តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​អាវុធហត្ថ​ម្នាក់ ​ករណី​ជេរប្រមាថ​អភិបាល​ខេត្ត ​និង​វាយ​តា​អាចារ្យ​ភ្លុក

Content image - Phnom Penh Post
មន្ត្រីអាវុធហត្ថត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារពីថ្ងៃទី ១១ កញ្ញា ពាក់ព័ន្ធការជេរប្រមាថអភិបាលខេត្តរតនគិរី និងវាយអាចារ្យភ្លុក។ រូបថត ហ្វេសប៊ុក

ភ្នំពេញៈ មន្រ្តី​កងរាជ​អាវុធហត្ថ​ម្នាក់ ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ​កាលពី​ចុងសប្តាហ៍​ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​សារ​ជេរប្រមាថ​អភិបាលខេត្ត​រតនគិរី ​និង​ប្រើ​ហិង្សា​លើ​តា​អាចារ្យ​ភ្លុក។

លោក​ កែវ ភក្តី ​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១២ ​កញ្ញាថា ​មន្រ្តី​កងរាជ​អាវុធ​ហត្ថ​ឈ្មោះ​ ទួង ចាន់ ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន ​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី​ហើយ​ កាលពី​ថ្ងៃទី ១១​ កញ្ញា។​

លោក​ថ្លែងថា​៖ «មន្រ្តី​អាវុធហត្ថ​ម្នាក់​នេះ​ត្រូវបាន​តំណាង​អយ្យការ​ចោទ​ បទហិង្សា ​ដោយ​ចេតនា ​តាម​មាត្រា​ ២១៧ ​និង​បទ​ប្រមាថ​តាម​មាត្រា​ ៥០២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ»។

បើ​យោង​តាម​បទចោទ​នៃ​មាត្រា​ ២១៧​ នេះ ​ជន​ត្រូវចោទ​ត្រូវ​ប្រឈម​នឹង​ការជាប់ពន្ធ​នាគារ​ពី​ ១ ឆ្នាំ​ ទៅ​ ៣ ឆ្នាំ ​និង​ពិន័យ​ប្រាក់​ពី​ ២ លាន ​ទៅ​ ៦ លាន​រៀល។​ ចំណែក​មាត្រា​ ៥០២ ​នៃ​ក្រមព្រហ្ម​ទណ្ឌ​ដូចគ្នា​នេះ ​ជនត្រូវ​ចោទ​ក៏​ត្រូវប្រឈម​ជាប់​ពន្ធនាគារ​ពី​ ១ ថ្ងៃ​ទៅ​ ៦ ថ្ងៃ ​និង​ពិន័យ​ប្រាក់​ពី ​១ ពាន់​រៀល​ ទៅ ​១ សែន​រៀល​ផង​ដែរ។​

ចំពោះ​អង្គហេតុ​នៃ​ការឃុំខ្លួន​មន្រ្តី​កងរាជ​អាវុធហត្ថ​ខាងលើ ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ៩ ​កញ្ញា​ របស់​លោក ​អេង ហ៊ី ​អ្នក​នាំពាក្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ប្រកាស​ព័ត៌មាន​ជូន​សាធារ​ណជន ​និង​អ្នកសារ​ព័ត៌​មាន​ អំពី​ការអនុវត្ត​ច្បាប់​ទៅ​លើ​នាយ​ទាហាន ​នៃ​កងរាជ​អាវុធហត្ដ​ខេត្ត​រតនគិរី​ ១ រូប ​ដោយសារ​មន្ត្រី​អាវុធហត្ថ​រូបនោះ​បាន​ជេរ​ប្រមាថ ​និង​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ​នា​ពេល​កន្លង​មក។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​បានដក​ស្រង់​សេចក្តី​រាយការណ៍ ​របស់​លោក​ ថាវ យ៉េន ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​រតនគិរី ​ផ្ញើមក​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសថា ​កាលពី​ថ្ងៃទី ៥ ​កញ្ញា ​ឆ្នាំ ២០២១ ​ម្តាយ​បង្កើត​របស់​លោក​ ទួង ចាន់ ​ដែល​មាន​តួនាទី​ជាអនុប្រធាន​មន្ទីរ​ភ័ស្តុភា ​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​រតនគិរី ​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ ១៩។ សេច​ក្តី​ប្រកាស​ព័ត៌មាន​បន្តថា ​ក្រោយ​ស្លាប់​ភ្លាម​សព​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​វត្ត​គិរី​សោភ័ណ ​ហៅ​វត្ត​អូរ​ភ្លង​ ស្ថិត​ក្នុង​ភូមិ​ ៣ ​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូន​មុំ ​ខេត្ត​រតនគិរី។

នៅ​កន្លែង​បូជា​សព ​លោក​ ទួង ចាន់​ បាន​បញ្ចេញ​អាកប្ប​កិរិយា​ច្រងេង​ច្រងាង​ប្រើពាក្យ​សម្តី​មិន​សមរម្យ ​និង​បានវាយ​លោក​តា​ម្នាក់​ជាអាចារ្យ​ភ្លុក ​ត្រូវ ​១ ដៃ។ លុះ​ដល់​ថ្ងៃទី ៦ ​កញ្ញា ​ឆ្នាំ ២០២១ ​លោក ​ទួង ចាន់ ​បានបង្ហោះ​ព័ត៌មាន​តាម​គណនី​ហ្វេសប៊ុក​ ឈ្មោះ ​Chheang Sok ​ដោយ​សរសេរ​ប្រមាថ​ទៅលើ​លោក​អភិបាលនៃ​គណៈអភិបាល​ខេត្តរ​តនគិរី​ទៀត​ផង។​

ប្រភព​ដដែល​បន្តថា ​នៅ​ថ្ងៃ​ទី ៧ ​កញ្ញា ​មន្រ្តី​នគរបាល​យុត្តិធម៌ ​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​រតនគិរី ​បាន​ធ្វើការ​ស៊ើបអង្កេត​ ស្រាវ​ជ្រាវ ​និង​ស្តាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ​ទួង ចាន់ ​ជា​នាយទាហាន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​ ចប់ ក៏បាន​ស្នើសុំ​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​រតនគិរី​ធ្វើការ​ឃាត់ខ្លួន​បុគ្គល​នេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «យោធិន ​នៃ​កងរាជ​អាវុធហត្ថ ​ជាមន្ត្រី​ប្រតិបត្តិ​ច្បាប់​ត្រូវតែ​ជាគំរូ ​ក្នុង​ការអនុវត្ត​ច្បាប់​គោរព​វិន័យ​ក្រម​សីលធម៌ ​វិជ្ជា​ជីវៈ។ បើ​បុគ្គល​ណា ​មិនគោរព ​ឬ​ប្រព្រឹត្ត ​ល្មើស​ច្បាប់ ​ត្រូវតែ​អនុវត្ត​តាម​ច្បាប់»។​

ទោះ​យ៉ាង​ណា ​នៅ​ថ្ងៃទី ៦ ​កញ្ញា ​ឆ្នាំ ២០២១ ​ក្រោយ​ប៉ុន្មាន​ម៉ោង​នៃ​ការបង្ហោះ​សារ​ប្រមាថ​អភិបាល​ខេត្ត​ លោក ​ថង សាវុន​ គឺ​មន្រ្តី​អាវុធហត្ថ​រូប​នេះ​បាន​ប្រើ​គណនី​ហ្វេសប៊ុក ​ឈ្មោះ ​Chheang Sok ​បាន​សរសេរសារ​បង្ហោះ​សុំទោស ​លោក​អភិ​បាល​ខេត្ត​ ថង សាវុន ​និង​សារ​សុំទោស​ដែល​មានន័យ​ថា​៖ «ខ្ញុំ​សុំ​ទោស​ពី​ មីង ​កូន ​ក្មួយ ​ជាជនជាតិ​ដើម​ភាគ​តិច​ផងដែរ។​ កន្លង​មក​ខ្ញុំ​បានបង្ហោះ​សារ​ប្រើ​ពាក្យ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ​លោក​អភិបាល​ខេត្ត​រតនគិរី»៕

ព័ត៌មានថ្មីៗ