ ប្រសិនបើ​លោកអ្នក​ដែលមាន​បំណង​ចង់​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ពានរង្វាន់​នេះ លោកអ្នក​អាច​ចូលរួមបាន​។ ចំពោះ​ប្រធានបទ​នៃ​ការ​តែង​និពន្ធ​វិញ គឺ​សេរី​។ ព័ត៌មាន​លម្អិត​ពី​លក្ខន្តិកៈ​នៃ​ការប្រឡង សូម​តាមដាន​ទំព័រ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​៕