ភ្នំពេញ៖ ជាមួយ​ការ​តស៊ូ និង​ការ​ប្ដេជ្ញាចិត្ដ​ខ្ពស់​ ម្តាយ​ពិការ​ភ្នែក​ម្នាក់​​បាន​ចាប់​ផ្ដើម​បង្កើត​ប្រវត្ដិសាស្ដ្រ​ឱ្យ​កម្ពុជា​​ចំពោះ​ដំណើរ​បន្ត​ការ​សិក្សា​នៅ​បរទេស​ក្នុង​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​ថែម​ទាំង​បាន​​នាំ​កូន​តូច​ទៅ​​ជាមួយ​ថែម​ទៀត។


រឿងរ៉ាវ​នៃការ​ខិតខំ​ប្រឹង​ប្រែង​របស់​ស្ដ្រី​កម្ពុជា​រូប​នេះ​គឺជា​និមិត្ដរូប​នៃ​ក្តីសង្ឃឹម ដែល​បង្ហាញ​ពី​ស្មារតី​តស៊ូ​​របស់​ស្ត្រី​ខ្មែរ ជាពិសេស​អ្នក​ដែល​ប្រឈមមុខ​នឹង​បញ្ហា​ពិការភ្នែក។

អ្នកស្រី មិន ចិន្តា ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ និង​ការអនុវត្ត​ពិការភាព​ពី​សាកលវិទ្យាល័យ Flinders ក្នុង​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី​។​


ក្រោម​កម្មវិធី​អាហារូបករណ៍ Australia Awards Cambodia នេះ​គឺជា​សមិទ្ធផល​សំខាន់​មួយ​ក្នុង​ដំណើរ​របស់​អ្នកស្រី​​ក្នុងការ​យកឈ្នះ​លើ​ភាពលំបាក និង​ការតស៊ូ​មតិ​ដើម្បី​អ្នក​មាន​ពិការភាព។


អ្នកស្រី ចិន្ដា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​ ខ្ញុំ​នឹង​ទៅធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​ធម្មតា ហើយ​ខ្ញុំ​នឹង​ចែករំលែក​អ្វីដែល​ខ្ញុំ​បាន​រៀន​ពី​ប្រទេស​អូស្ត្រាលី​តាម​ដែល​អាច​ធ្វើបាន​»។​


អ្នកស្រី​ ជា​និស្សិត​​ពិការភ្នែក ដែល​ដំបូង​ឡើយ​ពឹង​ផ្អែកលើអ្នក​នាំផ្លូវ​​សម្រាប់​ការធ្វើ​ដំណើរ​ប្រចាំថ្ងៃ លើ​ចម្ងាយ​ផ្លូវ​២ គីឡូម៉ែត្រ​ពី​ផ្ទះ​ទៅ​សាលារៀន​។ ក្រោយ​មក​ ដោយមាន​ទំនុកចិត្ត​កាន់តែខ្លាំង អ្នកស្រី​​ធ្វើដំណើរ​តែម្នាក់ឯង​។​

ទោះបីជា​ស្ថានភាព​ផ្លូវ​នៅ​កន្លែង​ខ្លះ​មិន​ស្មើគ្នា ហើយ​អ្នកស្រី​ត្រូវ​ដើរ​ឡើង​ចុះ​ជណ្តើរ​ខ្លះ​ក៏ដោយ វា​នៅតែ​ងាយស្រួល​​ជាង​នៅផ្ទះ​ដែល​។​

ប្រទេស​អូស្ដ្រាលី​មាន​ផ្លូវ​ឆ្លងកាត់​ស្តង់ដា​សម្រាប់​ជនពិការ ហើយ​អ្នកស្រី​​មិន​ព្រួយបារម្ភ​អំពី​បញ្ហា​ចរាចរណ៍​ដែល​ត្រូវ​​ដើរកាត់​ផ្លូវបំបែក​ថ្មើរជើង ពីព្រោះ​​យានជំនិះ​ទាំងអស់​ត្រូវ​ឈប់​។​

ហេដ្ឋារចនាសម្ព័ន្ធ​នៅ​សាកលវិទ្យាល័យ​​ត្រូវបាន​រៀបចំ​ឡើង​ដោយ​គិតគូរ​ដើម្បី​គាំទ្រ​ដល់​និស្សិត​​ដែល​មាន​ពិការភ្នែក​។​

អគារ និង​ផ្លូវ​ត្រូវបាន​សម្គាល់​ដោយ​សញ្ញា​អក្សរ​ស្ទាប ធានាថា អ្នក​មាន​ពិការភាព​អាច​រុករក​ដោយ​ឯករាជ្យ។ អ្នកស្រី ចិន្តា ​ក៏​កោតសរសើរ​ចំពោះ​ចិត្តសប្បុរស​របស់​ប្រជាជន​នៅ​អូស្ដ្រាលី​ផងដែរ។​

អ្នកស្រី​បាន​និយាយថា​៖ «​នៅពេលណា​ដែល​ខ្ញុំ​ឈប់​នៅ​កន្លែង​មួយ​យូរៗ មនុស្ស​តែងតែ​មក​សួរថា ​តើ​ខ្ញុំ​ត្រូវការ​ជំនួយដែរ​ឬទេ?»។ 
កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កូន​

អ្នកស្រី ចិន្ដា បាន​និយាយ​ថា អ្នកស្រី​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ហើយ តែ​នៅ​បន្ដ​រង់ចាំ​ស្វាមី ដែល​នឹង​បញ្ចប់​ការ​សិក្សានៅ​សាកលវិទ្យាល័យ​នោះ​​នៅ​ឆ្នាំ​ក្រោយ ក៏ដូចជា​ទុក​ពេល​ឱ្យ​កូន​ស្រី​អាយុ​ទើប​តែ​ពីរ​ឆ្នាំ​កន្លះ​ទទួល​បាន​ការ​អប់រំ​បន្ថែម​ទៀត។

អ្នកស្រី​ ចិន្តា ជាមួយកូនស្រីនៅប្រទេសអូស្ត្រាលី។ រូបថត សហការី

អ្នកស្រី ចិន្ដា បាន​ឱ្យ​ដឹង​ថា៖ ​«ខ្ញុំ​កំពុង​តែ​ដាក់​សុំ​វីសា​បន្ដ​នៅ​ជាមួយ​គាត់​មួយ​ឆ្នាំ​ទៀត​។ ម្យ៉ាងវិញ​ទៀត ទុក​ពេលវេលា​នេះ​ឱ្យ​កូន​បាន​រៀន​ថ្នាក់​មូលដ្ឋាន​បាន​ច្រើន​បន្ថែម​ទៀត​។ ពេល​គាត់​អាយុ​បី​ឆ្នាំ​កន្លះ​ ចំណេះដឹង​មូលដ្ឋាន​របស់​គាត់​បាន​រឹង​មាំ​ខ្លាំង មុន​ពេល​បន្ដ​ទៅ​សិក្សា​នៅ​ប្រទេស​ខ្មែរ​។ 

អ្នកស្រី បាន​បន្ដថា​៖ «ពេល​ត្រឡប់​ទៅ​ខ្មែរវិញ ប្រាកដ​ជា​លំបាក​លំបិន​ជាមួយ​ឪពុកម្ដាយ​ទៀត​ហើយ​។ យើង​នឹង​ត្រូវ​សាលារៀន​មួយ​សម្រាប់​គាត់​ ពីព្រោះ​ឥឡូវ​នេះ គាត់​មិនសូវ​ចេះ​និយាយ​ខ្មែរ​ទេ»។ 

ដោយ​បាន​ចូល​បម្រើ​ជា​មន្ដ្រី​រាជការ​រួច​ជា​ស្រេច​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​តាម​រយៈ​អាហារូបករណ៍​របស់ Australia Awards Cambodia អ្នកស្រី ចិន្ដា នៅតែ​ធានា​បាន​នូវការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ​នេះ​ដដែល​​។

បញ្ហា​ប្រឈម និង​ការតស៊ូ​ ​

អ្នកស្រី​ ចិន្តា អាយុ ៣៤ ឆ្នាំ មកពី​ភូមិ​ត្បូងដំរី​ ខេត្តកណ្តាល ចាប់ផ្តើម​មាន​បញ្ហា​ភ្នែក​នៅ​ថ្នាក់​ទី៤ ដែលនាំឱ្យ​ពិការភ្នែក​ត្រឹម​ថ្នាក់​ទី៦។ គ្រួសារ​របស់​អ្នកស្រី​​បាន​​បាន​បញ្ជូន​អ្នកស្រី​​ឱ្យ​រៀនអក្សរ​អក្សរ​ស្ទាប​។​

ទោះបីជា​​​ពិការ​ក៏ដោយ ក៏អ្នកស្រី​រៀន​ពូកែ ទីបំផុត​ទទួលបាន​អាហារូបករណ៍​តាមរយៈ Australia Awards Cambodia ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ជាន់​ខ្ពស់​​ផ្នែក​គោលនយោបាយ និង​ការអនុវត្ត​នៅ​សាកលវិទ្យាល័យ Flinders ក្នុង​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី​។

​មុនពេល​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អ្នកស្រី​ ចិន្តា ​បាន​បម្រើការ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​

​ទោះបី​ជាមាន​សមិទ្ធផល​ផ្នែក​អប់រំ និង​បទពិសោធន៍​វិជ្ជាជីវៈ​ក៏ដោយ ក៏​ស្ដ្រី​ពិការ​ភ្នែក​រូប​នេះ ​រំពឹងថា​នឹង​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​នៅពេល​​​ត្រឡប់​មក​មាតុប្រទេស​វិញ ដោយសារ​ការ​មិន​ផ្ដល់​តម្លៃ​ទូលំទូលាយ​ដល់​អ្នក​មាន​ពិការភាព​​។​

​អ្នកស្រី ចិន្តា​ ដែល​ពេលនេះ​ស្វាមី​ក៏​បាន​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ផងនោះ បាន​និយាយថា​៖ «​ខ្ញុំ​មិន​ប្រាកដថា​ខ្ញុំ​នឹង​អាច​រក​ការងារ​ដែលមាន​ប្រាក់ខែ​ខ្ពស់​ឬ​អត់​នោះទេ»​។​

​ក្តីកង្វល់​របស់អ្នកស្រី ​បាន​ក្លាយ​ជា​ក្ដីកង្វល់​របស់​ស្វាមី​អ្នកស្រី​​ផងដែរ ដោយបាន​គូសបញ្ជាក់​ពី​លទ្ធភាព​ការងារ​ដែល​មិន​ច្បាស់លាស់​សម្រាប់​បុគ្គល​ពិការ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកស្រី​​បាន​បន្ថែមថា​៖ «​យើង​នឹង​រង់​ចាំមើលជាក់ស្ដែង​»​។​

ការតស៊ូ​មតិ និង​ការយល់ដឹង​

ឆ្លងកាត់​ការសិក្សា និង​បទពិសោធន៍​ផ្ទាល់ខ្លួន អ្នកស្រី ចិន្តា ​បាន​យល់​ដឹង​យ៉ាងច្បាស់​អំពី​ឧបសគ្គ​ក្នុងសង្គម​ដែល​ជនមាន​ពិការភាព​​ប្រឈមមុខ​។ អ្នកស្រី​​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ការ​យល់​ដឹង​កាន់តែច្រើន និង​បរិយាប័ន​​នៅ​កន្លែងធ្វើការ​។​

អ្នកស្រី​បាន​និយាយថា៖ «ដោយសារ​ការ​បើក​ចិត្ដ​ទូលាយ​ពី​សង្គម​ខាង​ក្រៅ នៅ​មាន​កម្រិត ហើយ​ការ​យល់​ដឹង​អំពី​ពិការភាព​ក៏​នៅ​មាន​កម្រិត​។ ដូច្នេះ​ពួកគេ​​ភាគច្រើន​អាច​យល់​ថា តើ​អ្នក​មាន​ពិការភាព​អាច​ធ្វើ​អ្វីបាន​ខ្លះ​ក្នុង​វិស័យ​ការងារ​។ នេះ​ជាមូលហេតុ​ដែលអ្នក​មាន​ពិការភាព​មិន​ត្រូវបាន​ផ្ដល់​ឱកាស​អភិវឌ្ឍ​ខ្លួន​។ 

ទោះបីជា​ដៃ​កាន់​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​អូស្ដ្រាលី​យ៉ាងណាក៏ដោយ ក៏​អ្នកស្រី​ ចិន្ដា និយាយ​ទាំង​អួល​ដើម​ក​ថា​៖ «ស្ថាប័ន​មួយ​ចំនួន​គិត​ថា ពួក​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជា​ប្រយោជន៍​ដល់​ស្ថាប័ន​ពួកគាត់​។ ដល់​ពេល​អ៊ីចឹង​ទៅ សម្រាប់​ការងារ​នេះ​ មិនត្រូវបាន​ផ្ដល់​ការ​ស្មើភាព​នោះទេ ដោយសារតែ​បញ្ហា​ផ្នត់​គំនិត ច្រើន​ជាង​សមត្ថភាព​»។ 

អ្នកស្រី​បន្ថែមថា ស្ថាប័ន​ការងារ​ក៏​ទំនង​ជា​ផ្ដោតលើ​អ្នក​អាច​បំពេញ​ការ​ងារ​ច្រើន​ ដោយ​អាច​ធ្វើ​ការងារ​ស្នូល​ផង និង​កិច្ចការ​ផ្សេងៗ​ទៀត​។ ប៉ុន្ដែ​សម្រាប់​អ្នក​មាន​ពិការភាព ពួកគេ​ពិបាក​ក្នុង​ការ​បំពេញ​កិច្ចការ​ច្រើន​ ជាហេតុដែល​ធ្វើ​ឱ្យ​ទីផ្សារ​ការងារ​របស់​អ្នក​មាន​ពិការភាព​តូច​ចង្អៀត​។ 

អ្នកស្រី ចិន្ដា ស្នើ​ឱ្យ​គ្រប់​អង្គភាព ស្ថាប័ន​ ដែល​ផ្ដល់​ការងារ សុំ​បើក​ចិត្ដ​ឱ្យ​ទូលាយ ស្វែង​យល់​ពី​អ្នក​មាន​ពិការភាព ដោយ​ផ្ដោតលើ​សមត្ថភាព​ដើម្បីឱ្យ​ពួកគេ​បានចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម និង​លើក​កម្ពស់​ជីវភាព​គ្រួសារ។ 

ចក្ខុវិស័យ​សម្រាប់​អនាគត​

ទោះបីជា​មានការ​ប្រឈម​ក៏ដោយ ក៏​អ្នកស្រី ចិន្តា ​នៅតែមាន​សុទិដ្ឋិនិយម និង​ប្តេជ្ញា​ធ្វើការ​ផ្លាស់ប្តូរ​។ ពេលវេលា​របស់​អ្នកស្រី​​នៅក្នុង​ប្រទេស​អូស្ត្រាលី​ទទួល​បាន​​ការអប់រំ​​ និង​កម្រិត​នៃ​ឯករាជ្យភាពដូច​មនុស្ស​ទូទៅ​។​

អ្នកស្រី ចិន្តា ត្រូវ​បាន​ដកស្រង់​សំដៅ​នៅ​ក្នុង Facebook របស់ Australia Awards Cambodia ដោយ​បាន​និយាយថា៖ «​ពេលវេលា​របស់ខ្ញុំ​នៅ​ប្រទេស​អូស្ត្រាលី​បាន​ផ្លាស់ប្តូរ​​ជីវិត​របស់​ខ្ញុំ​ទាំងស្រុង ពីព្រោះ​ខ្ញុំ​រីករាយ​នឹង​ការអប់រំ​​ និង​ឯករាជ្យភាព​​។​ ​ជា​លើកដំបូង ខ្ញុំ​មាន​អាហារ​លើស​ពី​​គ្រប់គ្រាន់ លុយ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់ និង​សេរីភាព​ក្នុងការ​បញ្ចេញ​កង្វល់រ​បស់​ខ្ញុំ ដោយ​មិន​ខ្លាច​គេ​ព្រងើយកន្តើយ​»​។​

នៅពេល​រៀបចំខ្លួន​ត្រឡប់មក​កម្ពុជា​វិញ ​អ្នកស្រី​បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​បង្កើន​ការអប់រំ និង​បទពិសោធន៍​​ ដើម្បី​គាំទ្រ​ដល់​កំណើន​សហគមន៍ និង​លើកទឹកចិត្ត​អ្នកដទៃ​។​

អ្នកស្រី ចិន្ដា ​បាន​និយាយថា៖ «​ខ្ញុំ​ចង់ឱ្យ​រឿងរ៉ាវ​​របស់ខ្ញុំ​បង្ហាញដល់​អ្នកដ​ទៃ​ថា ​សុបិន​អាចធ្វើ​ទៅបាន ប្រសិនបើ​អ្នកធ្វើការ​ខ្លាំង និង​មានការ​គាំទ្រ»។​

Australia Awards Cambodia: ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​ដឹកនាំ​នា​ពេល​អនាគត

Australia Awards Scholarships (AAS) គឺជា​អាហារូបករណ៍​​អន្តរជាតិ​​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ដល់​អ្នកដឹកនាំ​ពិភពលោក​ជំនាន់​ក្រោយ​។​

អ្នកស្រី មិន ចិន្តា ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ និង​ការអនុវត្ត​ពិការភាព​ពី​សាកលវិទ្យាល័យ Flinders ក្នុង​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី​។​ រូបថត សហការី

ជា​រៀងរាល់ឆ្នាំ AAS ផ្តល់ឱកាស​សិក្សា​ដល់​ប្រជាជន​កម្ពុជា​ដែលមាន​ទេពកោសល្យ ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​អូស្ត្រាលី​។​
ប្រជាជន​កម្ពុ​ជាជាង ១ពាន់នាក់​បានទទួល​អត្ថប្រយោជន៍​ពី​អាហារូបករណ៍​អូស្ត្រាលី​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០។ អ្នកស្រី ចិន្តា អតីត​និស្សិត​ចិត្ត​វិទ្យា​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ពីមុន​បាន​ស្ម័គ្រចិត្ត​ជួយ​ជនពិការ ទោះបីជា​ខ្លួន​អ្នកស្រី​ជួប​ការលំបាក​ខ្លួន​ឯង​យ៉ាង​ណា​ក៏ដោយ​។​

ឥឡូវនេះ អ្នកស្រី​​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​​ពី​ប្រទេស​អូស្ត្រាលី​។ នោះ​ជា​សុបិន​ក្លាយជា​ការពិត​សម្រាប់អ្នកស្រី ​ចិន្តា ដោយ​បាន​និយាយ​ថា​​៖ «​ខ្ញុំ​បាន​​បញ្ចប់​អាហារូបករណ៍ Australia Awards និង​​ត្រឡប់មក​កម្ពុជា​វិញ​»​។​

ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី​​មាន​អារម្មណ៍​ថា​ ពេលវេលា​​​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​កន្លងផុតទៅ​យ៉ាង​ឆាប់រហ័ស ហើយ​អ្នកស្រី​​មិនទាន់​បាន​ត្រៀមខ្លួន​ដើម្បី​ចាកចេញ​នោះទេ​។​

​អ្នកស្រី ចិន្តា​ បាន​និយាយថា៖ «​ខ្ញុំ​នឹង​នឹក​​​ដល់​បរិយាកាសដ៏​ស្រស់ស្អាត​នៅ​ទីនេះ​ ជា​ទីកន្លែង​ដែលគ្មាន​ឧបសគ្គ​សម្រាប់​ខ្ញុំ​។ ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ចូល​ដំណើរការបាន ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ក្នុងការ​បង្ហាញ​ពី​ពិការភាព​របស់ខ្ញុំ ហើយ​អាចទៅណាមកណា​បាន​ស្រួល​​ជាមួយ​ប្តី និង​កូន​របស់ខ្ញុំ​ដោយ​ខ្លួនឯង​»៕