កែបៈ អភិបាល​ខេត្ត​កែបកំពុង​ពិចារណា​យក​ឱកាស​នៃ​ការ​អនុវត្ត​និង​ពង្រឹង​វិធាន​ការ​ជំងឺ​កូ​វីដ ១៩ នៅ​ក្នុង​ខេត្ត​មិន​ឱ្យ​អាជី​វករ​ជាង ២០ ​គ្រួសា​រ ធ្វើ​អាជីវកម្ម​ក្រាល​កន្ទេល​តា​ម​បណ្ដោយ​ឆ្នេរ​សមុទ្រ​សា​ធារណៈ​ ដើម្បី​ផល​ប្រយោ​ជន៍​ផ្ទាល់​ខ្លួន​បន្ត​ទៀត​នោះ​ទេ បន្ទាប់​ពី​លោក​ទទួល​បាន​ការគាំទ្រ​តាម​រយៈ​មតិ​របស់​ពលរដ្ឋ​។


លោក សោម ពិសិដ្ឋ អភិ​បាល​ខេត្ត​កែប ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី១ ខែសីហាថា លោកបាន​ធ្វើ​ប្រជាមតិ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុក​ផ្លូវការ​រប​ស់លោក​ដោយ​មាន​ពលរដ្ឋ​ចំនួន ​៩៩​ ភាគ​រយ​ បាន​គាំទ្រមិន​ឱ្យ​អាជីវ​ករ​យក​កន្ទេល​ក្រា​ល​តាម​បណ្តោយ​ឆ្នេរ​សាធារ​ណៈ​ក្នុង​ខេត្ត​កែប​បន្ត​ទៀត​នោះទេ​ ព្រោះ​វា​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​មហា​ជន និង​សណ្តាប់​ធ្នាប់​សាធារ​ណៈ​នៅតាម​មាត់​ឆ្នេរ​។

លោក​បាន​បន្តថា នៅក្នុង​សម័យ​កាល​នៃ​ការ​អនុវត្ត​វិធាន​ការ​កូ​វីដ ១៩ តាមរយៈ​សារា​ចរណ៍​លេខ ០៤ ​របស់​រាជ​រដ្ឋាភិ​បាល​ក្នុង​រយៈ​ពេល ​១៤ ថ្ងៃនេះ លោក​បាន​ណែនាំ​ឱ្យ​ផ្អាក​ការ​ក្រាល​កន្ទេល​សាធា​រណៈ​ មិនឱ្យ​មានការ​ជួបជុំ និង​អង្គុយ​លេង​កម្សាន្ត​នោះទេ ​និង​នៅ​សល់​ប្រមាណ​ ១០ ​ទៅ ១២ ​ថ្ងៃ​ទៀត​ ដែល​ត្រូវ​ចប់​ឱសាន​វាទ​នេះ ប៉ុ​ន្តែលោក​កំពុង​ពិចារ​ណា​មិន​ឱ្យ​ក្រាល​រហូត​ព្រោះ​វា​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្ម​ណ៍​ដល់​មហា​ជន​។

លោក​អភិបាល​ខេត្ត​កែបបាន​បន្ថែម​ថា កន្ល​ងមក​នេះ ក៏មាន​ជម្លោះ​ជា​ញឹក​ញាប់​ រវាង​អាជីវករ ​និងភ្ញៀ​វទេសចរ​ពាក់ព័ន្ធ​នឹង​ការយក​ថ្លៃ​ខ្ពស់ ជា​ពិសេស​តម្លៃ​ស្ថិត​នៅលើ​មាត់ របស់​អាជីវ​ករ ដែល​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សា​ធារ​ណៈ។​


លោកបាន​​ថ្លែង​ថា៖ «ផុតពី​នេះ ខ្ញុំ​កំពុង​គិតថា មតិ​មហា​ជន គឺ​គាំទ្រមិន​ឱ្យ​ក្រាល​ទេ អ្នក​ដែល​ចូល​មក​ខមិន​គឺ​អ្នក​លក់​នៅ​ហ្នឹង​ទេ ខ្ញុំ​មើល​ស្គាល់​ទាំង​អស់។ ក្រៅពី​នេះ ក៏បាន​គាំទ្រមិនឱ្យ​បន្តយក​ឆ្នេរយក​ការ៉ូ​ឡា​សា​ធារ​ណៈពី​ប្រជា​ពលរដ្ឋ​លក់ដូ​រ​ដែរ»។


បើ​តាមលោក សោម ពិសិដ្ឋ អាជី​វក​ទាំងនេះ មិនបាន​បង់​លុយ​មក​អាជ្ញា​ធរ មក​ក្រុង ឬ​សង្កាត់ទេ គឺយក​ដាក់​ហោ​ប៉ៅខ្លួន​ឯង​ប៉ុណ្ណោះ ហើយ​បើ​បន្ត​ឱ្យ​ពួក​គាត់​លក់​បន្ត​ទៀត​ពួកគាត់​នឹង​ចាត់​ទុក​ជា​តំបន់​ស្វយ័​តគ្រប់​គ្រង​ដែល​បច្ចុប្ប​ន្ននេះ ពួក​គាត់​បាន​ចាប់​យក​ទីតាំង និង​ដើម​ឈើ​សា​ធារ​ណៈ​ធ្វើជា​កម្ម​សិទ្ធិ​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្ត​រជាតិ​។

លោក សោម ពិសិដ្ឋ បាន​ឱ្យដឹង​ថា អា​ជីករ​ទាំង​នេះ​បាន​ប្រក​បមុខ​របរ​នេះតាំង​ពី​យូ​រណាស់​មក​ហើយដែ​ល​ប៉ះពា​ល់​ដល់​សតិអា​រម្មណ៍ មហាជន និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​នៅទី​នេះ ហើយ​បាន​ធ្វើ​ឱ្យមាន​ជម្លោះ រវាងភ្ញៀវ​ទេស​ចរ​ និងអា​ជីវករ និង​អាជី​វករ និង​អាជី​វករ នៅលើ​ទីតាំង​សាធា​រណៈ​របស់​រដ្ឋ ដោយ​ប្រកាន់​ថា ជា​កន្លែង​គាត់​ធ្លាប់​លក់ដូរ​ ឬ​រកស៊ីយូ​រណាស់​មក​ហើយ​។

លោកក៏​បាន​ទទួល​ស្គាល់​​ពី​បញ្ហា​នេះផងដែ​រ ប៉ុន្តែវា​បាន​ផ្លាស់ប្តូរ​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​ថ្មី​មួយទៀត​ដែល​ត្រូវតែ​កែប្រែ​ទម្លាប់​ទាំង​នេះមិន​អាច​ឱ្យ​យក​ទីតាំង​សា​ធារ​ណៈ​ធ្វើជា​កម្ម​សិទ្ធិ​បែប​នេះ​ទេ។ លោកក៏បា​ន​លើកក​រណីដូ​ចគ្នា​នេះនៅខេ​ត្ត​ព្រះ​សីហនុ​ថា​ ធ្វើបាន​ជោគ​ជ័យ​ផងដែ​រ។

លោ​កស្រី ទិ​ត សុខា អភិបាល​ក្រុងកែបបាន​ឱ្យដឹង លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​អាជីវករ​នៅតាម​ឆ្នេ​សមុទ្រ​កែប​ឱ្យមានកា​រ​ផ្អាក​ក្រាល​កន្ទេល​ទទួល​ភ្ញៀវ​នៅក្នុង​អំ​ឡុងពេល​នៃ​ការអនុវត្ត​វិធានការ​ជំងឺ​កូ​វីដរយៈ​ពេល ១៤​ ថ្ងៃ ហើយ​នៅពេល​បញ្ចប់​វិធានកា​រ​នេះ មិនទា​ន់​ដឹង​នៅឡើ​យ​ទេ ថា​តើឱ្យ​គាត់​ក្រាល​កន្ទេល​លក់​បន្ត​ក្នុង​លក្ខ​ខណ្ឌ​ណាមួ​យ ឬក៏​អត់ឱ្យ​ពួកគាត់​លក់​រហូត ។

លោកស្រី​បានបន្ត​ថា ពា​ក់ព័ន្ធ​នឹង​ការយក​ម្រៃ​សេវា​ពី​ពលរដ្ឋក្រុង ​ក៏ដូច​ជា​ខេត្ត មិនមែន​យក​ពី​អាជីវករ​ទាំងនោះ​នោះទេ គ្រាន់​តែ​នៅក្នុង​អំឡុង​ពេល​មាន​បុណ្យទា​នសំខា​ន់ៗមួយ​ចំនួន​ ពួកគាត់​ត្រូវ​បង់​អនា​ម័យ ដើម្បី​ធ្វើយ៉ាង​ណាឱ្យ​​ទីសាធា​រណៈ​ទាំង​នោះ មាន​សោភណ​ភាពល្អ​។

លោក​ស្រីក៏​បា​នទទួលស្គាល់​ផង​ដែរថា ​កន្លងម​កមាន​​ជម្លោះ​រវាង​អាជីវ​ករ និង​អាជី​វករ និងអា​ជីករ និង​ភ្ញៀវដែរ ប៉ុន្តែ អាជ្ញា​ធរ បាន​សម្រប​សម្រួល និង​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​លើ​បញ្ហា​នេះ​៕