ភ្នំពេញ៖ ការកម្សាន្តដ៏ពេញនិយមក្នុងការរត់នៅតាមប្រាង្គប្រាសាទនានាក្នុងប្រទសកម្ពុជាកំពុងបង្កឱ្យមានការជជែកដេញដោលក្នុងចំណោមអ្នកស្រាវជ្រាវវប្បធម៌ ខណៈភ្ញៀវទេសចរ និងអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមកាន់តែផុសផុលចំពោះការរត់យកលំនាំហ្គេមទូរស័ព្ទ «Temple Run»។
ដោយមានការបំផុសគំនិតដោយហ្គេមនេះ អ្នកទស្សនាកំពុងថត និងចែករំលែកវីដេអូអំពីពួកគេរុករកប្រាសាទបុរាណនៃប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ដោយលាយបញ្ចូលបច្ចេកវិទ្យាទំនើបជាមួយសម្បត្តិវប្បធម៌ដ៏សម្បូរបែបនៃតំបន់ប្រវត្តិសាស្ត្រទាំងនេះ។
សកម្មភាពកម្សាន្ដនេះបានធ្វើឱ្យអន្តរជាតិចាប់អារម្មណ៍លើវិស័យទេសចរណ៍របស់កម្ពុជា ដោយការរំលេចនូវរូបភាពផ្ទៃក្រោយនៃប្រាសាទបុរាណយ៉ាងស្រស់បំព្រង និងគួរឱ្យគយគន់។
Temple Run ត្រូវបានអភិវឌ្ឍដោយ Imangi Studios គឺជាហ្គេមរត់មិនចេះចប់ ដែលអ្នកលេងរត់ចេញពីការតាមចាប់របស់ស្វាបិសាច បន្ទាប់ពីលួចយករូបព្រះពីប្រាសាទបាន។
បទពិសោធន៍ដ៏អស្ចារ្យនៃការរត់កាត់ព្រៃក្រាស់ និងច្រករបៀងបុរាណនៅអង្គរ អនុញ្ញាតឱ្យទេសចរស្រមៃថាខ្លួនកំពុងតែស្ថិតក្នុងហ្គេមនេះ។
និន្នាការនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា TikTok, Facebook និង YouTube ដែលវីដេអូទេសចរចុះពីលើផ្លូវថ្មតូចចង្អៀត និងរត់ឆ្លងកាត់ផ្លូវថែវនៃប្រាសាទអមដោយបទភ្លេង Temple Run កំពុងពេញនិយម។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជាសាធារណៈនូវការគាំទ្រចំពោះនិន្នាការនេះ ដោយចាត់ទុកវាជាមធ្យោបាយច្នៃប្រឌិតមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍។
លោក ហ៊ុន ម៉ាណែត បានថ្លែងកាលពីដើមខែសីហានេះថា៖ «ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញទេសចរ គាត់ថតរឿង Temple Run អាហ្នឹងថតចុះ។ គាត់ថតជាលក្ខណៈឯកជនទៅផ្សព្វផ្សាយឱ្យយើង អត់លំបាកទេ។ ភ្ញៀវបរទេស គាត់មក គាត់ថត ដាក់ TikTok គាត់មិនយកទៅធ្វើអាជីវកម្មក្នុងទូរទស្សន៍បានលុយ ដោយគ្រាន់តែដាក់ក្នុងផេកគាត់ដើម្បីផ្សព្វផ្សាយ។ ឱ្យគាត់ថតចុះ អត់មានអីទេ»។
ទោះជាយ៉ាងណាក៏ដោយ ការសាទរជុំវិញនិន្នាការនេះមិនសុទ្ធតែរលូនដោយគ្មានអ្នករិះគន់នោះទេ។ អ្នកអភិរក្សវប្បធម៌ និងអ្នកប្រាជ្ញមួយចំនួនមានការព្រួយបារម្ភអំពីហានិភ័យដែលអាចកើតមានដោយសារសកម្មភាពទាំងនេះ។
ប្រាសាទបុរាណដែលមានអាយុជិតមួយពាន់ឆ្នាំនៅតំបន់អង្គរមានលក្ខណៈល្អប្រណិត ហើយអ្នករិះគន់បានអះអាងថា ការប្រញាប់ប្រញាល់ចាប់យកខ្លឹមសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអាចនាំឱ្យខូចខាតដល់ទម្រង់ប្រាសាទ និងកាត់បន្ថយសារៈសំខាន់ខាងវិញ្ញាណ និងវប្បធម៌របស់ពួកគេ។
លោក Simon Warrack អ្នកអភិរក្សដែលមានបទពិសោធន៍ជាងបីទសវត្សរ៍ធ្វើការលើការអភិរក្សប្រាសាទនៅតំបន់អង្គរបានបង្ហាញពីការព្រួយបារម្ភរបស់គេ ដែលត្រូវបានចុះផ្សាយដោយ South China Morning Post។
លោកត្រូវបានគេដកស្រង់សម្ដីថា «អ្នកនឹងមិនរត់កាត់ផ្លូវពេត្រុសក្នុងទីក្រុងរ៉ូម ឬព្រះវិហារបស្ចិមប្រទេសណាមួយទេ ហេតុអ្វីបានជាគេទទួលយកក្នុងប្រទេសកម្ពុជា?
លោក Warrack បានសង្កត់ធ្ងន់ថា ខណៈពេលការខូចខាតខាងរាងកាយដែលបណ្តាលមកពីសកម្មភាពបែបនេះគឺជាការព្រួយបារម្ភពិតប្រាកដ ការមិនយកចិត្តទុកដាក់ចំពោះសារៈសំខាន់ខាងវិញ្ញាណ និងវប្បធម៌របស់ប្រាសាទគឺមានបញ្ហាដូចគ្នា។
ដោយដឹកនាំគម្រោងអភិរក្សដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង់នៅប្រាសាទអង្គរវត្តអស់រយៈពេល ៣០ ឆ្នាំ លោក Hans Leisen បានបង្ហាញអារម្មណ៍ចំពោះវីដេអូនោះ។
លោក Leisen ត្រូវបានដកស្រង់សម្ដីដោយ South China Morning Post ដោយបាននិយាយថា៖ «វាមិនសមហេតុសមផល។ ប្រសិនបើអ្នករត់កាត់ប្រាសាទ អ្នកមិនអាចមើលឃើញភាពស្រស់ស្អាតនៃចម្លាក់នោះទេ។ ហើយប្រសិនបើអ្នកជំពប់ដួល អ្នកអាចនឹងច្រតជញ្ជាំងដើម្បីទប់ខ្លួនអ្នក ដោយធ្វើឱ្យចម្លាក់ផុយស្រួយប្រឈមនឹងហានិភ័យ»។
ការជជែកវែកញែកនេះបង្ហាញពីបញ្ហាប្រឈមនៃតំបន់ប្រវត្តិសាស្ត្រទូទាំងពិភព ដោយត្រូវមានការថ្លឹងថ្លែងពីអត្ថប្រយោជន៍នៃការជំរុញវិស័យទេសចរណ៍ ជាមួយនឹងតម្រូវការសម្រាប់ការអភិរក្សប្រកបដោយនិរន្តរភាព។
ជាមួយបទពិសោធន៍ដើរលេងនៅរមណីយដ្ឋានប្រវត្ដិសាស្ដ្រជាច្រើនជុំវិញពិភពលោក រួមទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក ធុយ ចាន់ធួន សាស្ដ្រាចារ្យបុរាណវិទ្យានៅរាជបណ្ឌិត្យសភា បានឱ្យដឹងថា ទីកន្លែងរត់ស្រួលជាងគេគឺនៅមហាកំផែងចិន នៅស្រុកខ្មែរ គឺនៅតាមថែវនៃប្រាសាទ ហើយនៅឥណ្ឌូនេស៊ី គឺនៅ Borobudur Temple។
លោកបាននិយាយថា៖ «វាមិនមានបញ្ហាអ្វីនោះទេ ដោយអ្នករត់ពាក្យស្បែកជើងជ័រទន់ ដែលមិនប៉ះពាល់ខ្លាំងលើថ្មប្រាសាទ។ ប៉ុន្ដែអ្វីដែលខ្ញុំបារម្ភគឺខ្លាចភ្ញៀវជំពប់ជើងដួលទៅវិញទេ ពីព្រោះថ្មប្រាសាទមិនរាបស្មើល្អប៉ុន្មាននោះទេ»។
លោកបានថ្លែងថា ការរត់ Temple Run ជាការបង្ហាញពីការចូលចិត្ដ និងជាទិដ្ឋភាពមួយដ៏ល្អរបស់ប្រាសាទខ្មែរ។
លោកបានបញ្ជាក់ថា នៅរមណីយដ្ឋានប្រវត្ដិសាស្ដ្រនានាមានបរិវេណតូច តែមានភ្ញៀវទេសចរច្រើន ដែលមិនអំណោយផលដល់ការរត់នោះទេ។ ប៉ុន្ដែនៅខ្មែរ មានបរិវេណធំ និងភ្ញៀវទេសចរ។ ដូច្នេះ ពួកគេអាចរត់បាន។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះខ្ញុំ វាពិតជាល្អ ដែលបើកសិទ្ធិសេរីភាពឱ្យភ្ញៀវទេសចរសប្បាយចិត្ដ និងពេញចិត្ដ ហើយវាជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្ម ដែលឱ្យគេឃើញបេតិកភណ្ឌជាតិយើងផង»។
ថ្មីៗនេះ អាជ្ញាធរអប្សរា បានសម្របសម្រួល ដោយបានអនុញ្ញាតឱ្យមានការថតរូបបែបផ្សព្វផ្សាយ និងអនុស្សាវិរយ ជំរុញកំណើនវិស័យទេសចរណ៍។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះការធ្វើសកកម្មបែប Temple Run នេះ ក៏ស្ថិតក្នុងគោលបំណង [ជំរុញកំណើនវិស័យទេសចរណ៍] ដែរ។
លោកបានបញ្ជាក់ថា៖ «ប៉ុន្ដែយើងសុំសំណូមពរដល់បងប្អូនយើងមានការប្រុងប្រយ័ត្នដែរ ពីព្រោះទីកន្លែងមួយចំនួនក៏ខ្ពស់ ហើយកន្លែងខ្លះមានអាយុកាលយូរ ដែលផ្ទៃរាបក៏មិនមានសណ្ឋានល្អ និងអាចបង្កគ្រោះថ្នាក់។ សូមគោរពតាមក្រមប្រតិបត្ដិអង្គរ នៅពេលចូលទៅទស្សនារមណីយដ្ឋានអង្គរ»។
លោក ស៊ំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការថតបែបឯកជន និងផ្សព្វផ្សាយវិស័យទេសចរណ៍ ត្រូវបានបើកទូលាយ រួមទាំងការថតវីដេអូបែប «Temple Run» ដែលបង្ហាញពីក្ដីស្រឡាញ់បេតិកភណ្ឌ និងចូលរួមផ្សព្វផ្សាយផងដែរ។
លោកបានថ្លែងថា៖ «ដោយឡែក ការរិះគន់ស្ថាបនា និងការព្រួយបារម្ភពីផលប៉ះពាល់មួយចំនួនរបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិរមណីយដ្ឋានអង្គរក៏បានបង្ហាញពីក្ដីស្រឡាញ់ដូចគ្នា»។
ចំពោះការថតបែបហ្គេម «Temple Run» លោក ម៉ាប់ បានឱ្យដឹងថា ជាជំហរបស់ក្រសួង ក៏មិនយល់ទាស់អ្វីនោះទេ ហើយយោងតាមការត្រួតពិនិត្យ វាក៏មិនប៉ះពាល់ដល់ប្រាសាទអ្វីដែរ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ជាធម្មតា អ្នកថតនោះ ក៏ថតនៅទីកន្លែងណាដែលអាចរត់បាន ហើយការរត់ទៀតសោត ក៏មិនមែនជាការរត់នាំឱ្យមានរំញ័រ ដែលធ្វើឱ្យបាក់ ឬបែកនោះទេ។ នៅតាមប្រាសាទនីមួយៗ ក៏មានភ្នាក់ងារទេសចរណ៍ជួយពិនិត្យដែរ បើរត់មិនបាន ក៏ភ្នាក់ងារបានស្នើសុំភ្ញៀវជ្រើសរើសទីតាំងផ្សេង»។
ទីកន្លែងអសុវត្ថិភាពសុទ្ធតែមានស្លាកសញ្ញាហាមឃាត់ ហើយអ្នកថត និងភ្ញៀវទេសចរក៏មិនទៅប៉ះពាល់ទីនោះដែរ។
ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាបានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ។
បើយោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ប្រចាំខែមិថុនា បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,១៦៦,៤៩៧នាក់ កើនឡើង ២២,៧ភាគរយ ធៀបនឹងឆ្នាំមុន៕