ភ្នំពេញៈ ​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ បាន​ហាមឃាត់​ការចែកចាយ លក់ និង​ធ្វើតេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ដោយ​ប្រើ​តេស្ត​រហ័ស​ដែល​គ្មាន​លេខ​បញ្ជិកា​ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល​ហើយ​បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​សេវា​សុខាភិបាល​ឯកជន​ណា ដែល​នៅតែ​ឆ្លៀត​​ប្រើប្រាស់​ឧបករណ៍​ជាប់​បម្រាម​ទាំងនេះ​។


ការប្រកាស និង​ព្រមាន​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​គណនី​ហ្វេសប៊ុក​ចំនួន​ ៤ គឺ​១- ​បងប្រុស​ទី​ពីរ​,២- LengKuchnika Pol,៣- Srey Nit,៤.TMS-Trust Medical Services បាន និង​កំពុង​ផ្សព្វផ្សាយ​លក់​តេស្ដ​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ទាំងនេះ ដោយ​គ្មាន​ចុះ​លេខ​បញ្ជិកា និង​ពុំមាន​ការទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​។ ទន្ទឹមនឹងនេះ​ក៏មាន​សេវា​សុខាភិបាល​ឯកជន​មួយចំនួន​ទៀត​ក៏​កំពុង​យក​ឧបករណ៍​​ទាំងនេះ​ទៅ​ធ្វើ​តេស្ត​ជូន​ពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ​ផងដែរ​។

នេះ​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា «​តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​កូរីដ​ ១៩ ដែល​កំពុង​ចរាចរ​ខាងលើ​នេះ គឺ​ពុំមាន​ការចុះ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​នៅឡើយ ហើយ​ក៏​ពុំទាន់​មាន​ការទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) នៅឡើយ​ដែរ ហើយ​លទ្ធផល​ដែល​បាន​មកពី​ការប្រើប្រាស់​តេស្ត​ទាំងនេះ គឺ​មិនអាច​ជឿជាក់​បានឡើយ​»​។


អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​តម្រូវឱ្យ​រាល់​ការចរាចរ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ក៏ដូចជា​តេស្ត​រហ័ស​គ្រប់​ប្រភេទ​​នៅ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ​ ឬ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​។ ​ចំពោះ​ការផ្សព្វផ្សាយ​ផលិតផល​ទាំងអស់​នោះ​ត្រូវ​មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ តម្រូវឱ្យ​រាល់​ការវិភាគ​វេជ្ជសាស្ត្រ​ក៏ដូចជា​ការធ្វើ​តេស្ត​គ្រប់​ប្រភេទ​ត្រូវមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល និង​ត្រូវគោរព​ឱ្យ​​បាន​ត្រឹមត្រូវ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ដែល​មិនត្រូវ​ចេញ​លទ្ធផល​វិភាគ​ណា​ដែល​​ខុសពី​លក្ខណៈ​បច្ចេកទេស​ឡើយ​។


សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា «​ក្រសួង​សុខាភិបាល​​តម្រូវ​ឱ្យ​បុគ្គល​ទាំងអស់ និង​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​​ទាំងអស់​ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ​ ឬ​លក់ ឬ​ប្រើប្រាស់​តេស្តរហ័ស​ទាំងនេះ​ជាបន្ទាន់​»​។

ជាមួយ​នេះ​ដែរ ក្រសួង​សុខាភិបាល​បាន​ក្រើនរំឭក​ដល់​​សាធារណជន​ទាំងអស់​ត្រូវ​ឈប់​ជឿ​លើ​ការឃោសនា​កុហក​បោកប្រាស់ ភូតភរ​ទាំងនោះ ដោយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ការប្រើប្រាស់​តេស្ត​រហ័ស​​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​គ្មាន​នូវ​ការបញ្ជាក់​ពី​ក្រសួង​សុខាភិបាល ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ដោយ​គណនី​បណ្តាញ​​សង្គម​ខាងលើ និង​គណនី​ ឬ​ជន​ពាក់ព័ន្ធ​ដទៃទៀត និង​​បញ្ឈប់​ការទៅ​ធ្វើ​តេស្ត​តាម​សេវា​សុខាភិបាល​ឯកជន​នានា​ជា​បន្តទៀត ព្រោះ​តេស្ត​រហ័ស​ទាំងនោះ ពុំមាន​ប្រភព​ច្បាស់លាស់​ដែល​មិនអាច​ធានា​បាន​នូវ​គុណភាព និង​សុក្រឹតភាព​នៃ​លទ្ធផល​បានឡើយ​។

ក្រសួង​បាន​បន្ថែមថា ការអនុវត្ដ​នេះ ដើម្បី​ចៀសវាង​នូវ​ការខាតបង់​ប្រាក់កាស និង​បង្ក​ឱ្យ​មាន​ភាពអនាធិបតេយ្យ​ក្នុង​សង្គម​ដែល​ធ្វើ​ប៉ះពាល់​ដល់​គោលនយោបាល​របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​ទូទាំង​ប្រទេស​នោះ​។

បើតាម​ក្រសួង​សុខាភិបាល ក្រោយពី​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​រួច អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ពុំមាន​ការណែនាំ​ក្នុង​ការធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​ឡើយ​។

ដើម្បី​ការពារ​ការឆ្លង​ជំងឺ​​កូវីដ​ ១៩ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​យ៉ាងទទូច​ដល់​សាធារណជន​ត្រូវតែ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ដែល​បានដាក់​ចេញ​ដោយ​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ ៣ការពារ​ (​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​ ១ ​ម៉ែត្រ​កន្លះ​ឡើង​) ​និង​ ៣កុំ (​កុំទៅ​កន្លែង​មាន​មនុស្ស​កុះករ​​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​)​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា «​នឹងមាន​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​សេវា​សុខាភិបាល​ឯកជន​ណា​ដែល​នៅតែ​ឆ្លៀតឱកាស​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​បងប្រុស​ទី​ពីរ​,Lang Kuclinika Pol, Srey Nit និង​ TMS-Trust Medical Services ព្រមទាំង​ជន​ពាក់ព័ន្ធ​ដទៃទៀត​ដែល​បាន និង​កំពុង​បន្ត​ផ្សព្វផ្សាយ ឬ​លក់​តេស្ត​រហ័ស​ទាំងនេះ​ទៅតាម​ច្បាប់​ដែល​មាន​ជា​ធរមាន​»៕