បាត់​ដំបងៈ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បញ្ជូនទៅ​តុលាការ កាលពី​ចុង​សប្តាហ៍ បន្ទាប់​ពី​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​សម្លាប់​ប្រពន្ធចុង និង​កូនចុង​ចំនួន ២ នាក់ រួម​នឹង​ចៅ​តូច​ម្នាក់ទៀត ដោយ​ប្រើ​ថ្នាំ​សម្លាប់សត្វ​កណ្តៀរ​ ដាក់ចូល​ទៅក្នុង​ទឹក​ផឹក។


​នគរបាល​ស្រុក​គាស់ក្រឡ បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ ឃួ​យ ហៅ វ័ន អាយុ ៤០ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី ២៩ កក្កដា នៅក្បែរ​ផ្ទះ​របស់ខ្លួន ដែល​ស្ថិតនៅ​ចំណុច​ភូមិ​បឹង​ព្រះ​ក្រឡាញ់ ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ករណី «ឃាតកម្ម​ដោយ​ប្រើ​ថ្នាំពុល» មិនបាន​សម្រេច បន្ទាប់ពី​ប្រពន្ធ​ ដែលជា​ជនរងគ្រោះ​ប្ដឹង​សុំ​អន្តរា​គម​ន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃទី ២៨ ខែកក្កដា។

អធិការនគរបាល​ស្រុក​គាស់ក្រឡ លោក​ ប៉ាង ហៀ​ង ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា បុរស​ជា​ប្តី​ ដែល​មិនទាន់​ស្របច្បាប់​​រូប​នោះបាន​យក​ថ្នាំ​សម្រាប់​សម្លាប់សត្វ​កណ្តៀរ​ ទៅ​ដាក់​ក្នុង​កំសៀវ​ដាំទឹក​របស់​ប្រពន្ធ ហើយ​យកទៅដាក់​នៅក្នុង​ប៊ីដុង​ទឹក​សុទ្ធ​ចំណុះ ២០ លីត្រ​ ចំនួន ២ ប៊ីដុង ក្នុង​ចេតនា​សម្លាប់​ប្រពន្ធ កូនចុង​ និង​ចៅ​ចំនួន ៣ នាក់​ ដោយសារតែ​ភ្លើង​ប្រ​ចណ្ទ។

លោក​ប្រាប់ថា៖ «លុះ​ប្រពន្ធ​ក្រោក​មក​នៅពេល​ព្រឹក​ព្រលឹម​បំណង​ផឹកទឹក។ ដល់ពេល​ចាក់ទឹក​ពី​កំសៀវ ទឹក​មាន​ពណ៌​ខៀវ គាត់​ឆ្ងល់ ហើយ​គាត់​ពិនិត្យមើល​ទឹក​នៅ​ធុង​ទឹក ២០ លីត្រ ចំនួន ២ ធុង​ទៀត ទឹក​មាន​ពណ៌​ខៀវ​ដូចគ្នា។ ដល់ពេល​អ៊ីចឹងទៅ​គាត់​ដើររក​មើល​ថ្នាំ​ដែល​គាត់​ទិញ​សម្រាប់​ដាក់​ទុក​សម្លាប់​កណ្តៀរ ដែល​ស៊ី​ដំណាំ ដល់​មើលទៅ​ឃើញ​ថ្នាំរ​ញេ​រ​ញ៉ៃ»។


លោក​អធិការ​បន្តថា៖ «គាត់​ក៏​គិតក្នុងចិត្ត​ថា ប្តី​គាត់​លួច​ដាក់​ថ្នាំពុល។ ភ្លាមៗនោះ​ គាត់​រកមើល​ប្តី​មិនឃើញ គាត់​ក៏​ប្រាប់​កូន​គាត់​កុំឱ្យ​ផឹកទឹក​នោះ។ គាត់​ក៏​ទៅប្តឹង​មេភូមិ ហើយ​មេភូមិ​ ប្តឹង​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​គាស់ក្រឡ យើង​ក៏​ចុះ​ស្រាវជ្រាវ​ភ្លាម រកហេតុ​រក​ផល»។


លោក​បន្តទៀតថា រឿងរ៉ាវ​ឈានដល់​ការប៉ុនប៉ង​សម្លាប់​ទាំង​មួយ​គ្រួសារ​នេះ​ ដោយសារ​ភ្លើង​ប្រច​ណ្ទ។

លោក​ថា៖ «ប្រពន្ធ​គាត់​បាន​និយាយថា កាលពី​ល្ងាច​ថ្ងៃទី ២៨ ខែកក្កដា ប្តី​គាត់​ឈ្លោះ​គ្នា​ជាមួយ​គាត់ រឿង​ប្រពន្ធ​និយាយ​ទូរស័ព្ទ ប្តី​ប្រចណ្ឌ។ គាត់​មិន​ចង់ឱ្យ​ប្រពន្ធ​និយាយ​ទូរស័ព្ទ​ទេ ដល់​ពេលយប់ឡើង​ លួច​ដាក់​ថ្នាំ​ហើយ​គេចខ្លួន​ពី​ផ្ទះ។ គាត់​មិនមែនជា​ប្តី​ស្របច្បាប់​អី​ទេ​ គ្រាន់តែ​គាត់២នាក់​ស្រឡាញ់គ្នា​ និង​រួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជាង ១ឆ្នាំ​ហើយ ចំណែក​កូន២នាក់​នោះ​ជា​កូន​ប្តី​មុន​ទេ»។

លោក​អធិការ​ស្រុកបានឱ្យដឹង​ទៀតថា ក្រោយ​ដឹង​រឿងហេតុ សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ ឃើញ​បុរស​ជា​ប្តី​នៅក្បែរ​ផ្ទះ​របស់ខ្លួន​ដែល​កំពុង​រស់នៅ ហើយក៏​ឃាត់ខ្លួន​តែម្តង។

លោក​និយាយថា៖«ពេល​មន្ត្រី​ជំនាញ​សាកសួរ​ចម្លើយ បុរស​ជា​ប្តី​នោះ ក៏បាន​សារភាពថា គាត់​ពិតជា​បានដាក់​ថ្នាំ ដើម្បី​សម្លាប់​ប្រពន្ធ​របស់គាត់ ហើយនឹង​កូន ២ នាក់ និង​ចៅ ១ នាក់ មែន។ យើង​បាន​បញ្ជូនទៅ​កា​រិ​យា​ល័យ​ជំនាញ​កាលពី​ថ្ងៃទី ៣០ កក្កដា ហើយ​ការិយាល័យ​ជំនាញ ​បាន​បន្ត​នីតិវិធី​បញ្ជូនទៅ​តុលាការ​ហើយ»។

ករណីនេះ​លោកស្រី​ ជា ច័ន្ទ​រស្មី អ្នកនាំពាក្យ​សាលាដំបូង​ខេត្តបាត់ដំបង ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ​១​ ខែ​សីហា​​ថា លោកស្រី​មិនទាន់​ដឹងថា ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់ ឬ​មិនទាន់​ចោទ​នោះទេ ដោយ​រង់ចាំ​ថ្ងៃ​ចូលធ្វើការ​វិញ៕