
លោក ញ៉េប វណ្ណៈ និងសហគមន៍ទេសចរណ៍នៅខេត្តកោះកុង។ រូបថត សហការី
ភ្នំពេញៈ ពិតណាស់ កម្ពុជាមានកន្លែងកម្សាន្ដរាប់មិនអស់ ដែលកន្លែងនីមួយៗសុទ្ធតែមានភាពស្រស់ស្អាត របស់វារៀងៗខ្លួន ប៉ុន្តែកន្លងមកអ្នកទេសចរភាគច្រើននិយមដើរតែក្នុងតំបន់រមណីយដ្ឋាន ដូច្នេះរូបភាពនៃតំបន់ទេសចរណ៍ វាហាក់ដូចជាតូចចង្អៀតណាស់។
រហូតមកដល់ឆ្នាំ ២០២០ ពោលគឺជាពេលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបប្រទះនឹងវិបត្តិជំងឺឆ្លងកូវីដ ១៩។ ដើម្បីលុបបំបាត់ការឆ្លងរាលដាល រដ្ឋាភិបាលបានដាក់គោលនយោបាយ រក្សាគម្លាត ពាក់ម៉ាស់ និងហាមជួបជុំគ្នាជាដើម ដែលទាំងអស់នេះបានធ្វើឱ្យមនុស្សរស់នៅដោយភាពធុញថប់ សម្ងំនៅក្នុងផ្ទះរៀងៗខ្លួន។
ពេលនោះហើយ ដែលការដើរកម្សាន្ដតាមព្រៃភ្នំ ឬហៅថា ការដើរបែបផ្សងព្រេង បានចាប់ផ្ដើមរីកសុសសាយឡើងម្ដងបន្តិចៗ។ តំបន់ទេសចរណ៍ធម្មជាតិជាច្រើនត្រូវបានបង្ហោះផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម ដែលទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាឱ្យបានឃើញថា តាមពិតកម្ពុជាមានកន្លែងទេសចរណ៍ច្រើនណាស់ដែលប្រជាជនខ្លួនឯងនៅមិនទាន់ស្គាល់។
ក្នុងចំណោមអ្នកដើរផ្សងព្រេង និងផ្ដិតយករូបភាពស្អាតៗរបស់តំបន់ទេសចរណ៍នានាក៏មានផងដែរនូវយុវជន ១ រូប គឺលោក ញ៉េប វណ្ណៈ ដែលលោកជាអ្នកនិយមចូលចិត្តការដើរផ្សងព្រេង ដែលអាចស្គាល់តាមរយៈគេហទំព័របណ្ដាញសង្គមឈ្មោះថា «ដានជើង (Darncherng Adventure)»។ គេហទំព័រមួយនេះ បច្ចុប្បន្នមានអ្នកគាំទ្រ តាមដានរហូតដល់ជាង ១៨ ម៉ឺននាក់ ដែលវីដេអូខ្លះមានអ្នកទស្សនាដល់ជាង ២ លាននាក់ក៏មាន។ ជាទូទៅ មាតិកាប្លែកៗ បង្កប់ទៅដោយភាពកំប្លុកកំប្លែង និងចែករំលែកចំណេះដឹងរបស់យុវជនរូបនេះ ត្រូវបានបង្ហោះ ១ ដងក្នុង ១ សប្ដាហ៍។
បើទោះជាយ៉ាងនេះក្ដី មូលហេតុពីក្រោយខ្នងការគាំទ្រភ្លូកទឹកភ្លូកដីពីស្រទាប់យុវជនកម្ពុជាគឺ ដោយសារតែភាពធុញថប់ និងការអផ្សុកដែលត្រូវស្នាក់នៅឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាយូរ កាលពីឆ្នាំ ២០២០។
លោក ញ៉េប វណ្ណៈ បានឱ្យដឹងថា កាលណោះ លោកគ្រាន់តែចង់បង្កើតវីដេអូកំប្លែងៗ ប្លែកៗ ដើម្បីបំបាត់ភាពធុញថប់របស់ខ្លួនក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ព្រោះបន្ទាប់ពីប្រទេសត្រូវបានបិទខ្ទប់ទៅ មានតែប្រព័ន្ធអុីនធឺណិតទេ ដែលនៅតែមានសេរីភាព និងក្លាយជាមធ្យោបាយទំនាក់ទំនងដ៏សំខាន់មួយ។
នៅក្នុងការចាប់ផ្ដើមដំបូងៗរបស់លោក គឺលោកជ្រើសរើសធ្វើវីដេអូនៅផ្ទះ បញ្ចេញសកម្មភាពកំប្លែងៗ មានការច្នៃប្រឌិតនៅលាយឡំ ព្រមទាំងចែករំលែកចំណេះដឹងពីការការពារខ្លួនពីជំងឺកូវីដផង តែក្រោយពីការបិទខ្ទប់បានបញ្ចប់ លោកក៏បានចាប់ផ្ដើមធ្វើវីដេអូពីការដើរកម្សាន្ដបែបផ្សងព្រេងវិញម្ដង។

ស្ថាបនិកក្រុមផ្សងព្រេងរូបនេះបានអះអាងថា រាល់វីដេអូរបស់លោក គឺជាគំនិតច្នៃប្រឌិតដែលខ្លួនមានផ្ទាល់ ដោយមិនមានការបំផុសគំនិតពីនរណាម្នាក់ឡើយ។ ជាគំនិតផ្ទាល់ខ្លួន ព្រោះថា លោកក៏ជាអ្នកធ្វើការ ឯករាជ្យ ផ្នែករចនាក្រាហ្វិក និងច្នៃប្រឌិតស្រាប់។ ជាក់ស្ដែង វីដេអូប្រើប្រាស់កាម៉ែលដើម្បីដាំបាយក្នុងព្រៃ ចាប់ត្រីយកមកចម្អិន ចែករំលែកបទពិសោធន៍ឆ្លុះក្ដាមថ្មនៅពេលយប់ប្រទះឃើញសត្វជិតផុតពូជ ដើរព្រៃដើម្បីលើកស្ទួយជីវភាពសហគមន៍ ធ្វើយ៉ាងណាពេលវង្វេងក្នុងព្រៃ ជិះកង់ ១ ០០០ គីឡូជុំវិញបឹងទន្លេសាបជាដើម សុទ្ធតែបានទាក់ទាញចំណាប់អារម្មណ៍ពីស្រទាប់មហាជនបូករួមជាមួយនឹងបច្ចេកទេសថត កាត់ត ដែលមានកម្រិតច្បាស់ល្អ។
លោក ញ៉េប វណ្ណៈ បានប្រាប់ថា៖ «ជាការពិតណាស់ បើរាប់ចាប់តាំងពីការបង្កើតវីដេអូដំបូងៗមក សម្គាល់ឃើញមានការចាប់អារម្មណ៍ច្រើន ជាពិសេសពីក្រុមយុវជនក្នុងការដើរផ្សងព្រេង គឺឃើញសម្ទុះនៃការបោះតង់ផ្សងព្រេងតាមព្រៃភ្នំ ក៏ដូចជាកន្លែងកម្សាន្តផ្សេងៗទៀតមានការកើនឡើងខ្លាំង»។ សម្រាប់សហគមន៍ទេសចរណ៍វិញក៏មានការប្រែប្រួលច្រើនដូចគ្នា ដែលលោកបានរៀបរាប់យ៉ាងដូច្នេះថា៖«ខ្ញុំសង្កេតឃើញថា មានភ្ញៀវទៅលេងច្រើនខ្លាំង បន្ទាប់ពីខ្ញុំបានផ្សព្វផ្សាយពីតំបន់នោះហើយ ដូចជាកោះកុងក្រៅ ម្ចាស់ទូកដែលខ្ញុំបានបង្ហោះលេខទូរស័ព្ទគាត់ និងបានផ្សព្វផ្សាយពីដែនកោះមួយនេះកន្លងមក គាត់បានខលមកអរគុណ និងប្រាប់ថា គាត់មានភ្ញៀវដឹកស្ទើររាល់ថ្ងៃមិនដែលដាច់ទេ»។
មិនត្រឹមតែកោះកុងក្រៅនោះទេ តំបន់ផ្សេងៗទៀតក៏ដូចគ្នា បងប្អូនប្រជាសហគមន៍មានការសប្បាយចិត្តជាខ្លាំងព្រោះពីដើមឡើយពួកគេពិបាកក្នុងការប្រកបរបររកស៊ីណាស់ ដោយសារពួកគេរស់នៅតំបន់ដាច់ស្រយាល។ ចំពោះតំបន់ខ្លះទៀត លោកបានឃើញថា ប្រជាជនបែរជាឈប់កាប់បំផ្លាញព្រៃឈើ ត្រឡប់មកជាការថែទាំព្រៃ និងចិញ្ចឹមសត្វក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវ និងនាំភ្ញៀវទៅកម្សាន្ត ដែលធ្វើឱ្យពួកគាត់បានចំណូលពីការងារទាំងអស់នោះ។
លោក ញ៉េប វណ្ណៈ បានរៀបរាប់ថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ក៏សប្បាយចិត្តខ្លាំងដែរ ដែលអាចរួមចំណែកក្នុងការផ្លាស់ប្តូរក៏ដូចជាការជួយផ្សព្វផ្សាយដល់សហគមន៍នានា និងធ្វើឱ្យជីវភាពពួកគាត់កាន់តែប្រសើរជាងមុនបែបនេះ»។ ក្រឡេកទៅមើលវីដេអូនីមួយៗរបស់លោកវិញ គឺកើតចេញពីចិត្តស្រឡាញ់ ដោយលោកមិនបានគ្រោងទុក រឿងរកប្រាក់ចំណូលនោះទេ ប៉ុន្តែបច្ចុប្បន្ន លោកបានទទួលប្រាក់កម្រៃមួយចំណែកដែរ ពីម្ចាស់ផលិតផលក្នុងស្រុក។ ចេញពីបទពិសោធន៍កន្លងមក លោក ញ៉េប វណ្ណៈ បានអំពាវនាវទៅដល់អ្នកចូលចិត្តដើរផ្សងព្រេងដទៃទៀតឱ្យយកចិត្តទុកដាក់ចំពោះសំរាមរបស់ខ្លួន ព្រោះកន្លងមកលោកតែងតែប្រទះឃើញសំរាមរាយប៉ាយនៅតាមកន្លែងដែលមាន
មនុស្សទៅដល់។
ដើម្បីជំរុញ និងដោះស្រាយរឿងនេះ លោកក៏តែងតែបញ្ចូលសកម្មភាពរើសសំរាម និងវេចខ្ចប់មកវិញ បន្ទាប់ពីបោះតង់រួចហើយរបស់ក្រុមលោក ដើម្បីជាគំរូមួយទៅដល់អ្នកឯទៀតក្នុងការរក្សាទាំងឥរិយាបថ ភាពថ្លៃថ្នូរ និងរក្សាបរិស្ថានឱ្យនៅតែស្រស់ស្អាតសម្រាប់ការមកកម្សាន្ដនៅថ្ងៃក្រោយៗទៀត៕