ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ប្រកាស​យក​វ៉ាក់សាំង AstraZeneca ជា​ដូ​ស​ទី៣ សម្រាប់​ចាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​ហ្វាម ​និង​ស៊ីណូ​វ៉ាក់រួច​ទាំង ២ ដូស ​ខណៈ​រដ្ឋាភិបាលនឹង​ពិចារណា​ថែមទៀត​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ប្រភេទ​ផ្សេងក្នុងការ​ផ្តល់ជូន​ដូ​ស​ទី៣ដែលជា​ដូ​ស​ជំរុញ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា។


ការ​ប្រកាស​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ស​ន្និសីទ​កាសែត​ក្នុង​ពិ​ធីប្រកាស​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ជូន​ក្មេង និង​យុវវ័យ​អាយុ​ចាប់ពី ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ នា​ព្រឹក​ថ្ងៃទី ១ សីហានេះ នៅវិមាន​សន្តិ​ភាព។

លោក​ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «ម្សិលមិញ ខ្ញុំ​បាន​យក​ការ​សម្រេច​ហើយ ​អនុញ្ញាត​ឲ្យ​ចាក់​ដូ​ស​ទី៣ ​ដោយ​ប្រើ​ប្រាស់ ​AstraZeneca ធ្វើជា​ដូ​ស​ជំរុញ។ អ្នក​ដែល​បាន​ចាក់​ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ត្រូវយក AstraZeneca ធ្វើជា​ដូ​ស​ជំរុញ ​ហើយ​ត្រូវ​ប​ញ្ជូន​ជា​បន្ទាន់​ទៅ​អនុវត្ត​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​តាម​ព្រំដែន​កម្ពុជា-ថៃ»​។

បើតាម​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ការចាក់​ដូ​ស​ទី៣ នេះ អាច​នឹង​អនុវត្ត​នៅ​ថ្ងៃទី​ ២ ស្អែក ខណៈ​លោកណែនាំ​ឲ្យ​ក្រុម​បច្ចេក​ទេស ពិនិត្យ​មើ​លលទ្ធ​ភាព​អ្នក​ចាក់​វ៉ាក់​សាំង​ប្រភេទ​ផ្សេង ដូចជា ​រូប​លោក​ គួរ​យក​វ៉ាក់​សាំង​ប្រភេទ​ណា មកចាក់​ជំរុញ​ជា​ដូ​ស​ទី៣៕


វីដេអូ៖