ចាប់​តាំងពី​កុមារភាព​មក​លោក Chivalry Yok សហស្ថាបនិក​ម្នាក់ និង​ជា​នា​យក​ផ្នែក​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន SabayOsja ​ដែល​ជា​ស្ទូឌីយោ​បង្កើត​ហ្គេម​ដំបូង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ឈ្នះ​ពាន​រង្វាន់​ជាច្រើន​នៅក្នុង​ប្រទេស និង​តំបន់​អាស៊ាន​មិនមែន​ត្រឹម​តែ​មាន​ចំណូល​ចិត្ត​ខ្លាំង​ក្នុង​វីដេអូ​ហ្គេម​ក្នុង​នាម​ជា​អ្នក​លេង​ម្នាក់​នោះ​ទេ តែ​ក៏​មាន​ក្តី​ស្រមៃ​ចង់​បង្កើត​កេរ្តិ៍ឈ្មោះ​ជា​អ្នក​បង្កើត​ហ្គេម​ក្នុង​ទីផ្សារ​ពិភពលោក​ផង​ដែរ​។

កាលពី​ឆ្នាំ​ទៅ SabayOsja បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​បាន​សាង​ឡើង​នូវ​កម្មវិធី​ស្មាតហ្វូន​ប្រើប្រាស់​បច្ចេកវិទ្យា​ការ​និម្មិត​ពិត (Augmented Reality) ហៅ​កាត់​ថា AR ជា​បច្ចេកវិទ្យា​ដែល​បង្កើត​រូបភាព​និម្មិត​ដែល​មាន​ចលនា​នៅ​លើ​រូបភាព​ពិត​ផ្ទាល់ និង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ហ្គេម Pokemon Go​។ ​នៅពេល​នេះ​លោក Chivalry ចង់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​វា​ម្តង​ទៀត​ដោយ​ចូល​ប្រឡូក​ទៅក្នុង​ទីផ្សារ​ល្បែង​កម្សាន្ត​អេឡិចត្រូនិក​គឺ​លើ​ឧបករណ៍​ «​ហ្គេម​»​។


លោក​និយាយ​ថា៖ «​ទោះបី​ជា​ឥឡូវ​យើង​មាន​អ្នក​បង្កើត​ហ្គេម​លើ​ស្មាតហ្វូន​ច្រើន​នៅ​កម្ពុជា​ក៏ដោយ​ក្តី​ក៏​ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​មាន​ក្រុម​អ្នក​ដែល​ចំណូល​លេង​ហ្គេម​លើ​ឧបករណ៍​អេឡិចត្រូនិក​នានា​ដូចជា PSP និង Xbox ពិតជា​ចង់​លេង​ហ្គេម​ជា​ស្នាដៃ​កូន​ខ្មែរលើ​ឧបករណ៍​របស់​ពួកគេ​ដែរ​។ យើង​ចង់​ក្លាយ​ជា​អ្នក​ទី​ ១ ដែល​ធ្វើ​វា​ឡើង​»​។


ទិដ្ឋភាព​និម្មិត​ខ្លះ​នៅ​ក្នុង​ហ្គេម Angkorian ដែល​សង្ឃឹម​ទទួល​បាន​ការគាំទ្រ​ច្រើន​។


នៅ​ខែ​មេសា​ឆ្នាំ​ ២០១៧ លោក Chivalry បាន​បង្ហាញ​ពី​គំនិត​របស់​ខ្លួន​ចំពោះ​ការបង្កើត​ហ្គេម The Angkorian (​ប្រជាជន​ក្រុង​អង្គរ​) ជា​ប្រភេទ​ហ្គេម​ 3D បែប​ផ្សងព្រេង និង​វាយប្រហារ​ទៅ​កាន់​សមាជិក​ដទៃ​ទៀត​នៃ​ក្រុមហ៊ុន​នេះ​ហើយ​ពួកគេ​ពេញ​ចិត្ត​នឹង​វា​ជា​ខ្លាំង​។ ​ចាប់ពី​ពេល​នោះ​មក​លោក Chivalry ​បាន​ដឹកនាំ​ក្រុម​មួយ​ដែល​មាន​អ្នក​សរសេរ​កម្មវិធី​ម្នាក់​អ្នក​គូរ​ ៣ ​នាក់ និង​អ្នក​ធ្វើ​គំនូរជីវចល​ម្នាក់​ដែល​ធ្វើការ​ដើម្បី​ធ្វើឲ្យ​គំនិត​នេះ​ក្លាយជា​ការពិត​។


សាច់​រឿង​ហ្គេម Angkorian ​កើតឡើង​នៅ​ក្នុង​សម័យ​ចក្រភព​ខ្មែរ​ដោយ​អ្នក​លេង​ត្រូវ​បញ្ជា​ទៅ​លើ​តួអង្គ​ ៣ ​រូប​ដែល​ត្រូវ​ប្រយុទ្ធ​ជាមួយ​នឹង​យក្ស​ទសក័ណ្ឋ​ដែល​កាន់កាប់​កម្លាំង​ផ្លូវ​ងងឹត​ និង​លួច​ត្បូង​ស័ក្តិសិទ្ធិ​ពី​កំពូលភ្នំ​គូលែន​ជាមួយ​នឹង​កូនចៅ​របស់​វា​។ តួអង្គ​សម្រាប់​ជ្រើសរើស​រួម​មាន​មុន្នី​ជ័យ​ចេស្តា​ជា អ្នក​ក្លាហាន​គុណដំបង​ល្បុក្កតោ នាង​បញ្ច​ទេពី​ជា​នារី​ក្លាហាន​ជំនាញ​ខាង​បាញ់​ព្រួញ និង​សិង្ហៈគិរី​ជា​នាយទាហាន​ជំនាញ​ខាង​ញញួរ​ទេព​។ តួអង្គ​ម្នាក់ៗ​មាន​ជំនាញ​ប្រយុទ្ធ​សិល្ប៍សាស្ត្រ និង​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន​។


ខណៈ​ដែល​ការបង្កើត​ហ្គេម​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ហ្គេម​ល្បីៗ​របស់​បរទេស​ដូចជា Devil May Cry, God of War​ និង Overwatch វា​មាន​លក្ខណៈ​ដើម​ភាគច្រើន​ផ្អែក​លើ​ប្រទេស​កម្ពុជា​។ វា​មាន​បង្ហាញ​ទីកន្លែង​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅ​កម្ពុជា​ដូចជា​អង្គរវត្ត និង​ភ្នំ​គូលែន​ ខណៈ​សាច់រឿង​បង្ហាញ​ពី​ជីវិត​រស់នៅ​ជំនឿ​ និង​រឿង​និទាន​ក្នុង​វប្បធម៌​ខ្មែរ​សម័យ​ដើម​។

លោក Chivalry Yok បង្ហាញ​ពី​តួអង្គ​ក្នុង​ហ្គេម Angkorian​។ រូបថត សហការី

លោក Chivalry ថា៖ «​យើង​មិនមែន​ចង់​បង្កើត​ហ្គេម​ឲ្យ​គ្រាន់​តែ​សប្បាយ​នោះ​ទេ​តែ​យើង​ក៏​ចង់​បង្ហាញ​ឲ្យ​អ្នក​លេង​បរទេស​ស្គាល់​ពី​ទិដ្ឋភាព​វប្បធម៌​របស់​ប្រទេស​យើង​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ​អ្នក​លេង​ក្នុង​ស្រុក​ពេញចិត្ត​នឹង​លក្ខណៈ​ខ្មែរ​បែប​នេះ​ ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់​ជាតិ​របស់​ពួកគេ​»​។

ខណៈ​ដែល​គម្រោង​ដើម​របស់ Angkorian មាន​ ១០ ​វគ្គ​ក្រុម​ផលិត​ទើប​តែ​បង្កើត​បាន​ហ្គេម​ក្នុង​ទម្រង់​សាកល្បង​ដែល​មាន​តែ​វគ្គ​ដំបូង​តែ​ប៉ុណ្ណោះ​។ ខណៈ​ដែល​ថវិកា​គឺជា​បញ្ហា​ប្រឈម​ចម្បង​លោក Chivalry បាន​អះអាង​ថា ក្រុម​អ្នក​វិនិយោគ​នឹង​ពេញ​ចិត្ត​ក្នុង​ការ​បោះទុន​លើ​ហ្គេម​នេះ​។

លោក​ថា៖ «​អ្នក​ជំនាញ​បរទេស​ជាច្រើន​កោតសរសើរ​ចំពោះ​ការបង្កើត​នេះ​។ យើង​នឹង​បង្ហាញ​វា​ទៅ​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ការវិនិយោគ​មួយ​ដ៏ល្អ​»​។

លោក​បន្ថែម​ទៀត​ថា​ហ្គេម​នេះ​នឹង​ត្រូវ​បាន​បញ្ចេញ​លក់​សម្រាប់​ឧបករណ៍​ Nintendo Switch ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត​ហើយ​នឹង​មាន​សម្រាប់​ឧបករណ៍​ផ្សេង​ទៀត​ដូចជា Playstation និង PSP នៅ​ពេល​ខាងមុខ​។ ហ្គេម​នេះ​ក៏​នឹង​អាច​ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ផង​ដែរ​នៅ​លើ​ Apple Store ដោយ​មិន​គិត​ថ្លៃ​តែ​នឹង​មាន​ភ្ជាប់​មក​ជាមួយ​នឹង​ការទិញ​នៅក្នុង​កម្មវិធី (In-app Purchase)​។

ខណៈ​មិន​ទាន់​មាន​ការស្រាវជ្រាវ​ច្បាស់លាស់​ណា​មួយ​លើ​វិស័យ​វីដេអូ​ហ្គេម​នៅ​កម្ពុជា​លោក អៀ អ៊ុយ ជា​សហស្ថាបនិក​ម្នាក់​ទៀត និង​ជា​នាយក​ប្រតិបត្តិ​របស់ SabayOsja បាន​លើក​ឡើង​ថា​ TheAngkorian នឹង​ទទួល​បាន​ការគាំទ្រ​ខ្លាំង​នៅ​កម្ពុជា​។

លោក​និយាយ​ថា៖ «​ស្ថិតិ​បាន​បង្ហាញ​ពី​ចំនួន​ដ៏ច្រើន​នៃ​ប្រជាជន​វ័យក្មេង​ និង​ការកើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅ​កម្ពុជា​ ខណៈ​ប្រជាជន​កាន់តែ​ចំណាយ​ច្រើន​ទៅៗ​លើ​ការកម្សាន្ត​។ ​ម្យ៉ាង​ទៀត​យើង​ក៏​សំដៅ​ទៅ​រក​ទីផ្សារ​ក្រៅ​ស្រុក​ផង​ដែរ​»៕

តួអង្គ​ មុន្នីជ័យចេស្តា ក្នុង​ហ្គេម Angkorian​។

តួអង្គ​ បញ្ចទេពី ក្នុង​ហ្គេម Angkorian​។

តួអង្គ សិង្ហៈគិរី ​ក្នុង​ហ្គេម Angkorian​។