
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាន សហការ ជាមួយ វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្នុងការអនុញ្ញាតឲ្យនិស្សិតឆ្នាំទី ៤ ដេប៉ាតឺម៉ង់អគ្គិសនីចំនួន ៣៥ នាក់ចុះធ្វើទស្សនកិច្ចសិក្សារោងចក្រកែច្នៃដែករបស់ខ្លួន កាលពីសប្តាហ៍មុន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនិងពង្រឹងវិស័យអប់រំនៅកម្ពុជា។
ទស្សនកិច្ចសិក្សានេះ ជាការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិស្សិតដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្តែង ក្នុងក្រុមហ៊ុន ដើម្បីទទួលបានបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួន។
លើសពីនេះទៅទៀត សិស្សនិស្សិតបានសិក្សាស្វែងយល់ដោយផ្ទាល់លើវិស័យឧស្សាហកម្មដែកដោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែងដែលជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនទុកជាមុនសម្រាប់ការស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។
ទស្សនកិច្ចសិក្សានេះក៏បានបង្កើនទំនាក់ទំនងកាន់តែល្អផងដែររវាងនិស្សិត ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ISI STEELថែមទាំងផ្តល់លទ្ធភាពឱ្យពួកគេបានស្វែងយល់លម្អិតអំពីស្ថានភាព និងលក្ខខណ្ឌការងារជាក់ស្តែង មុនពេលចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រឧស្សាហកម្មផ្សេងៗ។
កម្មវិធីទស្សនកិច្ចសិក្សានេះ បានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក កៅ ម៉េងឆួន នាយកប្រតិបត្តិ ក្រុមហ៊ុន ISI STEEL ដោយផ្ទាល់រួមជាមួយបុគ្គលិកក្រុមហ៊ុនផងដែរ ហើយក៏មានការធ្វើបទបង្ហាញអំពីលក្ខខណ្ឌការងារ និងផលិតផលដែករបស់ក្រុមហ៊ុន ការណែនាំអំពីខ្សែសង្វាក់ផលិតកម្មដែក និងប្រព័ន្ធស្តង់ដារសុវត្ថិភាព ៥ស (5S) សម្រាប់បុគ្គលិកបម្រើការងារក្នុងរោងចក្រ ISI STEEL ផងដែរ៕