ភ្នំពេញៈ ស្ថាប័នអប់រំ ១៤ មកពីប្រទេស នូវែលហ្សេឡង់ នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីចូលរួមពិព័ណ៍ពីការសិក្សានៅនូវែលសេឡង់ រៀបចំជាលើកទី៦ដោយស្ថាប័ន IDP Education នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ខាងមុខនេះចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ ល្ងាច។ការចូលរួមពិព័ណ៍នេះមិនមានការគិតថ្លៃឡើយ។
ពិព័ណ៍ពីការសិក្សានៅនូវែលសេឡង់នេះ ផ្តល់ជាវេទិកាដ៏ល្អបំផុតសម្រាប់ សិស្សនិស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពី ទូទាំងប្រទេសនូវែលសេឡង់ ចាប់ពីថ្នាក់ វិទ្យាល័យ ថ្នាក់បចេ្ចកទេស ឧត្តមសិក្សា និង ថ្នាក់ ក្រោយឧត្តមសិក្សាផងដែរ។
ស្ថាប័នអប់រំ របស់ប្រទេសនូវែលសេឡង់ ទាំងនេះនឹង ធ្វើការណែនាំអំពីជម្រើសសិក្សា និង ស្វែងយល់អំពីលទ្ធផលកម្មវិធីដែលរួមបញ្ចូលទាំងជម្រើសអាជីព បន្ទាប់ពីបញ្ចប់ការសិក្សា។ បន្ថែមពីនេះទៀតសិស្សនិស្សិតអាចស្វែងយល់តម្រូវការចុះឈ្មោះចូលរៀនព័ត៌មានអំពីអាហារូបករណ៍និង ការដាក់ពាក្យសុំទិដ្ឋាការទៅប្រទេសណូវែលហ្សេឡង់។
អគ្គនាយកប្រចាំប្រទេសកម្ពុជារបស់ស្ថាប័ន IDP/ACE លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា៖ «ពិព័ណ៍ពីការសិក្សានៅណូវែលហ្សេឡង់នេះគឺជាវេទិកាដ៏ល្អមួយសម្រាប់និស្សិតកម្ពុជាពិចារណាការសិក្សានៅបរទេស។ សិស្សនិស្សិតកម្ពុជា កាន់តែច្រើនឡើងៗកំពុងទទួលស្គាល់តម្លៃនៃការសិក្សានៅបរទេសដើម្បីផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងអាជីពការងារ របស់ពួកគេហើយនៅពេល ដែលប្រទេសកម្ពុជា បន្ត អភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើសមាហរណកម្មកាន់តែច្រើនជាមួយអាស៊ានការទទួលបានការអប់រំលំដាប់ពិភពលោកពីប្រទេសនូវែលសេឡង់អាចជាទ្រព្យដ៏មានសារៈសំខាន់មួយសម្រាប់សិស្សនិស្សិតកម្ពុជាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ»។
មន្ត្រីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួន ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។
ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេសដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌតម្រូវរបស់ស្ថាប័នអប់រំនូវែលសេឡង់។
ប្រធានផ្នែកទំនាក់ទំនងសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេសលោកឈាងវ៉ាន់តាក់បានមានប្រសាសន៌ថា៖ «យើងផ្តល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់សិស្សនិស្សិតនិងអាណាព្យាបាល»។
លោកបានមានប្រសាសន៌បន្ថែមថា៖ «គ្រឹះស្ថានអប់រំលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសណូវែលហ្សេឡង់ដែលត្រូវបាន គេទទួលស្គាល់ជាអន្តរជាតិ ហើយមានកេរ្តិ៍ឈ្មោះថាជាប្រទេសដែលសុវត្ថិភាពក្នុងការស់នៅនិងមានបរិយាកាសសិក្សាល្អជាមួយវប្បធម៌ចំរុះជាជម្រើសដ៏ល្អក្នុងការសិក្សាសម្រាប់សិស្សនិស្សិត។ សិស្ស និស្សិតអាចធ្វើការក្រៅម៉ោងខណៈពេលដែលសិក្សានៅប្រទេសនូវែលសេឡង់»។
នូវែលសេឡង់ ត្រូវបានក្លាយជាគោលដៅដ៏ពេញនិយមមួយសម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សាជារៀងរាល់ឆ្នាំ៕