ទោះ​បីជា​បណ្ដាញ​បច្ចេកវិទ្យា​មាន​ភាព​ជឿនលឿន ការប្រើប្រាស់​ទូរស័ព្ទ កុំព្យូទ័រ ឬ​ឧបករណ៍​ផ្សេងទៀត​សម្រាប់​ជា​ជំនួយ​ដល់​ការអាន​ក៏ពិតមែន ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​នៅតែ​បន្ត​ការអាន​លើ​ក្រដាស​សៀវភៅ។ មាន​អ្នកនិពន្ធ​ជាច្រើន​បានចេញ​ផ្សាយ​ស្នាដៃ​របស់ខ្លួន​ជា​បន្ត​បន្ទាប់ ក្នុង​នោះគេ​សង្កេតឃើញ​ប្រលោមលោក​នៅតែមាន​ប្រជា​ប្រិយ​ភាព​សម្រាប់​អ្នកអាន​ទូទៅ។


លោក ធឿន សុធា ជា​អ្នកនិពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នកនិពន្ធ​ប្រលោមលោក​ខ្មែរ ដែល​លោក​ទើបតែនឹង​ចេញផ្សាយ​សៀវភៅ​ប្រលោម​លោក​ថ្មី​ ១ ​ទៀត​ក្នុង​ខែ​មករា ឆ្នាំ​ ២០២៣ នេះ។


ទាក់​ទង​នឹង​រឿង​ប្រលោម​លោក​ខ្មែរ​នេះ លោក​យល់​ឃើញ​ថា ល្អ និង​មានការ​រីកចម្រើន​ខ្លាំង ដោយសារ​ស្នាដៃថ្មីៗចេញ​នៅលើ​ទីផ្សារ​ក៏​ច្រើន អ្នក​អាន​ដែលជា​យុវជន ឬ​ជាក្មេងៗ​ជំនាន់​ក្រោយ ក៏​ចូលចិត្ត​អាន​បែប​ជា​សាច់​រឿង​ ១​រឿង​ពេញ ឬ​ជា​រឿង​ភាគ​ជា​ដើម។


លោក ធឿន សុធា បាន​ប្រាប់​ថា៖ «អ្នកនិពន្ធ​យើង​បាន​បង្កប់​នូវ​តម្លៃ​អប់រំល្អៗ​នៅ​ក្នុង​សៀវភៅ​ប្រលោម​លោក​ទាំង​នោះ ជាពិ​សេស​អ្នក​អានថ្មីៗជា​ហូរហែ ក៏បាន​បង្វែរ​មក​និយម​អាន​សៀវភៅ​លើក​ទឹក​ចិត្ត សៀវភៅ​ទស្សនៈ ឬ​សៀវភៅ​ចំណេះ​ដឹង​ផ្សេង​ៗ ក៏​កើត​ចេញពី​អ្នកអាន​ប្រលោម​លោក​ផង​ដែរ»។


លោក​បាន​ថ្លែង​ក្នុង​នាម​ជា​អ្នក​និពន្ធ ៖ «ខ្ញុំ​សង្ឃឹម​ថា អ្នកអាន ក៏ដូចជា​ការ​តែង​និពន្ធ​ស្នាដៃថ្មីៗ នឹង​កាន់តែ​កើន​ឡើង ហើយ​កាន់​តែមាន​គុណភាព គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​សៀវ​ភៅអាន​នា​ពេល​បច្ចុប្បន្ន​យើង​នេះ​»។


យ៉ាង​ណា​មិញ អ្នកនិពន្ធ​ប្រលោមលោក​ខ្មែរ​រូបនេះ ក៏បាន​ស្នើឱ្យ​អ្នក​និពន្ធ​ដទៃទៀត​បន្ថែម​តម្លៃ​អប់រំ ផ្នត់គំនិតល្អៗ ថ្មីៗ និង​ការ​លើក​ទឹក​ចិត្ត​ឱ្យបាន​ច្រើន ជាជាង​ការអាន​គ្រាន់តែ​ជាការ​កម្សាន្ត ហើយ​សំណូមពរ​ឱ្យ​អ្នកនិពន្ធ​បន្ត​ផលិត​ស្នាដៃក្រោយៗ កាន់តែ​ល្អ កាន់តែ​ខ្លឹម មាន​ក្បូន​មាន​ខ្នាត របៀប​របប​ត្រឹមត្រូវ និង​គួរណា​រៀនសូត្រ​បន្ថែម​ពី​ស្នាដៃ​របស់​រៀម​ច្បង​ជំនាន់​មុន ឬក៏​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​នានា​ឱ្យ​កាន់តែ​មាន​ចំណេះ​ជំនាញ​កាន់​តែប្រសើរ​ឡើង។

អ្នក​និពន្ធ ធឿន សុធា ជា​អ្នកនិពន្ធ​វ័យក្មេង​ ១ រូប ដែល​អាច​និពន្ធ​បាន​សៀវភៅ​ស្ទើរតែ​គ្រប់​ទម្រង់​ទាំង​សៀវភៅ​គំនិត និង​ប្រលោម​លួង​លោម។

លោក​អះអាង​ថា ៖ «សម្រាប់​ខ្ញុំ គឺ​បាន​ទាំង ២ ដោយ​អាស្រ័យ​លើ​ស្ថានភាព បរិយា​កាស និង​អារម្មណ៍​ថា ផ្តោត​មួយណា​បានល្អ​ជាង ប៉ុន្តែ​បើ​ឱ្យ​ជ្រើស​រើស​យក​តែមួយ គឺ​សៀវភៅ​បែប​ផ្នត់គំនិត ខ្ញុំ​ចូលចិត្ត និង​ឆាប់​ចូល​អារម្មណ៍​បាន​លឿន​ជាង»។

អ្នក​និពន្ធ​ដែល​ទើប​ចាប់​អាជីព​ជា​អ្នក​និពន្ធ​រូបនេះ មិនទាន់​បាន ​២ ឆ្នាំ​ពេញលេញ​ផង លោក​បាន​និពន្ធ និង​បោះពុម្ព​ផ្សាយ​ស្នាដៃ​រហូត​ ៥ ចំ​ណង​ជើង។ លោក​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ក្នុងពេល​និពន្ធ​ឡើង​ចាប់តាំងពី​ឆ្នាំ​២០២១​មក គឺមាន​ជួប​បញ្ហា​ច្រើន ច្រើន​រហូត​ដល់​ពេល​ខ្លះ​ចង់​បោះ​បង់ ឬ​ផ្អាកម្តងៗ​ក៏មាន​ដែរ។

លោក​បាន​ប្រាប់ថា៖ «ធ្វើ​ម៉េច​បើ​យើង​ជ្រុល​ជា​ដើរ​លើ​វិថី​នេះហើយ ម្យ៉ាង​មាន​គេ​ស្គាល់ និង​មាន​អ្នកគាំទ្រ​ជាច្រើន​ចេះតែ​ចង់ឱ្យ​បន្ត ចង់បាន​ស្នាដៃ​ថ្មី ហើយ​ខ្លួនឯង​ផ្ទាល់ ក៏​នៅតែមាន​ចិញ្ចឹមចិត្ត​ស្រឡាញ់​នៅតែ​ខ្លាំង ទោះបីជា​ដឹង​មុន​ថា លំបាក​ក្តី តែ​សេចក្តី​ស្រឡាញ់ វា​ធំ​ជាង និង​ធ្ងន់​ជាង ធ្ងន់​រហូត​ភ្លេច​អស់​ការ​លំបាក​នានា​ដោយ​មិន​ដឹង​ខ្លួន»។

លោក​បញ្ជាក់​បន្ថែម ៖ «បើ​និយាយ​ពី​ការលំបាក គឺ​ចាប់តាំងពី​ដើម​ដំបូង​មកម្ល៉េះ ព្រោះ​យើង​ដឹង​ហើយ​ថា វិស័យ ឬក៏​ការ​តែង​និពន្ធ​នេះ ប្រហែលជា​មិន​ងាយ​ស្រួល​ទេ មិន​ងាយ​មានបាន អ្នកអាន​ក៏​នៅមានកម្រិត ការផ្សព្វ​ផ្សាយ និង​ការជួយ​ជ្រោម​ជ្រែង ក៏​មិនបាន​ទូលំទូ​លាយ​ទៀត»។

ចំណែកឯ​ចំណេះដឹង​ខ្លួន​ឯង​ផ្ទាល់ ឯកសារ​ស្រា​ជ្រាវ ក្បូន​ច្បាប់​តែង​និពន្ធ ក៏​មិនសូវ​ជាមាន​ច្រើន។ ត្រូវ​គិតថា គួរ​សរសេរ​បែបណា ជ្រើស​រើសយក​មុំ​ណា​ដែល​ថ្មី ប្លែក បែប​ជា​ខ្មែរ ចាក់​ចំ​ចំណុចរសើប ឬ​ងាយ​បានជា​ប្រយោជន៍​ដល់​អ្នកអាន​ជាដើម។ លោក ធឿន សុធា បន្តថា អ្វីដែល​ចាំបាច់​នោះ គឺ​មិន​ស្រដៀង​គេ មិន​យក​របស់គេ​មក​លើកឡើង មិន​ហួសហេតុ និង​មិន​ផ្ទុយ​ពី​ត​ថ​ភាព​ក្នុង​សង្គម ហើយ​មាន​រូប​ភាព​ជា​ខ្មែរ ដើម្បី​កូន​ខ្មែរ​ដូចគ្នា។

ចូល​ដល់​ការបោះពុម្ព​វិញ​ម្តង គឺ​រិត​តែ​ពិបាក​ថែម​មួយកម្រិត​ទៀត ដោយ​សារ​លោក​ត្រូវធ្វើ​ទីផ្សារ ដើរ​ចែកចាយ ដឹក​ជញ្ជូន រក​រោង​ពុម្ព ផ្តល់​ជា​ភាគរយ​ខ្ពស់ មាន​អ្នក​ជំពាក់​បន្ត ការ​ទូទាត់​យឺត​យ៉ាវ ជាដើម។

លោក​បាន​ប្រាប់​ថា ៖ «និយាយ​ឱ្យ​ងាយ​យល់ គឺ​មិន​ខុសពី​អ្នកធ្វើអាជីវកម្មទេ។ សរុបមក វា​មិនមែន​សរសេរ​រួច​បោះពុម្ព និង​ចេញផ្សាយ ហើយ​អង្គុយចាំតែ​ទទួល​ផល​ទេ គឺមាន​ឧស​បគ្គ​ជាច្រើន​រៀប​រាប់មិនអស់...។ ជា​ចុងបញ្ចប់ វា​ជួប​បញ្ហា​ច្រើន​មែនពិត តែ​ក៏​នៅមាន​សេចក្តី​រីករាយ រំភើប និង​សប្បាយរីករាយ​ជាច្រើន បានមកពី​ការ​ដែល​មានឈ្មោះ​ជា​អ្នកនិពន្ធ​ក៏មាន​មិន​តិច​ដែរ»។

សូម​ជម្រាប​ថា ស្នាដៃ​ថ្មី​ដែល​អ្នក​និពន្ធ ធឿន សុធា ទើបនឹង​ចេញផ្សាយ​មាន​ចំណង​ជើង​ថា «ឪពុក​ខ្ញុំ​ជា​វីរបុរស» ជា​ប្រភេទ​ប្រលោម​លោក មនោ​សញ្ចេតនា​ខ្សែ​ជីវិត ដែល​គ្រប់​វគ្គ​នីមួយៗ សុទ្ធ​សឹងតែ​បាន​ឆ្លុះបញ្ចាំង​ពី​បញ្ហា ការ​សម្រេច​ចិត្ត កំហុស និង​ការ​ហួងហែង ទាមទារ​ឱ្យ​គ្រប់​យ៉ាង​ស្រប​ទៅតាម​ការចង់បាន​របស់ខ្លួន ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​ប្រយោ​ជន៍​អ្នក​ដទៃ។

លោក ធឿន សុធា ថា សៀវភៅ​នេះ​នឹង​នាំ​លោកអ្នក​ឱ្យ​ចេះ​ទទួលស្គាល់​ការពិត និង​រៀន​ប្រើប្រាស់​ជីវិត​ដោយ​អនុញ្ញាតឱ្យ​រឿងរ៉ាវ​មួយចំនួន​ប្រព្រឹត្ត​ទៅតាម​លំហូរ​របស់​ជីវិត ជាពិសេស​ឱ្យ​ស្គាល់​អ្វី​ទៅជា​សុភ​មង្គល និង​សេចក្តី​ស្រឡាញ់​ពិតប្រាក​ដ៕