ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២១​នេះ បណ្តាល​ឱ្យ​មនុស្ស ១០៧​នាក់​ស្លាប់ និង​របួស ២៨២ នាក់ ខណៈ​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា​នេះ​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣ នាក់ របួសធ្ងន់ ១០ នាក់ និង​របួសស្រាល ៤ នាក់។


យោង​តាម​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស ចេញ​ផ្សាយ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៣១​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ ២០២១ មានគ្រោះថ្នាក់​ចំនួន ២០៨ លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១០៧ នាក់ និង​របួស​សរុប ២៨២នាក់។

តាម​ការ​ផ្សាយ​របស់​អគ្គស្នងការ​នគរបាលជាតិ​នៅ​ថ្ងៃ​នេះ បង្ហាញ​ថា មាន​មូលហេតុ​ជាច្រើន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ដូចជា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​លើស​ល្បឿន​កំណត់ និង​កត្តា​យានយន្ត​ជាដើម។

ការផ្សាយរបស់​អគ្គស្នងការ​នគរបាល​ជាតិ​សរសេរ​ថា «មូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់ បណ្តាល​មក​ពី កត្តា​ល្បឿន​ចំនួន ៧៧​លើក, មិន​គោរព​សិទ្ធិ ៤៥​លើក, មិន​ប្រកាន់​ស្តាំ ៣៥​លើក, ប្រជែង​គ្រោះថ្នាក់ ២១​លើក, បត់គ្រោះ​ថ្នាក់ ១៤​លើក, ស្រវឹង ១០​លើក, កត្តា​យានយន្ត ៣​លើក និង​កត្តា​ភ្លើង​សញ្ញា កត្តា​ផ្លូវ រួម​ទាំង​ការ​ងងុយ​ដេក ១​លើក»។


ដោយឡែក ចំពោះ​ទិន្នន័យ​នៅ​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០២១​នេះ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ចំនួន ៣​នាក់ របួស​ធ្ងន់ ១០ នាក់ (ស្រី ១​នាក់) និង​របួស​ស្រាល ៤​នាក់ (ស្រី ១នាក់) ផងដែរ។


យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ នៅ​ថ្ងៃទី​៣១ ខែ​កក្កដា បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន ១៧​នាក់ កើតឡើង​ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា ចំនួន ៩លើក៕