លោក​ ហ៊ុន សែន សម្រេច​បញ្ជូន​វ៉ាក់សាំង​ជំនួយ​អាមេរិក​ទៅចាក់​ជូន​ជនជាតិ​ដើម​ភាគតិច

Content image - Phnom Penh Post
វ៉ាក់សាំង ជំនួយរបស់អាមេរិកប្រភេទ Johnson & Johnson ពេលដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ កក្កដា។ ហេង ជីវ័ន

ភ្នំពេញៈលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សម្រេច​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ប្រភេទ J​ohnson & Johnson ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ទើប​ទទួលបាន​ថ្មីៗនេះ ទៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ជា​អាទិ​ភាព។

លោក​ថ្លែង​បែបនេះ ជាការ​​ឆ្លើយ​តប​នឹង​សំណួររ​បស់​​អ្នកកាសែត នៅក្នុង​ស​ន្និសីទ​កាសែត​នៃ​ការប្រកាស​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ជូន​ក្មេង និង​យុវវ័យ​អាយុ​ចាប់ពី១២ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ នៅ​ព្រឹក​ថ្ងៃទី ១ សីហា នៅ​វិមាន​សន្តិភាព ដោយលោកថា ការផ្តល់ជូន​វ៉ាក់សាំង​ប្រភេទ Johnson & Johnson នេះ ដោយ​មើលឃើញ​ពី​ភាពងាយស្រួលដល់​ប្រជាពលរដ្ឋ និង​ក្រុមគ្រូពេទ្យ ដែល​នឹងត្រូវ​ចំណាយ​ពេល​តែ ១ ដង សម្រាប់​ផ្តល់​ជូន​ការចាក់​វ៉ាក់​សាំង​នេះ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«នោះ​គឺ​ប​ញ្ជូន​យកទៅ​ចាក់​នៅ​តំបន់​ជនជា​តិដើម​ភាគ​តិចដោយ​សារ​អ្វី?កន្លងទៅ ដោយសារតែ Johnson & Johnson មក​យឺត។ ខ្ញុំចង់​ឲ្យ​ជន​ជាតិ​ដើម​ភាគតិច នៅ​តំបន់​ជន​ជាតិ​ដើម​ភាគតិច​ នៅ​ស្ទឹង​ត្រឺ​ង ​រតនគិរី នៅ​ព្រះវិហារ និង​តំបន់​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត បានទទួល Johnson & Johnson នេះ»។

លោកបាន​បន្ថែមថា៖«Johnson & Johnson ចាក់​តែ ១​ ដូ​ស​ទេ អ៊ីចឹ​ង​កុំ​ឲ្យ​ពេទ្យ​យើង​ទៅ​យូរ ដោយ​សម្រួល​ឲ្យ​ខាង​ពេទ្យ​យើង​ម្ខាង សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​បាន​ម្ខាង។ ប៉ុន្តែ​ប្រហែលជា​យើង​មិនអាច​រកម​នុស្ស ​១ ​លាន​នាក់ មកចាក់ Johnson & Johnson អស់​ទេ»។

យ៉ាង​ណា​ក្ដី លោក​អះអាង​ថា ក្នុងករណី​ដែល Johnson & Johnsonនេះ នៅសល់​ពី​ការ​ចាក់​ជូន​ជនជាតិ​ដើម​ភាគ​តិច ប្រភេទ​វ៉ាក់សាំង​នេះ ក៏​នឹង​រក្សាទុក​សម្រាប់​ផ្តល់ជូន​ប្រជា​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ក្រៅ​ប្រទេស​វិញ ជាពិសេស​នោះ គឺ​ពលករ​មកពី​ប្រទេស​ថៃ។

កាលពី​ថ្ងៃទី ៣០ កក្កដា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ប្រភេទ Johnson & Johnson ចំនួន ៤៥៥ ០០០ ដូ​ស បាន​មកដល់​កម្ពុជា ខណៈ​វ៉ាក់សាំង​ដែល​សេស​សល់​ទៀត គឺ​នឹងត្រូវ​មកដល់ នៅ​ថ្ងៃទី ២ សីហា ដែល​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ក្នុង​ករណី​ដែល​មាន​ការ​ខក​ខាន​មក​ដល់​នៃ​វ៉ាក់សាំង Johnson & Johnson របស់​សហរ​ដ្ឋអា​មេរិក​នេះ រដ្ឋាភិ​បាល នឹង​ប្រើប្រា​ស់​វ៉ាក់​សាំង​ប្រភេទ​ផ្សេង​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិ​ច ដោយ​មិនអាច​ពន្យារពេ​ល​បាន​នោះទេ៕

ព័ត៌មានថ្មីៗ