ព្រះសីហនុៈ ខេត្តព្រះសីហនុនឹងធ្វើយុទ្ធនាការទ្រង់ទ្រាយធំក្នុងការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនៅទូទាំងខេត្តចាប់ពីថ្ងៃទី ២២ ខែមិថុនានេះ ដោយមានការសហការពីពេទ្យកងទ័ពនៃក្រសួងការពារជាតិដោយផ្ដោតលើប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប្រមាណជា ១៩ ម៉ឺននាក់។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែមិថុនា ថា ខេត្តព្រះសីហនុបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅតាមទីតាំងមួយចំនួនជាបណ្តើរហើយ ប៉ុន្តែការចាក់ទ្រង់ទ្រាយធំនឹងធ្វើឡើងនៅថ្ងៃអង្គារនេះ។
លោកថា៖ «យុទ្ធនាការធំនៃការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំឡើងទៅ នឹងធ្វើឡើងនៅទូទាំងខេត្តព្រះសីហនុតែម្តង»។
កាលពីថ្ងៃទី ១៦ ខែមិថុនា កន្លងមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំពិភាក្សា រៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុដោយលោកបានលើកឡើងថាមានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ ពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំង ដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផងនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីរដ្ឋាភិបាលកម្ពុជាដោយឥតគិតថ្លៃ។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឡើង មានជាង ២០ ម៉ឺននាក់ ប៉ុន្តែមានពលរដ្ឋមួយចំនួនបានចាក់វ៉ាក់សាំងរួចហើយ ដែលបច្ចុប្បន្ននៅសល់ប្រមាណជា ១៩ ម៉ឺននាក់ទៀតប៉ុណ្ណោះ ដែលនឹងទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលនឹងចាប់ផ្តើមចាក់ក្នុងទ្រង់ទ្រាយធំពីថ្ងៃទី ២២ ខែមិថុនា នេះ។
រដ្ឋបាលខេត្តព្រះសីហនុបានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត នៅក្រុងព្រះសីហនុមាន ៥ ទីតាំង ស្រុកព្រៃនប់ ចំនួន ៥ ទីតាំង ស្រុកកំពង់សីលា ៤ ទីតាំង ក្រុងកោះរ៉ុង ២ ទីតាំង និងស្រុកស្ទឹងហាវ មានចំនួន ១ ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចក្នុងស្រុកព្រៃនប់ផងដែរ។
ខេត្តព្រះសីហនុ គឺជាខេត្តមួយក្នុងចំណោមខេត្តហានិភ័យទាំង ៥ ដែលត្រូវទទួលការចាក់វ៉ាក់សាំង បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាលក្នុងនោះមាន ខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពង់ចាម និងខេត្តស្វាយរៀង។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានស្នើដល់សមាជិកក្រុមការងារប្រតិបត្តិទាំងអស់ ទាំងក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញក្នុងពេលចុះបំពេញ បេសកកម្ម ផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងនិយោជិតតាមបណ្តាគោលដៅភូមិសាស្ត្រខេត្តទាំង ៥ ដែលប្រឈមការឆ្លងរាលដាលខ្លាំងនូវជំងឺកូវីដ ១៩ ពេលបំពេញការងារត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនលើវិធានការការពារខ្លួន ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោកថា៖ «ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យដែលចុះទៅបំពេញការងារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពិនិត្យសុខភាពខ្លួនយើងម្នាក់ៗ តាមរយៈធ្វើតេស្តយកសំណាករកមេរោគកូវីដ ដើម្បីឱ្យប្រាកដថា យើងគ្មានផ្ទុកមេរោគកូវីដ ១៩ ឱ្យបានគ្រប់ៗគ្នា មុនចេញទៅបំពេញការងារនៅតាមបណ្ដាខេត្តទាំង ៥ ដែលប្រការនេះ គឺដើម្បីសុខភាពយើងផ្ទាល់»៕