វ៉ាក់សាំង​ស៊ីណូវ៉ាក់ ១ លានដូស​ទៀត​បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ព្រឹក​មិញ

Content image - Phnom Penh Post
វ៉ាក់សាំង​ស៊ីណូវ៉ាក់ ១ លានដូស​ពេល​ដឹក​មកដល់​កម្ពុជា កាលពី​ព្រឹកមិញ។ ហេង ជីវ័ន

វ៉ាក់សាំងស៊ីណូវ៉ាក់ ១ លានដូស ដែល​ជា​ការបញ្ជាទិញ​របស់​កម្ពុជា​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​មិញ​នេះ។ នេះ​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។

ក្នុង​ឱកាស​ទទួល​វ៉ាក់សាំង នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃនេះ លោកស្រី យក់ សម្បត្តិ បាន​ថ្លែងថា វ៉ាក់សាំង​យុទ្ធសាស្ត្រ​ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ប្រទេស​ចិន និង​វ៉ាក់សាំង​ដែលជា​ជំនួយ​គាំទ្រ​ជាច្រើន​ទៀត​នឹង​ដឹក​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់។ លោកស្រី​ថ្លែងថា៖ «វ៉ាក់សាំង​សម្រាប់​ប្រទេស​កម្ពុជា​មិន​ខ្វះ​ទេ ព្រោះ​យើង​មាន​ផែនការ​គ្រប់គ្រាន់»។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជា មាន​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ក្នុង​ស្តុក​សរុប​ចំនួន ១៨ ៨៥៦ ០០០ ដូស​រួចហើយ។ ក្នុងនោះ ជំនួយ​ពី​រដ្ឋាភិបាល​ចិន​នូវ​វ៉ាក់សាំង​ប្រភេទ Sinopharm ចំនួន ២ ២០០ ០០០ ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​វ៉ាក់សាំង​ប្រភេទ AstraZeneca ៣៣២ ០០០ ដូស​ជំនួយ​ពី​សហរដ្ឋអាមេរិក​ប្រភេទ Johnson & Johnson ៥០០ ០០០ និង​ជំនួយ​ពី​មជ្ឈមណ្ឌល COVAX នូវ​ប្រភេទ​វ៉ាក់សាំង CoviShield ចំនួន ៣២៤ ០០០ ដូស។

ដោយឡែក រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ដោយផ្ទាល់​រួមមាន Sinovac ចំនួន ១១ ៥០០ ០០០ ដូស និង Sinopharm ចំនួន ៤ ០០០ ០០០ ដូស៕

ព័ត៌មានថ្មីៗ