ភ្នំពេញៈ ក្រសួង​សុខា​ភិ​បាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ មនុស្ស​ជាង ​៣ ​លាន​ ៤ សែន​នាក់​ បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ នៅ​ទូទាំង​ប្រទេស​កម្ពុជា ​គិត​មកដល់​ថ្ងៃទី​ ២១ ខែ​មិថុនា​នេះ ​ហើយ​​​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​នៅ​តាម​បណ្តា​ទីតាំង​សំខាន់ៗ​ ដែល​មាន​ហានិ​ភ័យ​នៅ​តែ​បន្ត​នៅ​តាម​ខេត្ត​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​។​


យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិ​បាល​បាន​ឱ្យ​ដឹង​ថា ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​សរុប​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​បាន​ចំនួន​ ​៣ ​៤១៦ ​០៧៥​ នា​ក់​ ​ឬ​ស្មើ​នឹ​ង​ ៣៤,​១៦% ​នៃ​លទ្ធផល​ធៀប​នឹង​គោល​ដៅ​ចំនួន ​១០ លាន​នាក់។

លោក​ស្រី ​ឱ​ ​វណ្ណ​ឌីន​ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាល ​និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​ បាន​ឱ្យ​ដឹង​នៅ​ក្នុង​បណ្តាញ ​Twitter ​របស់​លោក​ស្រី​នៅ​យប់​ថ្ងៃទី​ ២១​ ​ខែ​មិថុនា​ថា​៖ «ប្រ​សិន​បើ​អ្នក​ភ័យ​ខ្លាច​ ​សូម​ធ្វើ​​ការ​ប្រែ​ក្លាយ​ភាព​ភ័យ​ខ្លាច​របស់​អ្នក​ទៅ​ជា​សកម្ម​ភាព​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩។​ សូម​កុំ​ភ័យ​ស្លន់​ស្លោ​ហើយ​ប្រមូល​ថ្នាំ​សម្រាប់​ការ​ការ​ពារ​ ​ការ​ធ្វើ​របៀប​នេះ ​គឺ​វា​នឹង​មិន​អាច​ជួយ​ការពា​រ​អ្នក​បាន​ទាល់​តែ​សោះ»​៕​