ភ្នំពេញៈ ពេល​នេះ​ក្រុម​និសិ្សត​ឆ្នាំទី ៣ គ្រប់ជំនាញ​នៃសាកល​វិទ្យាល័យ​នានា​ទាំងអស់​​​ក្នុង​ព្រះ​រា​ជា​​ណា​​​ចក្រ​កម្ពុជា​ អាចដាក់ពាក្យ​ចូលរួម​ការប្រកួត​បាន​ហើយ ចំពោះ​កម្មវិធី​ផ្លាស់ប្តូរ​យុវជន​ JENESYS 2018​ ខណៈ​ស្ថាន​​ទូត​​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ​ដែល​បាន​សហ​ការ​ជាមួយនឹង​​ក្រសួង​អប់រំ​យុវ​ជន និង​កីឡា និង​​មជ្ឈ​មណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ (CJCC)​។​`

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​ជប៉ុន​កាល​ពី​ថ្ងៃ​​ទី ​១ ខែ​ សីហា ឆ្នាំ​២០១៨ នេះ​បាន​​​ឲ្យ​​ដឹង​ថា៖ «កម្មវិធី​ផ្លាស់ប្តូរ​យុវជន​ JENESYS 2018​ នេះ​នឹង​​ត្រូ​​វ​​ផុត​កំណត់​ទទួល​ពាក្យ​របស់​និស្សិត​នៅ​ថ្ងៃ​ទី​ ៧ ខែ ​ក​​ញ្ញា ​ខាង​មុខ នៅ​ឯ​ស្ថាន​​ទូត​​​ជ​ប៉ុ​ន​ ខណៈ​នៅ​ថ្ងៃ​ទី​ ២៨ ខែ ​ក​ញ្ញា ឆ្នាំ​២០១៨​ នឹង​​ធ្វើ​ការ​ប្រកា​ស​លទ្ធ​ផល​បេក្ខ​ជន​ ដើម្បី​ចូល​រួម​ប្រគួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​គេ​ហ​ទំព័រ​ស្ថាន​ទូត​ជប៉ុន​ផង​​ដែរ។ ការ​ប្រ​កួ​ត​វគ្គ​​ផ្តា​ច់​ព្រ័​ត្រ នឹង​ត្រូវ​​ធ្វើ​នៅ​ថ្ងៃ​ទី​ ២៥ ខែ តុ​លា ឆ្នាំ​២០១៨ នៅ​​មជ្ឈ​មណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ (CJCC)​​ វេលា​​​ម៉ោង ២ រ​សៀ​ល»។


​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​ជប៉ុន​បន្តឲ្យ​ដឹង​​ទៀត​​ថា៖ «​​និសិ្សត​ ២០ រូប ​ស្មើ​នឹង​៥ ក្រុម នឹង​ត្រូវ​ជ្រើសរើស​​នៅវគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ ​ដើម្បីចូលរួម​កម្មវិធី JENESYS 2018។​ បេក្ខជន​ដែល​ត្រូវ​បាន​​ជ្រើស​រើស​​ចូល​រួម​វគ្គប្រកួត​ផ្តាច់ព្រ័ត្រ នឹង​ត្រូវរៀបចំ​បទបង្ហាញ​ជាភាសាខ្មែរ ​ក្រោមប្រធាន​បទ ​«​អនា​គត​​កម្ពុជា​ ៣០ ឆ្នាំ​ក្រោយ»។​ ចំពោះ​ការ​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​ ក្រោម​​កម្ម​វិធី​​ JENESYS 2018​ នឹង​ចាប់​នៅ​ថ្ងៃ​ទី ​២២ ដល់​ថ្ងៃ​ទី ​២៩ ខែ​ មក​រា ឆ្នាំ​២០១៩»។​



គួរ​បញ្ជាក់​ថា កម្ម​វិ​ធី JENESYS មាន​គោល​​​បំ​ណង​​បង្កើ​ន​​ការយល់​ដឹង និង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ក្នុង​ចំណោម ប្រជា​ជន​​ជ​ប៉ុន និង​បណ្តា​​​ប្រទេស​ដែល​ចូល​រួម និង​ដើម្បី​​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហ​​ប្រតិ​បត្តិ​ការ និង​ចំណង​​មិត្ត​ភាព​នា​ពេល​​​អនា​​គត​។ សម្រា​ប់ព័ត៌មានបន្ថែម សូម​អាន​គោល​ការណ៍​ណែនាំ ឬសូមទាក់ទង​មកកាន់​ផ្នែកវប្បធម៌ និង​​ព័ត៌​មា​ន ​នៃស្ថានទូតជប៉ុន តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ២១៧ ១៦១ (១១២២) ឬអ៊ីម៉ែល​ info.jpn@pp.mofa.go.jp​ ឬ​ចូល​​ទៅ​គេ​ហ​​ទំ​ព័រ​www.kh.emb-japan.go.jp ៕​