បុរសម្នាក់អាចកែច្នៃដើមចេកទៅជាក្រមា និងមានបំណងចង់ផលិតជាក្រណាត់ផ្សេងៗទៀត
តាកែវៈ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមួយចំនួនចេះកែច្នៃផ្លែឈើ ឬមើមដំឡូងមី ផ្លែចេក កែច្នៃជាស្រា ជាស្ករគ្រាប់ចេកហើយចេះកែច្នៃផ្លែត្នោតទុំធ្វើជាការ៉េមតោ្នតជាដើម។ ប៉ុន្តែបុរសម្នាក់នៅខេត្តតាកែវ បានយកដើមចេកមកកែច្នៃត្បាញទៅជាក្រមាបានយ៉ាងល្អ។
ស្នូរសំឡេងកីតម្បាញស្ទើរតែលុបបាត់សំឡេងសន្ទនាម្តងៗតាមខ្សែទូរស័ព្ទនោះ គឺជាសំឡេងរបស់លោក មាគ ស៊ន ដែលជាអ្នកបង្កើតគំនិតកែច្នៃដើមចេកត្បាញជាក្រមា។ គាត់ គឺជាអ្នកគ្រប់គ្រងក្នុងសិប្បកម្មមួយឈ្មោះ CoCo de Takeo Cambodia ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក មាគ ស៊ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការកែច្នៃដើមចេកត្បាញជាក្រមានេះលោកបានចំណាយពេលស្រាវជ្រាវប្រមាណជា ១ ឆ្នាំមកហើយ ហើយអ្វីដែលជំរុញទឹកចិត្តលោកឱ្យស្រាវជ្រាវការងារមួយនេះគឺដោយសារលោកមើលឃើញថា ប្រជាពលរដ្ឋខ្មែរបានដាំដើមចេកច្រើន តែដើម្បីយកតែផ្លែចេកមកហូបប៉ុណ្ណោះ។រីឯដើមរបស់វាវិញត្រូវកាប់រំលំចោល ហើយបើយកធ្វើជាចំណីសត្វវិញក៏ប្រើមិនឱ្យអស់ និងបោះចោលបង្កជាកាកសំណល់ដល់បរិស្ថានដែរ។
លោកបន្តថា៖ «ដើមចេកមានប្រយោជន៍ច្រើនណាស់ទោះបីយ៉ាងណាក៏ដោយ វាជាការកែច្នៃធម្មជាតិមួយឱ្យមានការប្រើប្រាស់ច្រើនដែរ។ ចេកមិនត្រឹមតែខាងខ្ញុំនេះជាអ្នកធ្វើទេ សូម្បីតែជីវភាពរបស់ពលរដ្ឋប្រចាំថ្ងៃក៏គាត់ត្រូវការប្រើប្រាស់ទាំងស្លឹកវាដែរ»។
បុរសដែលមានដើមកំណើតពីស្រុកត្រាំកក់ ខេត្តតាកែវរូបនេះបានឱ្យដឹងថា ដើមចេកវាមិនសូវដូចគ្នាទេ ពីព្រោះដើមចេកខ្លះគេអាចយកសរសៃរបស់វាបានច្រើន ហើយជាការយល់ឃើញរបស់លោកដែលបានមកពីការស្រាវជ្រាវគឺអាចមកពីសណ្ឋានដីផងដែរ ព្រោះដើមចេកខ្លះមិនសូវមានសរសៃនៅក្នុងដើមវាទេដោយសារវាមានជាតិទឹកមានជាតិសាច់នៅក្នុងដើមវាច្រើន។ហេតុដូច្នេះគេយកសរសៃចេកបានតិចហើយដើមចេកខ្លះមានសរសៃដែរតែវាស្រួយ។
បើតាមលោក មាគ ស៊ន ដើម្បីបានជាក្រមា ១ គឺដំបូងគេត្រូវយកដើមចេកមកពុះហើយកោសយកតែ[ខ្លឹមចេក]ប៉ុណ្ណោះដើម្បីយកសរសៃ។បន្ទាប់មកគេត្រូវសម្អាតសរសៃចេកនោះឱ្យស្អាតហើយគេយកសរសៃចេកទៅតភ្ជាប់គ្នារួចរវៃបញ្ចូលទៅក្នុងខ្នារ(ប្រដាប់សម្រាប់ខារសូត្រ)សម្រាប់យកទៅដាក់ក្នុងត្រល់ទើបដំណើរការត្បាញតែម្តង។ ចាប់តាំងពីពេលកោសយកសរសៃចេករហូតត្បាញចេញជាក្រមា ១ គឺត្រូវប្រើពេលមិនក្រោម ៤ ថ្ងៃទេ រីឯកម្លាំងមនុស្សក៏ ៤ នាក់ដែរ។
លោកបានបញ្ជាក់ថា៖ «បើនិយាយពីប្រូសេសការងារសម្រាប់សរសៃចេកហ្នឹង បើយើងយកត្បាញតែម្តងវាមិនយូរទេ តែការប្រើកម្លាំងពលកម្មដើម្បីយកសរសៃចេកអាចប្រើពេលយូរដែរ។តែបើសរសៃចេកចូលក្នុងត្រល់ហើយគឺត្បាញមិនយូរទេ»។
លោកបានឱ្យដឹងដែរថា ដោយសារតែវាស្ថិតក្នុងដំណាក់កាលដកបទពិសោធន៍នៅឡើយនោះ ដូច្នេះដើមចេកគឺលោកមិនទាន់ត្រូវការច្រើនពេកទេ ដោយពេលខ្លះលោកបានដើរសុំដើមចេកពីអ្នកភូមិនៅក្នុងតំបន់ក្បែរៗទីតាំងរបស់លោកដែរ។រីឯផលិតផលក្រមាដែលកែច្នៃត្បាញចេញពីដើមចេកនេះធ្វើបានសម្រេចហើយ ប៉ុន្តែលោកមិនទាន់ដាក់លក់នៅលើទីផ្សារទេ ដោយសារចង់កែច្នៃសរសៃចេកនេះដើម្បីផលិតទៅជាក្រណាត់ឬធ្វើជារបស់ប្រើប្រាស់អ្វីផ្សេងៗទៀត។
លោកថ្លែងថា៖«អ៊ីចឹងឥឡូវនេះយើងគ្រាន់តែត្បាញតេស្តសិនទេហើយណាមួយយើងចង់ព្យាយាមលើការត្បាញទៅជាក្រណាត់សាកមើលទៀត។បើយើងអាចកែច្នៃជាក្រណាត់បានគឺអាចយកវាទៅកាត់ដេរបានជារបស់ប្រើប្រាស់់ច្រើនយ៉ាងអ៊ីចឹងទៅ»។
បើតាមលោក មាគ ស៊ន ការកើតគំនិតកែច្នៃដើមចេកជាផលិតផលផ្សេងៗគឺដំបូងឡើយលោកគ្រាន់តែមើលតាមយូធូបពីរបៀបកែច្នៃប៉ុណ្ណោះ បន្ទាប់មកលោកយកវិធីនោះមកពិសោធផ្ទាល់ហើយក៏ទទួលបានជោគជ័យ។ក្រមាដើមចេកនេះក្រោយពីលោកធ្វើតេស្តមកដឹងថា លោកនឹងអាចផលិតជាក្រមាបានសម្រេច ហើយលោកកំពុងរកវិធី រកទីផ្សារលក់ និងស្ទាបស្ទង់ពីតម្លៃផង។ចំពោះខ្នាតក្រមាវិញ គឺបើចង់បានទំហំប៉ុនណាក៏ធ្វើបានដែរ ហើយក្រមាចេកក៏មិនអាចយកទៅស្លៀកបានដែរ ព្រោះវាស្តើង តែបើដាក់តាំងនៅក្នុងបន្ទប់ឬកន្លែងធ្វើការវិញវានឹងផ្តល់សោភណភាពជាលក្ខណៈធម្មជាតិល្អពិតៗ។
លោកបន្ថែមថា៖«នេះជាការកែច្នៃដំបូងរបស់ខ្ញុំហើយនៅក្នុងស្រុកខ្មែរយើងហ្នឹងក៏ប្រហែលជាមិនទាន់មានក្រមាកែច្នៃចេញពីដើមចេកដែរ។ខ្ញុំគិតថា នេះជាផលិតផលថ្មី ១ ដែលបង្ហាញចេញអំពីការកែច្នៃដំបូង»។
លោកបានលើកឡើងថា ដើម្បីលើកទឹកចិត្តដល់សហគមន៍ លោកសំណូមពរដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យគាត់ព្យាយាមដាំដើមចេកឱ្យបានច្រើន ព្រោះថា ដើមចេកមានប្រយោជន៍ណាស់។ចំពោះបច្ចុប្បន្នក៏មានការពិបាកក្នុងការរកដើមចេកក្នុងសហគមន៍ដែលនៅជិតសិប្បកម្មរបស់លោកដែរ ដោយសារពលរដ្ឋមិនសូវយកចិត្តទុកដាក់ក្នុងការដាំចេក។ក្រៅពីការកែច្នៃដើមចេកនេះលោកក៏ផលិតកែច្នៃផ្លែដូងទុំធ្វើជាប្រេងដូងត្រជាក់ សាប៊ូដូងសម្រាប់ខាត់ស្បែក ស្ករគ្រាប់ដូង មីដូង និងរបស់ប្រើប្រាស់ផ្សេងៗទៀតដែរ។ សិប្បកម្ម CoCo de Takeo Cambodia មានប្រជាពលរដ្ឋក្នុងសហគមន៍បម្រើការចំនួន៤៣នាក់ក្នុងនោះក៏មានជនពិការភាពស្វិតជើងដាច់ជើងដោយសារមីនជាង ១០ នាក់ផងដែរ។
លោកបន្តទៀតថា ការកែច្នៃដើមចេកនេះ លោកគិតថា លោកបានចូលរួមក្នុងការការពារបរិស្ថានក្នុងកម្រិតណាមួយដែរព្រោះដើមចេកក្រៅពីគេយកផ្លែវារួច គេបោះចោល តែលោកបានយកមកច្នៃបង្កើតជារបស់ប្រើប្រាស់បានទៀត។
ជាមួយគ្នានេះលោកក៏មានមោទនភាពដែរដែលកូនខ្មែរអាចកែច្នៃដោយដៃចេញពីធម្មជាតិជំនួសឱ្យការប្រើប្រាស់ជ័រប្លាស្ទិក និងជួយឱ្យប្រជាជនក្នុងសហគមន៍មានការងារធ្វើដោយមិនបាច់ចំណាកស្រុក៕