ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ផ្តល់​ថវិកា​បន្ថែម​ជិត​ ៣​ ០០០ លាន​រៀល​ ទៅដល់​ខេត្ត​ចំនួន​ ២១​ ក្នុង​ចំណោម​ ២៤​ ខេត្ត ​សម្រាប់​ធ្វើ​ការរៀបចំ ​និង​ផ្គត់ផ្គង់​ដល់​អ្នកកំពុង​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១សប្តាហ៍​ ចាប់​ពី​ថ្ងៃទី ​២១ ដល់ ​ថ្ងៃទី​ ២៧ ខែមិថុនា ​ដែល​មកដល់​ពេល​នេះ​មាន​អ្នកកំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្ត​ទាំង​ ២៤ ​ទូទាំង​ប្រទេស​ចំនួន​ ៩៥ ១៦៣ នាក់។


យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ នា​ថ្ងៃនេះ​បាន​ឱ្យ​ដឹងថា ​ថវិកាសរុប​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ផ្តល់​ជូន​បន្ថែម​ទៅដល់​ខេត្ត​ចំនួន ​២១​ ក្នុង​ចំណោម​ខេត្ត​ ២៤ មាន​សរុច​ចំនួន ២ ៧២០​ លាន​រៀល។

របាយការណ៍​នេះ​បញ្ជាក់ថា​៖ «ថវិកា​ទាំងនេះ​សម្រាប់​ជួយ​ក្នុង​ការរៀបចំ​ និង​ផ្គត់ផ្គង់​ទៅ​ដល់​អ្នក​ដែលកំពុង​សម្រាក​ធ្វើ​ចត្តា​ឡី​ស័កនៅ​ក្នុង​ខេត្ត​ទាំងនេះ ​ហើយ​ថវិកា​នេះ​លើកលែង​តែ​ខេត្ត​ចំនួន​ ៣ ​ទេ ​ដែល​មិន​មាន​ការផ្តល់​ថវិកា​បន្ថែម​ គឺ​ខេត្ត​កោះកុង​ មណ្ឌលគិរី ​និង​ខេត្ត​ស្ទឹងត្រែង ​ដោយ​សារ​ថវិកា​នៅ​សល់​ច្រើន​ និង​ចំនួន​អ្នក​ធ្វើ​ចត្តា​ឡីស័ក​មាន​ចំនួន​តិច»៕