រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​តប​តាម​ការអញ្ជើញ​របស់​លោក ដាតូ ស៊ីរីវ៉ាន់ ពើហ៊ុន យូស៊ូហ៍ រដ្ឋមន្ត្រី​ការបរទេស​ទី ២ របស់​ព្រុយណេដារ៉ូស្សាឡាម តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​នឹង​រៀបចំ​ឡើង​ពី​ថ្ងៃទី ០២ ដល់​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបទេស ចុះ​ថ្ងៃទី ៣០ ខែ​កក្កដា ឆ្នាំ ២០២១។


សេចក្តី​ប្រកាស​បន្តថា របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះ​រួមមាន ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល ស្តីពី​សិទ្ធិមនុស្ស។ កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ - កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន​លើក​ទី ២៣។ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន លើក​ទី២៩ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី លើក​ទី២២។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-បូព៌ា លើក​ទី១១ កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី ២៨ និង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ដៃគូ​សន្ទនា​ទាំង១០ របស់​អាស៊ាន។

សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តទៀតថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ពិនិត្យមើល​វឌ្ឍនភាព ដែល​ប្រទេស​ព្រុយណេ ក្នុងនាម​ប្រធាន​អាស៊ាន​សម្រេច​បាន​ និង​ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន ផ្តោតការ​យកចិត្ត​ទុកដាក់​ទៅលើ​វិធី​ និង​មធ្យោបាយ​នានា ដើម្បី​សម្រេចបាន​នូវ​ការកសាង​សហគមន៍​អាស៊ាន ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការស្ដារ​ឡើងវិញ​ ក្រោយ​ជំងឺ​រាតត្បាត​កូវីដ ១៩ និង​លើកកម្ពស់​ទំនាក់ទំនង​ខាងក្រៅ សំដៅ​ពង្រឹង​បន្ថែមទៀត​នូវ​ឯកភាព និង​សាមគ្គីភាព​របស់​អាស៊ាន។ កិច្ចប្រជុំ​នេះ ក៏​នឹង​ពិភាក្សា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការបារម្ភ​រួមគ្នា៕