វត្ថុធាតុដើមដ៏កម្រក្នុងតំបន់ បង្កើតបានជាស្រាស្ពីរីតវិសេសនៅកម្ពុជា

ភ្នំពេញ: Seekers Mekong Dry Gin ជាផលិតផលស្រាស្ពីរីត ដែលផលិតពីគ្រឿងផ្សំក្នុងស្រុកចំនួន ១១ មុខ លើកលែងតែផ្លែជូនីភើប៊ើរីដែលមិនដុះលូតលាស់នៅទីនេះ។ គ្រឿងផ្សំក្នុងស្រុកទាំងនោះមានស្លឹក តើយស្លឹកជីរ ស្លឹកក្រូចសើចស្លឹកគ្រៃជីរអង្កាមក្រូចបាត់ដំបងគ្រាប់ត្នោតសម្បកប៉ូចកាក់គ្រាប់ជីវ៉ាន់ស៊ុយនិងផ្កាអេនជេលីកា។
នេះជាហេតុផលដែលប្ដីប្រពន្ធបរទេស ១ គូ បានសហការជាមួយអ្នកផលិតស្រាជីនដ៏មានទេពកោសល្យលោក អាល់ហ្វាយអាម៉ាយ៉ូ ដើម្បីផលិតស្រារសជាតិខ្មែរល្អបំផុតដោយប្រើគ្រឿងផ្សំពិសេសក្នុងស្រុក។
លោក ម៉ាកូ ជូលៀ អេកហ្គើត និងអ្នកស្រី តានៀ អ៊ុនស្វត ជាស្ថាបនិកនៃសិប្បកម្មផលិតស្រា Seekers Spirits នៅចុងឆ្នាំ ២០១៨ ក្រោយពេលពួកគេធ្វើផែនការអស់រយៈពេលដ៏យូរ។
អ្នកស្រី តានៀ បាននិយាយថា៖ «យើងបានមកប្រទេសកម្ពុជាកាលពីជិត ១០ ឆ្នាំមុន ហើយបានលង់ស្នេហ៍នឹងរសជាតិដ៏សម្បូរបែបនិងវប្បធម៌ដ៏កក់ក្តៅរបស់ប្រទេសកម្ពុជា។ យើងមានរុក្ខជាតិដ៏អស្ចារ្យបំផុតមួយចំនួនដែលមានសម្រាប់ពួកយើងប្រើប្រាស់ផលិតស្រានៅក្នុងតំបន់នេះដែលមិនធ្លាប់ត្រូវបានប្រើក្នុងស្រាជីនពីមុនមក។ ដូច្នេះយើងមានទំនុកចិត្តថា យើងអាចបង្កើតអ្វីដែលប្លែកបាន»។
អ្នកស្រី តានៀ បានបន្ដថា កម្ពុជាក៏ជាប្រទេសដែលមានទំនាក់ទំនងល្អក្នុងការបង្កើតអាជីវកម្មហើយគ្រួសាររបស់អ្នកស្រីចូលចិត្តរស់នៅទីនេះ។ ផលិតផល Seekers ស្ទើរតែទាំងអស់ប្រើប្រាស់គ្រឿងផ្សំពីក្នុងតំបន់ជាផលិតផលមាននិរន្តរភាពប្រភពពីកសិករដែលប្រកបរបរកសិកម្មប្រកបដោយសុខភាពល្អ។
ជាប្រទេសសម្បូរទៅដោយវត្ថុធាតុដើមល្អៗ ប្ដីប្រពន្ធ ដែលម្នាក់មកពីទីក្រុងឡុងដ៍ និងម្នាក់ទៀតមកពីទីក្រុងបាសេឡូណា បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលដែលរកមិនឃើញមានការផលិតប្រភេទស្រាជីននៅទីនេះ។
នេះជាអ្វីដែលជំរុញឱ្យមានគំនិតផលិតស្រាជីនដ៏ពិសេសដំបូងគេរបស់កម្ពុជានិងចាប់ផ្តើមសម្រិតសម្រាំងរសជាតិ ដើម្បីផលិតចេញជាជីនដែលពួកគេជឿថា តំណាងឱ្យរសជាតិដ៏ក្លាហាន និងអស្ចារ្យនៅអាស៊ីអាគ្នេយ៍។
អ្នកស្រីតានៀដែលមានកំណើតមកពីទីក្រុងឡុងដ៍ បានទទួលការសាទរថា Seekers Spirits គឺជាកន្លែងផលិតស្រាស្ពីរីតដ៏ប្រណីតដោយប្រើប្រាស់រសជាតិគ្រឿងផ្សំតំបន់មេគង្គដ៏ពិសេស។
អ្នកស្រីបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ផលិតផលរបស់យើងទទួលបានរង្វាន់ច្រើនបំផុតនៅក្នុងតំបន់។ បច្ចុប្បន្ននេះយើងមានស្រាជីន៣ប្រភេទ ១ ប្រភេទ គឺវ៉ុដកានិងប្រភេទទី២ ជាស្រាលីកគ័រ។ យើងក៏ផលិតស្រាស្ពីរីតសម្រាប់បោះដុំផងដែរ»។
អ្នកស្រី រស់ រតនៈ ដែលស្គាល់ជា Chef Nak បានឱ្យដឹងថា ការជ្រើសរើសយក Seekers មកប្រើដោយសារសិប្បកម្មនេះព្យាយាមអស់លទ្ធភាពក្នុងប្រើប្រាស់គ្រឿងផ្សំគេហៅថា Mekong region ដូចជា ម្រេចស្លឹកតើយ ក្រូចពោធិ៍សាត់និងគ្រាប់ធញ្ញជាតិផ្សេងៗ នៅបណ្ដាប្រទេសទាំងប៉ុន្មាន។
Chef Nak បាននិយាយថា៖ «ខ្ញុំយក Seekers បញ្ចូលក្នុងផលិតផលមុខម្ហូបរបស់ខ្ញុំ ដោយសារខ្ញុំមិនដែលប្រើប្រភេទស្រាដបឬស្រាបៀរទេ។ ខ្ញុំត្រូវការអ្វីមួយ ដើម្បីឱ្យមានសាច់រឿងផ្សារភ្ជាប់ទៅនឹងស្រុកខ្មែរតាមរយៈគ្រឿងផ្សំ»។
ចំពោះទំនាក់ទំនងគ្នារវាង Seekers និងមុខម្ហូប Chef Nak គឺការប្រើប្រាស់គ្រឿងផ្សំស្រដៀងគ្នាដើម្បីបង្កើតជាមុខម្ហូប។មេចុងភៅ ដែលតែងតែផ្ដោតសំខាន់លើមុខម្ហូបខ្មែរ រួមទាំងបេះបោចដំណាំពីភូមិឋានជនបទនានារូបនេះបានបន្ដថា អ្នកស្រីមិនទទួលភ្ញៀវជាលក្ខណៈដបៗស្រាប់នោះទេដោយយកប្រភេទស្រា Spirits ដូចជាជីនវ៉ុដកាមកប្រើប្រាស់ជាមួយគ្រឿងផ្សំតាមរដូវដើម្បីបង្កើតជាស្រាក្រឡុកផ្សេងៗឱ្យស៊ីមេទ្រីគ្នាជាមួយមុខម្ហូប។
Chef Nak បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «និយាយស្មោះត្រង់តម្លៃផលិតផលក្នុងស្រុកទាំងនេះថ្លៃជាងផលិតផលនាំចូលច្រើនដងណាស់។ ប៉ុន្ដែខ្ញុំគាំទ្រវាដោយសារទី១ វាជាផលិតផលក្នុងស្រុកហើយវាជារបស់ដែលបានផ្ដល់តម្លៃនិងប្រើប្រាស់ក្នុងស្រុករួចហើយ។ ក្រៅពីនេះវាជាគំរូមួយដែលបញ្ជាក់ថាស្រុកខ្មែរយើងមានធនធានច្រើន។ ទោះបីជាពួកគេមិនមែនជាខ្មែរយើងអាចមើល និងយកជាគំរូហើយប្រើប្រាស់ក្នុងការលើកទឹកចិត្ដក្នុងការចាប់ផ្ដើមធ្វើអ្វីមួយនៅថ្ងៃក្រោយ»។
ទន្ទឹមនឹងការបើកអាជីវកម្មសណ្ឋាគារប្ដីប្រពន្ធមកពីឯនាយសមុទ្រ ១ គូនេះ បានបើកភោជនីយដ្ឋានឯកជននៅក្នុងទីក្រុងភ្នំពេញ និងបានធ្វើការផ្នែកបដិសណ្ឋារកិច្ចហើយពួកគេតែងតែស្វែងរកផលិតផលគួរឱ្យចាប់អារម្មណ៍ដែលមាននៅក្នុងស្រុក។
ចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ អ្នកស្រីតានៀបាននិយាយថា ពួកគេបានចេញលក់ផលិតផលថ្មីៗជាច្រើនរួមទាំងប្រភេទ Mekong Dry Gin និងស្រាជីនថ្មីក្រោមម៉ាក Jason Kong បង្ហាញពីផ្កាព្រៃមេអំបៅដ៏អស្ចារ្យដែលដុះដាលនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រីបានឱ្យដឹងថា៖ «ផលិតផលនេះទទួលបានការពេញនិយមច្រើន។ វាផ្តល់នូវរសជាតិខុសពី Mekong Dry Gin របស់យើង។ វាមានផ្កាច្រើននិងអាចផ្លាស់ប្តូរពណ៌បានថែមទៀតដូចជាពណ៌ខៀវបែកស្វាយទៅពណ៌ផ្កាឈូកពេលមានប្រតិកម្មជាមួយជាតិអាស៊ីតដូចជាទឹកកំបោរក្រូចឆ្មាឬទឹកប៉ូវកម្លាំង។ សរុបមក បង្ហោះនៅលើ Instgram ពិតជាអេមមែន!»។
ស្រាលីកគ័រ ២ ប្រភេទ ត្រូវបានដាក់លក់ ដើម្បីផ្តល់នូវការពេញនិយមខ្លាំងជាប្រភេទស្រាក្រូចមេគង្គដែលមានក្រូចផ្អែមពីប្រទេសចិនខាងត្បូង វៀតណាម កម្ពុជានិងថៃ និងស្រាកាហ្វេមេគង្គជាមួយសណ្តែកពីកម្ពុជាថៃឡាវ និងវៀតណាម។
ទោះជាយ៉ាងណាក៏ដោយអ្នកស្រីបាននិយាយថា ការផលិតស្រាពីវត្ថុធាតុដើមស្រស់ៗមានការពិបាកដោយសារពួកគេត្រូវការការប្រុងប្រយ័ត្នក្នុងការធានានូវភាពស៊ីចង្វាក់នៃគ្រឿងផ្សំឆៅ។
ស្ត្រីជនជាតិអង់គ្លេសរូបនេះបានពន្យល់ពីដំណើរការនៃការផលិតស្រាស្ពីរីតថាអ្វីគ្រប់យ៉ាងចាប់ផ្តើមដោយប្រភពគ្រឿងផ្សំដ៏ល្អបំផុត។ ប្ដីប្រពន្ធ ១ គូនេះបានបង្កើតទំនាក់ទំនងយ៉ាងរឹងមាំជាមួយកសិករដើម្បីធានាថា ពួកគេទទួលបានផលល្អបំផុតដោយសារតែវត្ថុធាតុដើមទាំងនោះបានមកពីទូទាំងប្រទេសចាប់ពីមណ្ឌលគិរីទៅបាត់ដំបង និងកំពតជាដើម។
នៅពេលដែលវត្ថុធាតុដើមសរីរាង្គទាំងនោះត្រូវបានរៀបចំរួចពួកវាត្រូវត្រាំទុករយៈពេល ១ ថ្ងៃ ក្នុងជាតិអាល់កុលដែលបានមកពីដើមដំឡូងមី។ បន្ទាប់ពីត្រាំ ១ ថ្ងៃ វាគឺជាពេលវេលាសម្រាប់ការចំហុយ ឬបិតស្រា។
ម្ចាស់សិប្បកម្មស្រាស្ពីរីតបានបន្ថែមរុក្ខជាតិស្រស់ៗមួយចំនួនទៀតក្នុងដំណាក់កាលនេះរួមទាំងក្រូចបាត់ដំបងដើម្បីបង្កើតរសជាតិ និងភាពភ្លឺរលោងនៃផលិតផល។
បន្ទាប់ពីបិតរួចប្ដីប្រពន្ធនិងលោកអាម៉ាយ៉ូបានបន្ថែមទឹកចេញពីភ្នំកំពត។ ដោយសារតែសារធាតុរ៉ែរបស់វា ទឹកបានជួយបង្កើនរសជាតិនិងភាពពិសេសដល់ផលិតផលសម្រេច។
អ្នកស្រីតានៀបាននិយាយថា៖ «យើងអប់ស្រាជីនទុក ២-៣ សប្តាហ៍មុនពេលច្រកដប ដើម្បីឱ្យរសជាតិកាន់តែទុំ»។
អ្នកស្រី ហាឡារីហ្វ ស្ទីយើ មកពីអូស្ត្រាលីនិងនូវែលសេឡង់បានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៤ ឆ្នាំ ហើយឥឡូវនេះអ្នកស្រីជាម្តាយដែលមានកូន ២ នាក់ (អាយុ ៨ ឆ្នាំ និង ៥ ឆ្នាំ) ដោយអ្នកស្រីធ្វើការងារជាអ្នកឌីហ្សាញក្រាហ្វិកឯករាជ្យ។
អ្នកស្រី ស្ទីយើ បានកត់សម្គាល់ថាអ្នកស្រីបានឃើញការផ្លាស់ប្តូរជាច្រើននៅក្នុងទីក្រុងភ្នំពេញក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះ ហើយអ្នកស្រីបាននិយាយថា អ្នកស្រីចូលចិត្តរបៀបអាជីវកម្មដូចជា Seekers ដែលកំពុងបង្កើតឱកាសថ្មីៗនៅទីនេះនិងជួយដាក់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
អ្នកស្រីនិយាយថា៖ «Seekers ជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់វេចខ្ចប់យ៉ាងស្រស់ស្អាតនិងចែករំលែករសជាតិប្លែកៗមួយចំនួនរបស់កម្ពុជាទៅកាន់ពិភពលោក»។
អ្នកគាំទ្រផលិតផលក្នុងស្រុកអ្នកស្រី ស្ទីយើ ចូលចិត្តជីនរបស់ Seekers ជាងស្រាជីននាំចូលដោយបាននិយាយថា ប្តីរបស់អ្នកស្រីគឺជាអ្នកចូលចិត្ត espresso martini។
ស្ដ្រីរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «អ្វីដែលខ្ញុំពេញចិត្ត Seekers គឺការប្តេជ្ញាចិត្តរបស់ពួកគេចំពោះឧត្តមភាពនៃគុណភាពប្រកបដោយការយកចិត្តទុកដាក់»៕