សៀមរាប: មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សិប្បកម្មសច្ចៈ​​ មាន​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ ក្រោម​អធិបតីភាព​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈកាលពី​ថ្ងៃទី​ ១១ ខែមីនា គឺជា​មជ្ឈមណ្ឌល​ដំបូង​គេ​នៅ​កម្ពុជាដែល​បណ្តុះ​សិប្បករ​ក្នុងស្រុក​ឱ្យមាន​ជំនាញ​ផ្នែក​សិប្បកម្ម​។​


​នៅក្នុង​ពិធី​បើកសម្ពោធ​នេះ លោកស្រី​ សកុ​ណា បានលើកឡើង​ពី​សារៈសំខាន់​ នៃ​ការថែរក្សា​ចំណេះដឹង​ប្រពៃណី​ជា​ការផ្តោត​​​ខ្លាំង​នៃ​រាជ​រដ្ឋា​ភិបាល​​អាណត្តិ​ក្រោយ ​​ផ្តួចផ្តើម​ដោយ​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន ដែល​ទើបតែ​បានប្រកាស​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ថ្នាក់ជាតិ​ដ៏​ធំ​មួយ ​ក្នុង​​ការបណ្តុះបណ្តាល​មនុស្ស​ពី​ ៣ ម៉ឺន​ទៅ ៦ ម៉ឺន​នាក់​ក្នុង​វិស័យ​​សិប្បកម្ម​។​


​​លោកស្រីបាន​ថ្លែង​ថា លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​សហស្ថាបនិកសច្ចៈ​ដែល​បាន​ជួយ​ថែរក្សា​ចំណេះដឹង​ប្រពៃណី និង​អត្តសញ្ញាណ​ជាតិ​ ក៏ដូចជា​​បាន​សហការគ្នាជាមួយ​ក្រសួង​វប្បធម៌​នាពេល​កន្លងមក ​និង​​ទៅ​ថ្ងៃ​អនាគតដោយ​ភ្ជាប់​មកជា​មួយ​កម្មវិធី​បណ្តុះបណ្តាល​ថ្មី​នេះ​។​


​ថ្មីៗ​នេះមជ្ឈមណ្ឌល​ផ្តល់​ការបណ្តុះបណ្តាល​ដល់​អ្នក​ដែល​ស្រឡាញ់​ការសិក្សា និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួកគេតាម​រយៈ​​ការផលិតនូវ​ផលិត​ផល​​សិប្បកម្ម​។ នេះ​បើ​យោងតាម​លោក Romano Pierre-Andre នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាប​និក​​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សិប្បកម្មសច្ចៈ​​​។​


​លោក Pierre-Andre បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​«​រហូតមកដល់​ពេលនេះ មជ្ឈមណ្ឌល​បានជ្រើសរើស​អ្នកសិក្សា​ជាង៤០នាក់​ក្នុងចំណោម ៣០០នាក់​ដែល​បានដាក់​ពាក្យសុំ​ក្នុង​​កម្មវិធី​ផ្ដួចផ្ដើម​ការ​បណ្ដុះ​បណ្ដាល​​របស់​យើង​»។​


​លោក Pierre-Andre បាន​និយាយថា​ ​សិប្បករ​​ពី២០ ទៅ៤០​នាក់​ទៀត​ នឹងចូលរួម​ក្នុង​រយៈពេល៣ខែ​ខាងមុខនេះ នៅ​នឹង​កន្លែង ឬ​នៅលើ​សិក្ខាសាលា​ដែល​មជ្ឈមណ្ឌល​គ្រោង​នឹង​សាងសង់​នៅ​តំបន់​ជនបទ​។​

​ជាមួយនឹង​ការរស់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​អស់​រយៈពេល​ជាង៣ទសវត្សរ៍ លោក Pierre-Andre បាន​និយាយថា ​លទ្ធផល​របស់​សិប្បករ​​មិនមាន​ភាព​វិជ្ជមាន​ខ្លាំង​សម្រាប់​ការងារ​សិប្បកម្មរបស់​ពួកគេ​ឡើយ ​បន្ទាប់ពី​ធ្វើការ​ក្នុង​វិស័យនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

លោក​ថា ពួកគេ​ទាំង​នោះ​កំពុងធ្វើការ​​ជាមួយ​​ក្រុមហ៊ុន​សិប្បករ​ធំៗ ដែល​បរាជ័យ​ក្នុង​បេសកកម្ម​សង្គមដោយ​ផ្តល់​ប្រាក់ខែ​តិច និង​ឱកាស​តិចតួច​ដល់​សិប្បករ ​ដើម្បី​រីកចម្រើន​លើ​ជណ្ដើរ​សង្គម ឬ​គាំទ្រ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ជាមួយនឹង​គំរូ​មិន​និរន្តរភាព​ដោយ​​ពឹង​អាស្រ័យ​លើ​​ជំនួយ​​។​

​​លោក​​និយាយថា៖​«​​នោះ​ហើយ​ជា​មូល​ហេតុដែល​យើង​សម្រេចចិត្ត​បើក​ដំណើរការសច្ចៈ ​​ជា​កន្លែង​ដែល​យើង​ផ្តល់ឱ្យ​ពួកគេ​នូវ​សិក្ខាសាលា ឧបករណ៍ វត្ថុធាតុដើម និង​កម្មវិធី​បណ្តុះបណ្តាល​ពី​២ទៅ៣ឆ្នាំ ដើម្បី​ជួយ​ពួកគេ​ឱ្យ​កាន់តែ​មាន​ភាព​ឯករាជ្យ និង​បង្កើត​ក្រុមហ៊ុន​សិប្បកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​»។​

​មជ្ឈមណ្ឌល​នេះ​មាន​ជាងចម្លាក់​ថ្ម ជាងចម្លាក់​ឈើ ជាងគំនូរម្រ័ក្សណ៍​ខ្មុក ជាងចម្លាក់ ជាង​តម្បាញ​សូត្រ​/​កប្បាស និង​តម្បាញ​ផ្តៅ ជាងចម្លាក់​ស្បែក និង​អ្នក​ផលិត​គ្រឿងអលង្ការ​សម្រាប់​ជំនាញ​បច្ចេកទេស​។​

​លោក Pierre-Andre បាន​និយាយថា សម្រាប់​ជំនាញ​ទន់ មជ្ឈមណ្ឌល​ចាប់ផ្តើម​ដោយ​ភាសា(​អក្ខរកម្ម​ខ្មែរនិង​ភាសា​អង់​គ្លេស​) ​ទំនាក់ទំនងប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ទីផ្សារ បន្ទាប់មកប្រវត្តិ​សិល្បៈ និង​ការ​រចនា ហិរញ្ញវត្ថុ និង​បរិយាកាស​ច្បាប់ និង​​គ្រប់​ជំនាញ​ដែល​ត្រូវការ​ដើម្បី​ក្លាយជា​សហគ្រិន​ឯករាជ្យ​។​

​នៅក្រោម​ដំបូល​នៃ​សំណង់ឫ​ស្សី បង្ហាញ​ពី​ចំណេះដឹង​បែប​បុរាណ​ខ្មែរក្នុង​ការច្នៃ​ម៉ូដ​សហ​សម័យ ​​សិប្បករ​កំពុង​ធ្វើ​​កន្ដ្រក​​​ផ្តៅ​ល្ពាក់​​ដោយ​ដៃ ​ជា​ផលិតផល​ដែល​ចំណាយពេល២-៣ថ្ងៃ​ដើម្បី​បញ្ចប់ការងារ​នីមួយៗ​។​

​​​សិប្បករអាច​រក្សា​ជំនាញ​សិប្បកម្ម​ប្រពៃណី​របស់​ពួកគេ និង​ជួយ​គ្រួសារ​របស់​ពួកគេ​ផងដែរ នេះ​បើ​យោងតាម​នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ញុះញង់​សិប្បកម្ម​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​។​

លោក Pierre-Andre បាន​និយាយថា​៖ «​សម្រាប់​ការ​រចនាសំណង់​​សិក្ខាសាលា យើង​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន Green Bamboo Cambodia ជា​សហគ្រាស​សង្គម​ដែល​បង្កើតឡើង​ដោយ​លោកស្រី Caroline Chau ជា​ស្ត្រី​ខ្មែរ​កើត​នៅ​ប្រទេស​បារាំងដែល​បាន​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​លើកស្ទួយ​ឫស្សី​ជា​សម្ភារ​ដែលមាន​និរន្តរភាព​បំផុត​សម្រាប់​ការសាងសង់ និង​ដើម្បី​ស្តារឡើងវិញ​នូវ​ខ្សែចង្វាក់​តម្លៃ​ឫស្សី​នៅ​កម្ពុជា​»។​

​លោក​ថា អ្នក​សាងសង់​ជា​ជនជាតិខ្មែរ ហើយ​ឫស្សី​មកពី​ខេត្តកំពង់ចាម​។ ការ​រចនា​នេះ​ត្រូវបាន​យក​លំនាំ​តាម​​សាលា​ខ្មែរ​បុរាណ ប៉ុន្តែ​ត្រូវបាន​ធ្វើឱ្យ​ទាន់សម័យ​ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​ឫស្សី​។​

​សំណង់​សិក្ខាសាលា​កណ្តាល ​ដែលមាន​រូបរាង​ប្លែក​ត្រូវបាន​បំផុសគំនិត​ដោយ​ផ្ទះ​វែង​បែប​ប្រពៃណី​ពី​ខេត្តមណ្ឌលគិរី។ នេះ​បើ​យោងតាម​លោក Pierre-Andre ដែល​បាន​និយាយថា ​គាត់​ស្រឡាញ់​សិល្បៈ និង​សិប្បកម្ម​កម្ពុជា​។​

លោក Pierre-Andre ​បាន​បន្ដ​ថា លោក​សង្ឃឹមថា មជ្ឈមណ្ឌលនេះ​ជាការ​ចូលរួម​ចំណែក​​​អភិរក្ស​ប្រពៃណី​ខ្មែរ ​ដែល​ជឿថា​ការ​បណ្ដុះ​បណ្ដាល​​​នេះនឹង​ជួយ​រក្សា​ចំណេះដឹង​ប្រពៃណី ក៏ដូចជា​ការបង្កើត​ការ​រចនា​សិល្បៈ​សហ​សម័យ​បន្ថែមទៀត​ដោយ​ផ្អែក​លើ​​វប្បធម៌​ខ្មែរដើម្បី​ទាក់ទាញ​យុវជន​ជំនាន់​ក្រោយ​។​

​លោក​​បន្ថែម​ថា៖​«​ជំនាញ​ទាំងអស់នេះគឺជា​សិប្បកម្ម​ប្រពៃណី​ខ្មែរតាំងពី​រាប់ពាន់​ឆ្នាំ​មកម្ល៉េះ​​។ ឧទាហរណ៍ យើងទាំងអស់គ្នា​បាន​ដឹង​អំពី​ចម្លាក់​​ដូនតា​នៅលើ​ប្រាសាទ ប៉ុន្តែ​យើង​ក៏បាន​រកឃើញ​គ្រឿងអលង្ការ​នៅ​ប្រទេស​កម្ពុជាដែលមាន​អាយុកាល​ជាង​ ១​ពាន់​ឆ្នាំ​ផងដែរ ​ដែល​​លោក Zhou Daguan​ បាន​ពិពណ៌នា​អំពី​ក្រណាត់​ដ៏​ស្រស់ស្អាត​ដែល​ត្បាញ​ដោយ​ប្រជាជន​ខ្មែរ ហើយ​គ្រឿង​សេ​រ៉ា​មិច​មួយចំនួន​ត្រូវបាន​បង្កើតឡើង​ក្នុងប្រទេស​កម្ពុ​ជា មាន​អាយុកាល​តាំងពី​សតវត្ស​រ៍ទី១ ឬ​ទី២មុន​គ​.​ស​»។​

​នៅក្នុង​មជ្ឈមណ្ឌល​នេះមាន​គ្រូ​សិប្បកម្ម​ដែលមាន​បទពិសោធន៍​ជាង២០ឆ្នាំ បង្រៀន​ជំនាញ​បច្ចេកទេស និង​មាន​គ្រូ​បណ្តុះ​បណ្តាល​ទាំង​​ខាងក្នុង និង​ខាងក្រៅ​​​។​

​លោក Pierre-Andre បាន​និយាយថា មជ្ឈមណ្ឌល​នេះ​មិនមែនជា​អង្គការក្រៅរដ្ឋាភិបាល​ទេ ប៉ុន្តែ​ជា​ក្រុមហ៊ុន​ឯកជន​សង្គមដែល​​មិនទាន់មាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​។ ​​ដើម្បី​ធានា​និរន្តរភាព​​ មជ្ឈមណ្ឌល​ប្តេជ្ញា​វិនិយោគ​ ២ភាគ៣ ​នៃ​ប្រាក់​ចំណេញ​​​ទៅ​ឱ្យ​​សង្គម ការបណ្តុះបណ្តាល​បន្ថែម និង​សិក្ខាសាលា​​​ជាច្រើន​​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​។​

លោក​បាន​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​ក៏​សូម​បន្ថែមថា សច្ចៈ ​គឺជា​ក្រុមហ៊ុន​បណ្តាក់ទុន​របស់​ខ្មែរ ដោយមាន​បុគ្គលិក១០០​ភាគរយ និង​សិប្បករ​​ជា​ជនជាតិខ្មែរ ហើយ២​ភាគ៣ ​នៃ​ការវិនិយោគ​ដែល​ផ្តល់​ដោយ​ធុរកិច្ច​កម្ពុជា មាន​ឆន្ទៈ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​។ ​​ខ្ញុំ​ក៏មាន​គម្រោង​​ដក​​ខ្លួន​ថយ​​នាពេល​អនាគត ហើយ​ធ្វើការ​តែ​លើ​ការអភិវឌ្ឍ​ជា​យុទ្ធសាស្ត្រ​របស់សច្ចៈ​ ដូចដែល​យើង​បានកំណត់​អត្តសញ្ញាណ​យុវនារី​កម្ពុជា​ម្នាក់ ​ជា​នាយិកា​គ្រប់គ្រង​នាពេល​អនាគត ហើយ​​គាត់​​នឹងចូលរួម​ជាមួយ​យើង​នៅ​ចុង​ឆ្នាំនេះ ដើម្បី​ដឹកនាំ​​មជ្ឈមណ្ឌល​បន្ដ​»​​។​

​នៅក្នុង​អគារ​រចនា​បែប​ខ្មែរ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សិប្បកម្មសច្ចៈ បើក៧ថ្ងៃ​ក្នុង​១​សប្តាហ៍ ចាប់ពី​ម៉ោង៨ព្រឹកដល់ ៧យប់ ដោយមាន​ការចូល​ទស្ស​នា​ដោយ​ឥតគិតថ្លៃហើយ​ប្រាក់ចំណូល ​គឺ​ផ្អែកលើ​ការលក់​ផលិតផល​ធ្វើ​ដោយ​ដៃ​។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទៅកាន់​ទំព័រហ្វេសប៊ុកwww.facebook.com/satchahandicraftcambodia និង​វេប​សាយ https://satcha-handicraft.com/៕