ភ្នំពេញ៖ ក្រសួង​បរិស្ថាន រៀប​ចំ​ទិវា​ឧទ្យានុរក្ស​ពិភព​ដើម្បី​រំឭក​ដល់​មន្រ្តី​ឧទ្យានុរក្ស (Rangers) ដែល​ត្រូវ​បាន​សម្លាប់​ឬ​រង​របួស​ក្នុងបេសកកម្ម​នៃ​កាតព្វកិច្ច​ការពារ​បរិស្ថាន អភិរក្ស​ធនធាន​ធម្មជាតិ និង​ដើម្បី​អបអរសាទរ​ការងារ​មន្រ្តី​ឧទ្យានុរក្ស​ដែល​បាន​លះ​បង់ ​កម្លាំង​កាយកម្លាំង​ចិត្ត​បំពេញ​ការងារពារ​បេតិកភណ្ឌ​ធម្មជាតិ​និង​វប្បធម៌​របស់​ពិភព​លោក។


ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​ឧទ្យានុរក្ស​ពិភព​លោក​ឆ្នាំ​នេះ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ ២០២១ ក្រសួង​បរិស្ថាន​បាន​រៀប​ចំ​ការ​ផ្សព្វផ្សាយ​នូវសារៈ​សំខាន់ ព្រម​ទាំង​បាន​ផលិត​ជា​រូបភាព បទ​យក​ការណ៍ និង​បទ​ចម្រៀង​អំពី​តួនាទី​ភារកិច្ច និង​ការ​លះបង់​របស់​មន្ត្រី​ឧទ្យានុរក្ស​ចំពោះបុព្វហេតុ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ជាមួយគ្នានេះ ក្រសួង​បរិស្ថាន​បាន​ផ្តល់​បណ្ណ​សរសើរ​មេត្រី​ភាព​បរិស្ថាន​ដល់​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១០០ នាក់​ដែល​បាន​បំពេញ​ការងារ​ឆ្នើម ដើម្បី​ជា​ភ័ស្តុតាង​បង្ហាញ​ពី​ការ​លះបង់​របស់​មន្ត្រី​ឧទ្យានុរក្ស​ចំពោះ​ជាតិ និង​ធនធាន​ធម្មជាតិ។

ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា ៖‍ក្នុង​រយៈពេល ៨ ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ២ រូប​បាន​ទទួល​រងគ្រោះ​ថ្នាក់​ដល់​ជីវិតដោយសារ​តែ​ក្រុម​ជន​ល្មើស​បាន​បាញ់​សម្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​ក្នុង​អំឡុង​បំពេញ​បេសកកម្ម​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ»។

ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ទិវា​ឧទ្យានុរក្ស​ប្រចាំ​ឆ្នាំ​លើក​ដំបូង​នៅ​ឆ្នាំ ២០១៧ ដោយ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​អង្គការជាតិ​និង​អន្តរជាតិ ព្រះ​សង្ឃ​ពុទ្ធសាសនា និស្សិត​សហគមន៍​មូល​ដ្ឋាន​សាធារណជន​ទូទៅ និង​វិស័យ​ឯកជន។ គោល​បំណង​ផ្សេង​ទៀត​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​គឺដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​តួនាទី​របស់​ឧទ្យានុរក្ស​នៅ​កម្ពុជា​និង​ជំរុញ​ឱ្យ​សាធារណជន​ចូល​រួម​ជាមួយ​ឧទ្យានុរក្ស​ក្នុង​ការការពារ គ្រប់គ្រង អភិរក្ស​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព។


ទិវា​ឧទ្យានុរក្ស​ពិភព​លោក ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ផ្តល់​គុណ​តម្លៃ​និង​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​ឧទ្យានុរក្ស ដែល​បាន​តស៊ូ​លះបង់ និង​បូជា​ជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ។


លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន​អំពី​តួនាទី​របស់​មន្រ្តី​ឧទ្យានុរក្ស​នៅ​កម្ពុជា អំពី​ការ​តស៊ូ​លះបង់​របស់​មន្រ្តី​ឧទ្យានុរក្ស​ក្នុង​ការ​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ប្រកប​ដោយ​សេចក្តី​អង់អាច​ក្លាហាន។

ក្រសួងបរិស្ថាន ក៏​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​ចូល​រួម​ក្នុង​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ខណៈ​បច្ចុប្បន្ន​នេះ មន្ត្រី​ឧទ្យានុរក្សា​ស្ត្រីចំនួន ៤២នាក់ ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ឧទ្យានុរក្ស​សរុប ១២០០នាក់ ដែល​ក្រសួង​បរិស្ថាន​បាន​ដាក់​ពង្រាយ​តាម​តំបន់​ការពារ​ធម្មជាតិ និងរបៀង​អភិរក្ស​ជីវៈ​ចម្រុះ​ទាំង ៧៥ នៃ​ផ្ទៃ​ដី​ទំហំ​ប្រមាណ ៧,៣ លាន​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ២១ ក្នុង​ប្រទេស​កម្ពុជា។ «ឧទ្យានុរក្សស្ត្រី​ទាំង​នោះ​កំពុង​បំពេញ​តួនាទី​ដូច​នឹង​ឧទ្យានុរក្ស​បុរស​ដែរ ដូចជា​ការ​ល្បាត​ក្នុង​ព្រៃ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចុះ​បង្រ្កាប​បទល្មើស និងការ​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់ និង​សារៈប្រយោជន៍​នៃ​ធនធាន​ធម្មជាតិ ជីវៈចម្រុះ​ជូន​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​និង​ជុំវិញ​តំបន់​សហគមន៍ការពារ​ធម្មជាតិ​នានា​នៃ​ប្រទេស​កម្ពុជា»។

ក្រសួង​បន្ត​ថា មន្ត្រី​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន បាន​និង​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​និង​វិជ្ជាជីវៈ​ក្នុង​ការគ្រប់​គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត។ ក្រៅ​ពីបំពេញ​តួនាទី​ជា​ឆ្មាំ​ព្រៃ​ការពារ​ទី​ជម្រក ប្រភព​ចំណី និង​ទឹក​សម្រាប់​សត្វ​ព្រៃ មន្ត្រី​ឧទ្យានុរក្ស​ក៏​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​ចងក្រង​ទិន្នន័យ​អំពីជីវៈចម្រុះ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ជាមួយ​មន្ត្រី​ជំនាញ​ពី​សត្វ​ព្រៃ​ផងដែរ។

ក្រសួងបរិស្ថាន បាន​ឱ្យ​ដឹង​ថា រយៈពេល​៦​ខែ ឆ្នាំ​២០២១ ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ ២០២១ ដូចគ្នា មន្ត្រី​ឧទ្យានុរក្ស បាន​ចុះ​ល្បាតនៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ សរុប​បាន​ចំនួន ១៤៤២២ លើក​ក្នុង​នោះ​បាន​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិបាន​ចំនួន ៤២៣៨ករណី។ មន្ត្រីឧទ្យានុរក្ស​បាន​រឹប​អូស​រណា​រយន្ត​បាន​ចំនួន ២៤៦២គ្រឿង ដក​ហូត​រថយន្ត​ចំនួន ១៨២គ្រឿង គោយន្តចំនួន ៣០៨គ្រឿង ម៉ូតូចំនួន ៣៣៦គ្រឿង ត្រាក់ទ័រចំនួន ២៤គ្រឿង ឈើចំនួន ១២៦០ម៉ែត្រគុប។ ជាមួយគ្នា​នេះ មន្ត្រី​ឧទ្យានុរក្ស និងសហគមន៍​តំបន់​ការពារ​ធម្មជាតិ​បាន​រក​ឃើញ​អន្ទាក់​ចំនួន ២៥៥៩៦ និង​កាំភ្លើង​កែ​ច្នៃ​ចំនួន ៣៤៨ដើម៕