ជម្ងឺផ្លូវចិត្ត ៤ យុវជនគួរស្វែងរកការព្យាបាលពីវេជ្ជបណ្ឌិតជម្ងឺផ្លូវចិត្ត
ភ្នំពេញៈ ក្នុងបទសម្ភាសន៍ជាមួយ LIFT នៅថ្ងៃនេះ វេជ្ជបណ្ឌិតនិងអ្នកស្រាវជ្រាវវិកលវិទ្យាដ៏ល្បីមួយរូបនៅកម្ពុជាបានលើកឡើងពីអាការៈសំខាន់ៗនៃជម្ងឺផ្លូវចិត្ត ដែលយុវជន ព្រមទាំងអ្នកដែលនៅជុំវិញពួកគេផងដែរត្រូវកត់សម្គាល់ ដើម្បីពួកគេស្វែងរកសេវាព្យាបាលពីវេជ្ជបណ្ឌិតជំនាញ មុនពេលឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរ មិន អាចសង្គ្រោះបាន។
លោកវេជ្ជបណ្ឌិត កា ស៊ុនបូណាត ជាអតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងថា នៅសម័យនេះ ក្រុមយុវវ័យគឺជាក្រុមងាយគ្រោះពីជម្ងឺផ្លូវចិត្តជាងក្រុមមនុស្សចាស់ ព្រោះពួកគេមិនទាន់មានបទពិសោធន៍ច្រើន ខ្វះការគិតពិចារណា និងងាយប្រលូកនឹងរបស់ថ្មីៗមានថ្នាំញៀនជាច្រើន។
លោកនិយាយថា៖ «ជម្ងឺផ្លូវចិត្តតែមួយមុខមានរហូតដល់ទៅ ៤ ទៅ ៥ រយមុខឯណោះ ក៏ប៉ុន្តែជំពូកធំៗមានជម្ងឺធ្លាក់អារម្មណ៍ ជម្ងឺបាក់ទឹកចិត្ត ជម្ងឺវិកលចរិក និងជម្ងឺបាក់ស្បាត ប៉ុន្តែមានជម្ងឺជាច្រើនដទៃទៀតដែលបង្កដោយគ្រឿងញៀន»។
លោកពន្យល់ថា៖ «ប្រសិនជាសាមីខ្លួនមានអាការៈឈឺក្បាល ធុញថប់ ភ្លេចមុខភ្លេចក្រោយ ឆាប់ខឹងច្រលោត ក្នុងរយៈពេលយូរ ចាប់ពីមួយខែឡើងទៅ ពួកគេគួរតែទៅរកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជម្ងឺផ្លូវចិត្ត ព្រោះទាំងនោះហើយជារោគសញ្ញានៃជំពូកជម្ងឺទាំងបួនដែលអាចកើតមានលើពួកគេ»។
ក៏ប៉ុន្តែ លោក កា ស៊ុនបូណាត បានអះអាងថា អ្វីដែលគ្រោះថ្នាក់នោះគឺ ជាទូទៅសាមីខ្លួនមិនសូវជាចាប់អារម្មណ៍ថា ខ្លួនមានជម្ងឺផ្លូវចិត្តនោះទេ គឹមានតែអ្នកនៅជុំវិញខ្លួនគេទេ ដែលឃើញថា គេមានអាការៈប្លែក។
លោកថ្លែងថា៖«ដូច្នេះហើយ អ្នកដែលនៅជុំវិញ នៅពេលដែលឃើញសាមីខ្លួនមានអាការៈដែលបានរៀបរាប់ខាងលើនេះ ឬបង្ហាញនូវសញ្ញាជម្ងឺផ្លូវចិត្តដទៃទៀតក្នុងរយៈពេលច្រើនខែ ដូចជាមានទឹកមុខស្រពាប់ស្រពោន មិនសូវនិយាយស្តី ចូលចិត្តសម្ងំនៅតែក្នុងបន្ទប់ គ្មានអារម្មណ៍ធ្វើការងារ គួរតែប្រាប់គេ ឬណែនាំពួកគេឲ្យទៅរកការព្យបាលពីជម្ងឺផ្លូវចិត្ត»។
លោកបន្តថា៖ «សាមីខ្លួនក៏ត្រូវតែចាត់ទុកអ្នកនៅជុំវិញជាកញ្ចក់ផងដែរ ដោយយកអ្វីដែលពួកគេបានណែនាំយកមកគិតប្រៀបធៀបនឹងខ្លួនឯង [ហើយត្រូវតែទៅរកការព្យាបាលប្រសិនជាពិតដូច្នោះមែន]»។
ចំពោះការព្យាបាល វេជ្ជបណ្ឌិតចូលនិវត្តន៍រូបនេះបានឲ្យដឹងថា មានទាំងការប្រើថ្នាំ និងប្រើប្រាស់ចិត្តសាស្រ្ត តែអ្វីដែលសំខាន់បំផុតគឺការដោះស្រាយមូលហេតុដែលបណ្តាលឲ្យមានជម្ងឺផ្លូវចិត្ត ដែលកើតចេញពីកត្តាបួនធំក្នុងប្រទេសកម្ពុជាគឺ កត្តាផ្លូវកាយ កត្តាផ្លូវចិត្ត កត្តាសង្គម និងកត្តាជំនឿ។
យោងតាមទិន្នន័យរបស់អង្គការចិត្តសង្គម អន្តរវប្បធម៍ ជាង ៤០ ភាគរយនៃប្រជាជនកម្ពុជា ដែលភាគច្រើនគឺជាយុវវ័យដែលមានអាយុក្រោម ២៥ ឆ្នាំ ត្រូវទទួលរងគ្រោះពីបញ្ហាជម្ងឺ និងបញ្ហាផ្លូវចិត្ត។
ជាមួយគ្នានេះដែរ ការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំ ២០១១ លើការធ្វើអត្តឃាតដែល លោក កា ស៊ុនបូណាត បានចាត់ទុកជាផលអាក្រក់ចុងក្រោយនៃជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា អត្រាអត្តឃាតមាន ៤២,៥ ក្នុងចំណោមប្រជាជន ១ សែននាក់ ខណៈដែលអត្រាជាមធ្យមរបស់ពិភពលោកមានត្រឹមតែ ១,៦ តែប៉ុណ្ណោះ។
ទាក់ទិននឹងការធ្វើអត្តឃាតនេះដែរ លោក កា ស៊ុនបូណាត បានបន្ថែមថា ជាទូទៅ បុគ្គលមួយចំនួនដែលតែងតែនិយាយថា «ខ្លួនលែងចង់រស់» ពុំគួរឲ្យមានការព្រួយបារម្ភខ្លាចពួកគេសម្លាប់ខ្លួននោះទេ ព្រោះពួកគេអាចនឹងគ្រាន់តែចង់បានការចាប់អារម្មណ៍ពីអ្នកដទៃតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ក្រុមមនុស្សដែលមិនមាត់មិនក ចូលចិត្តសម្ងំនៅតែឯង ព្រមទាំងមានទឹកមុខស្រពាប់ស្រពន់ទៅវិញទេ ដែលគួរតែបារម្ភខ្លាចការធ្វើអត្តឃាត៕ TN