ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាននិង​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-កំពង់សោម ដើម្បី​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ក្នុង​រយៈពេល​ខ្លី​ប្រមាណ​ជា​ ១ ​សប្ដាហ៍​ ឬ​ ១ ​ខែ​ដោយ​ឥតគិតថ្លៃ មុន​ពេល​ដែល​ក្រុមហ៊ុន​កំណត់​តម្លៃ​ជា​ផ្លូវការ​សម្រាប់​អ្នកប្រើប្រាស់​។


លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឱ្យដឹង ក្នុងពេល​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១ ​ថា​៖ «​ខ្ញុំ​ស្នើឱ្យ​ក្រុមហ៊ុន​ជួយ​ពន្លឿន​ការសាងសង់​ឱ្យ​ចប់​នៅ​ខែ​ ៩ ឆ្នាំ​ ២០២២ ខ្ញុំ​ក៏​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ថា គួរ​អនុញ្ញាត​ឱ្យ​ ១ ​អាទិត្យ ឬ​ ១ ​ខែ ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​សិន ឱ្យ​គាត់​ស្គាល់ផ្លូវ​ល្បឿនលឿន​កម្ពុជា​យើង​»​។

លោក​បញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ត្រូវ​ប្រើពេល​សាងសង់ ៤៨ ​ខែ ដែល​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ ២០២៣​។ លោក​នឹង​ស្នើឱ្យ​ក្រុមហ៊ុន​ពិចារណា​កំណត់​តម្លៃ​ឱ្យបាន​ទាប​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ផ្លូវ​នេះ ដើម្បីឱ្យ​ស្រប​ទៅ​នឹង​ការរីកចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា បើ​ប្រៀប​នឹង​តម្លៃ​នៅក្នុង​ពិភពលោក សេវា​បង់ថ្លៃ​ផ្លូវ​ល្បឿន​លឿន​បែបនេះ អាច​ចំណាយ​ប្រហែល​ ២០ ​ដុល្លារ​អាមេរិក​ក្នុង​ចម្ងាយ​ប្រមាណ​ ២០០ ​គីឡូម៉ែត្រ​។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ ដែលមាន​ប្រវែង​សរុប​ជាង ១៩០ ​គីឡូម៉ែត្រ សម្រេច​បាន ៥៥ ​ភាគរយ បន្ទាប់​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​ ២២ មីនា ឆ្នាំ​ ២០១៩​។ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប ២ ​ពាន់​លាន​ដុល្លារ​អាមេរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​៕


គ្រឿងចក្រកំពុងសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ។ រូបថត MPWT


វីដេអូ៖