ភ្នំពេញៈ កុមារឆ្នើមកម្ពុជា ដែលជាម្ចាស់ជយលាភីចំនួន ៧២ រូប បានពីការប្រឡងថ្នាក់ជាតិលើកទី ៣ នៃកម្មវិធីបណ្តុះបណ្តាលសិស្សានុសិស្សឲ្យមានបំណិនជីវិតល្អ UCMAS ឆ្នាំ២០១៨ កំពុងតែមានវត្តមានក្នុងកម្មវិធីប្រកួតលក្ខណៈអន្តរជាតិលើកទី ២៣ (23rd UCMAS INTERNATIONAL COMPETITION) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៩-១០ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ។
នេះជាការចូលរួមប្រកួតលើកទី ២ នៃការប្រកួតលក្ខណៈអន្តរជាតិរបស់កុមារឆ្នើមUCMAS កម្ពុជា ដោយមានការចូលរួមពីសំណាក់លោក បឺតណាត វង្ស នាយកប្រតិបត្តិនៃUCMAS កម្ពុជា និងជាទីប្រឹក្សាអប់រំ UCMAS អន្តរជាតិ កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅសាលាអាយឃីតនៃកម្មវិធីUCMAS កម្ពុជា រួមជាមួយនឹងអាណាព្យាបាលរបស់សិស្សានុសិស្ស មានចំនួនសរុប ១៥១ រូប។
លោក បឺតណាត វង្ស នាយកប្រតិបត្តិនៃUCMAS កម្ពុជា មានប្រសាសន៍ នាពេលចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៨ ថា៖ «នេះជាលើកទី ២ ហើយ ដែល UCMAS កម្ពុជា បានបញ្ជូនសិស្សឆ្នើមជយលាភីថ្នាក់ជាតិខ្មែរទាំង ១០ កម្រិត ទៅប្រកួតថ្នាក់អន្តរជាតិលើកទី ២៣ នៅប្រទេសម៉ាឡេស៊ី ដើម្បីជួបជាមួយនឹងកុមារឆ្លាតវៃជាច្រើននៅជុំវិញពិភពលោក។
នេះក៏ជាឱកាសល្អសម្រាប់កុមារកម្ពុជា ក្នុងការដណ្តើមយកជយលាភី ទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាការបង្ហាញសមត្ថភាពនៅឆាកអន្តរជាតិមួយនេះ»។
លោកក៏រំឮកដែរថា៖ «កាលពីឆ្នាំ ២០១៧ សិស្ស UCMAS កម្ពុជា ៥ រូប ទទួលបានជឃលាភីក្នុងការប្រកួតលក្ខណៈអន្តរជាតិលើកទី ២២ ហើយក៏សង្ឃឹមថាពួកគគេក៏អាចទទួលបានជយលាភីទៀតនៅឆ្នាំនេះ»។
អ្នកស្រី វិន សំណាង និងលោក ម៉ៅ ម៉ានិត ដែលជាអាណាព្យាបាលសិស្សម្នាក់ចំណោមសិស្សឆ្នើមកម្ពុជាទាំង ៧២ រូប សម្តែងពីក្តីរីករាយ និងក្តីរំពឹងចំពោះកូនស្រីខ្លួនថា៖ «មានក្តីរំភើប និងសប្បាយចិត្តខ្លាំង ដោយសារកូនស្រី ដែលបានទទួលបានជយលាភីលេខ ១ នៃផ្នែកវិញ្ញាសាសរសេររបស់ការប្រកួត UCMAS កម្ពុជា។ ហើយយើងក៏សង្ឃឹមថា កូនស្រីនឹងទទួលបានជោគជ័យលើការប្រកួតអន្តរជាតិនៅប្រទេសម៉ាឡេស៊ីឆ្នាំ ២០១៨ នេះផងដែរ ក្រោយពីគាត់បានទទួលការបណ្តុះបណ្តាលបំប៉នមុនការប្រកួតប៉ុន្មានខែនោះ»។
ខណៈកញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅសាលាអាយឃីតនៃកម្មវិធីUCMAS កម្ពុជា ក៏បានសម្តែងការចាប់អារម្មណ៍ជាចុងក្រោយដែរថា៖ «ការប្រកួតអន្តរជាតិនេះ មិនត្រឹមតែជួយឲ្យកុមារកម្ពុជាមានឱកាសស្វែងយល់ពីបទពិសោធន៍ថ្មីៗប៉ុណ្ណោះទេ ថែមទាំងជួយឲ្យពួកគាត់មានភាពក្លាហាន និងទំនុកចិត្តខ្ពស់លើខ្លួនឯងមួយកម្រិតទៀតផង»៕