តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន សម្តែង​ការព្រួយបារម្ភ​នៃ​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី​ទម្រង់​ដែលតា (Delta variant) និង​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ចូលរួម​សកម្មភាព​ទាំងអស់​គ្នា​ ដោយ​ត្រូវអនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​កុំឱ្យ​ស្តាយក្រោយ​នៅ​ថ្ងៃស្អែក។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី ៣០ ខែកក្កដា​នេះ​បាន​ឱ្យ​ដឹងថា ចំនួន​ករណី​ឆ្លង​វីរុស​កូវីដ ១៩ និង​ករណី​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ ១៩ ប្រចាំថ្ងៃ នៅតែ​មាន​កម្រិត​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅក្នុង​ដំណាក់កាល​ចម្លង​ទី ២ ដោយ​មេរោគ​នេះ​បាន​រីករាលដាល​យ៉ាងខ្លាំង នៅក្នុង​សហគមន៍។

WHO បន្តថា វីរុស​កូវីដ ១៩ បំប្លែង​ថ្មី​ទម្រង់​ដែលតា (Delta variant) ត្រូវបាន​រកឃើញ​ក្នុង​ចំណោម​ពលករ​ចំណាកស្រុក​ដែល​វិល​ត្រលប់មក​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​គោក ហើយ​ឥឡូវនេះ​បាន​ឆ្លង​ចូល​ទៅក្នុង​សហគមន៍​ហើយ។ «វីរុស​កូវីដ ១៩ បំប្លែង​ថ្មី​ទម្រង់​ដែលតា​ឆ្លង​រាលដាល​លឿន​ជាង​វីរុស​កូវីដ ១៩ ទម្រង់​ផ្សេងទៀត ហើយ​វា​ជា​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី​ដែល​គេ​ស្គាល់​ថា​ងាយ​ឆ្លង​បំផុត​នាពេល​បច្ចុប្បន្ននេះ»។

លោកស្រី​វេជ្ជបណ្ឌិត លី អៃឡែន (Li Ailan ) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា យើង​កំពុងតែ​ប្រណាំងប្រជែង​ជាមួយនឹង​វីរុស​បំប្លែង​ថ្មី​ទម្រង់​ផ្សេងៗ​ជាច្រើន ហើយ​យើង​ត្រូវតែ​ធ្វើ​សកម្មភាព​នៅថ្ងៃនេះ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំឱ្យ​មាន​ការស្តាយ​ក្រោយ​នៅ​ថ្ងៃស្អែក។


លោកស្រី​ថា៖ « ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ពេលវេលា​ដ៏សំខាន់​មួយ។ រាជរដ្ឋាភិបាល​បាន​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ម៉ឺងម៉ាត់​មួយចំនួន​រួមទាំង​ការបិទខ្ទប់ ភូមិសាស្ត្រ​ខេត្ត​ចំនួន ៨ ដែល​ភាគច្រើន​នៅជាប់​ព្រំដែន និង​បាន​ដាក់ចេញ​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស ដែល​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺ​នេះ ជាពិសេស​ជា​ការឆ្លើយតប​ទៅនឹង​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី​ទម្រង់​ដែលតា (Delta variant) តែម្ដង»។


លោកស្រី​បាន​គូសបញ្ជាក់ថា មិនមាន​វិធានការ​តែមួយ​ណា​អាច​ទប់ស្កាត់​ការចម្លង​បានទេ គឺ​ទាមទារ​ឱ្យ​មាន​ការរួមបញ្ចូល​គ្នា ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​វិធានការ​សុខភាព​សាធារណៈ និង​សង្គម​ដែល​ផ្អែកលើ​ហានិភ័យ។

«ទីតាំង និង​សកម្មភាព​ដែល​ត្រូវ​ចៀសវាង​ទាំង បី ​ប្រភេទ (3Cs) គួរតែ​ត្រូវបាន​ផ្អាក លុះត្រាតែ​ហានិភ័យ​ត្រូវបាន​កាត់បន្ថយ​បាន​ច្រើន​ជាមុនសិន ហើយ​វិធានការ​ផ្អែកលើ​ប្រជាជន​ដូចជា​ការបញ្ឈប់​ការធ្វើដំណើរ​ដែល​មិនចាំបាច់ និង​ការរឹតបន្តឹង​ការប្រមូលផ្ដុំ (ជាពិសេស​ក្នុង​កន្លែង​បិទជិត) ត្រូវតែ​អនុវត្ត​ឱ្យបាន​ពេញលេញ ហើយ​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ដែលមាន​សុវត្ថិភាព​ប្រសើរ​បន្ត​បើក​ដំណើរការ»។

ជាថ្មី​ម្តងទៀត​លោកស្រី លី អៃឡែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​អនុវត្ត​វិធានការ​ដែល​ត្រូវ​បាន​ណែនាំ និង​ចាំបាច់​នានា ដើម្បី​ការពារ​ខ្លួន ការពារ​ក្រុមគ្រួសារ និង​ការពារ​អ្នកដទៃ​ទៀត​ពី​ការឆ្លង​រោគ។ «សកម្មភាព​រួម​របស់​យើង​នឹង​កំណត់​ជោគជ័យ ឬក៏​បរាជ័យ​របស់​យើង​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩។ យើង​ត្រូវតែ​រួមគ្នា និង​ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត ការពារ​ប្រព័ន្ធ​សុខាភិបាល និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សង្គម»។

អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់​អនុសាសន៍​យ៉ាង​មុតមាំ​ថា មនុស្ស​គ្រប់រូប​ដោយ​មិន​គិត​ពី​ស្ថានភាព​ថា​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ហើយ​ ឬក៏​នៅ​នោះទេ ត្រូវ​បន្ត​អនុវត្ត​វិធានការ​បង្ការ​ដូចជា​ត្រូវ​ពាក់​ម៉ាស់ រក្សា​គម្លាត​ពីគ្នា លាងដៃ​ជាមួយ​នឹង​សាប៊ូ ឬ​ជែល​ឱ្យ​បាន​ញឹកញាប់ ដោយ​ត្រូវ​ចៀសវាង​ការប្រមូលផ្តុំ ហើយ​ត្រូវ​នៅផ្ទះ ប្រសិន​បើ​មិន​ស្រួលខ្លួន​ត្រូវ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ អង្គការ​សុខភាព​ពិភពលោក កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ខណៈ​ខ្លួន​នឹង​បន្ត​គាំទ្រ​ការឆ្លើយតប​ជា​បន្ត ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ដៃគូ ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​កូវីដ ១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា៕