ទីក្រុងអូក្លាហូម៉ា: ក្រុមសិស្សានុសិស្ស និងនិស្សិតបានចូលរួមជាមួយក្រុមគ្រូបង្រៀននៅក្នុងទីក្រុងអូក្លាហូម៉ា កាលពីថ្ងៃពុធសម្រាប់ការធ្វើការប្រឆាំងតវ៉ានៅ ថ្ងៃទី ៣ ដោយធ្វើការទាមទារឲ្យក្រុមសមាជិកសភាប្រចាំរដ្ឋនីមួយៗ បង្កើនថវិកាឧបត្ថម្ភសម្រាប់សាលារៀនរដ្ឋ បន្ទាប់ពីការកាត់បន្ថយថវិកាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
សិស្សម្នាក់ឈ្មោះ Cameron Olbert បានថ្លែងប្រាប់មហាជន ដែលប្រមូលផ្តុំនៅខាងក្រៅវិមានរដ្ឋកាពីតូល ជាចំណុចប្រសព្វគ្នានៃការប្រឆាំងតវ៉ាមួយ ដែលបានទាក់ទាញមនុស្សចូលរួមរាប់ម៉ឺននាក់ថា៖ «យើងជាសិស្សានុសិស្សនៅក្នុងទីក្រុងអូក្លាហូម៉ាចូលរួមនៅខាងអ្នកទាំងអស់គ្នារហូតដល់ការធ្វើកូដកម្ម បានឈានដល់ទីបញ្ចប់»។
ក្រុមអ្នកប្រឆាំងតវ៉ា បាននាំគ្នាចូលទៅកាន់ការិយាល័យអ្នកតំណាងរដ្ឋនីមួយៗរបស់ពួកគេ ហើយកាលពីថ្ងៃអង្គារ បាននាំគ្នាសើចចំអក ខណៈស្ថាប័ននីតិប្បញ្ញត្តិប្រចាំរដ្ឋនីមួយៗ មិនព្រមធ្វើការពិចារណាផ្តល់ថវិកាឧបត្ថម្ភសាលារៀនបន្ថែមទៀត។
លោក Richard Covett អាយុ ៤៧ ឆ្នាំបានថ្លែងប្រាប់ AFP ថា៖ «ខ្ញុំមានសិស្ស ៣៥ នាក់ក្នុងមួយថ្នាក់សម្រាប់ ២៨ កៅអីនៅក្នុងថ្នាក់រៀនរបស់ខ្ញុំ»។ «ហើយសៀវភៅអត្ថបទ ២៨ ក្បាលសម្រាប់សិស្សទាំងអស់សរុបមានចំនួន ១២០ នាក់»។
ទីក្រុងអូក្លាហូម៉ា ជាទីកន្លែងសម្បូរដោយឧស្សាហកម្មប្រេង និងឧស្ម័ន ស្ថិតនៅក្នុងចំណោមក្រុងមួយចំនួនតូចដែលបានកាត់បន្ថយថវិកាឧបត្ថម្ភលើវិស័យអប់រំរបស់ខ្លួនយ៉ាងច្រើន ខណៈកញ្ចប់ថវិកាសាធារណៈត្រូវបានធ្វើឲ្យបាត់បង់តាមរយៈការកាត់ថវិកាលើពន្ធដា និងឱនភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០០៨។
ថ្វីបើសេដ្ឋកិច្ចប្រទេសជាតិបានល្អប្រសើរឡើង ការកាត់បន្ថយថវិកាលើវិស័យអប់រំមិនត្រូវបានស្តារឡើងវិញទាំងស្រុងនៅឡើយ ដោយបណ្តាលឲ្យក្រុមគ្រូបង្រៀន ដែលកំពុងតែតស៊ូធ្វើការប្រឆាំងតបតវិញ។
ការប្រឆាំងតវ៉ារបស់ពួកគេបានបង្ហាញពីរឿងរ៉ាវនានាពាក់ព័ន្ធគ្រូបង្រៀនធ្វើការងារច្រើន ដើម្បីជីវភាពរស់នៅបានល្អប្រសើរ និងធ្វើព្រងើយកន្តើយ និងបង្កឲ្យមានភាពទ្រុឌទ្រោមនៅក្នុងបន្ទប់រៀន។
សិស្សឈ្មោះ Grace Fox អាយុ ១៦ ឆ្នាំ បាននិយាយនៅកន្លែងប្រមូលផ្តុំសិស្សានុសិស្សថា៖ «នៅក្នុងសាលារៀនក្នុងក្រុងអូក្លាហូម៉ាជាច្រើន សៀវភៅធ្លាក់រាយប៉ាយ តុរៀនដាក់សិស្សឲ្យអង្គុយនៅដាច់ៗពីគ្នា អគារសាលារៀនគ្មានប្រព័ន្ធកម្ដៅ ឬម៉ាស៊ីនត្រជាក់ គ្រឿងភ័ស្តុភារសាលារៀនត្រូវបានចែករបបគ្នា៕