ការរក​បាន​ប្រាក់​ចំណូល​ពី​វិស័យ​អចលនទ្រព្យ ខណៈ​ពេល​ហាងឆេង​លំនៅឋាន​នៅ​ទីក្រុង​ញូវយ៉ក​មាន​តម្លៃ​ខ្ពស់​កប់ពពក​នោះ គឺជា​ការ​ល្បង​សមត្ថភាព​របស់​យុវជន​នៅ​តំបន់ Bronx​។

សិស្សានុសិស្ស​ប្រមាណ​ជាង​ ៥០ ​នាក់​មកពី​តំបន់ Bronx ដែល​ពួកគេ​ភាគច្រើន​ជា​ជនជាតិ​ស្បែក​ខ្មៅ ឬ​ពួកឡាទីន​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​មួយ​ហៅថា «Project Destined» ដែល​ជា​កម្មវិធី​រៀបចំ​ឡើង​ក្នុង​បំណង​ធ្វើការ​បង្រៀន​ពួកគេ​អំពី​ផ្នែក​ហិរញ្ញវត្ថុ និង​អចលនទ្រព្យ ហើយ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អ្នកនាង J-Lo និង​លោក A-Rod ដែល​ជា​អតីត​កីឡាករ​បាល់បោះ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​។


យុវជន​ទាំង​នោះ​បាន​ឆ្លងកាត់​វគ្គ​សិក្សា​ដ៏ហ្មត់ចត់ និង​ប្រាកដប្រជា​ពី​មេធាវី ធនាគារិក តំណាង​មកពី​ក្រុមហ៊ុន​បញ្ចាំ និង​ក្រុមហ៊ុន​អចលនទ្រព្យ ដោយ​វគ្គ​នេះ​មិន​មែន​បង្រៀន​តែ​ផ្នែក​ទ្រឹស្តី​នោះ​ទេ​។


ក្រុម​សិស្សានុសិស្ស​បាន​លើក​ឡើង​នូវ​គម្រោង​អាជីវកម្ម​ដែល​ល្អ​ជាង​គេ​បំផុត​នឹង​មាន​ឱកាស​ក្នុង​ការទិញ​អគារ​មួយ​នៅក្នុង​តំបន់ Bronx ដែល​មាន​តម្លៃ​ $១.៥ លាន​ដុល្លារ ហើយ​ធ្វើការ​អភិវឌ្ឍ​ទៅ​លើ​អគារ​នោះ​។


នេះ​ជា​ទស្សនវិជ្ជា​របស់​លោក Fred Greene និង Cedric Bobo ដែល​ពួកគេ​ទាំង​ ២ ​នាក់​ជា​អាជីវករ​ជនជាតិ​ស្បែក​ខ្មៅ​ដ៏ជោគជ័យ ហើយ​ចង់​ផ្ទេរ​ចំណេះដឹង និង​បទពិសោធ​របស់​ខ្លួន​ទៅ​ដល់​ក្មេងៗ​ដែល​មាន​ភាពខ្វះខាត​។


លោក Bobo បាន​និយាយ​ថា៖ «​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​យើង​ចង់​ផ្តល់​ឱកាស​ឲ្យ​ក្មេងៗ​ទាំងអស់​នោះ​ធ្វើការ​ឲ្យ​យើង​ក្នុង​នាម​ជា​ជំនួយការ​អ៊ីចឹង​ដែរ​។ ក្មេងៗ​ទាំងអស់​នោះ​អាច​រៀន​វាយតម្លៃ​អចលនទ្រព្យ​ដែល​ពួកយើង​ទិញ​វា​ហើយ នឹង​ចែក​ចំណែក​មួយ​នៃ​ប្រាក់ចំណេញ​ទៅ​ដល់​ពួកគេ​»​។


មុន​ពេល​ប្តូរ​ទីតាំង​ទៅ​តំបន់ Bronx ដែល​ក្នុង​នោះ​ ៣៥ ​ភាគរយ​នៃ​ប្រជាជន​សរុប​រស់នៅ​ក្នុង​ភាពក្រីក្រ គម្រោង​នេះ​ត្រូវ​បាន​គេ​ដាក់​អនុវត្ត​នៅ Detroit Memphis និង Miami ដែល​កម្មវិធី​បាន​ជួយ​យុវជន​ក្មេងៗ​ដែល​មាន​ជីវភាព​ខ្វះខាត​រៀនសូត្រ​ពី​ការ​ធ្វើ​អាជីវកម្ម​។

នៅឯ​កីឡដ្ឋាន Yankee ក្នុង​តំបន់ Bronx សិស្ស​ទាំង​នេះ​បាន​ចែកចេញ​ជា ៦ ​ក្រុម​ហើយ​បានស្នើ​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ពួកគេ​ទៅ​ក្រុម​អ្នក​ជំនាញ​រួមមាន​លោក Jonathan Grey ប្រធាន​ក្រុម Blackstone Group និង​អ្នកនាង Lopez ដែល​ជា​តារាចម្រៀង​ម្នាក់​​បាន​ធំធាត់​នៅ​តំបន់ Bronx ដែរ ហើយ​អ្នកនាង​ទើប​តែ​បាន​លក់​ផ្ទះ​ប្រភេទ Penthouse របស់​នាង​នៅ​ទីក្រុង Manhattan ក្នុង ​$២៧ ​លាន​ដុល្លារ​។

ក្រុម​ដែល​ទទួល​ជ័យជម្នះ​គឺជា​អ្នក​មាន​យុទ្ធសាស្ត្រ​បញ្ចុះបញ្ចូល​ល្អ​បំផុត​ដែល​ធានា​នូវ​ប្រាក់​ចំណេញ​ខ្ពស់​ជាងគេ​។ បន្ទាប់​មក​អ្នកឈ្នះ​នឹង​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​តូច​មួយ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ និង​ទទួល​បាន​ប្រាក់ចំណេញ​មួយ​ចំណែក​ពី​អចលនទ្រព្យ ដើម្បី​ជួយ​បង់ថ្លៃ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដរាប​ណា​ពួកគេ​នៅតែ​ចូលរួម​នៅ​ក្នុង​គម្រោង និង​ក្នុង​វគ្គ​សិក្សា​បន្ថែម​ទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

ក្នុង​វគ្គ​ហ្វឹកហ្វឺន​ត្រៀម​លោក Rodriguez បាន​ជជែក​គ្នា​ជាមួយ​អ្នក​ចូលរួម​នៅលើ​យ៉​ដ៏ស្រស់ស្អាត​មួយ​ដែល​អាច​មើលឃើញ Times Square បាន​។ លោក Rodriguez បាន​និយាយ​ថា៖ «​អចលនទ្រព្យ​គឺជា​ច្រក​ផ្លូវ​មួយ​សម្រាប់​ចាកចេញ​ពី​ភាព​ក្រីក្រ​»​។ «​សម្រាប់​វិស័យ​អចលនទ្រព្យ វា​គឺជា​ល្បែង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​លុយ​បាន វា​មិន​មាន​បញ្ហា​ទេ​ប្រសិន​បើ​អ្នក​មិន​មាន​លុយ ដោយ​អ្នក​អាច​ទិញ​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​ដោយ​មិន​មាន​លុយ​ក៏​បាន​ដែរ​»​។

លោក Rodriguez ដែល​បាន​ធំធាត់​នៅ Washington Heights ជា​សង្កាត់​ពួក​ជនជាតិ Dominican នៅ​ទីក្រុង ញូវយ៉ក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​ក៏​មាន​ដើមកំណើត​មិន​ធូរធារ​ដែរ​។ ម្តាយ​របស់​ខ្ញុំ​ធ្វើ​ការងារ​ ២ ​កន្លែង ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ខ្ញុំ​នឹង​ធ្វើ​ជា​មេដឹកនាំ​គ្រួសារ​របស់​ខ្ញុំ​ហើយ​ខ្ញុំ​នឹង​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​»​។

តម្លៃ​អចលនទ្រព្យ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ក្នុង​តំបន់ Bronx គឺមាន​តម្លៃ​ ៣,០៨១ ​ដុល្លារ​ចំណែក​ប្រាក់​ចំណូល​ជា​មធ្យម​ប្រចាំ​ឆ្នាំ​គឺ​ ៣៥,១៧៦ ​ដុល្លារ​។

លោក Charles Wu អ្នក​បង្រៀន​ម្នាក់​ក្នុង​ចំណោម​អ្នក​បង្ហាត់បង្រៀន​នៅក្នុង​គម្រោង​បាន​និយាយ​ថា​៖ «​វា​ជា​ការងារ​ដែល​លំបាក​មួយ ប៉ុន្តែ​វា​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន​ទាំងអស់​»​។ «​អ្នក​មិន​ចាំបាច់​មាន​លុយ​ច្រើន​ទេ អ្នក​អាច​ចាប់ផ្តើម​ពី​ចំណុច​តូច​មួយ​ហើយ​អ្នក​អាច​ចាប់ផ្តើម​កសាង​ស្នាដៃ​អ្នក​បន្តិច​ម្តងៗ​»​។

សិស្ស​ម្នាក់​ឈ្មោះ Andrea Alarcon អាយុ​ ១៧ ​ឆ្នាំ​ដែល​កើត​នៅ​ប្រទេស​អេក្វាទ័រ និង​មាន​ម្តាយ​ធ្វើការ​ជា​អ្នក​រត់​តុ បាន​និយាយ​ថា​៖ «​ឥឡូវ​ខ្ញុំ​បាន​ប្រាប់​មិត្ត​របស់​ខ្ញុំ​ថា ពេល​ខ្ញុំ​អាយុ​ ២៧ ​ឆ្នាំ ខ្ញុំ​នឹង​កាន់កាប់​អគារ​ចំនួន​ ២ ឬ ​៥»៕

Laura Bonilla / AFP