ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ព្រមាន​ផាក​ពិន័យ​ដោយ​មិន​លើក​លែង​ចំពោះ​បុគ្គល​ណា​ដែល​ល្មើស​បម្រាម​គោចរ​ក្នុងភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​ចាប់​ពី​ម៉ោង ៩​យប់​ដល់​ម៉ោង ៣​ទៀប​ភ្លឺ ដោយ​លោក​បាន​គូស​បញ្ជាក់​ថា ពុំ​មាន​ការ​អប់រំ​ណែនាំ​ទៀត​ឡើយ ព្រោះ​បម្រាម​គោចរ​ធ្លាប់​ដាក់​ឱ្យ​អនុវត្ត​ច្រើន​លើក​រួច​មក​ហើយ។


ក្នុង​អំឡុង​ពេល​ចុះ​ពិនិត្យ​នៅ​តាម​គោលដៅ​ត្រួត​ពិនិត្យ​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី ៣០ ខែ កក្កដានេះ លោក ឃួង ស្រេង បាន​ជំរុញ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​អនុវត្ត​ការងារ​ផាក​ពិន័យ​បាន​ម៉ឺង​ម៉ាត់ និង​មាន​ប្រសិទ្ធ​ភាព​បំផុត ដើម្បីជា​ប្រយោជន៍​រួម។

លោកថា៖« «លើក​នេះ​យើង​ផាក​ពិន័យ​មិន​លើក​លែង​ទេ ដោយសារ​ការ​ណែ​នាំ​កន្លង​មក​យើង​បាន​អនុវត្ត ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ក៏​យើង​ធ្វើការ​អនុគ្រោះ​ខ្លះ​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​គាត់​មិន​ទាន់​បាន​ជ្រួត​ជ្រាប​ពី​បម្រាម​គោចរ ឬ​បម្រាម​បិទ​ខ្ទប់ ប៉ុន្តែ​ពេលនេះ សភាពការណ៍​មិនឱ្យ​យើង​អនុគ្រោះ​បាន​ទេ ដើម្បី​អាយុ​ជីវិត​របស់​ប្រជាជន​ជា​កក្តា​សំខាន់​ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន យក​ចិត្ត​ទុក​ដាក់លើ​បញ្ហា​នេះ»។

លោក ឃួង ស្រេង សង្កត់ធ្ងន់ថា ៖«រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ប្រកាស​ថា មិន​អនុគ្រោះ មិន​ណែនាំ​ដល់​បងប្អូន​បន្ត​ទៅ​ទៀត​ទេ គឺ​អនុវត្តច្បាប់​យ៉ាង​ពេញ​លេញ​ជុំវិញ​បញ្ហា​ការ​ផាក​ពិន័យ ឈាន​ទៅ​រក​ការ​អនុវត្ត​ច្បាប់​កូវីដ​១៩ តែ​ម្តង បើ​សិន​បង​ប្អូន​នៅ​តែ​រឹងរូស​ល្មើស​បញ្ហា​នេះ ចំពោះ​ឡាន​ផាក​ពិន័យ ១ លាន​រៀល រីឯ​ម៉ូតូផាក ២០ម៉ឺន ដោយ​មិន​លើក​លែង និង​មិន​យោគយល់ ក្នុង​ករណី​បំពាន​ធ្ងន់ធ្ងរ ប្រឈម​ប្តឹងទៅ​តុលាការ»។

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ស្នើការ​យោគ​យល់​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់​កាល​ដ៏​លំបាក​នេះ និង​ជំរុញ​ដល់​ពលរដ្ឋ​ត្រូវ​ចូលអនុវត្ត​បម្រាម​គោចរ​ទាំង​អស់​គ្នា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​កាត់​ផ្តាច់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩។


សូម​ជម្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​គោចរ​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​ដោយ​ផ្អាក​ការ​ធ្វើ​ដំណើរ បិទ​ភោជនីយដ្ឋាន និង​សកម្មភាព​អាជីវកម្ម​នានា​ចាប់​ពី​ម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺ គិត​ចាប់​ពី​ម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូត​ដល់​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩៕