ភ្នំពេញ: ជាអ្នក​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​អស់​រយៈ​ពេល ៨ ឆ្នាំ ដោយ​បាន​ជួប​ប្រទះបទ​ពិសោធ​ន៍ធ្វើ​ការ​ជាមួយ​កុមារ​ប្លែកៗ​ជាច្រើន​នាក់ រួមទាំង​​កុមារ​​ដែល​ត្រូវការ​អប់រំ​ពិសេស​ អ្នក​នាង ហេង សុផាណែត​ បាន​ជួប​កុមារ​អូទីសឹម​ម្នាក់​ ខណៈ​​បម្រើការ​នៅ​​សាលា​អន្ដរជាតិ​ដ៏​ធំបំផុត​មួយ​នៅ​កម្ពុជា។​


នៅពេល​បាន​ជួប​កុមារ​​អូទីសឹម​បែប​នេះអ្នកគ្រូ​បង្រៀន​ថ្នាក់​ទី៣ នៅ​សាលា​អន្ដរជាតិរូប​នេះ ចាប់​ផ្ដើម​យល់​អំពី​ភាព​ស្មុគ​ស្មាញ​នៃ​ពិការភាព​ផ្នែក​ខួរ​ក្បាល​ និង​ព្យាយាម​រិះ​រក​វិធី​ជួយ​កុមារ​ដែលមាន​តម្រូវការ​ពិសេស​បែប​នេះ​។


អ្នកនាង​ សុផាណែត ​បាន​និយាយ​ថា​៖ «​ស្ថាន​ភាព​របស់​គាត់​ [កុមារ​អូទីសឹម] បាន​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​មាន​គុណ​វុឌ្ឍិ​សាកល​វិទ្យាល័យ​នៅ​ក្នុង​តម្រូវ​ការ​ពិសេស។ ការ​យល់​ដឹងផ្នែក​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​កំណត់​អត្តសញ្ញាណ​ពិការភាពនិង​បង្កើត​កិច្ច​អន្តរាគមន៍​ផ្ទាល់​ខ្លួន​ ​ដែល​សម​ស្រប​ទៅ​​តាម​តម្រូវ​ការ​កុមារ​​ពិសេស»។


ជា​អ្នកគ្រូ​ភាសា​អង់គ្លេស​ ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស (IFL) ក្នុង​ឆ្នាំ​២០១៦ អ្នក​នាង សុផាណែត បាន​សម្រេច​ចិត្ដ​បន្ដ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​អប់រំពិសេស​នៅ​សាកលវិទ្យា​ល័យ​ Flinders ប្រទេស​អូស្ដ្រាលីក្នុង​ឆ្នាំ​២០២០​។


ដោយ​សារ​វិបត្ដិ​រោគ​រាត​ត្បាត​សកល​កូវីដ ១៩ និស្សិត​ខ្មែរ​ដែល​បញ្ចប់​ការ​សិក្សា​លើ​មុខ​វិជ្ជា​កម្រ​នៅ​កម្ពុជា​រូប​នេះ មិន​អាច​ចូលរួម​កម្មវិធី​ទទួល​សញ្ញាបត្រ​ជា​ផ្លូវការ​បាន​ទេរហូត​ដល់​ឆ្នាំ ២០២២។


អ្នកជំនាញ​ផ្នែ​កអប់រំ​ពិសេស​ដល់​កុមារ​មាន​ពិការភាព​ខួរ​ក្បាល​រូប​នេះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ការ​អប់រំ​ពិសេស គឺជា​មុខ​វិជ្ជា​ដ៏​កម្រ​ដែល​មិន​ទាន់​មាន​នៅ​​ក្នុងសាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។ ប្រទេស​កម្ពុជា​មាន​ករណី​ដែល​ទាក់​ទង​នឹង​អូទីសឹម​ច្រើន​ជាង ១ ​ពាន់​ករណី ​ក្នុង​ឆ្នាំ​ ២០២៣​។ នេះ​បាន​បង្ហាញ​ថា ផ្នែក​អប់រំ​ពិសេស​មួយ​នេះ​ ត្រូវការ​គ្រូ​ជំនាញ​បន្ថែម​ដើម្បី​គាំទ្រ​កុមារ​ទាំង​នេះ​»។

នាយក​សាលា​វិទ្យាល័យ​អប់រំ​ពិសេសក្រុង​តា​ខ្មៅដែល​ត្រូវបាន​ទទួល​ស្គាល់​ក្នុង​ឆ្នាំ​ ២០២១​ និង​ជា​អតីត​​ប្រធាន​អង្គការ​ជំនួយ​នៃ​ក្ដីសង្ឃឹម​ សម្រាប់​សហគមន៍ (HHC) ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០១៤ លោក ចាន់ សារិន បាន​ឱ្យ​ដឹង​ថា ការ​អប់រំ​ពិសេស​ពិត​ជា​មុខ​វិជ្ជា​ ដែល​កម្ពុជា​កំពុង​តែ​ត្រូវការ​ជា​ចាំ​បាច់​ប្រាកដ​មែន​។

លោកសារិនដែល​បាន​បង្ហាញ​តួលេខ​កុមារ​អូទីសឹម​ ៦ខេត្ដ​មាន​ចំនួន​ជាង ១ ពាន់​នាក់​ និង​ទូទាំង​ប្រទេស​ប្រមាណជាង ២​ម៉ឺន​នាក់នៅ​កម្ពុជា​​ក្នុ​ងឆ្នាំ​២០១៩ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «មុខ​វិជ្ជា​អប់រំពិសេស​ពិត​ជា​សំខាន់​ ពីព្រោះ​យើង​មិន​សូវ​មាន​ធនធាន​ច្រើន​ទេ​ចំពោះ​កិច្ចការ​នេះ​»។

​លោក​ស្រី ភោគ ម៉ានី ស្ថាបនិក​សាលា​អប់រំ​ពិសេស​នៃ​ការ​លូត​លាស់ (សអពក) បាន​ឱ្យ​ដឹងថា នៅ​ពេល​​លោកស្រី​​បើកសាលា​ដំបូងលោកស្រី​​មាន​ការ​លំបាក ក្នុង​ការរក​ធនធាន​ជំនាញ​មក​បង្រៀន​​​​ ហើយ​គ្រូ​បង្គោល​ម្នាក់​នោះ​​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បញ្ញាបត្រ​ជាន់​ខ្ពស់​មកពី​ប្រទេស​កូរ៉េ​។

លោកស្រី​ម៉ានីដែល​ជា​​អ្នក​សម្រប​សម្រួល​សាលា សអពក​ ដែល​កកើតឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់លោកស្រី​ក្នុង​នាម​ជា​ម្ដាយ​កុមារ​អូទីសឹម​ម្នាក់ ក្រោម​ការ​ឧបត្ថម្ភ​ពី​សមាគម​កាតូលិកនិង​វិភាគទានពី​ឪពុក-ម្ដាយ​ បាន​និយាយ​ថា​ លោកស្រី​មើលឃើញ​ថា គ្រូ​បង្គោល​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​​ដល់​គ្រូ​ផ្នែក​អប់រំពិសេស​នៅ​កម្ពុជា​នៅមាន​កម្រិត​ច្រើន​ ពោល​គឺ​មាន​អ្នក​ចេះ​ដឹង​អំពី​ការ​អប់រំ​ពិសេស​នេះ​តិច​តួច​នៅឡើយ។

លោក​ស្រី​បាន​លើកឡើង​ថា ជាក់ស្ដែង​ការ​បណ្ដុះ​បណ្ដាល​លើ​គ្រូ​បង្រៀន​នៅ​មន្ទីរពេទ្យ​ជ័យ​ជម្នះ​ក្នុងក្រុងតាខ្មៅ​ភាគ​ច្រើន​ធ្វើ​ឡើង​ជាមួយ​គ្រូ​បង្គោល​បរទេស​។

លោកស្រីម៉ានីបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «ខ្ញុំ​គិត​ថា វា​នៅ​មាន​កម្រិតទោះបី​ម្នាក់ៗ​ខំ​រៀន​ផ្នែក​​សង្គម​ ចិត្ដ​វិទ្យា ក៏​នៅ​មិន​ទាន់​ទូលំ​ទូលាយ​ ហើយ​ក្នុង​នាម​​ខ្ញុំ​ជាអ្នក​ផ្ដល់​ការអប់រំ​ពិសេស​នេះខ្ញុំ​មើល​ឃើញ​ថា នៅ​ខ្វះ​ខាត​ច្រើន​ទាក់ទង​នឹង​ផ្នែក​អប់រំពិសេស​។ បើនៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​អប់រំពិសេស​ ខ្ញុំគិ​តថា វា​ជា​រឿង​មួយ​ទូលំទូលាយ​មែន​ទែន​ ដើម្បី​ផ្ដល់​​ឱកាស​ឱ្យ​អ្នក​មាន​បំណង​រៀន​មុខ​វិជ្ជា​នេះ​រៀន​ជាប់​នៅ​ក្នុង​ស្រុក​តែម្ដង»។

​ស្ថាបនិក​សាលា​អប់រំពិសេសដែល​ស្ថិត​នៅ​ជាប់​របង​ព្រះ​វិហារ​កាតូលិក​បឹងទំពុន​រូប​នេះ បាន​បន្ត​​បង្ហាត់​បង្រៀន​កុមារ​អូទីសឹម​នៅ​មិន​ទាន់​ជ្រួត​ជ្រាប​នៅឡើយ​ ហើយ​លោកស្រី​​គិត​ថា ការ​បញ្ចូល​មុខ​វិជ្ជា​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋពិតជា​ចាំបាច់ណាស់​​។ ​

យ៉ាង​ណាមិញ​លោក​ស្រីបាន​រិះគន់​ដល់​បញ្ញវន្ត​មួយ​ចំនួនថា ថ្វីដ្បិតតែ​​ពួកគេ​ទទួល​បាន​ការ​សិក្សា​ផ្នែក​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​បរទេស​យ៉ាង​ណាក៏ដោយ ក៏​​​​ការ​ចែក​ចាយនិង​ការ​បង្រៀន​របស់ពួកគេ ​​​គិត​ទៅ​លើការ​រក​ជំនួញ​វិញ​ ដោយ​មិន​ទាន់​បើក​ទូលាយ​ក្នុង​ការ​ជួយ​ដល់​ក្មេង​ក្រីក្រ​ក្នុង​សង្គមឡើយ​។

អ្នក​នាង​ ហេង សុផា​ណែត​ អាយុ ៣០ ឆ្នាំ ចាប់​ផ្ដើម​បង្កើត​វេប​សាយ​ Special Education Cambodia SEC ដើម្បី​ផ្សព្វផ្សាយ​ចំណេះ​ដឹង​និង​ចែក​​រំលែក​ព័ត៌មាន​ដល់​ឪពុក​-ម្ដាយ និង​ប្រជាជន​កម្ពុជា​អំពី​កុមារ​មាន​ពិការភាព​ខុសៗ​គ្នា​។

អ្នក​នាងផ្ដោត​លើ​ការ​ផ្ដល់​ចំណេះដឹង​តាមរយៈ​ការ​បណ្ដុះបណ្ដាល​គ្រូនិង​ឪពុក-ម្ដាយ ​ដែល​មាន​បំណង​សិក្សា​ពី​ការ​អប់រំ​ពិសេស​ក៏​ដូចជា​ផ្ដល់​ប្រឹក្សា​តាម​អន​ឡាញ​ និង​ទូរ​ស័ព្ទ​ដោយ​ឥតគិត​ថ្លៃ។

សុផាណែតបាន​ឱ្យ​ដឹងថា អ្នក​នាង​បាន​​ចាប់​ផ្ដើម​បង្កើត​វា​ដោយសារ​បញ្ហា​យល់​ច្រឡំ និង​ការ​ទទួល​បានព័ត៌មាន​មិន​ច្បាស់​ដែល​មនុស្ស​មួយ​ចំនួន​គិត​លើ​កូន​មាន​តម្រូវការ​ពិសេស ​និង​ស្ថានភាព​របស់​ពួក​គេ​។

អ្នកនាង​និយាយ​ថា អ្នក​ខ្លះ​ជឿថា កុមារ​ដែល​ត្រូវ​ការ​ការ​អប់រំ​ពិសេសជា​ពិសេស​កុមារ​អូទីសឹម អាច​ត្រូវ​បាន​ព្យាបាល ឬ​ជួយ​ឱ្យ​ឆាប់​វិល​មក​កាន់​ប្រក្រតីភាព​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​បុរាណរៀបចំ​ពិធី​សាសនាម្សៅ​ទឹកដោះគោ ឬ​ថែម​ទាំង​ប្រើ​វិធីសាស្ដ្រ​សាមញ្ញៗដូចជា​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករ​ណ៍​អេឡិច​ត្រូនិក​ជាដើម។

អ្នកនាង​បាន​បន្ដ​ថា៖ «ខ្ញុំ​គិត​ថាវា​សំខាន់​ណាស់​ដែល​ខ្ញុំ​អាច​ក្លាយជា​ប្រភព​ព័ត៌មាន​សម្រាប់​ឪពុក-ម្ដាយ និង​អាណា​ព្យាបាល​​អាច​ឆាប់​យល់ និង​ងាយ​ស្រួល»។

បច្ចុប្បន្ន​អ្នក​ជំនាញ​ផ្នែក​អប់រំពិសេសពី​ប្រទេស​អូស្ដ្រាលី ​រូប​នេះ បាន​បើក​មជ្ឈមណ្ឌល OrbRom​ ដែល​ស្ថិត​នៅ​ក្នុង​បុរី​ប៉េង​ហួតបឹង​ស្នោ ផ្ដល់​ប្រឹក្សា​និង​សេវាកម្ម​ ADHD, Dyslexia, Selective Mutismក៏ដូចជា​ពិការភាព​នៃការ​សិក្សា​ខ្សោយ​បញ្ញា និង​ការ​លូត​លាស់​យឺត។

និស្សិត​បញ្ចប់​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ​ Flinders រូប​នេះបាន​និយាយថា​៖ «​ខ្ញុំក៏​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​គ្រូ​បង្រៀន​នៅ​សាលា​អន្ដរជាតិ​សម្រាប់​កុមារ​ពិការ​ភាព​ផ្សេងៗបង្កើត​ផែន​ការ​អប់រំ​ផ្ទាល់​ខ្លួន និងការ​តាម​ដាន​នៃការ​រៀន​សូត្រ​ផង​ដែរ»។

ការ​អភិវឌ្ឍរបស់​កុមារ​ វា​អាស្រ័យ​លើ​កម្រិត និង​យុទ្ធ​សាស្ដ្រ​ដែល​បាន​អនុវត្ដ​។ ឧទាហរណ៍សិស្ស​អត់​ចេះ​និយាយ​ម្នាក់​ចាប់​ផ្ដើម​ចេះ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​សាមញ្ញ​ ១​ ម៉ាត់​ៗ​ រហូត​ដល់​ការប្រាស្រ័យ​ទាក់ទង​ជាភាសា​នៅ​រយៈ​ពេល​ ១ ​ឆ្នាំ​ និង​មាន​អាកប្បកិរិយា​កាន់តែ​ប្រសើរ​ឡើង​។

ចំពោះ​បញ្ហា​នៃការ​ប្រឈមអ្នក​នាងសុផាណែតបាន​ឱ្យ​ដឹង​ថា មិន​ខុសពី​ការងារ​ដទៃ​ទៀត​ឡើយការ​ធ្វើ​ជា​គ្រូ​អប់រំពិសេសទាមទារ​ការ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​។ អ្វី​ដែល​ជា​បញ្ហា​ប្រឈម​បំផុត​នោះ​ គឺ​ការ​ដើរឱ្យ​ទាន់​​ថាមពល​មិន​ចេះ​នឿយហត់​របស់​ពួកគេ​។ វាពិតជា​ធ្វើ​ឱ្យ​អស់​កម្លាំង​ខ្លាំង​ណាស់​។

ថ្វីដ្បិតតែ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​យ៉ាង​ណា​ក៏ដោយក៏​អ្នក​ជំនាញ​ផ្នែក​អប់រំ​ពិសេស​ដ៏​កម្រ​រូប​នេះនៅ​មាន​បំណង​ចង់​បន្ដ​ការ​សិក្សា​ថ្នាក់​បណ្ឌិត​បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​ជា​ស្ពាន​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​សហគមន៍​ និង​រាជ​រដ្ឋាភិបាល​។

សុផាណែត បា​និយាយថា​៖ «​គម្រោង​បន្ទាប់​របស់​ខ្ញុំ​គឺ​បន្ដ​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ចិត្ដវិទ្យា​ក្នុង​វិស័យ​ពិការភាព​។ ដូចគ្នា​នេះដែរខ្ញុំ​ចង់​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ទៅ​ក្នុង​វិស័យ​អប់រំ​ពិសេស​ បំណង​​ចង់​ឱ្យ​​ការ​អប់រំពិសេស​មាន​កម្រិត​ស្រប​តាម​ស្ដង់ដា​អន្ដរជាតិ​តាម​រយៈ​ការ​ទទួល​យក​របស់​សហគមន៍និង​កិច្ច​សហ​ប្រតិបត្ដិការ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល»៕