ក្រុងប៉េកាំងៈ ជនកំណែទម្រង់លោក Yi Gang ដែលបានសិក្សានៅសហរដ្ឋអាមេរិក និងជាអនុប្រធានធនាគារកណ្តាលចិនកាលពីថ្ងៃចន្ទត្រូវបានតែងតាំងឲ្យគ្រប់គ្រងធនាគារកណ្តាលចិន។
លោក Yi ដែលបានសិក្សានៅសាកលវិទ្យាល័យ Indiana University មុនពេលត្រឡប់មកសិក្សានៅប្រទេសចិនវិញនោះ គឺជាបេក្ខភាពតែម្នាក់គត់សម្រាប់មុខតំណែងទេសាភិបាលនេះ មុនការបោះឆ្នោតពីសភារបស់ប្រជាជនចិនដែលគ្មានអំណាចកាលពីល្ងាចថ្ងៃចន្ទ។
មន្ត្រីដែលបានសិក្សានៅសហរដ្ឋអាមេរិកមួយរូបទៀត និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនភីង គឺលោក Liu He ត្រូវបានតែងតាំងក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រី។ បុរសទាំង ២ នេះនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ និងបានជំរុញឲ្យមានកំណែទម្រង់សេដ្ឋកិច្ច។
នៅពេលបម្រើការនៅធនាគារកណ្តាលចិន លោក Yi បានអំពាវនាវឲ្យមានអន្តរជាតូបនីយកម្មរូបិយប័ណ្ណរបស់ប្រទេសចិនជាបន្ត និងលទ្ធភាពចូលទីផ្សារកាន់តែប្រសើរសម្រាប់ក្រុមវិនិយោគិនបរទេស។
នៅសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំលោក Yi ថ្លែងថា ធនាគារកណ្តាលចិននឹងជំរុញឲ្យមានកំណែទម្រង់ដែលនឹងនាំមកនូវ «ការយកចិត្តទុកដាក់ស្មើភាពគ្នាចំពោះវិនិយោគិនក្នុងស្រុក និងបរទេស»។
ការផ្លាស់ប្តូរដ៏សំខាន់នៃការិយាល័យរដ្ឋបាលរបស់ចិនដែលបានប្រកាសកាលពីសប្តាហ៍មុននេះនឹងផ្តល់អំណាចកាន់តែខ្លាំងដល់ធនាគារកណ្តាលចិន ដើម្បីជម្នះកំណែទម្រង់បែបនេះ។
ធនាគារកណ្តាលចិនត្រូវបានប្រគល់តួនាទីឲ្យរៀបចំសេចក្តីព្រាងច្បាប់ និងបទប្បញ្ញតិ្តថ្មីសម្រាប់វិស័យធនាគារ និងធានារ៉ាប់រងដោយបានផ្តល់លទ្ធភាពឲ្យធនាគារកណ្តាលមួយនេះនូវសមត្ថកិច្ចថ្មី ដើម្បីគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិន។
អ្នកកំណែទម្រង់សេដ្ឋកិច្ចរូបនេះបានសិក្សានៅសហរដ្ឋអាមេរិក និងទទួលបានមុខតំណែងអចិន្រៃ្តយ៍មួយនៅសាកលវិទ្យាល័យ Indiana University មុនពេលត្រឡប់មកប្រទេសចិនវិញ ដើម្បីកាន់តំណែងមួយនៅសាកលវិទ្យាល័យ Peking University។
ចាប់ពីកាន់មុខតំណែងនោះមកលោកបានផ្លាស់មកបម្រើការនៅធនាគារកណ្តាលចិន ហើយបានឡើងតំណែងជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់លោក Zhou Xiaochuan ដែលដឹកនាំធនាគារកណ្តាលចិនជាងមួយទសវត្សរ៍មកហើយនោះ ដោយបានផ្តល់ស្ថិរភាពដល់គោលនយោបាយរូបិយវត្ថុរបស់ចិន៕ BP