កណ្តាលៈ​ សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជូន​អ្នកសារព័ត៌មាន ៥ នាក់​ រួម​និង​អ្នករត់ម៉ូតូឌុប​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​គំរាមកំហែង​ទារប្រាក់ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី ២១ ខែមិថុនា​នេះ រួមជាមួយ​បុរស​ម្នាក់​ផ្សេងទៀត ​ដែលជា​ម្ចាស់​ហាង​កាហ្វេ ពាក់ព័ន្ធ​ការបើក​ល្បែងស៊ីសង​ខុសច្បាប់។


លោក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលថ្លែងថា កម្លាំង​សមត្ថកិច្ច​ បាន​បញ្ជូន​ជនសង្ស័យ ៧ នាក់​ទៅ​តុលាការ​ នៅ​រសៀ​ល​ថ្ងៃទី ២១ ខែមិថុនា​នេះ។

ក្នុងនោះ​មាន អ្នកពាក់ព័ន្ធ​ក្នុង​បទល្មើស​គំរាមកំហែង​ទារប្រាក់​ចំនួន៦នាក់ ដែលមាន​អ្នកសារព័ត៌មាន ៥ នាក់ (ប្រុស ៤ នាក់) និង​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ រីឯ​បុរស​ម្នាក់​ផ្សេងទៀត ពាក់ព័ន្ធ​បទល្មើស​បើក​ល្បែងស៊ីសង​ខុសច្បាប់។

លោក​ ឡាក់ ម៉េង​ធី ប្រាប់ថា អ្នកសារព័ត៌មាន ៥ នាក់ ​បាន​នាំ​ទាំង​អ្នករត់ម៉ូតូឌុប​ម្នាក់​ផង ចុះ​ទៅដល់​គោលដៅ​ហាង​កាហ្វេ​មួយកន្លែង។


ពេលទៅដល់​ម្ចាស់​សារព័ត៌មាន BATI NEWS បាន​ឲ្យ​ម៉ូតូឌុប​ម្នាក់ និង​អ្នក​រាយ​ការ​ព័​ត៌​គាត់​ម្នាក់ទៀត ទៅ​ជួប​ម្ចាស់​កន្លែង​លក់​កាហ្វេ​ណែនាំ​ខ្លួន និង​ទារលុយ ១០០ ដុល្លារ ជា​ថ្នូរ​ និង​ការមិន​ចុះផ្សាយ ប៉ុន្តែ​ម្ចាស់​ទីតាំង​យល់ព្រម​ឲ្យ​តែ ២០ ដុល្លារ។


លោក​បន្តថា ក្រុម​អ្នកសារព័ត៌មាន​មិន​ព្រម ហើយក៏​ចេញទៅ​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅមុខ​ហាង​កាហ្វេ។ ឃើញ​ដូច​នោះ​ម្ចាស់​ទីតាំង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍។

លោក​ថ្លែងថា៖ «ក្រោយពី​ម្ចាស់​កន្លែង​លក់​កាហ្វេ​ប្តឹង កម្លាំង​សមត្ថកិច្ច​យើង​ ចុះ​ទៅដល់ ហើយ​ធ្វើ​ការឃាត់​អ្នកសារព័ត៌មាន​ទាំងនោះ ដែល​បាន​ផ្សាយ​ស្រែក​ឡូឡា​ពេញមុខ​ទីតាំង​កន្លែង​លក់​កាហ្វេ​នោះ។ បុរសម្ចាស់​កន្លែង​លក់​កាហ្វេ​នោះ​ ក៏ត្រូវ​ឃាត់ខ្លួន​ដែរ ព្រោះ​យើង​រកឃើញថា គាត់​ពិតជា​ធ្លាប់​បើក​កន្លែង​លេងល្បែង​មែន ហើយ​កន្លងមក​ ធ្លាប់ធ្វើ​កិច្ចសន្យារ​តែ​មិន​រាងចាល»។

បើតាម​លោក ឡាក់ ម៉េង​ធី កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ទាំងអស់​នៅ​រ​សៀ​ល​ថ្ងៃទី ១៩ ខែមិថុនា នៅ​ចំណុច​ផ្លូវលំ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ថ្លែងថា លោក​បាន​អំពាវនាវ​ជាច្រើនលើក​ច្រើនសារ​ដល់​អ្នកសារព័ត៌មាន បើសិនជា​ចង់​ចូលរួមចំណែក​ជួយ​កិច្ចការ​សង្គម ត្រូវធ្វើ​កិច្ចការងារ​ប្រកបដោយ​ក្រមសីលធម៌ ​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​យកមុខ​ជំនាញ​វិជ្ជាជីវៈ​សារព័ត៌មាន​ ទៅ​ប្តូរ​ជាមួយ​លុយកាក់ ឬ​ប្រយោជន៍ផ្សេងៗខុសច្បាប់​។

លោក​ថ្លែងថា៖ «ជា​ឧទាហរណ៍ បើ​យើង​ឃើញ​កន្លែង​ណាមួយ ​ដែល​ប្រព្រឹត្ត​ខុស​ មាន​ភាពមិនប្រក្រតី​ណាមួយ យើង​ទៅរក​លុយ ក្នុងន័យ​បើ​គេ​ឲ្យ​លុយ​យើង​ក៏​បិទ​មិន​ផ្សាយ តែបើ​គេ​មិន​ឲ្យ​លុយ​ ក៏​រករឿង​គេ​ផ្សាយ​អីចឹង​ទៅ។ ទាំងនេះ​យើង​អត់​អាចជួយ​សង្គម​បានទេ ផ្ទុយទៅវិញ​ យើង​បង្កើត​នូវ​បញ្ហា​ជូន​សង្គម​កាន់តែ​ធំ ហើ​បង្កើត​បញ្ហា​ដល់​ខ្លួនឯង​ផងដែរ ព្រោះ​គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ចាប់ខ្លួន» ។

លោក​ ប៉ែន បូ​ណា មិន​គាំទ្រ​ការប្រព្រឹត្ត​ខុស​មុខជំនាញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នោះទេ បើ​អ្នកសារព័ត៌មាន​ធ្វើ​ខុស​ត្រង់ណា​សូម​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ចុះ ប៉ុន្តែ​ទន្ទឹម​នោះ ​លោក​សំណូម​ឲ្យ​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ ពិនិត្យមើល​ភាព​អសកម្ម​ឬ​បទល្មើសផ្សេងៗក្នុង ដែន​សមត្ថកិច្ច​របស់​ខ្លួន​ផង។

លោក​ថ្លែងថា៖ «បើសិនជា​ចាត់ការ​តែ​អ្នកកាសែត ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើសផ្សេងៗទៀត ដែល​អ្នកកាសែត​គាត់​ទៅរក​រឿង​ហ្នឹង​យើង​អត់​បាន​ចាប់​ទេ អាហ្នឹង​យើង​ក៏​អត់​បាន​ដោះស្រាយ​បញ្ហា​សង្គម​ដែរ។ អ៊ីចឹង​ទាល់តែ​សមត្ថកិច្ច​​ស៊ើប​អង្កេត​​រួចហើយ​ចាត់វិធានការ​ចំពោះ​អ្នកផ្សេង​ណា​ ដែល​ប្រព្រឹត្ត​បទល្មើស​ផង ទើប​យើង​បានរួម​ចំណែក​ទាំងអស់​គ្នា​ ក្នុង​ការជួយ​សង្គម​ឲ្យ​កាន់តែ​ប្រសើរឡើង» ៕