ក្រុងប្រ៊ុចសែល: សហភាព​អឺរ៉ុប (EU) កាលពី​សប្ដាហ៍​មុន បាន​ដំណើរការ​គម្រោង​ដើម្បី​ឲ្យ​យុវជន​អឺរ៉ុប​វ័យ ១៨ ឆ្នាំ​រាប់​ពាន់​នាក់​ដើម្បី​ធ្វើ​ដំណើរ​ទេសចរណ៍​ក្នុង​តំបន់​ដោយ​ឥត​គិត​ថ្លៃ​អំឡុង​រដូវ​ក្ដៅ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង ផ្សព្វផ្សាយ​អំពី​ទ្វីប EU។

ស្ថិតក្រោម​កម្មវិធី Discover EU យុវវ័យ​ពី​អឺរ៉ុប ១៥០០០ នាក់ អាចដាក់​ពាក្យ​ជិះ​រថភ្លើង រថយន្ដ​ក្រុង ស្រឡាង និង​ករណី​ខ្លះ​អាច​ដល់​យន្ដហោះ ឥត​គិត​ថ្លៃ នៅ​ខែ​ក្រោយ​ទៅ​កាន់​ប្រទេស​ចំនួន ២៨ ក្នុង​តំបន់​សហភាព​អឺរ៉ុប។


គណៈកម្មការ​អឺរ៉ុប ជា​ផ្នែក​ប្រតិបត្ដិ​មក​ពី EU បាន​ឲ្យ​ដឹង​ថា៖ «យើង​នឹង​គ្រោង​ផ្ដល់ឲ្យ​យុវជន ១៥០០០ នាក់​នូវ​ឱកាស​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​អឺរ៉ុប​នា​រដូវ​ក្ដៅ​នេះ»។


គណៈកម្មការ​បាន​បន្ដ​ថា៖ «យើង​នឹង​ជួយ​ពួកគេ​ស្វែងរក​នូវ​កេរ​ដំណែល​វប្បធម៌​ដ៏​សម្បូរ​បែប​ក្នុង​ទ្វីប​នេះ ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ស្រុក និង​សិក្សា​ពី​វប្បធម៌​របស់​ពួកគេ និង​ព្រមទាំង​ស្វែងរក​នូវ​អ្វី ដែល​ដូចគ្នា​នឹង​អឺរ៉ុប»។


គម្រោង​នេះ​ដែល​ត្រូវបាន​ស្នើឡើង​ដោយ​សភា​អឺរ៉ុប មាន​ថវិកា ១៤ លាន​ដុល្លារ។ យុវវ័យ​ដែល​ត្រូវបាន​ជ្រើសរើស នឹង​ដឹង​លទ្ធផល​អំឡុង​ពេល ២ សប្ដាហ៍​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៨ តាមរយៈ​European Youth Portal។


គណៈកម្មការ​នឹងធ្វើ​ការ​ជ្រើសរើស​អ្នកមាន​សំណាង​ចូលរួម​ដំណើរ​កម្សាន្ត​ដំបូង ១៥០០០ នាក់​មុន​ពេល​ជ្រើសរើស​តង់​ទី ២ នឹង​ធ្វើ​ឡើង​បន្ទាប់​ក្នុង​ឆ្នាំ​នេះ អាស្រ័យ​លើ​ថវិកា​សេស​សល់៕