ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ត្រូវបានសម្ពោធបញ្ចាំងជាផ្លូវការ

ភ្នំពេញៈ ភាពយន្តរឿងភាគប្រវត្តិសាស្ត្រ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់សម្ពោធចាក់បញ្ចាំងជាផ្លូវការនៅរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ ក្នុងពេលខ្សែភាពយន្តនេះថតសម្រេចបាន ៦០% ខណៈលោកស្នើឱ្យសម្រុកបញ្ចប់ការថតក្នុងខែមេសា និងខែឧសភា។
លោក ហ៊ុយ វាសនា ប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានលើកឡើងថា គិតត្រឹមថ្ងៃទី១៣ ខែមីនា ខ្សែភាពយន្តភាគនេះសម្រេចផលិតបានចំនួន១១៣ ឈុតឆាក ដែលស្មើនឹង៦០%នៃសាច់រឿងសរុបក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានថ្លែងថា ៖ «ខ្ញុំផ្តួចផ្តើមផលិតចេញជាខ្សែភាពយន្តភាគប្រវត្តិសាស្ត្រនេះ គឺនៅក្នុងអំឡុងចុងឆ្នាំ១៩៩៩ ខ្ញុំបានឃើញស្នាដៃដំបូងជាសៀវភៅដែលមានចំណងជើងថា ហ៊ុន សែន បុរសខ្លាំងប្រចាំកម្ពុជា បន្ទាប់មកយើងខ្ញុំបានតាក់តែងចេញជារឿងភាគនិទានដោយដាក់ចំណងជើងថា កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី យោងទៅតាមថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ»។
នាឱកាសនោះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឱ្យដឹងផងដែរថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺជាចំណងជើងរឿងដែលកូនខ្មែរស្ទើរតែគ្រប់រូបបានអាន បានស្តាប់តាមរយៈឯកសារ ព័ត៌មាន និងល្ខោនវិទ្យុដែលបានផ្សព្វផ្សាយនាពេលកន្លងមក។
លោកស្រីបានបន្តថា ប៉ុន្តែការយករឿងនេះមកផលិតជាខ្សែភាពយន្តនាពេលនេះគឺជាការលាតត្រដាងកាន់តែពិស្តារ និងស៊ីជម្រៅបន្ថែមទៀតពីជីវិត និងការតស៊ូរបស់លោក ហ៊ុន សែន តាំងពីវ័យក្មេង សុខចិត្តពលីកម្ម សុខចិត្តបែកចេញពីគ្រួសារ ប្រពន្ធកូន ដើម្បីស្វែងរកសុខសន្តិភាព ឯករាជភាព ជូនប្រទេសជាតិ។
លោកស្រី ភឿង សកុណា បានថ្លែងថា ៖ «តាមរយៈភាពយន្តនេះ យើងបានរៀនពីគុណតម្លៃមិនអាចកាត់ថ្លៃបានព្រមទាំងគំរូវីរភាព និងលក្ខណសម្បត្តិរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងភាពជាអ្នកដឹកនាំ និងអគ្គមគ្គុទ្ទេសក៍ឯកនៃកម្ពុជា ដែលធ្វើឱ្យយើងមានមោទនៈផង និងភាពភ័យរន្ធត់ សោកស្តាយផងពីភាពនិរាស្ត្រព្រាត់រវាងប្តីប្រពន្ធ ឪពុកនិងកូន…»។
ថ្លែងនាថ្ងៃនៃការដាក់សម្ពោធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដោយថ្លែងអំណរគុណដល់តួអង្គសម្តែងដែលមានស្ទើរតែគ្រប់ជំនាន់ ហើយលោកមានការពេញចិត្តការសម្តែងទាំងអស់នៃរឿងនេះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖ «រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនេះនឹងក្លាយជាកេរមរតកសម្រាប់អ្នកជំនាន់ក្រោយយល់ដឹង ហើយនឹងផ្តល់ប្រយោជន៍ដល់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ដែលមានពីដំណាក់កាល១ ទៅដំណាក់កាល១ទៀត»។
លោកបានបន្តថា ការផ្តើមចេញពីការយកជីវិតធ្វើដើមទុននេះហើយ ទើបប្រទេសជាតិមានសន្តិភាពដូចសព្វថ្ងៃនេះ។
បើតាមការបញ្ជាក់ពីលោក ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនាខាងមុខនេះ ខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនេះនឹងចាប់ផ្តើមចាក់បញ្ចាំងតែម្តងដោយ១សប្តាហ៍ នឹងចាក់បញ្ចាំង៣ថ្ងៃ គឺថ្ងៃចន្ទ អង្គារ និងថ្ងៃពុធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីប្រវត្តិស្នេហារបស់លោកជាមួយនឹងភរិយារបស់លោកផងដែរ ដោយលោកបានស្រក់ទឹកភ្នែកនៅពេលដែលលោករៀបរាប់ពីប្រវត្តិស្នេហា ការព្រាត់ប្រាសប្រពន្ធដែលកំពុងមានផ្ទៃពោះផងដែរ។
លោកបានថ្លែងថា ៖ «របួសខ្លួនប្រាណអាចព្យាបាលជា តែរបួសផ្លូវចិត្តពិបាកព្យាបាលដែលបានវាយប្រហារផ្លូវចិត្តរបស់ខ្ញុំខ្លាំងណាស់រហូតមកដល់ពេលនេះ គឺការស្លាប់កូនប្រុស ហ៊ុន កំសត់ នៅនឹងមុខ សុំគេយកទៅកប់ គេមិនឱ្យ ប្រពន្ធឈឺក៏គេមិនឱ្យទៅមើល»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានបញ្ជាក់ដែរថា ការវាយប្រហារផ្លូវចិត្តយ៉ាងខ្លាំង គឺខ្លាំងជាងការចូលសមរភូមិប្រយុទ្ធទៅទៀត ដែលលោកតែងតែហូរទឹកភ្នែកនៅពេលស្តាប់ចម្រៀង ទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ និងសំបុត្រដែលពិបាកសរសេរបំផុត។
លោកថា ៖ «ដោយសារតែឆ្លងកាត់ការលំបាកទុក្ខសោកនេះហើយ ដែលនាំឱ្យខ្ញុំប្តេជ្ញាថា ទោះក្នុងតម្លៃណាក៏ដោយខ្ញុំនឹងមិនឱ្យកម្ពុជាធ្លាក់ចូលសង្គ្រាមនោះទេ»៕